ប្រវត្តិសង្ខេប និងស្នាដៃឧកញ៉ាសុត្តន្តប្រីជា ឥន្ទ

លោក ឧកញ៉ា សុត្តន្តប្រីជាឥន្ទ មានដើមកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ម្តាយ​លោក​ឈ្មោះយាយមុំ ឪពុក​លោក​ឈ្មោះបពា្ចងកែ។ ឧកញ៉ា កើត​នៅ​ថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ ២៤០៣ ឆ្នាំ​ ត្រូវ​នឹង​ថ្ងៃទី ២២ កក្កដា ឆ្នាំ១៨៥៩ ។ នៅពេលមានអាយុ ១០ឆ្នាំ លោកឱកញ៉ា សុត្តន្តប្រើជាឥន្ទ បានចូលរៀនបកប្រែព្រះត្រៃបិដក នៅអាយុ ១៥ឆ្នាំ ដោយបួសជាសាមណេរមួយវស្សា នៅវត្តព្រែកពោធិ៍ ។ ក្រោយពេលលោកបានសិក្ខាបទជាសាមណេរ ក៏ទៅរៀននៅស្រុកព្រះត្រពាំង (កម្ពុជាក្រោម) ហើយនៅអាយុ ១៨ឆ្នាំ បានមករៀននៅសំណាក់លោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ ក្នុងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។

រហូតដល់អាយុ ១៩ឆ្នាំ លោកបានទៅរស់នៅឯខេត្តបាត់ដំបង ដោយស្នាក់នៅរៀនសូត្រជាមួយព្រះគ្រូ អាចារ្យ សុខ នៅវត្តកែវ រហូតដល់អាយុបាន ២០ឆ្នាំ ទើបលោកបួសជាភិក្ខុ។ នៅឆ្នាំបន្ទាប់មកទៀត លោកក៏បានទៅបន្តការសិក្សានៅ​ក្រុងបាងកក (ប្រទេសថៃ) អស់រយៈពេល ៧ឆ្នាំ ទើបវិលត្រឡបមកខេត្តបាត់ដំបងវិញ។ លោកក៏បានមកគង់នៅវត្តកណ្ដាល​បានរយៈពេល ១០ឆ្នាំទៀត ទើបលោកលាចាកសិក្ខាបទ ហើយមានគ្រួសារដ៏កក់ក្តៅមួយ នៅភូមិជ្វាធំ។

លោក លី ធាមតេង បានកត់ត្រានូវជីវប្រវត្តិរបស់អ្នកនិពន្ធខ្មែរល្បីៗមួយចំនួនតាំងពីសម័យអង្គររហូតមកដល់សម័យមុនឆ្នាំ​១៩៧៥។ នៅក្នុងនោះលោករៀបរាប់អំពីឈ្មោះរបស់ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ថាមុនពេលទទួលគោរម្យងារជា “ឧកញ៉ាសុត្តន្តប្រីជា ” ម្ចាស់វណ្ណកម្ម “គតិលោក” មានឈ្មោះពីកំណើតថា “ឥន្ទ” ។ លោក លី ធាមតេង បានសរសេរសង្ខេប​ថា “លោកកើតនៅភូមិរកាកោង ខេត្តមុខកំពូល (ខេត្តកណ្តាលសព្វថៃ្ង) នៅថៃ្ងច័ន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣ ត្រូវនឹង​ថៃ្ងទី២២ ខែកក្កដា ឆ្នាំ១៨៥៩”។ ក៏ប៉ុន្តែបុព្វជនប្រកបដោយទេពកោសល្យរូប​នេះ មានព្រះជន្មត្រឹមតែ ៦៥ឆ្នាំប៉ុណ្ណោះ” ។

លោកឧកញ៉ាសុត្តន្តប្រីជាឥន្ទ មានទេពកោសល្យយ៉ាងខ្លាំងខាងកំណាព្យកាព្យឃ្លោង និងបានប្រែអត្ថបទពីបាលីទៅជាភាសាខ្មែរ សម្រាយ​បានរហូតដល់ ៤៤មុខ។ នៅសម័យសៀមត្រួតត្រាខេត្តបាត់ដំបង លោក កថាថន ឈុំ ជាចៅហ្វាយខេត្ត បានតែងតាំង​លោកជា​ហ្លួងវិចិត្តវោហារ និងជាទីប្រឹក្សាកិច្ចការផ្សេងៗក្នុងខេត្ត។ ក្រោយសៀមបានប្រគល់ខេត្តបាត់ដំបងមកឱ្យខ្មែរយើងវិញ នៅឆ្នាំ១៩០៧ លោកបានមកបំពេញការងារនៅទីក្រុងភ្នំពេញអស់រយៈពេល១០ឆ្នាំ គិតចាប់ពី ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩២៤ ដោយមានឋានៈជា ឧកញ៉ា សុត្តន្តប្រីជាឥន្ទ ។

ចំពោះស្នាដៃរបស់លោក ដែលកូនខ្មែរស្គាល់ភាគច្រើនគឺ “គតិលោក ” ឬ “ច្បាប់ទូន្មានខ្លួន” បានបោះពុម្ពនាផ្សាយពុទ្ធសករាជ ២៥០៨(១៩៦៥) ដោយពុទ្ធសាសនបណ្ឌិត មានភាពល្បីល្បាញយ៉ាងខ្លាំង និងមានការទទួលស្គាល់ជាទូទៅច្រើនជាងគេពីសំណាក់អ្នកសិក្សាខ្មែរ ជំនាន់ក្រោយៗមកទៀត ជាពិសេសអ្នកសិក្សាពីអក្សរសិល្ប៍តែម្តង។ នៅក្នុងសៀវភៅ “គតិលោក ” ឬ “ ច្បាប់ទូន្មានខ្លួន ” ទាំង ១០ភាគ របស់លោក មានរឿងខ្លីៗជាច្រើនបញ្ចូលគ្នា ដែលបង្ហាញពីការអប់រំទូន្មាន និងបញ្ហាគ្រប់ប្រភេទដែលមានក្នុងដំណើរជីវិតមនុស្ស។

ជាការពិត គតិលោក” គឺជាវណ្ណកម្មដ៏អស្ចារ្យរបស់លោកឧកញ៉ា សុត្តន្តប្រីជា ឥន្ទ ។

ទាញយកសៀវភៅ គតិលោក ភាគ១ – ១០ មួយចប់ ដោយ ឧកញ៉ាសុតន្តប្រីជា ឥន្ទ (World Wisdom)


សូមណែនាំសៀវភៅ

One thought on “ប្រវត្តិសង្ខេប និងស្នាដៃឧកញ៉ាសុត្តន្តប្រីជា ឥន្ទ

Leave a Reply

Your email address will not be published. Required fields are marked *