គន្លឹះសំខាន់ៗ ចំនួន១២ ដែលធ្វើឲ្យអ្នកស្រឡាញ់ការងាររបស់អ្នក

មិនថាអ្នកធ្វើការងារល្អកម្រិតណានោះទេ វាមិនប្រាកដថា អ្នកតែងតែពេញចិត្តជាមួយការងារអ្នកធ្វើនោះទេ។ ហើយនេះជាបញ្ហាមួយចំនួនដែលអ្នកតែងតែជួបប្រទះនៅកន្លែងការងារ ដូចជា៖

  • សមិទ្ធិផលដែលធ្វើបានមានចំនួនតិចតួច
  • ធ្វើការច្រើនម៉ោង និងមិនទាន់គម្រោង
  • ទាមទារពេលវេលារបស់អ្នកច្រើន
  • ពិបាកក្នុងការបែងចែករវាងពេលវេលាផ្ទាល់ខ្លួន និងការងារ
  • បាត់បង់ទំនាក់ទំនងជាមួយនឹងមនុស្សសំខាន់ៗក្នុងជីវិត
  • អត់សូវមានទំនាក់ទំនងនៅកន្លែងការងារ
  • មានការរើសអើងពីកន្លែងធ្វើការ
  • មានការផ្ដល់ឳកាសលើកទឹកចិត្តតិចតួច

តើគួរធ្វើយ៉ាងម៉េចទៅ ដើម្បីជំនះរឿងទាំងអស់នេះ? តាមពិតទៅ ចាប់តាំងពីអ្នកបានសម្រេចជ្រើសរើសការងារអ្នកមក ច្បាស់ណាស់ គឺវាអាស្រ័យលើអ្នកក្នុងបញ្ចេញឲ្យអស់ពីសមត្ថភាពចំពោះការងារដែលអ្នកធ្វើ។ អាចនិយាយបានថា ថ្ងៃណាមួយអ្នកប្រហែលជាចង់ផ្លាស់ប្ដូរការងារ ឬចាប់ផ្ដើមជាមួយនឹងអាជីពការងារថ្មីរបស់អ្នក ប៉ុន្តែអ្នកត្រូវចាំថា អ្នកត្រូវស្រឡាញ់ជាមួយការងារអ្នកដែលធ្វើរាល់ថ្ងៃនេះជាមុនសិន។

សួរខ្លួនឯង – តើនេះគឺជាការងារ ឬនេះជាអ្នក? ហើយតើអ្នកអាចធ្វើអីបានខ្លះដើម្បីឲ្យអ្នករីករាយជាមួយការងារអ្នក? ចម្លើយនោះ គឺសូមឈប់ធ្វើខ្លួនដូចជាជនរងគ្រោះ។ អ្នកគឺជាមនុស្សតែម្នាក់ដែលជាអ្នករ៉ាប់រងនូវជីវិតរបស់ខ្លួនឯង។ អ្នកមិនអាចផ្លាស់ប្ដូរការងារដែលអ្នកកំពុងធ្វើភ្លាមៗបានទេ អ៊ីចឹងត្រូវធ្វើការងារដែលអ្នកកំពុងធ្វើឲ្យអស់ពីចិត្តជាមុនសិន។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ១២យ៉ាង ដើម្បីរីករាយជាមួយនឹងការងាររបស់អ្នក៖

១. មានគម្រោងផែនការ និងការងារប្រចាំថ្ងៃ

ក្នុងន័យនេះ សំដៅទៅលើការងារក្នុងរយៈពេលវែង និងការងារត្រូវធ្វើថ្ងៃនេះ! ត្រូវរៀបចំថាចំណុចណាសំខាន់ដែលគួរធ្វើមុន។ នៅពេលកំពុងរៀបចំការងារ ត្រូវសួរខ្លួនឯងថា តើរយៈពេលប៉ុននេះ ល្អសម្រាប់ការងារអ្នកទេ? ត្រូវរៀបចំពេលវេលាឲ្យបានច្បាស់លាស់ជាមួយនឹងការងារ។

២. ត្រូវច្បាស់ជាមួយនឹងការរំពឹងទុករបស់អ្នក

បែងចែកឲ្យច្បាស់ភ្លាមៗ នៅពេលអ្នកមិនច្បាស់ ឬមិនដឹងថាអ្នកត្រូវការអីឲ្យប្រាកដពីការងាររបស់អ្នក ។ នៅពេលដែលអ្នកកាន់តែច្បាស់ជាមួយនឹងអ្នកគ្រប់គ្រងនិងមិត្តរួមការងារអ្នក អ្នកនឹងធ្វើការងារបានកាន់តែប្រសើរឡើង។

៣. បែងចែកការងារ

ត្រូវសម្រេចថា ការងារណាត្រូវនៅកន្លែងណាៗ ឬក៏ការងារណាសាកសមជាមួយនឹងនរណា។ ត្រូវចាំច្បាប់នៃ “3D”, ធ្វើវា បោះបង់វា ឬបែងចែកវា។

៤. បង្កើនភាពសប្បាយរីករាយនៅកន្លែងការងារ

ព្យាយាមបង្កើនបរិយាកាសសប្បាយរីករាយនៅកន្លែងការងាររបស់អ្នក ។ កុំនិយាមដើមពីនរណាម្នាក់ ព្រោះវាបង្កើតចំណុចអវិជ្ជមាននៅកន្លែងការងារ ហើយក៏កុំទៅយកចិត្តទុកដាក់ស្ដាប់ការនិយាមដើមគេ របស់អ្នកធ្វើការជាមួយយើង ។ ព្យាយាមកុំចំណាយពេលជាមួយនឹងមនុស្សដែលអ្នកមិនចូលចិត្ត។

៥. ត្រូវមានកម្លាំងចិត្តជាមួយនឹងរឿងដែលជួបប្រទះ

នៅពេលចាកចេញពីផ្ទះ ត្រូវគិតថាការងាររបស់អ្នកបានធ្វើឲ្យយើងចេញផ្ទះ វាជាឳកាសដែលយើងអាចបង្កើនទំនាក់ទំនងក្នុងសង្គមបាន ។ ការគិតទៅលើរឿងល្អៗ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាមួយការងារអ្នក និងទទួលបានលទ្ធផលល្អ ។

៦. ទស្សនៈចំពោះការងារ

យើងនឹងធ្វើការងារឲ្យបានល្អបំផុតមិនថាស្ថានភាពណាក៏ដោយ។ ស្វែងយល់ពីខ្លួនឯង និងការងាររបស់អ្នក ហើយសាកគិតក្នុងរូបភាពធំមួយ។ បង្កើនកិត្យានុភាពជាមួយការងាររបស់អ្នក។ ព្យាយាមឲ្យខ្លួនឯងចូលរួមជាមួយនឹងសង្គម។

៧. អ្នកសំខាន់ជាងការងារអ្នក

កុំព្យាយាមចងខ្លួនអ្នកជាមួយនឹងការងារអ្នកខ្លាំងពេក។ បោះបង់ជាមួយនឹងគំនិតដែលថា ជីវិតការងាររបស់អ្នក គួរតែតាមផ្លូវនេះ។ ជាមួយនឹងក្ដីរំពឹងដែលត្រូវបានកំណត់ដោយឪពុកម្ដាយ គ្រូបង្រៀនអ្នក ដែលបានកំណត់ផ្លូវឲ្យអ្នកនោះ វាបានធ្វើឲ្យអ្នកកាត់ផ្ដាច់ពីការរីករាយជាមួយនឹងការងារអ្នកបាត់ទៅហើយ។

៨. ត្រូវផ្ដោតសំខាន់ជាមួយនឹងការងារនៅចំពោះមុខ

កុំឲ្យខ្លួនអ្នកទៅខ្វល់ខ្វាយជាមួយនឹងការងារផ្សេងដែលមិនជាប់ពាក់ព័ន្ធដែលវាអាចធ្វើឲ្យអ្នកហត់មុននឹងធ្វើការងារបាត់ទៅហើយ ឬស្ទើរតែមិនដឹងថាខ្លួននៅត្រង់ចំណុចណានៃការងារ។

៩. មានការសម្រាក កំឡុងពេលធ្វើការ

អ្នកគួរតែសម្រាកពីការងាររបស់អ្នក ទោះបីជា ៥នាទី ក៏ដោយ។ សូមព្យាយាមសម្រាកពីកំព្យូទ័រ ការផ្ញើសារ ឬក៏ទុកទូរស័ព្ទចោលមួយភ្លែតសិន។ ត្រូវប្រាកដថា យើងបានទទួលទានអាហារថ្ងៃត្រង់ត្រឹមត្រូវ ហើយមិនត្រឹមតែអាហារទេ តែក៏គួរទទួលយកខ្យល់ខាងក្រៅខ្លះ ដើម្បីឲ្យខួរក្បាលអ្នកបានសម្រាកផងដែរ។ សូមទទួលទានអាហារដែលមានជីវជាតិ និងគួរជៀសវាងអាហារដែលមិនល្អដែលប៉ះពាល់ដល់សុខភាព។​

១០. ផ្ដល់ពេលវេលាឲ្យខ្លួនឯងបានសម្រាកលម្ហែខ្លះ

មិនថាការងារអ្នកទាមទារការប្រកួតប្រជែងខ្លាំង ឬអ្នកគ្រប់គ្រងអ្នកទាមទារពេលវេលាអ្នកខ្លាំងប៉ុនណាក៏ដោយ ជាចុងក្រោយ អ្នកក៏នៅតែសំខាន់ជាងការងាររបស់អ្នក ។ ប្រហែលជាច្រើនទៅមុខទៀត នៅពេលអ្នកក្រឡេកមកក្រោយវិញ អ្នកប្រហែលជាខឹងខ្លួនឯងជាមិនខាន។

១១. រម្លឹកពីការងាររបស់អ្នកបានធ្វើ មុននឹងត្រឡប់ទៅផ្ទះ

សាកមើល អ្នកធ្វើការងារបានល្អកម្រិតណាថ្ងៃនេះ ឬក៏អ្នកអភិវឌ្ឍន៍បានកម្រិតណានៅថ្ងៃនេះ? ប្រសិនបើអ្នកពេញចិត្តជាមួយនឹងការងារអ្នក ចឹងហេតុអីមិនឲ្យរង្វាន់ដល់ខ្លួនឯងជាមួយនឹងឳកាសអភិវឌ្ឍន៍ខ្លួននាថ្ងៃស្អែក។ យើងសាកសមនឹងទទួលបានរង្វាន់នេះ។

១២. សម្រាកពីការងារដោយភាពរីករាយ

អ្នកបានចំណាយពេលវេលាបីភាគរបស់អ្នកនៅកន្លែងការងារហើយ សូមកុំព្យាយាមបន្តរក្សាការងារឲ្យវិលវល់ក្នុងខួរក្បាលអ្នក ទាំងដែលវាជាពេលទំនេររបស់អ្នក។ និយាយឲ្យសាមញ្ញទៅ សូមនិយាយ “បាយៗ” ទៅកាន់កន្លែងការងាររបស់អ្នក ពេលដែលអ្នកត្រឡប់ទៅផ្ទះវិញ។

សរុបមក សូមចាត់ទុកថាការងារអ្នក គឺជាហ្គេមមួយ។ ជីវិតរបស់យើង គឺត្រូវសប្បាយ ហើយបើជ្រុលជាចំណាយជីវិតបីភាគរបស់យើងជាមួយការងារហើយ ត្រូវតែសប្បាយរីករាយជាមួយនឹងហ្គេមនេះ។

សម្រួលពី៖ Undercover Recruiter, 12 Kickass Ways to Love Your Job


អត្ថបទទាក់ទង

ដំបូន្មានសំខាន់ៗ ចំនួន៥ ដែលអាចធ្វើឲ្យអាជីពរបស់អ្នកទទួលបានជោគជ័យ

Leave a Reply