ស្វែងយល់អំពី ជីវិត និងស្នាដៃរបស់ អូតូ វុន ប៊ីសមាក៍ ​អតីតនាយក​រដ្ឋមន្ត្រី ជា​អ្នក​តាំង​មហាណាចក្រ​អាល្លឺម៉ង់ នាសតវត្ស៍ទី១៩

អូតូ វុន ប៊ីសមាក៍ (Otto Von Bismarck, 1815-1898) មាន​លក្ខណៈ​ជា​អ្នក​ធ្វើ​អ្វី​ គឺធ្វើ​ពិត។ បើ​ត្រូវ​ការ​អ្វី​ហើយ ត្រូវ​តែ​យក​ឲ្យ​បាន ពុំ​ព្រម​លះបង់​ឡើយ នេះ​ឯង​ជា​លក្ខណៈ​ពិត​របស់ ប៊ីសមាក៍ និង​ជា​ឧទាហរណ៍​ដ៏​សំខាន់ ដែល​នាំ​គាត់​ទៅ​កាន់​ការ​ដ៏​ធំ​ក្នុង​ពង្សាវតារ។ និស្ស័យ​ដែល​ធ្វើ​ពិត​នេះ មាន​នៅ​ក្នុង​ខ្លួន​ប៊ីសមាក៍ តាំង​ពី​នៅ​ជា​កុមារ។ មាន​រឿង​ដំណាល​ពី​កាល​នៅ​ជា​កុមារ​ ដែលជា​គ្រឿង​បង្ហាញ​នូវ “និស្ស័យ​ដែក​ថែប” របស់​គាត់​ដូច​ខាងក្រោម​នេះ៖

វេលា​នៅ​ជា​កុមារ ក្នុង​សាលា​រៀន អាយុ​ប្រហែល​១១‑១២​ឆ្នាំ មាន​ពិធី​បុណ្យ​មួយ​នៅ​ភូមិ​របស់​ខ្លួន ហើយ​ ប៊ីសមាក៍ ក៏​នឹង​ត្រូវ​ទៅ​រាំ​លេង​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត​ដែរ។ តែ​ខ្វះ​ស្បែកជើង​រក​ទិញ​ពុំ​ត្រូវ​សោះ ទើប​ទៅ​ឲ្យ​ជាង​កាត់​ស្បែកជើង​កាត់​ឲ្យគាត់។ ដំបូង​ជាង​ប្រកែក ព្រោះ​មាន​គេ​បញ្ជា​ឲ្យ​កាត់​មុន​ជាច្រើន​ ហើយ​ត្រូវ​ប្រញាប់​ធ្វើ​ឲ្យ​ហើយ​ស្រេច​នៅ​ថ្ងៃ​បុណ្យ។ ដល់​ទី​បំផុត ប៊ីសមាក៍​ អន្ទោល​ខ្លាំង​ពេក ជាង​ក៏​ព្រម​ទទួល។ មុន​នឹង​ដល់​ថ្ងៃ​បុណ្យ ប៊ីសមាក៍ ​ទៅ​សួរ​រក​ស្បែកជើង ជាង​ប្រាប់​ថា​មិន​ទាន់​បាន​ចាប់​ធ្វើ​នៅ​ឡើយ។ នរណា​បញ្ជា​មុន​ត្រូវ​ធ្វើ​ឲ្យ​មុន ចំណែក ​ប៊ីសមាក៍​ មក​ក្រោយ​គេ ជាង​ឥត​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​បាន​ហើយ​ស្រេច​ទាន់​ថ្ងៃ​បុណ្យ​ឡើយ។ ប៊ីសមាក៍​ ឈរ​ត្រង់​ខ្លួន​ស្ងៀម​មួយ​ស្របក់ ក៏​និយាយ​នឹង​ជាង​ថា៖ “ទុក​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​តែ​បាន​ស្បែកជើង​ក្នុង​ថ្ងៃ​បុណ្យ​ឲ្យ​ទាល់​តែ​បាន។” និយាយ​ហើយ​ក៏​ដើរ​ចេញ​ទៅ ជា​ហេតុ​ឲ្យ​ម្ចាស់​ហាង​ញញឹម​បញ្ជោះ ព្រោះ​ទុក​ជា​ដូច​ម្ដេច​ក៏​ស្បែកជើង​នោះ​ពុំ​ហើយ​ដែរ។

មួយ​ស្របក់​ក្រោយ​មក ប៊ីសមាក៍ ​ក៏​ត្រលប់​មក​វិញ ដោយដឹក​ឆ្កែ​ធំៗ​ពីរក្បាល​មកជាមួយ​ផង ហើយចូល​ទៅ​សួរ​ជាង​កាត់​ស្បែកជើង​ថា៖ “អ្នក​ឃើញ​ឆ្កែ​ពីរ​នេះ​ឬ​ទេ?”

ជាង ៖ “ឃើញ! តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច?”

ប៊ីសមាក៍ ៖ “ចូរអ្នក​ជ្រាប​ថា បើ​ខ្ញុំ​មិន​បាន​ស្បែកជើង​ពាក់​ក្នុង​ថ្ងៃ​បុណ្យ​នេះ​ទេ ឆ្កែ​ទាំង​ពីរ​នេះ​នឹង​ហែក​សញ្ជែក​អ្នកមិនខាន។”

និយាយ​រួច​ហើយ ក៏​ដឹក​ឆ្កែ​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ថ្នល់​ពី​មុខ​ហាង​នោះ​ឯង។ អង្គុយ​ទាល់​តែ​យប់​ហាង​បិទ​ទ្វារ ជាង​កាត់​ស្បែកជើង​គិត​ថា​នឹង​សម្រាក ក៏​បាន​ឮ​សំឡេង​ឆ្កែ​ព្រុស​ពី​មុខ​ហាង និង​បាន​ឮ​សំឡេង​ប៊ីសមាក៍ ដែល​ទុក​ជា​ហាង​បិទ​ទ្វារ​ហើយ​ក្ដី ក៏នៅ​តែ​អង្គុយ​ទីនោះ​ ហើយស្រែក​មក​ថា៖ “ប្រយ័ត្ន! ត្រូវ​ឲ្យ​ស្បែកជើង​របស់​ប៊ីសមាក៍​បាន​រួច​ស្រេច បើ​ពុំ​ដូច្នោះ​ទេ ជីវិត​របស់​អ្នក​នឹង​រលត់។”

ជាង​កាត់​ស្បែកជើង​ក៏​សម្រេច​ចិត្ត​ហៅ​ភរិយា​មក​ជួយ​ធ្វើ​នៅ​យប់​ថ្ងៃ​នោះ ដោយ​ឥត​បាន​ដេក ហើយធ្វើ​អស់​មួយ​យប់ រហូតព្រឹក​ឡើង​ស្បែកជើង​ក៏​ហើយ​ស្រេច។ បើក​ទ្វារ​ឡើង ក៏​ឃើញ​ប៊ីសមាក៍ និង​ឆ្កែ​នៅ​អង្គុយ​ពី​មុខ​ហាង​នៅ​ឡើយ អស់​មួយ​យប់​ដោយ​ឥត​បាន​សម្ដែង​ឲ្យ​ឃើញ​ថា​ងោក​ងុយ ឬ​ស្ពឹករោយ​បន្តិច​បន្តួច​ឡើយ ហើយ​ក៏​បាន​ស្បែកជើង​ពាក់​ទាន់​ថ្ងៃ​បុណ្យ​ដូច​ប្រាថ្នា។

នេះ​ឯង ​គឺ​និស្ស័យ​ដែល​រឹង​ដូច​ “ដែក​ថែប” របស់​លោក​នាយក​រដ្ឋមន្ត្រី ជា​អ្នក​តាំង​មហាណាចក្រ​អាល្លឺម៉ង់។ បើ​សិន​ពុំ​បាន​ជា​នាយក​រដ្ឋមន្ត្រី​ទេ​នោះ អាច​នឹង​ទៅ​ជា​ចោរ​ដ៏​សាហាវ​បំផុត​ក៏​ថាបាន។

ប៊ីសមាក៍ កើត​នៅ​ថ្ងៃ​ទី០​១ ខែ​មេសា ឆ្នាំ​១៨១៥ ក្នុង​ត្រកូល​អ្នក​មាន​បង្គួរ និង​ជា​ទាហាន បាន​ទទួល​ការ​សិក្សា​យ៉ាង​ប្រសើរ ដោយចាប់​រៀន​ច្បាប់​ជា​មុន ហើយ​រៀន​វិជ្ជា​ទាហាន​ជា​ក្រោយ ដើម្បី​តំណ​វង្ស​ត្រកូល។ សម្រេច​វិជ្ជា​ពីរ​ប្រការ​នេះ​ហើយ ក៏​ចូល​ធ្វើការ​ផ្នែក​រាជការ​ស៊ីវិល ដោយ​អាស្រ័យ​លក្ខណៈ​មាំទាំ ​រឹងប៉ឹង និង​វាងវៃ​របស់​ខ្លួន ក៏​បាន​ចូល​ជា​សមាជិក​ក្នុង​រដ្ឋសភា។ កាល​អាយុ​បាន​៣២​ឆ្នាំ បាន​ជា​ប្រធាន​គណបក្ស​ខាង​ស្ដាំ។ អាយុ​៣៧​ឆ្នាំ បាន​ទទួល​តំណែង​ជា​លេខាធិការ​ស្ថានទូត​ ព្រូស (Prusse) ប្រចាំ​រដ្ឋ​ហ្វ្រង់ហ្វដស៍ (Francforts) ហើយពីរ​ខែ​ក្រោយ​មក ក៏​បាន​ជា​ឯកអគ្គរាជទូត។ ត​មក​ទៀត​១០​ឆ្នាំ បាន​ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ក្រុង​ប៉ារីស តែ​នៅ​បាន​តែ​មួយ​ឆ្នាំ គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស ក៏​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​នឹង​ស្ដេច​ផែនដី។ ព្រះរាជា​ប្រទេស​ព្រូស ទ្រង់​យល់​ឃើញ​ថា មាន​តែ​ប៊ីសមាក៍​ម្នាក់​ប៉ុណ្ណោះ អាច​នឹង​ជួយ​ព្រះអង្គ​បាន ទើប​កោះហៅ​ប៊ីសមាក៍ ឲ្យ​ត្រលប់​មក​បែរឡាំង។ ប៊ីសមាក៍ ក៏​បាន​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​ផង ក្នុង​អាយុ​៤៩​ឆ្នាំ។ អច្ឆរិយ​និស្ស័យ​របស់​ប៊ីសមារក៍ ម្យ៉ាង​ទៀត​នោះ គឺ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ងាយៗ ចូល​ចិត្ត​រើស​រក​ផ្លូវ​ដែល​លំបាកៗ ដោយ​យល់​ឃើញ​ថា របស់​អ្វី​ដែល​សម្រេច​ដោយ​លំបាក តែង​នាំ​ផល​ល្អ​មក​ឲ្យ​ប្រសើរ​ជាង​របស់​ដែល​សម្រេច​ដោយ​ងាយៗ។ ​ក្រៅពី​នេះ គាត់​ជា​មនុស្ស​ដែល​មិន​ចេះ​រន្ធត់​ញាប់​ញ័រ​ចំពោះ​ព្រឹត្តិការណ៍​ណា​មួយ​ឡើយ។ កាល​ឡើង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មីៗ តំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា​ក៏​មិន​ចូល​ខាង​ខ្លួន កាសែត​ជា​ច្រើន​ក៏​ចោម​រោមគ្នា​ជេរ តែ​ក៏​ឥត​ធ្វើ​ឲ្យ​ប៊ីសមារក៍​ញាប់​ញ័រ​ឡើយ។ ទ្រនិច​របស់​ប៊ីសមាក៍ ​ចង្អុល​ទៅ​ទិស​តែ​មួយ គឺ​លើក​ស្ទួយ​អំណាច​ព្រះមហាក្សត្រ និង​រួបរួម​អាណាចក្រ​អាល្លឺម៉ង់​ទាំង​អស់​ដែល​កំពុង​បែក​ខ្ញែក​គ្នា ឲ្យ​រួម​គ្នា​តែ​មួយ តែ​ការ​ធ្វើ​ដូច​នេះ ត្រូវ​ជួប​ការ​លំបាក ​ពីរ​ផ្លូវ ​គឺ៖

  1. បណ្ដា​អាណាចក្រ​អាល្លឺម៉ង់​ទាំង​អស់ ក្រៅ​ពី​ ព្រូស (Prusse) ​ចេញ នៅ​មាន​ អូទ្រីស (Austria) ​មួយ​ទៀត ដែល​បាន​ទទួល​ការ​គោរព​រាប់​អាន​ពី​ជនជាតិ​អាល្លឺម៉ង់​ជាទូទៅ ហើយ​មាន​អាណាចក្រ​ខ្លះ​ចង់​រួម​នឹង​អូទ្រីស ជាង​រួម​នឹង​ព្រូស។
  2. គឺ​ប្រទេស​បារាំង​នៅ​តែ​ព្យាយាម​រារាំង មិន​ឲ្យ​ប្រទេស​អាល្លឺម៉ង់​រួម​ចូល​គ្នា​បាន ព្រោះ​នឹង​ទៅ​ជា​គ្រោះ​ថ្នាក់​ដល់​ប្រទេស​បារាំង​ទៅ​អនាគត។

ដោយ​ហេតុ​នេះ​ឯង​ ទើបផែនការណ៍​របស់​ប៊ីសមាក៍​ ​មាន​ បី​ខ សំខាន់ៗ​គឺ៖

  1. ការពារ​កុំ​ឲ្យ​មនោគមវិជ្ជា​អូទ្រីស ​ផ្សាយ​ចូល​ទៅ​ក្នុង​អាណាចក្រ​អាល្លឺម៉ង់​ទាំង​អស់។
  2. ការពារ​កុំ​ឲ្យ​ប្រទេស​បារាំង ជា​មិត្ត​ស្និទ្ធស្នាល​នឹង​ប្រទេស​ដទៃៗ ព្រោះ​ប៊ីសមាក៍​យល់​ថា លំពាំង​បារាំង​តែ​មួយ​ពុំ​អាច​ជា​គ្រោះថ្នាក់​ដល់​ខ្លួន​បាន​ឡើយ។
  3. បង្កើន​កម្លាំង​ប្រទេស​ព្រូស​ឲ្យ​មាំទាំ​ឡើង​ទាល់​តែ​បាន​ជា​ទី​កោត​ក្រែង និង​និយម​រាប់​អាន​អាណាចក្រ​អាល្លឺម៉ង់​ទាំង​អស់។

គ្រោងការណ៍​ទាំង​បី​នេះ​ឯង​ដែល​ប៊ីសមាក៍ អនុវត្ត​អស់​មួយ​សម័យ​ដែល​គាត់​កាន់​អំណាច។ ការ​សម្រេច​ជា​ដំបូង​របស់​ប៊ីសមាក៍ គឺ​ដណ្ដើម​យក ស្លេស្វិក (Slesvig) និង ហូលស្តែន៍ (Holstein) មក​ពី​ ដាណឺម៉ាក (Denmark) បាន​ជា​ហេតុ​ឲ្យ​សត្រូវ​ខាងក្រៅ​នាំ​គ្នា​កោត​ក្រែង ហើយ​សត្រូវ​ខាង​ក្នុង​ គឺ​រដ្ឋសភា ក៏​ក្លាយ​ទៅ​ជា​មិត្ត ហើយអំណាច​របស់​ប៊ីសមាក៍ក្នុង ​ព្រូស​ ក៏​មាំទាំ​ឥត​ឃ្លេង​ឃ្លោង។ កាល​បាន​ចាត់ការ​បង្កើន​កងទ័ព​ក្នុង​ព្រូស​ឲ្យ​មាន​កម្លាំង​គ្រប់​គ្រាន់​ហើយ ក៏​ប្រកាស​យក ហ្វ្រង្គហូរ៍ដ រួម​ចូល​បាន​មួយ​ទៀត។ សង្គ្រាម​ដែល​រុស្សី​បាន​ជ័យ​ជម្នះ​លើ​បារាំង​នៅ​ឆ្នាំ​១៨៧១ ជា​ការ​សម្រេច​ជាន់​ទី​បំផុត​របស់​ប៊ីសម៉ាក៍ រួប​រួម​អាណាចក្រ​អាល្លឺម៉ង់​ទាំង​អស់​ចូល​ជា​ប្រទេស​តែ​មួយ​បាន។ នេះ​ពោល​យ៉ាង​សង្ខេប​បំផុត​ពី​ជីវប្រវត្តិ​របស់​ប៊ីសម៉ាក៍។ អូតូ វុន ប៊ីសមាក៍ បាន​អនិច្ចកម្ម​នៅ​ឆ្នាំ​១៨៩៨ ក្នុង​អាយុ​៨៣​ឆ្នាំ។

ដកស្រង់ និងសម្រួលចេញពីសៀវភៅ​សាង​ខ្លួន​ឯង


អត្ថបទទាក់ទង

តើអ្នកដឹងទេ! ជីវិត និង​ស្នាដៃ​របស់ បេនចាមិន ឌីស្រាអេលី (Benjamin Disraeli) មានអ្វីខ្លះ?

 

Leave a Reply