ប្រវត្តិសង្ខេបលោក Harry Wayne Huizenga ស្ថាបនិកក្រុមហ៊ុន Waste Management Inc. និង AutoNation

ជាសហគ្រិន​ជនជាតិ​អាមេរិក លោក Harry Wayne Huizenga ត្រូវបានគេ​ស្គាល់ថាជាស្ថាបនិក​ក្រុមហ៊ុន​ធំៗ ៣ ក្នុងចំណោមក្រុមហ៊ុនល្បីៗទាំង៥០០ លើពិភពលោក ដែលការចាប់ផ្តើម​ពីដំបូងរបស់លោកមានលក្ខណៈសមញ្ញមួយ។

លោកបានកើតនៅឆ្នាំ ១៩៣៧ នៅ Evergreen Park ជាយរដ្ឋឈីកាហ្គូ (Chicago) ដែលមានឪពុកឈ្មោះ Gerrit Harry និង​ម្តាយឈ្មោះ Jean Huizenga។ នៅប៉ុន្មានឆ្នាំក្រោយមក​ លោក ​និងក្រុមគ្រួសារ​បានផ្លាស់ប្តូរទៅរស់នៅរដ្ឋហ្វ្លរីដា (Florida)។ ក្នុងវ័យកុមារភាព លោកបានទទួលឥទ្ធិពលមិនល្អជាច្រើនពីឪពុករបស់លោកដែលជាមនុស្សហឹង្សា និង​គ្មានទំនួលខុសត្រូវ​ចំពោះក្រុម​គ្រួសាររបស់ខ្លួន។ លោកយល់ថា ​ឪពុករបស់លោក មិនស័ក្តសមធ្វើជាគម្រូដល់លោកឡើយ ហើយលោកធ្លាប់សន្សាថានឹងមិនធ្វើដូចឪពុកលោកឡើយ មិនតែប៉ុណ្ណោះលោកនឹងព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យជីវិតរបស់លោកល្អប្រសើរ។

ក្រោយពីបញ្ចប់ការសិក្សានៅសាលា Pine Crest School លោក​ Huizenga បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Calvin​ ក្នុងឆ្នាំ ១៩៥៥ ប៉ុន្តែបានបោះបង់ទៅវិញមួយឆ្នាំក្រោយពីជាប់ឈ្មោះចូលរៀនក្នុងសាលាយោធា។ ក្រោយបញ្ចប់ការហ្វឹកហាត់យោធា លោកបានត្រលប់ទៅរដ្ឋហ្វ្លរីដាវិញ ដើម្បីស្វែងរកការងារក្នុងវិស័យការគ្រប់គ្រងកាកសំណល់ (Waste Management)។ បន្ទាប់ពីបានទិញរថយន្តដឹកសម្រាមមក​ គាត់ក៏ចាប់ផ្តើមប្រមូលសម្រាមក្នុងតំបន់ Broward County ហើយបន្តិចម្តងៗជំនួញរបស់លោកក៏រីកធំធាត់ក្លាយជា Waste Management Inc. ហើយពង្រីកខ្លួនរហូតដល់ភាគខាងត្បូងរដ្ឋហ្វ្លរីដា។ ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុន​របស់គាត់បានក្លាយទៅជាក្រុមហ៊ុន​ធំជាងគេ​ក្នុងការគ្រប់គ្រងកាក់សំនលនៅសហរដ្ឋអាមេរិក។

មហិច្ចតារបស់លោកមិនបានបញ្ចប់ត្រឹមហ្នឹងឡើយ លោកបានលក់ក្រុមហ៊ុនដែលកំពុងគ្រប់គ្រងដើម្បីទៅទិញ ហាង Blockbuster ដែលបានទទួលបានជោគជ័យក្រៃលែង ហើយលោកបានលក់វាទៅឲ្យក្រុមហ៊ុន Viacom ក្នុងតម្លៃ ៨.៤ ពាន់លានដុល្លា ក្នុងឆ្នាំ១៩៩៤។ ក្នុងទសនាវដ្តី Forbes នាខែកញ្ញា​ ឆ្នាំ ២០១៨ លោក Wayne Huizenga មានទ្រព្យសម្បត្តិចំនួន ២.៨ ពាន់លានដុល្លា។

មេរៀនពីលោក Harry Wayne Huizenga

ជុំវិញខ្លួនដោយមនុស្សទុទិដ្ឋិនិយម រួមផ្សំនិងកាលៈទេសៈមិនអំណោយផល នឹងមិនអាចធ្វើឲ្យផ្លូវដែលអ្នកដើរពិបាកឡើយ ប្រសិនបើអ្នកតាំងចិត្តថានឹងជំនះដើរលើផ្លូវដែលអ្នកបានជ្រើសរើសខ្លួនឯងនោះ។ ទោះបីជាពីកុមារភាព លោកទទួលឥទ្ធិពលហឹង្សាពីឪពុកលោកក្តី ​តែលោកមិនបណ្តោយខ្លួនឲ្យដូចឪពុករបស់ខ្លួនឡើយ ដោយលោកបានជំនះពីបញ្ហាដើម្បីឲ្យជីវិតលោកប្រសើរឡើង។


 អត្ថបទទាក់ទង

ប្រវត្តិ និងស្នាដៃ របស់លោក លី ខ្វាន់យូ ស្ថាបនិកប្រទេសសាំងហ្គាពួរ (សិង្ហបុរី)

Leave a Reply