មធ្យោបាយ​សំខាន់ៗចំនួន ៥ ​ក្នុង​ការ​យក​ចិត្ត​មនុស្ស

និយាយពីរឿងសិល្បៈ​លួង​លោម អ្នកយល់​ថា​ ប្រហែលជាមា​ន​រឿង​ចម្លែក​អ្វី​ ដូច​ជា​មាន​បញ្ហា​មន្ត​អាគម​គាថា​អ្វី​អាថ៌​កំបាំង​ច្រើន ​មិន​​ងាយ​​ទៅ​​លួង​​លោម​​គេ​​បាន​ ពី​​ព្រោះ​​មនុស្ស​​យើង​ចេះ​ដឹង​មាន​ការ​រៀន​សូត្រ​ច្រើន​ មិន​ងាយ​ទៅ​លួង​លោម​គេ​បាន​ដោយ​ងាយ​ទេ… ។ល។ ការ​យល់​បែប​នេះ​វា​សមរម្យ​ហើយ ហើយ​រឹត​តែ​សមរម្យ​ទៅ​ទៀត​ ចំពោះ​មនុស្ស​ល្ងង់ ​គេ​មិន​អាច​ទៅ​លួង​លោម​បាន​ដោយ​ងាយ​ដែរ​។ ប៉ុន្តែ ​ដែល​ហៅ​ថា​សិល្បៈ​លួង​លោម​នោះ ​គឺ​ជាវិធី​ផ្គាប់​ផ្គន់​មនុស្ស​ទៅ​តាម​កាលៈ​ទេសៈ​។ សិល្បៈ​លួង​លោម ​គឺ​ជា​វិធី​លួង​លោម ពោលគឺ​ជាមធ្យោ​បាយ​​ធ្វើ​ឱ្យ​មនុស្ស​ត្រូវ​ចិត្ត​ អនុ​លោម​ទៅ​តាម​មនុស្ស​ចេះ មនុស្ស​ល្ងង់ ក្មេង ​ឬ​ចាស់​ ជាតិ​សាសន៍​នេះ​ ជាតិ​សាសន៍​នោះ ​។​ល​។
កុំ​ចាំ​បាច់​ទៅ​និយាយ​អ្វី​ឱ្យ​វែង​ឆ្ងាយ គ្រាន់​តែ​ឱ្យ​របស់​អ្វី​ទៅ​មនុស្ស​ម្នាក់​ក៏​មាន​សិល្បៈ​ដែរ …. ត្រូវ​ឱ្យ​របស់​ណា​ដែល​គេ​ចូល​ចិត្ត​… ឱ្យ​​ត្រូវ​​ស្រប​​តាម​​ពេល​វេលា… ឱ្យ​តិច​ ឬ​ច្រើន… ត្រូវ​សួរ​អ្នក​ជិត​ខាង​អំ​ពី​ចំណុច​ខ្សោយ​ និងចំណូល​ចិត្ត​របស់​មនុស្ស​ដែល​យើង​ត្រូវ​ឱ្យ…​ ។ល​។

ខាង​ក្រោមនេះ​ គឺ​ជា​មធ្យោបាយ​ចំនួន ៥ ​ក្នុង​ការ​យក​ចិត្ត​មនុស្ស៖

១. ដាច់​ខាត​កុំ​ជជែក​យក​ឈ្នះ​ចាញ់

ការ​ប្រកែក​យក​ឈ្នះ​មិន​អាច​ជួយ​អ្វី​ដល់​អ្នក​បាន​ច្រើន​ទេ។ អ្នក​ជជែក​ឈ្នះ​គេ​តើ​គេ​ព្រម​កែ​គំនិត​របស់​គេ​មក​ស្រប​នឹង​អ្នក​វិញ​ទេ? ទេ! គេ​ចាញ់​ គេបាក់​មុខ​ ទោះ​ជា​គំនិត​របស់​អ្នក​ល្អ​ក៏​ដោយ​ក៏​គេ​នៅ​តែ​មិន​ទទួល​យក​គំនិត​របស់​ អ្នក​ដែរ។ ចូរ​រក​វិធី​ផ្សេង​ដើម្បីអូស​ទាញ​គេ​ឲ្យ​យល់​តាម​យើង​ជា​ជាង​ជជែក​យក​ឈ្នះ។

២. កុំ​វែក​ញែក​ថា​គេ​ខុស​ឲ្យ​សោះ

តាម​ធម្មតា​មនុស្ស​​យើង​ចូល​ចិត្ត​​ផ្លាស់​ប្តូរ​គំនិត​ខ្លួន​ចោលដោយគ្មាន​ ស្តាយ​ស្រណោះ តែ​បើ​មាន​នរណា​ម្នាក់​ថា​គំនិត​របស់​យើង​ខុស​ ក៏​ស្រាប់​តែ​ប្រកាន់​ខ្ជាប់​មិន​បោះ​បង់​គំនិត​ចោល​ទៅវិញ។ សារជាតិ​របស់​មនុស្ស​ទូទៅ គឺ​មានគំនិត​អញ​និយម អញ​ជាធំ ចង់​ឲ្យ​គេ​គោរព។ ប្រសិន​បើ​យើង​​ឃើញ​ថា​គំនិត​របស់​​បុគ្គល​នោះ​ខុស​ ហើយ​យើង​ចង់​កែ​ប្រែ​​យើង​គួរ​រក​វិធី​និយាយ​កុំ​ឲ្យ​គេ​​យល់​ថា​យើង​ថា​ គំនិត​គេ​ខុស។ ឧទាហរណ៍​យើង​អាច​និយាយ​ថា ខ្ញុំ​មិន​ហ៊ាន​ថា​យោបល់​លោក​ ខុស​ទេ! ហើយ​ខ្ញុំ​ក៏​មិន​ហ៊ានថា​យោបល់​ខ្ញុំ​ត្រូវ​ដែរ​… ពី​ព្រោះ​ខ្ញុំ​ធ្លាប់​ភាន់​ច្រឡំ​ច្រើន​លើក​មក​ហើយ​ បើ​ខ្ញុំ​យល់​ខុស​ខ្ញុំ​នឹង​កែប្រែ​ជា​ក្រោយ​ ប៉ុន្តែ​ក្នុង​រឿង​នេះ​យើង​គួរ​ពិចារណា​… ។ អ្នក​កវី​ឈ្មោះ​ល្បី​ ម្នាក់​និយាយ​ថា៖ “​បង្រៀន​គេ​តែ​កុំ​ឲ្យ​មាន​ឫក​ពារ​ជាអ្នក​បង្រៀន​គេ​។ ពន្យល់​រឿង​ថ្មី​មួយ​ តែ​ធ្វើ​ឫក​ហាក់​ដូច​ជា​យើង​រំលឹក​រឿង​ចាស់​មួយ​ដែល​គេ​ភ្លេច​”​ ។

៣. វិធាន​របស់​សូក្រាត

កាល​ណា​ចង់​ឲ្យ​គេ​ជឿ​តាម​អ្នក ជា​បឋម​អ្នក​ត្រូវ​លើក​យក​តែ​រឿង​ណា​ដែល​គេ​មាន​ទស្សនៈ​ស្រប​គ្នា​នឹង​អ្នក។ ម្យ៉ាង​ទៀត​ត្រូវ​ខិត​ខំ​ឆ្កឹះ​កកាយ​យក​ចំណុច​ណា​ដែល​គេ​ចូល​ចិត្ត​ដូច​គ្នា តែ​យើង​ត្រូវ​ចេះ​និយាយ​បង្វែរ​បន្តិច​ម្តងៗ​ទៅ​រក​វត្ថុ​បំណង​ដែល​យើង​ចង់​ បាន។ ត្រូវ​ខិត​ខំ​និយាយ​បែប​ណា​ឲ្យ​អ្នក​ស្តាប់​ឆ្លើយ​ថា​៖ “​ត្រូវ​ហើយ​” “​ពិត​មែន” ។

៤. ទុក​ឲ្យ​គេ​និយាយ​ឲ្យ​អស់​ចិត្ត​

អ្នក​ខ្លះ​ព្រោះ​តែ​ចង់​ឲ្យ​គេ​ស្រប​តាម​យោបល់​ខ្លួន​​ក៏​និយាយ​កាត់​គេ​ ទទឹង​ទទែង​ ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ទៅ​ជា​ខឹង​សម្បា។ មនុស្ស​ម្នាក់​ដែល​ខឹង​ ទោះ​បី​ជា​​គំនិត​យើង​ល្អ​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​មិន​ទទួល​ស្គាល់​ដែរ។ មនុស្ស​ខឹង​​ហាក់​ដូ​ច​ជា​មាន​អ្វី​ម្យ៉ាង​តឹង​ណែន​ក្នុង​ទ្រូង​ លុះ​បាននិយាយ​ចេញ​អស់​​ក៏​បាន​ធូ​ក្លាយ​ជា​ធម្មតា​វិញ​ ដូចពាក្យ​​​​គេ​ថា និយាយ​ឲ្យ​ធូ​ពោះ។ យើង​ត្រូវ​ទុក​ឲ្យ​គេ​និយាយ​ឲ្យ​អស់​សាច់​រឿង​ ទើប​​យើង​អាច​ដឹង​រឿង​រ៉ាវ​ពេញ​លេញ​ និង​រក​វិធីនិយាយ​ឲ្យ​ត្រូវ​ចំនុច​ចិត្ត។

៥. បើ​មាន​កំហុស​យើង​ត្រូវ​សារភាព​ភ្លាម

កាល​ណា​មាន​កំហុស​ យើង​ត្រូវ​ស្មោះត្រង់​ក្លាហាន​ទទួល​សារភាព​ភ្លាម​ៗ​ នោះ​អ្នក​ដែល​សៅហ្មង​នឹង​យើង​ក៏​ស្រាក​ស្រាន្ត​ចិត្ត​លែង​សូវ​ខឹង​ ឬ​លែង​ខឹងនឹង​យើង​​ទៅ​តាម​នោះ​ដែរ។ កាល​ណា​គេ​លែង​ខឹង​ យើង​ងាយ​ស្រួល​នឹង​និយាយ​គ្នា។

សរុបមកវិញ សិល្បៈលួង​លោម​ គឺ​ជា​មធ្យោបាយ​យក​ចិត្ត​មនុស្ស ធ្វើ​ឲ្យ​គេ​ត្រូវ​ចិត្ត ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត។ ដើម្បី​នឹង​យក​ចិត្ត​គេ​បាន ​យើង​ត្រូវ​យល់​ពី​ចិត្ត​សាស្ត្រ​មនុស្ស។ អ្នក​ណា​ក៏​ដូច​អ្នកណា​ដែរ​ តែង​ចង់​ឲ្យ​គេ​គោរព ចង់​ឲ្យ​គេ​យល់​ថា​ខ្លួន​សំខាន់ តែង​គិត​ថា​គំនិត​ខ្លួន​ត្រឹម​ត្រូវ។​

ដកស្រង់ចេញ​ពី​សៀវភៅ សិល្បៈ​លួង​លោម ដោយ ហ៊ុន គឹម​ស៊ា ឆ្នាំ​១៩៧៤


អត្ថបទទាក់ទង

សូមយល់ពីគេសិន មុននឹងឱ្យគេយល់ពីអ្នក

Leave a Reply