គន្លឹះសំខាន់ៗចំនួន ៥ ដើម្បីចាប់​ផ្តើមច្នៃប្រតិដ្ឋគំនិត​ឱ្យបានរាល់ថ្ងៃ

បើសិនជាអ្នកចង់បំផុសនូវចំណេះដឹង និងគំនិតច្នៃប្រតិដ្ឋដែលមាននៅក្នុងខ្លួនអ្នក អ្នកត្រូវតែចំណាយពេលហ្វឹកហាត់ និងរៀនពីវាជារៀងរាល់ថ្ងៃតាមរយៈការធ្វើការងារ និងការសិក្សារៀនសូត្ររបស់អ្នក។ ភាពច្នៃ​ប្រតិដ្ឋរបស់​មនុស្ស អាចខុស​គ្នាត្រង់​របៀប ប៉ុន្តែមិន​ខុសគ្នាត្រង់​គុណភាពទេ​។ មនុស្សយើង​គ្រប់គ្នាកើត​មកនាំយកភាព​ច្នៃប្រតិដ្ឋមក​ជាមួយ។ ប៉ុន្តែពេលខ្លះ​យើងអាចនឹង​បាត់បង់ផ្នែកខ្លះ​នៃគំនិតច្នៃប្រតិដ្ឋទាំងនោះមែន ដោយសារ​ការទុកចោល​យូរពេក ឬមិនមាន​ឱកាសបាន​ប្រើប្រាស់​ទាល់តែសោះ​។ រឿងល្អនោះ​ គឺថាយើងនៅតែអាច​ទាញយកភាពច្នៃប្រតិដ្ឋ​មកប្រើប្រាស់បាន​គ្រប់ពេលដែល​យើងនឹក​ឃើញ បើយើង​អនុវត្តតាម​វិធីសាស្រ្ត​ត្រឹមត្រូវ​។ ខាងក្រោមនេះ​ជាគន្លឹះខ្លះដើម្បីចាប់​ផ្តើមផលិតគំនិត​ឱ្យបានរាល់ថ្ងៃ៖

១. រកពេលនៅតែឯងដើម្បីបំផុសគំនិត

ពេលនៅតែ​ឯងមនុស្សគិត​បានច្បាស់ និងគ្មាន​ការរំខាន ដូច្នេះ​អ្នកគួរស្វែងរកសកម្មភាព​ណាដើម្បីចំណាយ​ពេលនៅតែឯង​ឱ្យបានយូរ រួច​សញ្ជឹងគិត​រកគំនិត​មួយហើយ​មួយទៀត។ ពេលវេលា​ប្រើប្រាស់ដើម្បី​បំផុសគំនិត​នឹងធ្វើឱ្យចិត្តរបស់អ្នក​សកម្ម និងមានភាព​ច្នៃប្រឌិតខ្ពស់។

២. សរសេរគំនិតថ្មីៗឱ្យបាន១០រៀងរាល់យប់

សូមសាកល្បង​បង្កើតទម្លា​ប់បែបនេះឱ្យ​បានកាន់តែឆាប់ ដោយ​កត់ត្រាគំនិតមុនពេល​អ្នកចូលគេង។ ការធ្វើ​បែបនេះនឹងជួយ​តម្រង់ទិស​ដៅអ្នក ហើយក៏អាចជួយបញ្ជៀស​ការស្ទះដំណើរ​ច្នៃប្រឌិតដែរ។ គំនិត​៥ទៅ៦ខាង​ដើមមិនពិបាក​រកទេ ប៉ុន្តែគំនិត​៤ឬ៥ខាងចុង​បែបពិបាក​បន្តិច តែអ្នក​នៅតែអាចរកឃើញ​បើព្យាយាម។

៣. ស្វែងរកបទពិសោធន៍

អ្នកគួរតែ​រស់នៅជាមនុស្ស​ដែលពោពេញដោយ​បទពិសោធន៍។ ការ​ទទួលបានបទ​ពិសោធន៍ថ្មីៗនឹង​ពង្រីកគំនិត​របស់អ្នក។ មនុស្សដែល​រស់នៅបានពេញលេញ​គឺជាមនុស្សដែល​មានជីវិតប្រសើរ​ជាអ្នកដទៃ ហើយ​មានគំនិតបើក​ទូលាយ និង​ច្នៃប្រឌិត។

៤. យកសៀវភៅកត់ត្រាគំនិតតាមខ្លួនគ្រប់ពេល

គ្រប់ពេលទៅ​ណាមកណាអ្នកគួរ​តែយកកូនសៀវភៅ​កត់ត្រាគំនិត​តាមខ្លួនជានិច្ច ហើយ​សរសេរចុះអ្វីៗ​ទាំងអស់ដែល​អ្នកគិតឃើញ​។ គំនិតប្រៀប​ដូចជានុយ នៅពេល​អ្នកគិតឃើញ​គំនិតល្អមួយ អ្នកប្រើប្រាស់​វាដើម្បីស្ទូច​យកគំនិតធំៗនិង​កាន់តែល្អបាន​ច្រើនទៀត។

៥. គូរគំនិត

បណ្តោយដៃរបស់​អ្នកឱ្យគូសវាស​លើក្រដាស ហើយចិត្ត​របស់អ្នកអណ្តែត​អណ្តូង​ទៅរកគំនិតថ្មីៗ​និងប្លែកៗ។ ព្យាយាម​សម្តែងគំនិត​របស់អ្នកទៅ​ក្នុងគំនូរ និងការគូស​វាសក្នុងរបៀប​ផ្សេងៗដែល​អ្នកអាចធ្វើ​បាន។ សូមចងចាំ​ថា អ្នកមិនចាំបាច់​ត្រូវតែជាវិចិត្រករ​ពិតប្រាកដទេដើម្បី​ធ្វើលំហាត់​បែបនេះ។

ជារួមមក គំនិតច្នៃប្រតិដ្ឋ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សម្នាក់ៗ បើសិនជាមនុស្សគ្នានគំនិតច្នៃប្រតិដ្ឋនេះទេ ម៉្លោះហើយ មនុស្សក៏មិនអាចឈានដល់សម័យកាលដ៏ទំទើបនាពេលបច្ចុប្បន្ននេះបានដែរ។ 


អត្ថបទទាក់ទង

សកម្មភាពចំនួន ៣ ដែលជួយជំរុញគោលដៅជីវិតអ្នកឲ្យបានប្រសើរជាងមុន

Leave a Reply