ចូហានស៍ ខេផ្លើរ អ្នកប្រាជ្ញ​ជនជាតិ​អាល្លឺម៉ង់​ដ៏​ល្បីល្បាញ​មួយ​រូប ក្នុងការ​រុករក​នូវ​អាថ៌កំបាំង​ទាំង​ឡាយ​ក្នុង​ទីអវកាស

ចូហានស៍ ខេផ្លើរ (Johannes Kepler, 1571-1630) ជា​អ្នកប្រាជ្ញ​ជនជាតិ​អាល្លឺម៉ង់​ដ៏​ល្បីល្បាញ​មួយ​រូប។ មួយ​ជីវិត​របស់​លោក​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រុករក​នូវ​អាថ៌កំបាំង​ទាំង​ឡាយ​ក្នុង​ទីអវកាស។ ឈ្មោះ​របស់​លោក​ត្រូវ​បាន​ប្រើ​សម្រាប់​ហៅ​ ច្បាប់​៣​ ស្ដីពី​ការ​ធ្វើ​ចលនា​របស់​បណ្ដា​ពិភព​ដែល​ជា​ការ​ត្រៀម​សម្រាប់​ឲ្យ​កំណើត​ច្បាប់​ទំនាញ​ផែនដី​របស់​ញូវតុន ។ ប្រការ​មួយ​គួរ​ឲ្យ​ស្ងើច​សរសើរ​ គឺ ខេផ្លើរ​ បាន​សម្រេច​នូវ​សំណង់​វិទ្យាសាស្ត្រ​ដ៏​ធំធេង​ក្នុង​លក្ខណៈ​ដ៏​លំបាក ដូចជា​ការ​ខ្វះខាត​សម្ភារៈ ហើយ​ខាង​ស្មារតី​ ក៏​លោក​ត្រូវ​រង​នូវ​ការ​ឈឺចាប់​យ៉ាង​ច្រើន​ណាស់​ដែរ។ កាល់ម៉ាក់ ធ្លាប់​បាន​វាយ​តម្លៃកេផ្លើរ​ថា “វីរបុរស​មួយ​រូប​ដែល​លោក​ស្រលាញ់​ពេញ​ចិត្ត” ។

ខេផ្លើរ ​ក៏​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​អ្នក​គណិតសាស្ត្រ​ដ៏​មាន​ទេព​កោសល្យ​ ជា​ឥដ្ឋ​មួយ​ដុំ​ដំបូង​បង្អស់​ដែល​គេ​បាន​ដាក់​សម្រាប់​ការ​ត្រៀម​ឲ្យ​កំណើត​នៃ​ក្បួន​លំហាត់​គណនា​អនុគមន៍​ដ៏​ទំនើប។

បុព្វជិត​មិន​គ្រប់​លក្ខណៈ

ខេផ្លើរ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​គណិតសាស្ត្រ​តាំង​ពី​លោក​នៅ​វ័យ​ក្មេង​ម្ល៉េះ។ តែ​ដោយ​សារមក​ពី​ឪពុក​ម្ដាយ​របស់​លោក​ក្រ​ពេក មិន​អាច​ឲ្យ​កូន​ទៅ​រៀន​បាន ម៉្លោះ​ហើយ​លោកក៏ត្រូវបង្ខំ​ចិត្ត​ពឹង​ផ្អែក​លើ​វិទ្យា​ស្ថាន​ពូជសាសន៍ ដើម្បី​ជួយ​មើលការ​ខុស​ត្រូវ​ដល់​ការ​រៀន​សូត្រ​របស់​កូន។

ខេផ្លើរ ត្រូវ​បាន​វិទ្យាស្ថាន​ពូជសាសន៍ ​ឲ្យ​សិក្សា​ខាង​ផ្នែក​មហាវិទ្យាល័យ​ ទូយប៊ីនហ្គេន ក្នុង​បំណង​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​បព្វជិត។ ខេផ្លើរ រៀន​យ៉ាង​ពូកែ ក៏​ប៉ុន្តែ​ក្រៅ​ពី​ការ​ប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា គណៈ​មេប្រយោគ​បាន​ឯកភាព​គ្នា​ថា លោក​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​ជា​បុព្វជិត​ឡើយ។ ដោយ​ហេតុ​ផល​យ៉ាង​សាមញ្ញ​ គឺ ខេផ្លើរ ​ជក់​ចិត្ត​នឹង​ការ​អាន​សៀវភៅ​របស់ នីកូឡា ប៉ែតនិក (តារា​វិទូ​ជនជាតិ​ប៉ូឡូញ ឆ្នាំ​១៤៧៣​‑​១៥៤៣) ដែល​និយាយ​អំពី​ការ​វិល​របស់​ភព (តាម​ទស្សនៈ​ពី​បុរាណ បណ្ដា​ភព​ដូចជា ព្រះអាទិត្យ ផ្កាយ សុទ្ធ​សឹង​វិល​ជុំវិញ​ផែនដី) ឬ​ពី​ទ្រឹស្ដី​បិសាច ដែល​បាន​គូស​បញ្ជាក់​ថា ផែនដី​ធ្វើ​ចលនា​វិល​ជុំ​វិញ​ព្រះអាទិត្យ។ ឯ​តាម​ធម៌​សាសនា​គ្រឹះស្ថាន​បាន​និយាយ​ថា ផែនដី​ជា​មណ្ឌល​នៃ​ពិភពលោក។

សាស្ត្រាចារ្យ​ម្នាក់​ដ៏​ពូកែ ​ប៉ុន្តែ​គ្មាន​ការ​ធ្វើ

បន្ទាប់​ពី​ការ​ប្រឡង​ជាប់​កម្មសិក្សា​នៅ​មហាវិទ្យាល័យ ខេផ្លើរ ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​ ក្រាស (ប៉ែក​ខាងត្បូង​អូទ្រីស)។ ទាំង​សិស្ស ​ទាំង​មជ្ឈដ្ឋាន​គ្រូ​បង្រៀន​នៅ​មហាវិទ្យាល័យ​នេះ​ទុក​ចិត្ត និង​ស្រលាញ់​រាប់​អាន​លោក​សាស្ត្រាចារ្យ​វ័យ​ក្មេង​ខេផ្លើរ​ណាស់។ លោក​ខេផ្លើរ ថ្វី​បើ​មាន​រាង​ស្គម​ទន់​ខ្សោយ ក៏​ប៉ុន្តែ​គាត់​មាន​ស្មារតី​ព្យាយាម និង​ខ្លាំង​ពូកែ​ណាស់។ គ្រប់​​មេរៀនដែល​លោកបង្រៀន​ គឺ​ច្បាស់​លាស់ ព្រោះ​ថា​លោក​ចូល​ចិត្ត​រៀន​សូត្រ និង​ចូល​ចិត្ត​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ណាស់។ ក្នុង​រយៈ​ពេល​តែ​ ៤​ឆ្នាំ ​ដែល​បំពេញ​ការងារ​នៅ​ក្រាស ខេផ្លើរ បាន​ប្រកាស​នូវ​ស្នាដៃ​ធំៗ ដូចជា សៀវភៅ​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៥៩៤ ក្នុង​នោះ​មាន​ទាំង​ផ្នែក​ស្ទង់​មើល​កម្រិត​សីតុណ្ហភាព និង​សៀវភៅ​ប្រជុំ​វិញ្ញាសា​ស្រាវជ្រាវ​ពី​លំហ​អវកាស (១៥៩៧)។ ក៏​ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​១៥៩៩ ពុំ​មាន​សាលា​ណា​មួយ​នៅ ​ក្រាស ​ហ៊ាន​អញ្ជើញ​លោក​គ្រូ​ ខេផ្លើរ ​មក​បង្រៀន​ទៀត​ឡើយ។ ក្នុង​ការ​ប្រជែង​ដណ្ដើម​គ្នា​រវាង​បក្ស​សាសនា​ចាស់ និង​បក្ស​សាសនា​ថ្មី ខេផ្លើរ ត្រូវ​គេមាន​មន្ទិល​សង្ស័យ​ថា​ចូល​រួម​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​សមាគម​សាសនា​ក្រាស។ លោក​សាស្ត្រាចារ្យ​ដ៏​ពូកែ​នោះ​ត្រូវ​បាត់​បង់​ការងារ​ធ្វើ ហើយ​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ទៀត​ផង។ លោក​ក៏ត្រូវបង្ខំ​ចិត្ត​ត្រូវ​នាំ​គ្រួសារ​រត់​គេច​ខ្លួន។

គ្រូ​ទស្សន៍ទាយ​ដោយ​បង្ខំ​ចិត្ត

ចាប់​ពី​ឆ្នាំ​១៦០១ ខេផ្លើរ ​ត្រូវ​បាន​ព្រះមហាក្សត្រ​អូទ្រីស តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​គណិតសាស្ត្រ​របស់​ព្រះរាជា ទទួល​បន្ទុក​ស្ថានីយ​តារាសាស្ត្រ​ប្រាក (ប្រទេស​អូទ្រីស​នៅ​សតវត្ស​ទី​១៧ រួម​មាន​ទាំង​ប្រទេស​ឆេកូ​ស្លូវ៉ាគី)។ អ្នក​គណិតសាស្ត្រ​រូប​នេះ អាច​ធ្វើ​ការ​តាម​ចំណង់​ចិត្ត ក៏​ប៉ុន្តែ​បែរ​ជា​ត្រូវ​ខ្វះខាត​លក្ខណៈ​ដ៏​សំខាន់​មួយ​ គឺ​ព្រះរាជា​ពុំ​មាន​ប្រាក់​សម្រាប់​បៀវត្ស​ឲ្យ​ខេផ្លើរ ​ឡើយ ព្រោះ​សង្គ្រាម​ដែល​អូស​បន្លាយ​ជាមួយ​បណ្ដា​ប្រទេស​នានា​បាន​បង្ហិន​បង្រីង​សម្ងួត​ថវិកា​របស់​ប្រទេស​ព្រះអង្គ​ទៅ​ហើយ។ ពីរ​បី​ឆ្នាំ​ជាប់​គ្នា ខេផ្លើរ ​មិន​ទទួល​បាន​បៀវត្ស​មួយ​កាក់​មួយ​សេន​ណា​ទាំង​អស់។ ដើម្បី​អាច​នឹង​រស់​បន្ត​ដង្ហើម បន្ត​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ខេផ្លើរ ​បង្ខំ​ចិត្ត​ត្រូវ​ធ្វើ​ជា​គ្រូទស្សន៍​ទាយ​ជោគតារា​ឲ្យ​អស់​លោក​នាម៉ឺន​មន្ត្រី​ក្នុង​ព្រះរាជវង្ស (សម័យ​នោះ​គេ​ជឿ​ថា វាសនា​របស់​មនុស្ស​ម្នាក់ៗ​សុទ្ធ​សឹង​មាន​ទាក់​ទង​ដល់​ចលនា​របស់​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ។ ក្បួន​ជោគតារា​ គឺ​ជា​ក្បួន​សម្រាប់​ទស្សន៍​ទាយ​វាសនា​របស់​មនុស្ស​តាម​ផ្កាយ​លើ​មេឃ)។ ខេផ្លើរ បាន​កត់​សម្គាល់​ដោយ​ភាព​ល្វីង​ជូរចត់​ថា “ក្បួន​ជោគតារា​ដ៏​ផ្ដេសផ្ដាស​នោះ បាន​ចិញ្ចឹម​បំប៉ន​នូវ​បណ្ដា​ស្នាដៃ​វិទ្យាសាស្ត្រ​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ។”

បរិមាណ​កិច្ចការ​ដ៏​ធំ​សម្បើម

ច្បាប់​ ខេផ្លើរ ​ថ្លែង​យ៉ាង​សាមញ្ញ​ថា ៖

  1. ពិភពលោក​ទាំង​អស់​សុទ្ធសឹង​ធ្វើ​ចលនា​វិល​ជុំ​វិញ​ព្រះអាទិត្យ តាម​គោលចរ​រាង​អេលីប​ដែល​មាន​ព្រះអាទិត្យ​ជា​ចំណុច​មួយ​ក្នុង​ចំណុច​រួម​ពីរ។
  2. បណ្ដា​ផ្ទៃក្រឡា​ដែល​បង្ក​ឡើង​ដោយ​កាំ​វិកទ័រ​របស់​ភព​នីមួយៗ​ សមាមាត្រ​ជាមួយ​នឹង​ថេរ​វេលា​ចលនា​របស់​វា។
  3. ការ​ រេ​ របស់​ថេរ​វេលា​វិល​ នៃ​ភព​ជុំវិញ​ព្រះអាទិត្យ​សមាមាត្រ​ជាមួយ​គីប ​នៃ​ចម្ងាយ​មធ្យម​របស់​វា​ទៅ​កាន់​ព្រះអាទិត្យ។

មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា ឃ្លា​អក្សរ​ដ៏​ខ្លី​នេះ​ គឺ​ជា​លទ្ធផល​នៃ​បរិមាណ​ការងារ​ដ៏​ធំ​ធេង។ ច្បាប់​២​ដំបូង​ ដែល​កេប្ល៉ែរ​បាន​រក​ឃើញ​ក្រោយ​ពី​ការ​ធ្វើ​ពលីកម្ម​៥​ឆ្នាំ​យ៉ាង​តានតឹង ដោយ​ត្រូវ​ធ្វើ​លេខ​រាប់​លាន​តួ​ ដែល​កត់ត្រា​បាន​ពី​តារាសាស្ត្រ​របស់​តារា​វិទូ ទីខូ​ប្រាហេ (តារាវិទូ​ជាតិ​ដាណឺម៉ាក ១៥៤៦​‑​១៦០១) បន្សល់​ទុក​មក។ ចំណែក​ ច្បាប់​ទី​៣ លោក​ត្រូវ​ចំណាយ​ពលីកម្ម​ចំនួន​ ៩​ឆ្នាំ ​យ៉ាង​នឿយ​ហត់ គឺ​​លោក​ត្រូវ​ធ្វើការ​សង្កេត​មើល​បណ្ដើរ កត់​ត្រា​តួលេខ​តារា​សាស្ត្រ​បណ្ដើរ ដោយ​ត្រូវ​កែសម្រួល និង​គិត​លេខ​បណ្ដើរ។

ពេល​ឆ្លង​កាត់​លើ​វាសនា​អភ័ព្វ

ខេផ្លើរ កើត​មកហាក់​ទុក​ខ្លួន​លោក ​សម្រាប់​រង​ទទួល​នូវ​ការ​សាកល្បង​នឹង​ពេល​វេលា។ វាសនា​អភ័ព្វ​តែង​តែ​សង្កត់​ធ្ងន់​មក​លើ​ស្មា​ទាំង​គូ​របស់​លោក។ ប្រពន្ធ​ស្លាប់ កូន​ស្លាប់ ម្ដាយ​ត្រូវ​ជាប់​គុក​ ដោយ​ការ​ចោទ​ប្រកាន់​ថា​ធ្វើ​ធ្មប់។ ខេផ្លើរ ត្រូវ​រស់​យ៉ាង​វេទនា ​ដើម្បី​រំដោះ​ជីវិត​ម្ដាយ​ពី​ទុក្ខ​ទោស ហើយ​ខ្លួន​លោក​ក៏​តែង​តែ​ត្រូវ​រង​ទទួល​នូវ​ការ​ចោទ​ប្រកាន់​ថា ធ្វើការ​ផ្សព្វផ្សាយ​នូវ​ទ្រស្ដី​បិសាច​របស់ ​នីកូឡាស កូពើនិក (Nicolas Copernic) ។ ក៏​ប៉ុន្តែ ខេផ្លើរ បាន​ពុះពារ​ឆ្លង​កាត់​គ្រប់​ការ​លំបាក គ្រប់​ឧបសគ្គ​ដោយ​ក្លាហាន​អង់អាច។ ច្បាប់​ទី​៣​ របស់​ខេផ្លើរ ​ដែល​បាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​១១​ឆ្នាំ គឺ​ជា​ពេល​ដែល​គ្រួសារ​របស់​លោក​ត្រូវ​ជួប​វាសនា​អាក្រក់​ខ្លាំងក្លា​បំផុត។

ខេផ្លើរ បាន​ដក​ដង្ហើម​ចុងក្រោយ​បំផុត​ក្នុង​ដំណើរ​ដោយ​រទេះ​សេះ​មួយ​ពី​ទីក្រុង​លីន្ស ទៅ​កាន់​រេហ្គេន្សបួ។ក្នុង​ហោប៉ៅ​របស់​លោក​នៅ​ពេល​នោះ មាន​ប្រាក់​តែ ​២២​អេវី ជិត​ស្មើ​នឹង​មួយ​កាក់ ​ប៉ុន្តែ​ធ្វើឲ្យ​លោក​ពោរពេញ​ដោយ​មោទនភាព៖ “ខ្លួន​ខ្ញុំ​ជិត​បាន​វាស់​ដី​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​ធ្លាប់​បាន​វាស់​ផ្ទៃមេឃ​រួច​ហើយ​ដែរ! រូបកាយ​ខ្ញុំ​ជិត​នឹង​បាន​កប់​បាត់​ក្នុង​ជម្រៅ​ដី​ដ៏​ត្រជាក់ ក៏​ប៉ុន្តែ​ព្រលឹង​របស់​ខ្ញុំ​ធ្លាប់​បាន​ហោះ​ហើរ​សព្វ​ផ្ទៃមេឃ។”

រស់​នៅ​ដោយ​ក្ដី​សង្ឃឹម

ដោយ​ម្ដាយ​ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ជា​យាយ​ធ្មប់ ហើយ​សាមី​ខ្លួន​លោក​ខេផ្លើរ ​ក៏​ជា​អ្នក​ធ្លាប់​ពង្រីក​នូវ​ទ្រឹស្ដី​កូពើនិក នៅ​ឆ្នាំ​១៦២៦ ពួក​អ្នក​វង្វេង​សាសនា​នៅ​លីន្ស បាន​សម្រុក​ចូល​វាយ​កម្ទេច​ផ្ទះ​លោក ហើយ​គំរាម​កំហែង​ធ្វើ​បាប​ដល់​អ្នកប្រាជ្ញ​រូប​នេះ​ទៀត​ផង។

មិត្តភក្ដិ​ជាច្រើន​រូប​ បាន​តឿន​ឲ្យ​ខេផ្លើរភៀស​ខ្លួន​ទៅ​នៅ​អ៊ីតាលី។ គេ​បាន​អះអាង​ថា ទេពកោសល្យ​របស់​លោក​នឹង​បាន​គេ​ប្រើ​ប្រាស់ បើ​លោក​យល់​ព្រម​ប្រកាស​ចោល​ទ្រឹស្ដី​កូពើនិក។ ខេផ្លើរ ​ប្រកែក​ដាច់​អហង្ការ​ចំពោះ​យោបល់​ទាំង​នេះ ទោះបីជា​ជីវភាព​គ្រួសារ​របស់​លោក​នៅ​ពេល​នោះ​ទីទ័ល​ក្រ​យ៉ាង​ខ្លាំង​ក្ដី។ គេ​បាន​ព្រួយបារម្ភ​ជួស​លោក មិន​ដឹង​តើ​លោក​នឹង​រស់​នៅ​ដោយ​របៀប​ណា តែ​ខេផ្លើរបាន​និយាយ​ដោយ​មោទនៈ​ថា៖ “ខ្ញុំ​នឹង​រស់​នៅ​ដោយ​ក្ដី​សង្ឃឹម​ជានិច្ច!”

ដកស្រង់​ និងសម្រួលចេញពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ


អត្ថបទទាក់ទង

អ៊ីហ្សាក់ ញ៊ូតុន និងដើមកំណើតនៃព័ណ៍

 

Leave a Reply