ផ្នត់គំនិតដ៏មានឥទ្ធិពលចំនួន ៥ ក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក

ផ្នត់គំនិត គឺជាគំនិតនៃការយល់ឃើញដែលដិតដាមនៅក្នុងអារម្មណ៍ និងគំនិតរបស់មនុស្សម្នាក់ៗទៅតាមការកំណត់របស់សង្គម និងវប្បធម៌។ វាជាបុរេនិច្ឆ័យជំនឿតៗគ្នា ឬការយល់ឃើញដែលត្រូវបានអនុវត្តនៅក្នុងសង្គម។ វាគឺជាគំនិតដែលគេតែងជឿជាក់ ហើយប្រកាន់អនុវត្តន៍ក្នុងទំនៀមទម្លាប់ ប្រពៃណី ជំនឿ ក្នុងជីវភាពរស់នៅ ឫតាមទម្លាប់ពូជពង្សជារៀងរហូតមក។ ឧទាហរណ៍៖

  • ទំនៀមទម្លាប់ ៖ ធ្វើអ្វីតែងសុំម្ចាស់ទឹក ម្ចាស់ដី អារក្ស អ្នកតា។
  • ប្រពៃណី ៖ រៀបការនៅផ្ទះខាងស្រី។
  • ជំនឿ ៖ ផ្កាយដុះកន្ទុយ សម្គាល់ថាស្រុកទេសកើតសង្គ្រាម។
  • ការរស់នៅ ៖ ជួយគ្នានៅពេលមានអាសន្ន។

ទស្សនៈជាទូទៅនៅក្នុងផ្នត់គំនិតរបស់មនុស្សជាច្រើនយល់ឃើញថា អំណោយទាននៃទេពកោសល្យពីធម្មជាតិរបស់បុគ្គលម្នាក់ៗ ជាអ្នកកំណត់នូវភាពជោគជ័យរបស់បុគ្គលនោះ។ បើពិចារណាឲ្យសើៗទៅ ជាក់ស្ដែង គឺវាបែបនេះមែន ប៉ុន្តែវាគ្រាន់តែជាកត្តារួមចំណែកមួយផ្នែកទៅលើភាពជោគជ័យរបស់បុគ្គលនោះតែប៉ុណ្ណោះ។ រាល់បុគ្គលដែលគិតដូច្នេះ កំពុងតែបង្កើតនូវទស្សនមិនត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលើកត្តាកំណត់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗហើយ។

សំណួរថា ចុះឯណាទៅតម្លៃនៃការខិតខំប្រឹងប្រែងរបស់ពួកគេ គុណភាពនៃការគិតរបស់ពួកគេ ការជម្នះតស៊ូ និងកត្តាផ្លូវចិត្តជាច្រើនផ្សេងទៀតនោះ? ប្រសិនបើភាពជោគជ័យមិនមែនកើតចេញពីទេពកោសល្យពីកំណើតរបស់មនុស្សតែម្យ៉ាង ចុះមានកត្តាអ្វីដែលសំខាន់ជាងនេះទៀត? សូមចងចាំថា មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀតបាន គឺដោយសារតែវិធីនៃការគិតរបស់ពួកគេ តើពួកគេគិតបែបណា? ដែលជាផ្នត់គំនិតរបស់ពួកគេនោះឯង។ បន្ទាប់មកផ្នត់គំនិតរបស់ពួកគេ នឹងបង្កើតជាអត្តចរិតរបស់ពួកគេឡើង។ លទ្ធផលស្ដែងចេញជាស្ថានភាព និងបទពិសោធន៍គ្រប់យ៉ាងក្នុងជីវិតពួកគេ គឺដូចទៅនឹងទស្សនវិទូក្រិក ហេរ៉ាគ្លីត ពោលថា “ចរិតរបស់មនុស្សម្នាក់ គឺជាជោគវាសនារបស់ពួកគេ។”

ខាងក្រោមនេះ គឺជាផ្នត់គំនិតដ៏មានឥទ្ធិពលដែលដកស្រង់ចេញពីវ៉េបសាយ Quora ចំនួន ៥ ក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក៖

១. ការបង្កើតកំហុស

នៅពេលដែលខ្ញុំនៅក្មេង ខ្ញុំបានចូលទៅបន្ទប់សិក្សារបស់ឪពុកខ្ញុំ ហើយបានធ្វើឱ្យបែកអំពូលភ្លើងសម្រាប់សិក្សារបស់គាត់។ ហើយខ្ញុំក៏ដឹងដែរថា វាជាកំហុសមួយដែលមិនអាចលើកលែងឱ្យបាន ប៉ារបស់ខ្ញុំបា្រកដជាខឹងជាមិនខាន។ តែពេលដែលគាត់មកដល់ផ្ទះវិញ អ្វីៗគ្រប់យ៉ាងគឺខុសស្រឡះ គាត់បាននិយាយថា “ការមានកំហុសនៅពេលដែលយើងកំពុងធ្វើការងារ ឬកំពុងធ្វើអ្វីមួយ គឺមិនថ្វីទេ កូនកុំបារម្ភ!!!”។ ហើយបានចងចាំវារហូតមកដល់សព្វថ្ងៃ អរគុណលោកប៉ា!!!

២. លើកលែងឱ្យខ្លួនឯង

កាលពីខ្ញុំនៅក្មេង ខ្ញុំបានខឹងឪពុករបស់ខ្ញុំយ៉ាងខ្លាំង ព្រោះតែគាត់បានបោះបង់ខ្ញុំរហូតទៅដល់ពីរដង។ លោកគ្រូរបស់ខ្ញុំក៏បានដឹងពីរឿងនេះ ហើយគាត់បានសួរខ្ញុំថា “តើឯងខឹងគាត់ដែរឬទេ?” មែនហើយ ខ្ញុំឆ្លើយ។ បន្ទាប់មកគាត់បានសួរទៀតថា “តើគាត់សមនឹងទទួលវាដែរឬទេ?” ចម្លើយរបស់ខ្ញុំបានឆ្លើយថា “បាទលោកគ្រូ។” គាត់ក៏បានសួរទៀតថា “តើឯងគិតថា គាត់បានដឹងអំពីការស្អប់របស់ឯងដែរឬទេ?” ខ្ញុំក៏ឈប់មួយសន្ទុះហើយគិតថា “មែនហើយគាត់មិនបានខ្វល់ពីការស្អប់ និងការលំបាករបស់ខ្ញុំទេ។” បន្ទាប់មកគាត់ក៏សរុបថា “ឯងមានអារម្មណ៍ពិបាកទាំងនោះតែម្នាក់ឯងប៉ុណ្ណោះ ហើយឯងក៏មិនសមនឹងទទួលវាដែរ។ ឥឡូវវាជាពេលវេលាដែលឯងត្រូវលើកលែងឱ្យគាត់ មិនមែនដោយសារតែគាត់សមនឹងទទួលវានោះទេ គឺដោយសារតែឯងមិនសមនឹងទទួលវា។” ចាប់ពីថ្ងៃនោះមក ខ្ញុំនិងឪពុករបស់ខ្ញុំមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន។

៣. ភ័យខ្លាចបំផុត

កាលខ្ញុំនៅអាយុ១៣ឆ្នាំ ខ្ញុំបានបង្រៀនប្អូនស្រីខ្ញុំឱ្យចេះហែលទឹក។ បន្ទាប់ពីចំណាយពេលមួយសន្ទុះមក នាងនៅតែមិនហ៊ាន។ ពេលនោះស្រាប់តែមានមនុស្សស្រីម្នាក់អាយុ ៧៥ឆ្នាំដែលនៅក្នុងអាងហែលទឹកដែរ បានឈប់មួយភ្លែតហើយមើលពួកយើង ព្រមទាំងបានលឺប្អូនស្រីខ្ញុំនិយាយថា “ខ្ញុំខ្លាច ខ្ញុំមិនហ៊ាន។” បន្ទាប់មកគាត់ក៏បាននិយាយថា “តើយើងខ្លាចណាស់មែនទេ? ដូចនេះឆាប់ធ្វើវាភ្លាមទៅ!” វាបានកើតឡើង ៣៥ឆ្នាំមកហើយ តែខ្ញុំនៅតែមិនអាចបំភ្លេចបានដែលបានបង្រៀនខ្ញុំថា “វាមិនមែនមកពីយើងខ្លាចនោះទេ គឺមកពីយើងមិនហ៊ានចាប់ផ្តើមធ្វើវា។”

៤. ការមានសេរីភាព

ប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់នៅលើរទេះរុញ។ ហើយគាត់ក៏បានប្រាប់ខ្ញុំថា “ដោយសារតែរទេះរុញនេះ កុំអីខ្ញុំគឺពិការបាត់ទៅហើយ ពោលគឺមួយថ្ងៃនៅក្នុងតែបន្ទប់ នៅលើគ្រែ ឬនៅមួយកន្លែងជាដើម។ ហើយដោយសាររទេះរុញនេះ ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយវាបានធ្វើឱ្យជីវិតរបស់ខ្ញុំរីករាយជាខ្លាំង។” ចុះយើងវិញ មិនពិការ ព្រមទាំងមានកាយសម្បទានគ្រប់គ្រាន់ ហេតុអ្វីត្រូវឃាំងឃាត់ធ្វើអ្វីដែលយើងស្រលាញ់?

៥. ការសម្រេចចិត្ត ៣ ដង

នៅក្នុងគ្រួសារដែលមានបងប្អូន៣នាក់ ដែលខ្ញុំជាកូនច្បង និងមានប្អូនប្រុសម្នាក់ និងប្អូនស្រីម្នាក់។ ឪពុករបស់ខ្ញុំបាននិយាយថា “មុននឹងកូនធ្វើអ្វីមួយគួរតែសម្រេចចិត្តឱ្យបាន៣ដង គឺនៅពេលដែលកូនធ្វើវា នៅពេលដែលប្អូនប្រុសបានមើលទង្វើឯង និងនៅពេលដែលប្អូនស្រីបានមើលទង្វើរបស់ឯង។ ព្រោះវាពិតជាមានឥទ្ធិពលខ្លាំងណាស់ទៅលើពួកគេ។ ប្អូនប្រុសអាចធ្វើតាមឯង ឯប្អូនស្រីរបស់កូន អាចមានការគិតទៅលើប្តីរបស់នាង ឬមនុស្សប្រុសដទៃទៀត ដូចជាអ្វីដែលនាងធ្លាប់គិតទៅលើកូនអញ្ចឹង។’’

សរុបមក នៅពេលអ្នកសម្រេច​ចិត្ត​ទទួលយកការផ្លាស់ប្តូរក្នុងជីវិត ​វាជារឿងដែលគួរឱ្យខ្លាចរអា។​ ប៉ុន្តែមធ្យោបាយតែមួយ​គត់ដែលមនុស្សជោគជ័យ​ដោះស្រាយចំពោះរឿងភ័យខ្លាច គឺត្រូវតែប្រឈមមុខ​នឹងការភ័យខ្លាចនោះ រួចបោះ​ជំហានទៅមុខយ៉ាងអង់អាច​។ អ្នកអាចចាប់ផ្តើមផ្លាស់ប្តូរជីវិតរបស់អ្នក ដោយ​ការផ្លាស់ប្តូរផ្នត់គំនិតមួយចំនួនរបស់អ្នក។

សម្រួលពី៖ Quora


អត្ថបទទាក់ទង

ឥរិយាបថចំនួន ៩ ធ្វើឲ្យអ្នកក្លាយជាមនុស្សពោរពេញដោយឥទ្ធិពល​

Leave a Reply