ជីវិត និង​ស្នាដៃរបស់អ្នកប្រាជ្ញវិទ្យាសាស្រ្ត ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov)

ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov, 1891-1951) មាន​កំណើត​ក្នុង​គ្រួសារ​អ្នករដ្ឋការ​ក្រីក្រ​ម្នាក់។ តាំង​ពី​ពេល​នៅ​សិក្សា​ម៉្លេះ យុវសិស្ស​នេះ​ចូលចិត្ត​មុខវិជ្ជា​ធម្មជាតិវិទ្យា​ណាស់។ ពេល​ចូល​រៀន​នៅ​មហាវិទ្យាល័យ និស្សិត​ដ៏​ពូកែ​ឆ្នើម​វ៉ាវីឡូវ​ត្រូវ​បាន​អ្នកប្រាជ្ញ ឡេបេឌែហ្វ យក​ចិត្ត​ទុកដាក់​ណែនាំ​យ៉ាង​ពិសេស។

វ៉ាវីឡូវ​បាន​ក្លាយ​ទៅ​ជា​អ្នករូបវិទ្យា​ដ៏​ល្បីល្បាញ​តាំងពី​ឆ្នាំ​ដំបូង​ក្រោម​រដ្ឋ​អំណាច​សូវៀត។ លោក​ទទួល​បន្ទុក​មុខវិជ្ជា​ពន្លឺវិទ្យា (Optique) នៅ​ក្នុង​វិទ្យាស្ថាន​រូបវិទ្យា។ នៅ​ទីនេះ​លោក​សម្រេច​បាន​នូវ​ស្នាដៃ​ធំៗ​មាន​តម្លៃ​ជាច្រើន ទាំង​ខាង​ទ្រឹស្ដី ទាំង​ខាង​បច្ចេកទេស​ពន្លឺ ព្រម​ទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ។ ចាប់​ពី​ឆ្នាំ​១៩៣២លោក​បាន​ក្លាយ​ទៅ​ជា​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សូវៀត រួច​មក​ទល់​ឆ្នាំ​១៩៤៥ លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​វិទ្យាស្ថាន។

អ្នកប្រាជ្ញ​រូប​នេះ​បាន​ទទួល​រង្វាន់​ឥស្សរិយយស​លេនីន ២​លើក ដោយ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​របស់​លោក​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ការពារ​សន្តិសុខ​ជាតិ។

បន្ទប់​ពិសោធន៍​នៅ​ក្នុង​ផ្ទះបាយ

តាំង​ពី​វ័យ​នៅ​សិក្សា វ៉ាវីឡូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចរិត​ស្រលាញ់​ការ​ចង់​ចេះ​ចង់​ដឹង។ កុមារ​យើង​ពេល​ណា​មិន​ដែល​ស្កប់ស្កល់​នឹង​មេរៀន​ដែល​លោកគ្រូ​ពន្យល់ និង​ការ​ធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ​ដែល​លោកគ្រូ​បាន​ណែនាំ​នៅ​សាលា​ឡើយ។ មក​ដល់​ផ្ទះ វ៉ាវីឡូវ​បាន​ហាត់​រៀន​ដោយ​ខ្លួនឯង​ក្នុង​បន្ទប់​ពិសោធន៍​មួយ និង​តែង​ជក់​ចិត្ត​ក្នុង​ការ​អាន​កាសែត សៀវភៅ​ដែល​ផ្សព្វផ្សាយ​ពី​វិទ្យាសាស្ត្រ។

ថ្ងៃ​មួយ មិត្តភក្តិ​មក​លេង បាន​ឃើញ​វ៉ាវីឡូវ​កំពុង​តែ​មមាញឹក​ដាំស្ល​អ្វី​មិន​ដឹង​នៅ​ឯ​ចង្ក្រាន​បាយ ។ ដោយ​នឹក​ថា​មិត្តភក្តិ​យើង​កំពុង​រៀបចំ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក អ្នក​ទាំង​អស់​ក៏​ទ្រាំ​នៅ​អង្គុយ​ចាំ។

តែ ១៥​នាទី រួច​កន្លះ​ម៉ោង​បាន​កន្លង​ហួស​ទៅ​ហើយ នៅ​តែ​មិន​ឃើញ​វ៉ាវីឡូវ​ចេញ​មក​ពី​បន្ទប់​បាយ​សោះ។ មិត្តភក្ដិ​ទាំងអស់​អន្ទះអន្ទែង​ក៏​នាំ​គ្នា​ចូល​ទៅ​ដល់​កន្លែង ទើប​ឃើញ​ការ​ពិត គឺ​វ៉ាវីឡូវ​កំពុង​ធ្វើការ​ពិសោធន៍​ជាមួយ​កូន​ដប កូន​កែវ​ដែល​មាន​ស្រាប់។

អ្នក​ទាំងអស់​គ្នា​និយាយ​ថា៖ “លោក​អើយ! ពួកយើង​ស្មាន​ថា​ឯង​កំពុង​ធ្វើ​ម្ហូប​អ្វី ​ដើម្បី​ទទួល​មិត្តភក្ដិ​ឲ្យ​ឆ្ងាញ់​មាត់​ម្ដង​ហើយ​មើល​ទៅ!”

វ៉ាវីឡូវ​សើច​ញឹមៗ៖ “វា​ពិត​ជា​ឣ៊ីចឹង​ហើយ! យើង​កំពុង​ធ្វើ​ម្ហូប​ពិសោធន៍ ការ​ប្រែ​ពណ៌​ក្រោម​ឥទ្ធិពល​របស់​កម្ដៅ។”

សត្វ​អំពិលអំពែក​មាន​ប្រយោជន៍​អ្វី?

វ៉ាវីឡូវ​ជា​អ្នកស្រលាញ់​ធម្មជាតិ​ណាស់។ ពេល​បាន​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ​ហើយ​នោះ លោក​នៅ​តែ​ប្រកាន់​ទម្លាប់​ចូលចិត្ត​ធ្វើការ​ស្រាវជ្រាវ​ដូច​កាល​ពី​កុមារភាព​ដដែល។ ផ្ទះ​របស់​លោក​ផ្ទុក​ពេញ​ដោយ​អង្កត់ឧស​ពុក​បញ្ចេញ​ពន្លឺ ទ្រុង​ចិញ្ចឹម​សត្វ​ផ្សេងៗ និង​អំពិលអំពែក​ជាដើម ។

សិស្ស​ម្នាក់​មក​លេង ឃើញ​ដូច្នោះ​មាន​ការ​ងឿងឆ្ងល់​ ក៏​សួរ​ថា៖ “ជម្រាប​សួរ​លោក​សាស្ត្រាចារ្យ! តើ​របស់​ទាំងអស់​នេះ​មាន​អត្ថន័យ​អ្វី​ខាង​វិទ្យាសាស្ត្រ​ដែរ​បាទ?”

វ៉ាវីឡូវ​មិន​ឆ្លើយ​តប​វិញ​ទេ។ តែ​មិន​យូរ​ប៉ុន្មាន ពេល​ដែល​ភ្លើង​អគ្គិសនី​ប្រភេទ​បញ្ចេញ​ពន្លឺ​ត្រជាក់​របស់​វ៉ាវីឡូវ​ត្រូវ​បាន​រក​ឃើញ វ៉ាវីឡូវ​ក៏​បាន​ជួប​សិស្ស​ចាស់​នោះ​វិញ ហើយ​និយាយ​ថា៖ “ប្អូនឯង​ឃើញ​ទេ គោលការណ៍​អគ្គិសនី​នេះ គឺ​ចាប់​ប្រភព​ពី​បណ្ដា​ពួក​សត្វ​អំពិលអំពែក​នោះ​ឯង។”

លក្ខខណ្ឌ​ដើម្បី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

មុន​ពេល​ដែល​បដិវត្តន៍​សម្រេច​បាន​ជោគជ័យ ដោយសារ​លោក​ប្រឆាំង​នឹង​គោលនយោបាយ​របស់​រដ្ឋមន្ត្រី​អប់រំ​ប្រតិកិរិយា​ក្នុង​រដ្ឋាភិបាល​ស្ដេច​ត្យារ វ៉ាវីឡូវ​ត្រូវ​គេ​បណ្ដេញ​ចេញ​រួម​ជាមួយ​លោក​គ្រូ​របស់​លោក​គឺ ឡេបេឌែហ្វ ពី​វិទ្យាស្ថាន​រូបវិទ្យា រួច​ហើយ​ត្រូវ​ចាប់​បញ្ចូល​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​ទ័ព។

នៅ​ឯ​សមរភូមិ​មុខ​ប៉ែក​ខាងលិច វ៉ាវីឡូវ​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។ លោក​បាន​ត្រៀម​រៀបចំ​នៅ​ក្នុង​លេនដ្ឋាន​របស់​ខ្លួន​នូវ​បន្ទប់​ពិសោធន៍​មួយ​ខាង​វិទ្យុ​ទូរលេខ ដើម្បី​ស្រាវជ្រាវ​ពី​បច្ចេកទេស​នេះ។

ដោយ​ចៃដន្យ លោក​បាន​ជួប​មិត្តភក្ដិ​ម្នាក់​រួម​វិជ្ជាជីវៈ​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​នៅ​ក្នុង​មន្ទីរពិសោធន៍​ជាមួយ​គ្នា។ មិត្ត​រូប​នេះ​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ចោទ​សួរ​ថា៖ “ឯង​ពូកែ​មែន! ធ្វើ​យ៉ាង​ម៉េច​ទើប​ឯង​ដំណើរការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ក្នុង​លក្ខខណ្ឌ​បែប​នេះ?”

វ៉ាវីឡូវ​ឆ្លើយ​តប៖ “ឣ៊ីចឹង ឯង​យល់​ថា​មាន​តែ​នៅ​មូស្គូ​ទេ​ឬ​ទើប​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន? វា​មិន​មែន​ដូច្នេះ​ទេ ចង់​ស្រាវជ្រាវ​វិទ្យាសាស្ត្រ វា​ទាមទារ​ត្រូវ​តែ​មាន​ការ​ជក់​ចិត្ត​ប៉ុណ្ណោះ។”

អ្នកវិទ្យាសាស្ត្រ​ជា​មនុស្ស​បែប​ណា?

ពេល​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ​ផ្នែក​រូបវិទ្យា​នៅ​មហាវិទ្យាល័យ​មូស្គូ មាន​ម្ដង​នោះ វ៉ាវីឡូវ​បាន​ប្រគល់​ឲ្យ​សហការី​របស់​ខ្លួន​នូវ​ការងារ​ចាត់​តាំង​មួយ​ចំនួន។

“ជម្រាប​ប្រសាសន៍​លោក​សាស្ត្រាចារ្យ បើ​តែ​យ៉ាង​ហ្នឹង ធ្វើ​ម៉េច​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ទៅ?”

វ៉ាវីឡូវ​ឆ្លើយ​តប​វិញ​យ៉ាង​ម៉ឺងម៉ាត់​ថា៖ “ឯង​យល់​ច្រឡំ​ហើយ! អ្នកវិទ្យាសាស្ត្រ​ម្នាក់ៗ​ មិន​អាច​ជា​អ្នក​ដែល​មិន​ដឹង​អ្វី​សោះ​ពី​ការងារ​ចាត់តាំង​នោះ​ឡើយ។ បើ​ធ្វើ​ការងារ​ចាត់តាំង​មិន​ល្អ នោះ​យើង​មិន​បាច់​និយាយ​ដល់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ត្រឹមត្រូវ​សោះ​ឡើយ។”

វ៉ាវីឡូវ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​យក​ចិត្ត​ទុកដាក់​ខ្លាំង​ដល់​ការងារ​ចាត់តាំង​ដែរ។ ក្នុង​តួនាទី​របស់​ខ្លួន​ជា​អ្នក​ដឹកនាំ លោក​បាន​ចំណាយ​ពេល​វេលា​យ៉ាងច្រើន​សម្រាប់​ការងារ​ចាត់តាំង ណែនាំ​សហការី និង​សិស្ស​របស់​ខ្លួន ដូចជា សេហ្វសែនកូ ឆេរ៉ែនកូហ្វហ្វ្រង់​…​ឲ្យ​សម្រេច​បាន​នូវ​ស្នាដៃ​ស្រាវជ្រាវ​រូបវិទ្យា​ដ៏​មាន​តម្លៃ​ជាច្រើន។

បច្ចុប្បន្ន និងអនាគត

វ៉ាវីឡូវ​ចូលចិត្ត និង​សកម្ម​ជា​ទី​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ។ លោក​ជា​អ្នក​និពន្ធ​សៀវភៅ​ផ្សព្វផ្សាយ​ជា​ច្រើន ដែល​បាន​ទទួល​រង្វាន់​ស្តាលីន។ លោក​នៅ​បាន​ទទួល​តួនាទី​ជា​ប្រធាន​សមាគម​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​បច្ចេកទេស​ទូទាំង​សហភាព​សូវៀត​ទៀត​ផង។

ថ្ងៃ​មួយ ដោយ​ឃើញ​វ៉ាវីឡូវ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ទៅ​ក្នុង​ការ​ចងក្រង​សៀវភៅ​ប្រវត្តិ​វិទ្យាសាស្ត្រ មិត្ត​ម្នាក់​បាន​ពោល​ថា៖ “តើ​បងឯង​អាច​បន្ថយ​ខ្លះ​នូវ​កិច្ចការ​ធម្មតា​នេះ ដើម្បី​ទុក​ពេល​វេលា​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​ចំណាយ​ទៅ​លើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ទេ?”

អ្នកប្រាជ្ញ​យើង​គ្រវី​ក្បាល៖ “សូម្បី​តែ​បង​ឯង​ក៏​ពិចារណា​យ៉ាង​នេះ​ដែរ? វា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ។ ការ​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​ស្រាវជ្រាវ​ពិសោធន៍ គឺ​ខ្ញុំ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សម្រាប់​ពេល​បច្ចុប្បន្ន។ តែ​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ គឺ​កំពុង​ត្រៀម​បម្រុង​នូវ​ជួរ​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សម្រាប់​អនាគត។”

អ្នកអាចសិក្សាស្វែងយល់បន្ថែមអំពីជីវិត និងស្នាដៃរបស់ ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ ដូចខាងក្រោម៖

សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ

Quantum Photonics: Pioneering Advances and Emerging Applications pp 481-542

កម្រងរូបភាពលើហ្គូហ្គលរូបភាព (Google Image)


អត្ថបទទាក់ទង

ជីវិត និង​ស្នាដៃ ​”ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែ​សង្វាក់”​ របស់ នីកូឡាយ សេមេណូហ្វ (Nikolay Semenov)

 

Leave a Reply