ម៉ុងតេសឃ្យើ និងទស្សនវិជ្ជា (១៦៨៩-១៧៥៥ នៃគ.ស.)
ជីវប្រវត្តិរបស់ម៉ុងតេសឃ្យើ
លោក ម៉ុងតេសឃ្យើ ជាទស្សនវិទូនយោបាយ ជាអ្នកប្រវត្តិវិទូ ជាអ្នកនិពន្ធប្រលោមលោករបស់បារាំងម្នាក់ និងត្រូវបានគេទទួលស្គាល់ថា ជាស្ថាបនិកមួយរូប ខាងសង្គមវិទ្យា និងជាបិតានៃវិទ្យាសាស្រ្តនយោបាយទៀតផង។ គាត់កើតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៦៨៩ នៃគ.ស. នៅតំបន់ប្រេដ នៃខែត្តជីរុន សាធាណរដ្ឋបារាំង ហើយបានទទួលមរណកាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៧៥៥ ក្នុងជន្មាយុ ៦៦ឆ្នាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ គាត់ក៏ធ្លាប់ជាទីប្រឹក្សាសភា ថែមទាំងជាអ្នកប្រឆាំងនឹងទ្រឹស្តីរបបផ្តាច់ការម្នាក់ផងដែរ។ នៅក្នុងឆ្នាំ១៧២៦ គាត់លះបង់ការងារទាំងអស់ ដើម្បីយកពេលវេលាធ្វើការសញ្ជឹងគិត និងធ្វើដំណើរទៅក្រៅប្រទេស រួមមានអ៊ីតាលី ហុងគ្រី ហូឡង់ដ៏ និងប្រទេសអង់គ្លេស ជាដើម។ ស្នាដៃ គោលការណ៍សំខាន់របស់គាត់ គឺការផ្គត់ផ្គង់ច្បាប់ និងការបែងចែកអំណាចក្នុងរដ្ឋ។ ក្នុងស្នាដៃដ៏ល្បី ២ របស់ ម៉ុងតេសឃ្យើ នៅក្នុងគំនិតនោបាយ គឺ៖
- ទី១. ការសិក្សាបញ្ហាកត្តាទូទៅ ដែលកំណត់នៅក្នុងស្នាដៃរបស់គាត់ឈ្មោះ ”ស្មារតីនៃច្បាប់” ឬជាភាសាអង់គ្លេស “The Spirit of Law (1728-1748)” ស្នាដៃនេះត្រូវបានបោះពុម្ពជាលើកទីមួយ នៅក្នុងឆ្នាំ ១៧៤៨ ។ លោក ម៉ុងតេសឃ្យើ បានធ្វើការកត់សម្គាល់ថា ”មានមនុស្សជាច្រើនដែលដឹកនាំមនុស្សរួមមាន អាកាសធាតុ សាសនា ច្បាប់ និងគោលការណ៍នៅក្នុងអតីតកាល ដូចជាសីលធម៌ ទម្លាប់ ប្រពៃណី លទ្ធផលទាំងអស់នេះបង្កើតបានជាព្រលឹងទូទៅរបស់ប្រជាជន។”
- ទី២. សមិទ្ធិផលដែលលោក ម៉ុងតេសឃ្យើ ទទួលបានគឺ ទ្រឹស្តីនៃការបែងចែកអំណាច។ ស្ថាបនិកទាំងអស់នៃទ្រឹស្តី បែងចែកអំណាចនោះ គឺ អារីស្តូត និង ផ្លាតូ បន្ទាប់មកគឺ អាគ្វីនីស និង ចន ឡុក ។ ទ្រឹស្តីនេះ គេបានឃើញជាលើកទីមួយ នៅក្នុងក្រឹត្យច្បាប់ក្នុងប្រទេសអង់គ្លេស ក្នុងដំណាក់កាលនៃការគ្រប់គ្រងដោយ ក្រូមវែល ។ លោក ម៉ុងតេសឃ្យើ បានឲ្យគំនិតជាទ្រឹស្តីថា «អំណាចនយោបាយ តែងតែអនុវត្តន៍ រំលោភលើច្បាប់ ដូច្នេះច្បាប់កំពូលអាចស្ថិតស្ថេរល្អនៅបាន លុះត្រាតែបែងចែកអំណាចនោះ ជានិតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ ហើយធ្វើយ៉ាងណា ដើម្បីឲ្យស្ថាប័នអំណាចនិមួយៗ មានសកម្មភាពជាឯករាជ្យ ដាចចេញពីគ្នា» ។
គាត់ធ្លាប់សិក្សាពីច្បាប់ តែគាត់ហាក់ដូចជាមិនពេញចិត្តទាល់តែសោះ ពីព្រោះគាត់ចង់ស្វែងយល់ពីគោលការណ៍ “Spirit” របស់វា។ ពាក្យថា គោលការណ៍ “Spirit” មានន័យថា “ជាកម្លាំងជំរុញ” ឬអាចនិយាយបានថា “ជានិន្នាការ” ដែលនាំឲ្យគេដើរទៅមុខ។ បើយើងធ្វើការប្រៀបធៀបនិយមន័យខាងលើ ទៅនឹងចំណងជើងសៀវភៅដ៏ល្បីល្បាញរបស់គាត់នោះ គឺចង់និយាយថា ហេតុដូចម្តេចបានជានៅក្នុងប្រទេសមួយមានច្បាប់ខុសៗគ្នា? ដូចម្តេចបានជាច្បាប់ខ្លះមានប្រសិទ្ធិភាព ហើយខ្លះទៀតគ្មាន? វណ្ណកម្មដ៏ធំសម្បើមនេះ ចែកចេញជា ៣១ សៀវភៅ ដែលបែងចែកជា ១៥ ទៅ ២០ ជំពូក ក្នុងសៀវភៅនីមួយៗ។ គេចាត់ទុកលោកជានយោបាយវិទូ ពីព្រោះខ្លឹមសារសៀវភៅរបស់គាត់ សុទ្ធសឹងធ្វើការសិក្សាអំពីរបបគ្រប់គ្រងរបស់រដ្ឋ។ លោក ម៉ុងតេសឃ្យើ បានដាក់ចំណងជើងសៀវភៅរបស់គាត់ដោយប្រុងប្រយ័ត្ន មិនឲ្យឃើញមានលក្ខណៈនយោបាយទេ។
ទ្រឹស្ដីរបស់ម៉ុងតេសឃ្យើ
ទ្រឹស្តីស្តីអំពីច្បាប់
លោក ម៉ុងតេសឃ្យើ បានឲ្យនិយមន័យចំពោះពាក្យច្បាប់ថា “នៅក្នុងន័យទូលំទូលាយរបស់វា ច្បាប់ គឺទំនាក់ទំនងចាំបាច់ទាំងឡាយដែលចេញមកពីអ្វី និងអ្វីដែលនឹងកើតឡើង។ គាត់បានអះអាងថា “ច្បាប់ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់បញ្ញត្តិនៃគ្រប់ជាតិសាសន៍ទាំងអស់ សុទ្ធតែមានប្រភពកំណើតរបស់ខ្លួនចេញពីមូលហេតុ ២ យ៉ាង គឺ កាយមូលហេតុ និងសីលមូលហេតុ។
- ១. កាយមូលហេតុ ជាមូលហេតុដែលមានចំណងទាក់ទងទៅនឹងអាកាសធាតុ ទឹកដី ទំហំ ទីតាំង ភូមិសាស្រ្ត និងដង់ស៊ីតេប្រជាជន។ ធាតុអាកាស មានឥទ្ធិពលទៅលើចរឹតមនុស្ស។ ដោយមនុស្សជាអ្នកបង្កើតច្បាប់ ដូចនេះ អាកាសធាតុ ក៏មានឥទ្ធិពលទៅលើច្បាប់ដែរ។ ច្បាប់ដែលកើតចេញពីចរឹតមនុស្ស តណ្ហាមនុស្ស លក្ខណៈមនុស្ស គឺសុទ្ធតែនាំមកជាមួយនូវឥទ្ធពលនៃអាកាសធាតុ ដូច្នេះសម្រាប់តំបន់ពីរខុសគ្នា ច្បាប់ក៏មានលក្ខណៈខុសគ្នាដែរ។ សង្គមបែបណា បរិយាកាសបែបណា ភូមិសាស្រ្តបែបណា ប្រវត្តិសាស្រ្តបែបណា វប្បធម៌បែបណា មុខជំនាញឯកទេសបែបណា មនុស្សបែបណា នាំឲ្យច្បាប់មានលក្ខណៈបែបនោះដែរ។
លោកបានបញ្ជាក់ថា “ច្បាប់បញ្ញត្តិទាំងឡាយ មានចំណងទាក់ទងយ៉ាងជិតស្និទបំផុតទៅនឹងការប៉ិនប្រសប់នានា ដែលប្រជាជនខុសៗគ្នាមានពីធម្មជាតិស្រាប់ សម្រាប់ធ្វើជាមធ្យោបាយចិញ្ចឹមជីវិត។” ក្នុងចំណោមកាយមូលហេតុ កត្តាភូមិសាស្រ្តក៏ជាមូលហេតុចម្បងនៃកំណកំណើតច្បាប់ និងរដ្ឋផងដែរ។
- ២. សីលមូលហេតុ ជាមូលហេតុដែលស្តែងឡើងជាសកម្មភាពយឺតបន្តិច បើធៀបទៅនឹងកាយមូលហេតុ ពោលគឺកើតឡើងនៅពេលដែលសង្គមមានការរីកចម្រើនផ្នែកអរិយធម៌។ ទាក់ទងទៅនឹងមូលហេតុប្រភេទនេះ មានគោលការណ៍នៃរបបនយោបាយ ជំនឿ សាសនា សីលធម៌ និងទំនៀមទំលាប់ ប្រពៃណី។ សីលមូលហេតុ គឺជាមូលហេតុនៃស្មារតី ឬព្រលឹងរបស់មនុស្សគ្រប់ៗរូប។ មូលហេតុនេះ មានឥទ្ធិពលទៅលើការបង្កើតច្បាប់ប្រជាជាតិខ្លាំងជាងកាយមូលហេតុ។
ប្រភពច្បាប់ ចែកជាពីរ គឺ៖
- ច្បាប់ពិភពរូបវន្ត គឺជាច្បាប់វិទ្យាសាស្រ្ត ច្បាប់ទំនាក់ទំនង និងច្បាប់ពិពណ៌នាក្នុងពិភពសច្ចៈ។ ច្បាប់នេះ មិនប្រែប្រួលទេ ហើយថែមទាំងគ្រប់គ្រងលើពិភពរូបធាតុទាំងអស់ទៀតផង។ ច្បាប់នេះ មានចរឹតជាច្បាប់ធម្មជាតិ។
- ច្បាប់ពិភពបញ្ញា គឺជាច្បាប់ដែលកើតចេញពីសមត្ថភាពនៃខួរក្បាលរបស់មនុស្ស។ ច្បាប់នេះ មានបង្កប់នូវតម្លៃកាតព្វកិច្ច និងបញ្ញត្តិយ៉ាងច្រើន ដែលមានការប្រែប្រួល ព្រោះភាវៈមានបញ្ញាច្រើន មានការភាន់ច្រឡំ ដោយសារតែឋិតនៅក្រោមតណ្ហារបស់មនុស្ស។ គាត់ចែកច្បាប់ពិភពបញ្ញាចេញជា ៣ ទៀត គឺ ១. ច្បាប់សាសនា, ២. ច្បាប់សីលធម៌, ៣. ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី។
ទ្រីស្តីស្តីអំពីរបបគ្រប់គ្រងរដ្ឋ
លោក ម៉ុងតេសឃ្យើ បានធ្វើការបែងចែករបបនយោបាយជា ៣ ប្រភេទ គឺ៖
- ១. របបសាធារណរដ្ឋ គឺជារដ្ឋរបស់ប្រជាជនទាំងមូល ឬមួយផ្នែក។ លោកបានបែងចែកសាធារណរដ្ឋជាពីរ គឺប្រជាធិបតេយ្យ និងអភិជនាធិបតេយ្យ។ ប្រសិនបើសាធារណរដ្ឋជារដ្ឋរបស់ប្រជាជនទាំងមូល ផ្គុំគ្នាជាអង្គធំមួយនោះ ជាប្រជាធិបតេយ្យ។ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ប្រជាជនមួយភាគតូចនោះ ជាអភិជនាធិបតេយ្យ។
- ២. របបរាជាធិបតេយ្យ ជារដ្ឋរបស់មនុស្សម្នាក់ ដែលស្ថិតនៅក្រោមច្បាប់ ដែលមិនប្រែប្រួល និងដែលច្បាប់នោះ បម្រើគោលបំណងតែមនុស្សម្នាក់ខាងលើ។
- ៣. របបផ្តាច់ការធិបតេយ្យ ជារបបមនុស្សម្នាក់ដែលនៅលើច្បាប់។
របបនីមួយៗសុទ្ធតែមានគោលការណ៍របស់វាផ្ទាល់។ គោលការណ៍នេះ ជាកម្លាំងជំរុញរបស់រដ្ឋ។ លក្ខណៈរបស់រដ្ឋ សំដៅទៅលើរចនាសម្ព័ន្ធខាងក្នុងរបស់រដ្ឋ សំដៅការរៀបចំរបស់រដ្ឋ ដោយសាររដ្ឋនីមួយៗមានលក្ខណៈផ្សេងៗពីគ្នា ដូច្នេះបានជារដ្ឋមានឈ្មោះខុសៗគ្នា។ លក្ខណៈទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋ ហើយបើគ្មានលក្ខណៈនេះទេ គេក៏ពុំអាចសម្គាល់បានថា ណាមួយជាសាធារណរដ្ឋ ណាមួយជារាជាធិបតេយ្យ និងណាមួយជារបបផ្តាច់ការធិបតេយ្យឡើយ។ លក្ខណៈដែលទាក់ទងទៅនឹងលក្ខន្តិកៈរបស់រដ្ឋ គឺជាទស្សនទានរបស់រដ្ឋ។ នៅក្នុងសាធារណរដ្ឋ ទោះជាប្រជាធិបតេយ្យក្តី ឬជាអភិជនាធិបតេយ្យក្តី គោលការណ៍របស់វា គឺគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ខ្លួនឯង ដើម្បីផលប្រយោជន៍សាធារណៈ។ នៅក្នុងរបបរាជាធិបតេយ្យ គោលការណ៍របស់វា គឺកិត្តិយស ពោលគឺការចេះគោរពគ្នាទៅតាមឋានៈក្នុងសង្គម ការស្គាល់នាទីខ្ពស់ទាប។ នៅក្នុងរបបផ្តាច់ការធិបតេយ្យ គោលការណ៍របស់វា គឺការភ័យខ្លាច ការគោរពដោយគ្មានការតវ៉ា ចំពោះអ្នកដឹកនាំ។
ទ្រឹស្តីស្តីអំពីអាកាសធាតុ
លោក ម៉ុងតេសឃ្យើ ពិនិត្យឃើញថា អាកាសធាតុមានឥទ្ធិពលទៅលើចរិតមនុស្ស ហើយដោយសារមនុស្សជាអ្នកបង្កើតច្បាប់ ដូច្នេះ ធាតុអាកាស ក៏មានឥទ្ធិពលទៅលើច្បាប់ដែរ។
- ១. ឥទ្ធិពលអាកាសធាតុទៅលើចរិតមនុស្ស
ខ្យល់ត្រជាក់ ធ្វើឲ្យមានកម្លាំង ខ្យល់ក្តៅ បន្ថយកម្លាំង។ លោក ម៉ុងតេសឃ្យើ សរសេរថា “គេមានកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងអាកាសធាតុត្រជាក់ គេមានការទុកចិត្តលើខ្លួនឯងជាង គេមានសេចក្តីក្លាហានជាង គេមានចំណង់សងសឹកតិចជាងគេ មានភាពស្មោះត្រង់ជាង។”
- ២. ឥទ្ធិពលអាកាសធាតុទៅលើច្បាប់
ច្បាប់ដែលសម្តែងចេញពីចរិតមនុស្ស តណ្ហារបស់មនុស្ស លក្ខណៈរបស់មនុស្ស ក៏មានជាប់ស្នាមធាតុអាកាសនៅជាមួយដែរ។ ធាតុអាកាស ក៏មានឥទ្ធិពលទៅលើដី និងទៅលើជីវិតសេដ្ឋកិច្ច ហើយច្បាប់ក៏មិនដូចគ្នាទេ សម្រាប់ប្រជាជនជាកសិករ ប្រជាជនជាអ្នកប្រមាញ់ និងប្រជាជនជាអ្នកនេសាទ។ លោក ម៉ុងតេសឃ្យើ បានសរសេរថា “ច្បាប់ ត្រូវមានទំនាក់ទំនងជាមួយនឹងរូបសាស្រ្តរបស់ប្រទេស ធាតុអាកាសត្រជាក់ ក្តៅ ទំហំ របៀបរស់នៅ របស់ប្រជាកសិករ ជាអ្នកប្រមាញ់ ជាអ្នកគង្វាល កម្រិត សេរីភាព ជំនឿរបស់អ្នកស្រុក ធនធានរបស់គេ ទំនៀមរបស់គេ។” ដូច្នេះ ពាក្យអាកាសធាតុនេះ លោក ម៉ុងតេសឃ្យើ ពិនិត្យមិនត្រឹមតែលក្ខណៈ អាកាសធាតុភូមិសាស្រ្តប៉ុណ្ណោះទេ គឺថែមទាំងលក្ខណៈសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត វប្បធម៌ និយាយរួមគឺគ្រប់លក្ខណៈសង្គមសាស្រ្តទាំងអស់។ ហេតុនេះហើយបានជាគេចាត់ទុកលោក ម៉ុងតេសឃ្យើ ជាស្ថាបនិកសង្គមវិជ្ជាពិតៗ។
ការវិភាគស្តីអំពីអំណាច
- ក) ទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ
ទ្រឹស្តីនេះ មានន័យថា ត្រូវឲ្យមានការទទួលស្គាល់អង្គកណ្តាលផ្សេងៗ ដែលស្ថិតនៅចន្លោះរវាងស្តេច និងប្រជារាស្រ្ត ក្នុងនោះមានវណ្ណៈទាំង៣ ដែលមាននៅក្នុងរបបចាស់ គឺវណ្ណៈអភិជន សហធម្មិក និងវណ្ណៈផ្សេងៗ ទៀត។ វណ្ណៈទាំងឡាយដែលនៅចន្លោះរវាងស្តេច និងប្រជារាស្ត្រ សម្រាប់ធ្វើជាកម្លាំងទប់អំណាចរបស់ស្តេច ប៉ុន្តែទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរនេះ មានន័យពេញលេញបាន លុះត្រាតែមានទ្រឹស្តីនៃការបែងចែកអំណាចផ្តេកមកបង្ក្រប់បន្ថែមដែរ។
- ខ) ទ្រឹស្តីនៃការបែងចែកអំណាចផ្តេក
ដើម្បីមានស្ថេរភាព នៅក្នុងសាធារណរដ្ឋ ក៏ដូចជានៅក្នុងរាជានិយម ចាំបាច់ត្រូវតែមានការបែងចែកអំណាចរដ្ឋ ព្រោះថាការបែងចែកអំណាចរដ្ឋអាចធ្វើឲ្យមានសមាជិកនៃសង្គម ទទួលបាននូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ពិសេសគឺស្ថេរភាពសង្គមតែម្តង។
លោក ម៉ុងតេសឃ្យើ បានបែងចែកអំណាច ដូចខាងក្រោមនេះ៖
- ១. អំណាចនិតិបញ្ញត្តិ ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់។ អំណាចនិតិបញ្ញត្តិ ត្រូវប្រគល់ទៅឲ្យសភាពីរជាន់ជាអ្នកកាន់កាប់ គឺសភាអភិជន (សភាជាន់ខ្ពស់) និងសភាប្រជារាស្ត្រ (សភាជាន់ទាប) ។ ក្រៅពីបង្កើត ឬលុបច្បាប់ អំណាចនេះ នៅមានតូនាទីជាអ្នកតាមដាន ត្រួតពិនិត្យ ការប្រតិបត្តិរបស់ព្រះរាជា និងមានតួនាទីជាអ្នកកាត់ក្តី វិនិច្ឆ័យទៅលើសកម្មភាពប្រតិបត្តិក្នុងសង្គមទាំងមូល។
- ២. អំណាចនិតិប្រតិបត្តិ ជាអំណាចប្រតិបត្តិតាមឆន្ទៈរបស់អំណាចនិតិបញ្ញត្តិ សម្រាប់រៀបចំដឹកនាំសង្គម ទាំងផ្ទៃក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ថែមទាំងជាអំណាចដែលមានសិទ្ធិប្រកាសសង្គ្រាម និងសន្តិភាព។ អំណាចនេះ មានបង្កប់នូវចរិតជាអំណាចនៃច្បាប់អន្តជាតិផងដែរ។ អំណាចនេះ ត្រូវប្រគល់ទៅឲ្យព្រះមហាក្សត្រជាអ្នកកាន់កាប់។ អំណាចនេះ ក្រៅពីការប្រតិបត្តិ គឺនៅមានសិទ្ធិជំទាស់ចំពោះអំណាចនិតិបញ្ញត្តិផងដែរ តាមនិតិវិធីនៃការប្រើសិទ្ធិរបស់ស្តេច។
- ៣. អំណាចតុលាការ ជាអំណាចវិនិច្ឆ័យ ដែលត្រូវបានគេប្រើប្រាស់នៅក្នុងក្របខ័ណ្ឌនៃច្បាប់រដ្ឋប្បវេណី។ អំណាចនេះ ត្រូវប្រគល់ឲ្យទៅសភាខេត្ត សភាក្រុងនីមួយៗ ដែលកាន់កាប់អំណាចតុលាការ។
គោលការណ៍នៃការបែងចែកអំណាចនេះ គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់មិនឲ្យអំណាចដែលស្ថិតនៅក្នុងដៃបុគ្គលណាម្នាក់នោះអាចនាំទៅរកសេចក្តីវិនាសដល់ប្រទេសជាតិបាន និងដើម្បីឲ្យទ្រឹស្តីនៃការបែងចែកអំណាចនេះ លុះទៅតាមរូបភាព ជារចនាសម្ព័ន្ធ និងដើម្បីរក្សានូវតុល្យភាពនៃអំណាចទាំង៣ របស់រដ្ឋ។ មួយទៀត គោលដៅនៃការបែងចែកអំណាចនេះ គឺធ្វើឡើងដើម្បីប្រឆាំងនឹងរបបរាជានិយមផ្តាច់ការ ហើយសម្របសម្រួលទំនាស់រវាងរបបមូលធននិយម និងពួកវណ្ណៈអភិជន និងជាការគ្រោងទុកជាមុន ដើម្បីការពារគ្រោះថ្នាក់ ចៀសវាងការដណ្តើមយកអំណាចផ្តាច់មុខ ព្រោះលោកយល់ថា “សារជាតិរបស់មនុស្ស បើកាលណាបានអំណាចនៅក្នុងដៃរបស់ខ្លួនហើយ មនុស្សនោះនឹងតស៊ូ ដើម្បីរក្សាអំណាចនោះ លុះដល់តំណក់ឈាមចុងក្រោយ។” ដូច្នេះ ធ្វើយ៉ាងណាឲ្យអំណាចទប់ទល់នឹងអំណាច ពីព្រោះមនុស្សទាំងអស់ដែលមានអំណាចតែងតែមានការប្រើប្រាស់នូវអំណាចទាំងនោះជ្រុលហួស។
អត្ថបទទាក់ទង