ជីវិត និងស្នាដៃរបស់អ្នកប្រាជ្ញបុរាណចិន ខុង ជឺ

ខុងជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញមានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចដែរ។ តាមពិតឈ្មោះរបស់លោក គឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ​ មានពូជធារមកពីរាជវង្ស «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិននាសម័យរដ្ឋកាលចូវ ។ ដោយសារ
សង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិស​ពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម ។​​ ឯសមាជិកគ្រួសារ ដែលរួច ផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ»។

ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុង​ទីងងឹតនៃកំហែងថ្មភ្នំមួយនៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វរបស់មាលោកនៃសន្តតិវង្សលូ។ មុនពេលចាប់កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំឡេកគួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង រន្ទះ រញ្ជួយភ្នំភ្លើង។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេងតែគាត់រស់ក្នុងទីទល់ក្រ។ លុះបានអាយុ ២០ឆ្នាំគាត់បានរៀបការ ជាមួយនឹងស្រីជនជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះ លី ។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ បានក្លាយជាគ្រូម្នាក់ដែលចេះដឹងសព្វមុខវិជ្ជាពិសេសខាងវិជ្ជាពេទ្យ។ ខុងជឺ ចេះទស្សន៍ទាយ ជាអ្នកបង្ហាត់ បង្រៀនឲ្យប្រជាជនចិនចេះសែនព្រេនដូនតា ដែលតាមលក្ខណៈនេះគាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងវិធីបុណ្យផ្សេងៗផងដែរ។ កិត្តិនាមរបស់ ខុងជឺ ល្បីល្បាញពេញស្រុក ចាន់ស៊ី ហើយពេលនោះទស្សនវិជ្ជារបស់ ខុងជឺ ក៏ចាប់រីកដុះដាល ដោយគេនាំគ្នាប្រសិទ្ធិនាមឲ្យគាត់ថា “ជូ” មានន័យថា “បណ្ឌិត” ចាប់ពី ពេលនោះមក។

នៅអាយុ៤៩ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សត្រ តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង។ ខុងជឺ បានផ្សព្វផ្សាយទស្សនវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិន ក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់ យល់ដឹងនូវតំលៃរបស់ខ្លួន និងចង់កែប្រែរបៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំនាស់។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួន ពីស្រុកមួយទៅស្រុកមួយអស់រយៈពេល ១៣ ឆ្នាំ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុងជន្មាយុ ៧០ឆ្នាំ។ ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់អស់រយៈពេលជាច្រើនឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកង្រៀនដល់សាវ័កទៀតផង។

ខុងជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ក្បួននខ្នាតប៉ុណ្ណោះទេ  ថែមទាំង ជាអ្នកដឹកនាំប្រជាជនឲ្យអនុវត្តនូវទំនៀមទម្លាប់ចាស់ឲ្យរីកចម្រើនឡើងវិញ  ​គេសង្កតឃើញប្រជាជនចិន  ចាប់ប្រើក្រដាស  និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតារាល់ឆ្នាំ តាំងពីសម័យខុងជឺមក។ គាត់រស់បាន ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយហើយបាន
ទទួលមរណភាព ក្នុងឆ្នាំ ៤៧៩ មុន គ.ស ។

ស្នាដៃទស្សនវិជ្ជារបស់ ខុងជឺ

ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា “លាវយី” មានន័យថា សិល្បៈទាំង ៦ ជាសិល្បៈសេរី មានគោលដៅស្វែងរកនូវសេរីភាព ក្នុងនយោបាយ និងសេដ្ឋកិច្ច។

ទស្សនវិជ្ជាទាំងរបស់ខុងជឺគឺ៖

១. គម្ពីរឈ្មោះយី និយាយពី ការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក 

២. គម្ពីរឈ្មោះចេ ជាកំណាព្យនិទានសម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ 

៣. គម្ពីរឈ្មោះលី និយាយពី ការប្រារព្ធពិធីសែនព្រេនផ្សេងៗ 

៤. គម្ពីរឈ្មោះយ៉ូ និយាយពី បទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍

៥. គម្ពីរឈ្មោះជូ និយាយពី ប្រវត្តិសាស្រ្ត និងពង្សាវតានៃប្រទេសចិន

៦. គម្ពីរឈ្មោះឈូស៊ាវ គម្ពីរនិទាឃរដូវ និយាយពី សរទរដូវជាប្រវត្តិសាស្រ្តជាក់ស្តែងរបស់សន្តតិវង្សលូ

ចំពោះទស្សនវិជ្ជា ខុងជឺ បានឲ្យតម្លៃទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា។ មនុស្សប្រភេទទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌ និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន។ ចំណែក មនុស្សប្រភេទទីពីរ ជាប្រភេទមនុស្សសាមញ្ញដែលសុខចិត្តលះបង់យុត្តិធម៌ កិត្តិយស ដើម្បីស្វែងរកគុណប្រយោជន៍។

ខុងជឺ បានបែងចែកទស្សនៈដូចខាងក្រោម៖

មនុស្សធម៌ ៖ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ។ ខុងជឺ មើលឃើញសង្រ្គាមជាប្រភពនៃអមនុស្សធម៌។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្សធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ពចាប់​ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើងបោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះទឹកក្តៅ ដូច​ជាស្រុះមាន់ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹងជា អំពើ អមនុស្សធម៌។

យុត្តិធម៌​ ៖ខុងជឺ មើលឃើញយុត្តិធម៌ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌នៅក្នុងគ្រួសារ។ ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមក ទើបវារាលដាលដល់សង្គម។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស។ ហេតុនេះ ដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើង
ជំហ៊ានទីមួយ ត្រូវធ្វើឲ្យមានយុត្តិធម៌នៅក្នុងគ្រួសារជាមុនសិន។ ខុងជឺ បានឈរលើទស្សនៈថា “កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន” ។

សីលធម៌ ​​ ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួននៅចំពោះមុខគ្រួសារ និងចំពោះមុខច្បាប់ផងដែរ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្មឲ្យសមនឹងកំហុសដែលគេបានសាង។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោសត្រូវតែហ៊ានធ្វើអត្តឃាតខ្លួនឯង។ ទស្សនៈរបស់ ខុងជឺ សង្កត់ធ្ងន់ថា “មនុស្សម្នាក់ៗ ត្រូវមានស្មារតីអៀនខ្មាស ត្រូវតែចេះយល់នូវអ្វីដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត” ។ ខុងជឺ បានបង្កើតសីលធម៌មួយទៀតហៅថា “ជិន” មានន័យថា “ស្រលាញ់អ្នកដទៃ” ដោយ ខុងជឺ មានបំណងឲ្យអ្នកសិក្សា ស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន។

សីលធម៌នោះគឺ៖

  • ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
  • ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។
  • អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
  • អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើ នោះទៅអ្នកដទៃ ជាមុនសិន ។
  • អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀស វាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។
  • បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះឲ្យ បានមុនទុក្ខទោសនោះ មកដល់ ។
  • បើធ្វើប្រយោជន៍ហើយ​ សូមកុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ​ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។
  • ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។
  • អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្ស ដែលនៅក្រោម
    បង្គាប់អ្នកឲ្យសោះ។

គុណធម៌របស់ខុងជឺ

គុណធម៌របស់ ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ។ លោកថា ‘មនុស្សម្នាក់ៗនៅក្នុងសង្គម សុទ្ធតែមានកាតព្វកិច្ចដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេត្រូវ ប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ។” នេះទើបហៅថា “គុណធម៌” ។ តែបើគេធ្វើកិច្ចការទាំងឡាយដោយគ្រាន់តែពិចារណា ប៉ុន្តែខ្វះសីលធម៌
នោះសកម្មភាព​របស់ពួកគេ នឹងក្លាយទៅជាសកម្មភាពមិនត្រឹមត្រូវ និងខ្វះគុណធម៌។ មួយវិញទៀត ខុងជឺ ចាត់ទុកថា “ការគ្រប់គ្រងដោយគុណធម៌ មានលក្ខណៈល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់។”

គាត់រំពឹងថា ការគ្របគ្រងរដ្ឋប្រកបដោយគុណធម៌ អាចដំណើរការទៅរួច ថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផង។ ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង។ ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន។ មនុស្សដែលមានទឹកចិត្តល្អ លុះត្រាតែមានឆន្ទៈ ស្មោះត្រង់ និងមានការអប់រំល្អ។ នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយ ជីវភាពគ្រួសាររបស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរ។ បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវភាពសង្គម ឬប្រទេសជាតិមានសណ្តាប់ធ្នាប់។ លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមានសន្តិភាព។ ខុងជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះ មានការប្រតិបត្តិត្រឹមត្រូវ នូវអ្វីដែលគាត់ហៅថា “ការកែតម្រូវឲ្យត្រឹមត្រូវតាមឈ្មោះ” នោះជាមុនសិន ។ នេះមានន័យថា “ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់” ។ ខ្លឹមសារសំខាន់នោះ ឋិតនៅត្រង់ថា អ្នកគ្រប់គ្រងគឺអ្នកគ្រប់គ្រង រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី ឪពុកគឺឪពុក កូនគឺកូន ។ល។ គ្រប់ឈ្មោះទាំងអស់ គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច តួនាទី និងមុខងារ ខុសៗគ្នា។ បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកនោះមិនអាចក្លាយទៅជាបុគ្គលដ៏ល្អតាមឋានៈនោះឡើយ។ ឧទាហរណ៍ថា៖ បើអ្នកដឹកនាំគ្រប់គ្រង គេមិនខ្វល់ខ្វាយចំពោះវិជ្ជា ឬវិធីដឹកនាំគ្រប់គ្រងនោះទេ​ទោះបីជាអ្នកនោះមានប្រជាប្រិយភាពប៉ុណ្ណាក៏ដោយ ក៏គេនោះមិនអាចជាអ្នកដឹកនាំដ៏ល្អបានដែរ។

ដូចនេះឃើញថា ទស្សននយោបាយរបស់ ខុងជឺ ពិតជាបានរួមវិភាគទានយ៉ាងធំសម្បើម ក្នុងការរុញច្រានទ្រឹស្តីនយោបាយបែបទស្សនវិជ្ជា ដែលមានសីលធម៌ឲ្យមានភាពរីកដុះដាលឡើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ ខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅមកជួយរៀបចំ និងដោះស្រាយបញ្ហាក្នុងសង្គមមនុស្សទេ។ តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាក្នុងសង្គមមនុស្សទៅវិញ។


អត្ថបទទាក់ទង

ប្រវត្តិ និងស្នាដៃ របស់លោក លី ខ្វាន់យូ ស្ថាបនិកប្រទេសសាំងហ្គាពួរ (សិង្ហបុរី)

Leave a Reply