ហេតុផលសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវគិតក្រៅប្រអប់ (Think Outside the Box)

គិត មាន​ថ្នាក់​ពាក្យ​ជា​កិរិយាស័ព្ទ​ ហើយ​មាន​ន័យ​ថា នឹក រឭក នឹក​ដល់ ត្រិះរិះ ពិចារណា ផល​នៃ​ការ​គិត​គឺ “គំនិត” ។ ឧទាហរណ៍ “គិត​ហើយ​សឹម​ធ្វើ”។ ពាក្យ​បី​ខាង​ដើម​គឺ “នឹក រឭក នឹកដល់” ទាមទារ​ឱ្យ​យើង​ប្រើប្រាស់​ខួរ​ក្បាល​ដើម្បី​ទាញ​យក​ព័ត៌មាន​ចាស់ៗ​ដែល​យើង​បាន​ទទួល​តាមរយៈ​បញ្ជា​ប្រសាទ​របស់​យើង​ម្នាក់ៗ នេះយោង​តាម​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត។

ការគិតក្រៅប្រអប់ (Thinking Outside the Box) ជាឃ្លាប្រៀបធៀបមួយដែលគេប្រើសម្រាប់ការបង្កើតគំនិតច្នៃប្រតិដ្ឋ ឬរំលឹកអ្នកពីរបៀបធ្វើអ្វីមួយដោយប្រើមធ្យោបាយផ្សេងៗ។ និយាយរួម ការគិតក្រៅប្រអប់ សម្គាល់ដល់ការធ្វើឲ្យប្លែក ធ្វើឲ្យខុសផ្សេង មិនធ្វើដដែលៗទៀត សាកល្បងគិតថ្មី គិតឲ្យវែងឆ្ងាយ មិនអភិរក្សនិយម ឬហ៊ានធ្វើការផ្លាស់ប្ដូរ ដើម្បីទៅកាន់ តំបន់សុវត្ដិភាព (Comfort Zone) មួយហើយមួយទៀត ជាដើម។ 

ហេតុអ្វីបានជាសហគ្រិនចាំបាច់ត្រូវតែជាមនុស្សដែល ការគិតក្រៅប្រអប់ (Think Outside the Box) ?

សហគ្រិន ត្រូវតែ​ធ្វើ​អ្វីមួយ​ប្លែក​ពី​គេ សម្រាប់​យកទៅ​បម្រើអតិថិជន​។ ការផ្ដល់​អ្វីដែល​ពិសេស​ផ្សេង​ពី​គេ​នេះហើយ ដែល​បាន​បង្កើត​តម្លៃ​ផ្ទាល់ខ្លួន​ក្នុង​ភាពជា​សហគ្រិន​។ តម្លៃ​នេះឯង​នឹង​គាំទ្រ​អាជីវកម្ម​ឲ្យ​រីកលូតលាស់​។ មានមូលហេតុជាច្រើនទៀត ដែលសហគ្រិនត្រូវតែជាមនុស្សដែល គិតក្រៅប្រអប់ ដោយហេតុថា សហគ្រិន គឺជាមនុស្សដែលពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋ ដូច្នេះអ្នកមិនអាចនៅទ្រឹងមួយកន្លែងបានទេ ពោលគឺត្រូវរកអ្វីថ្មី និងបង្កើតថ្មីជានិច្ច។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវគិតក្រៅប្រអប់៖

១. បង្កើតដំណោះស្រាយការងារថ្មី

ជាការពិត សហគ្រិន គឺជាអ្នកបង្កើតវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហារបស់អតិថិជន ដែលមានន័យថាវិធីសាស្រ្ដដែលអ្នករកឃើញ នោះគឺជាអាជីវកម្មរបស់អ្នក។ ប៉ុន្ដែ តើអ្នកគួរតែប្រើវិធីសាស្ត្របែបនេះរហូតឬយ៉ាងណា? ឧទាហរណ៍៖ អ្នកបានបង្កើតក្រុមហ៊ុនមួយដែលផ្ដល់សេវាកម្មរៀបចំបិទបញ្ជីគណនេយ្យ ដោយប្រើមនុស្សជាអ្នកគណនា និងកត់ត្រា។ ដំបូង វាអាចជាដំណោះស្រាយអាជីវកម្មដែលល្អសម្រាប់អតិថិជនរបស់អ្នក ប៉ុន្ដែនៅពេលនេះមានក្រុមហ៊ុនមួយទៀតបានបង្កើតម៉ាស៊ីនស្វ័យប្រវត្ដិក្នុងការរៀបចំបញ្ជីគណនេយ្យដោយម្ចាស់សហគ្រាសអាចធ្វើវាបានដោយខ្លួនឯង នោះតើសេវាកម្មរបស់អ្នកគិតយ៉ាងណា? នេះជាចំណុចហានិភ័យមួយដែលអ្នកត្រូវតែ គិតក្រៅប្រអប់ ដើម្បីបង្កើតដំណោះស្រាយបង្ការទុកមុន។

២. ដើម្បីបង្កើតគំនិតថ្មី និងមធ្យោបាយថ្មីដែលល្អជាងមុន

អ្នកគួរសួរខ្លួនឯងនូវសំនួរមួយថាតើអ្នកបានធ្វើឲ្យអាជីវកម្មរបស់អ្នកដំណើរការល្អប្រសើរហើយមែនទេ? និងតើអ្នកពេញចិត្តនឹងផលិតផល ឬសេវាកម្មដែលអ្នកបង្កើតហើយមែនទេ?” នៅពេលដែលអ្នកគិតថា វាគ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើការអភិវឌ្ឍវាបន្ដទៀតនោះទេ ដោយលើកហេតុផលថា ផលិតផលនេះគឺអាចប្រើការបានហើយ នោះ វាអាចនឹងមានហានិភ័យនៅពេលក្រោយ ដោយសារតែដៃគូប្រជែងរបស់អ្នកនឹងបង្កើតផលិតផលថ្មីមកជំនួសផលិតផលអ្នក។ នៅចំណុច ចង់បញ្ជាក់ថាអ្នកមិនគួរពេញចិត្ដនឹងរបកគំហើញដំណាក់កាលដំបូងរបស់អ្នកនោះទេ តែត្រូវធ្វើការអភិវឌ្ឍវា រហូតឈានដល់ចំណុចកំពូល។ សំណួរដែលអ្នកគួរសួរដើម្បី គិតក្រៅប្រអប់ គឺហេតុអ្វី…? ប្រសិនបើយើង…? តើយើងគួរតែ…?

៣. ដើម្បីឲ្យអ្នកអាចសម្របខ្លួនជាមួយនឹងពិភពខាងក្រៅ

ការគិតក្រៅប្រអប់ វានឹងជួយឲ្យអ្នកមានការផ្លាស់ប្ដូរទស្សនៈនាពេលកន្លងមក ឲ្យមកជាទស្សនសកលមួយដែលអាចឆាប់ចុះសម្រុងជាមួយគេបាន។ នៅពេលអ្នក គិតក្រៅប្រអប់ នោះអ្វីដែលមើលឃើញគឺពិភពលោកមួយដ៏ធំធេង។ នៅពេលមានការប្រែប្រួលនៃបច្ចេកវិទ្យា អ្នកមិនមានការរង្គោះរង្គើដោយសារតែ អ្នកបានដឹងវាហើយ ហើយក៏យល់ពីសារសំខាន់របស់វា។ នៅពេលជួបនរណាម្នាក់ អ្នកអាចធ្វើការសម្របខ្លួនទៅតាមបរិបទមួយដែលអ្នកមិនដែលជួបប្រទះពីមុនបានយ៉ាងល្អ ព្រោះអ្នកមានផ្នត់គំនិតមួយថា អ្នកមិនអាចរឹងត្អឹងពេកនោះទេ ពោលគឺទទួលយកអ្វីដែលថ្មីទុកក្នុងខ្លួនជានិច្ច។

៤. ដើម្បីបង្កើតទស្សនវិស័យមួយដែលវែងឆ្ងាយ និងអស្ចារ្យ

ចំណុចខ្លាំងរបស់សហគ្រិនម្នាក់ គឺចក្ខុវិស័យ។ សហគ្រិនគឺ ប្រជែងគ្នាតាមរយៈការបង្កើតចក្ខុវិស័យ អ្នកណាដែលសម្លឹងបានឆ្ងាយជាង អ្នកនោះជាសហគ្រិនដែលអស្ចារ្យជាង និងអាចជាមនុស្សដែលកែប្រែការរស់នៅរបស់ពិភពលោកទៀតផង។  ប្រសិនបើអ្នកមិនបើកចិត្តមើលទៅពិភពលោកទេ នោះពិភពលោកដែលនៅក្នុងចិត្ដរបស់អ្នក គឺតូចចង្អៀតណាស់។ Thinking Outside the Box វាជារឿងមួយដែលសហគ្រិនត្រូវតែគិត ដើម្បីទម្លុះនូវរនាំងដែលបិទបាំងភ្នែករបស់អ្នកកន្លងមកដោយមិនឲ្យមើលបានឆ្ងាយ។ ដូច្នេះ Thinking Outside the Box  នោះអ្នកនឹងមិនក្លាយជាសហគ្រិនដែលរស់នៅក្នុងអណ្ដូងទៀតទេ។ 

៥. ដើម្បីបង្កើតប្រសិទ្ធភាពការងារ

ហេតុអ្វី Thinking Outside the Box អាចជួយបង្កើតប្រសិទ្ធភាពការងារ? ជាការពិតណាស់ នៅក្នុងក្រុមហ៊ុននីមួយៗសុទ្ធតែបង្កើតឲ្យមានវប្បធម៌ការងារផ្សេងៗគ្នា។ ក្រុមហ៊ុនខ្លះ មានភាពតឹងតែង ក្រុមហ៊ុនខ្លះ មិនសូវជាខ្វល់រឿងវិន័យ តែខ្វល់ពីលទ្ធផលជាង។ ប៉ុន្ដែ តើមួយណាជាជម្រើសដែលល្អសម្រាប់ក្រុមហ៊ុនអ្នក? ប្រសិនបើក្រុមហ៊ុនអ្នក ជាក្រុមហ៊ុនមួយដែលមានវប្បធម៌ការងារតឹងតែងតាំងពីដើមមក ដែលមានន័យថា បុគ្គលិកស្ទើរតែគ្មានពេលនិយាយលេងជាមួយគ្នា ឬក្រុមហ៊ុនរបស់អ្នកមិនដែលមានវប្បធម៌ផ្ដល់អាហារដល់បុគ្គលិកនោះទេ ដោយសារតែវាជាការចំណាយខ្ជះខ្ជាយជាដើម។ ប៉ុន្ដែនៅពេលនេះ អ្នកត្រូវដាក់សំនួរសួរខ្លួនឯងថា ប្រសិនបើអ្នក Thinking Outside the Box ហើយចាប់ផ្ដើមដើរចេញពីវប្បធម៌ការងារចាស់ មកបង្កើតវប្បធម៌ថ្មីដែលមានភាពទាន់សម័យ និងជាតម្រូវការរបស់បុគ្គលិករបស់អ្នក តើបុគ្គលិករបស់អ្នកសប្បាយចិត្ដដែរឬទេ? បើពួកគេសប្បាយចិត្ដ នោះផលិតភាពការងាររបស់ពួកគេ ក៏កើនទៅតាមនោះដែរ។ 

គិត​ក្រៅ​ប្រអប់​! ឧទាហរណ៍​មួយ​ចេញពី​សេវាកម្ម​ហៅ​តាក់ស៊ី​តាម APP ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Uber ។ នេះ​ជា​ជោគជ័យ​អាជីវកម្ម​មួយ​ប្រភេទ ដែល​កើតចេញពី​ការគិត​ខុសពី​អ្វី​ដែលមាន​ស្រាប់ ហើយ​នេះជាការ​គិត​ក្រៅ​ប្រអប់​នោះឯង​។ សហគ្រិន ​ត្រូវ​គិត​អ្វីដែល​លើសពី​មនុស្ស​ទូទៅ​គិត ដើម្បី​ផ្ដល់​របៀប​ថ្មី​មួយទៀត ដែល​កាន់តែ​ងាយស្រួល​។​


អត្ថបទទាក់ទង

ទម្លាប់​ ៧ ប្រការសម្រាប់បុគ្គលឆ្នើម

Leave a Reply