បុគ្គលិក​លក្ខណៈ​ពិសេស​ចំនួន ៣ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជោគជ័យ

គ្រប់មនុស្សដែលបានចាប់កំណើតមានជីវិតនៅលើផែនដី ទោះប្រុស ឬស្រី រមែងព្យាយាម ប្រឹងប្រែង ស្វះស្វែង ជំនះដើរឲ្យដល់គោលដៅនែជីវិតរបស់ខ្លួន។ សេចក្តីសុខទាំងផ្លូវកាយ ទាំងផ្លូវចិត្ត រួមទាំងការមានទ្រព្យសម្បត្តិច្រើន គឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានក្នុងជីវិត។ ដើម្បីឲ្យជីវិតទទួលបាននូវសេចក្តីសុខ សុភមង្គល និងសម្រេចបានជោគជ័យតាមបំណងប្រាថ្នាអ្នកចាំបាច់ត្រូវតែដឹងអំពីឬសគល់ដែលនាំឲ្យកើតមាននូវវត្ថុបំណងទាំងអស់នោះជាមុនសិន។

យោង​តាម​សហគ្រិន​​អាមេរិក​លោក​ Jim Cantrell ដែល​​​​​ជា​បុគ្គល​សំខាន់​មួយ​រូប​​​របស់​​មហាសេដ្ឋី Elon Musk ​បាន​ឱ្យ​ដឹង​ថា​ លុយ និង​ភាព​វៃឆ្លាត​​មាន​ចំណែក​តិចតួច​ប៉ុណ្ណោះ​ដល់​​ភាព​ជោគជ័យ។

លោក Jim Cantrell ​បាន​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​ពិសេស​ចំនួន ៣ ផ្សេង​ទៀត​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជោគជ័យដែល​មិន​ពាក់ព័ន្ធ​ទាំងស្រុង​ពី​លុយ​កាក់ ឬ ភាព​វ័យឆ្លាត​ហើយ​ត្រូវ​បាន​មហាសេដ្ឋី Bill Gates មហាសេដ្ឋី Mark Cuban និង​មហាសេដ្ឋី Jeff Bezos យល់​ស្រប។

១.​ បង្កើត​​គុណតម្លៃ​ឡើង​

ចំណុច​​នេះ​គឺ​ជា​គំនិត​របស់​អ្នក​ក្នុង​ការ​រួមចំណែក​​ក្នុង​សង្គម​តាម​រយៈ​ការ​​បង្ហាញ​គំនិត​ដ៏​មាន​តម្លៃ​មួយ​​ទៅ​កាន់​ពិភព​ជុំវិញ​អ្នក។ លោក Cantrell បាន​សង្កត់​ធ្ងន់​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​មាន​តម្លៃ និង​អាច​ជួយ​ដោះស្រាយ​​បញ្ហា​​​ជូន​ដល់​សាធារណជន​​នៅ​ពេល​បច្ចុប្បន្ន ឬ នៅ​ពេល​អនាគត​ ហើយ​នោះ​គឺ​សហគ្រិនភាព​។ អ្នក​អាច​បង្កើត​ផលិតផល ឬ សេវាកម្ម​​​​ណាមួយ​សម្រាប់​ផ្តល់​ជូន​ដល់​អ្នកដទៃ​។ ប្រសិន​បើ​ពួកគេ​មិន​​ចង់​បាន​វា​ទេ​នោះ អ្នក​​មិន​អាច​​ទាញ​លុយ​ពី​ហោប៉ៅ​ពួកគេ​បាន​ឡើយ​​។ ស្ថាបនិក​ក្រុមហ៊ុន Amazon ​គឺ​មហាសេដ្ឋី​ Jeff Bezos ជា​បទពិសោធន៍​ស្រាប់​នៅ​ក្នុង​ចំណុច​នេះ​ដែល​​ក្រុមហ៊ុន​របស់​លោក​បាន​រួមចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ដល់​អតិថិជន។ តាម​រយៈ​ការ​លក់ និង​ចែក​ចាយ​ទំនិញ​នៅ​តាម​ប្រព័ន្ធ​អនឡាញ ក្រុមហ៊ុន​នេះ​បាន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ឆាប់រហ័ស​​ពី​សំណាក់​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​ដែល​ជា​គុណតម្លៃ​សម្រាប់​រួមចំណែក​ដល់​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​របស់​​ប្រជាជន​រាប់​លាន​អ្នក​។

២. ទេពកោសល្យ (Talent)

«បើ​អ្នក​​រក​ឃើញ​ថា អ្នក​មាន​ទេពកោសល្យ​ខាង​អ្វី​មួយ អ្នក​ត្រូវ​ធ្វើ​ការងារ​តាម​ទេពកោសល្យ​នោះ​ទៅ​​​។ ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក Cantrell។ លោក​បាន​បន្ត​ថា ប្រសិន​បើ​អ្នក​ចំណាយ​ពេល​​ព្យាយាម​ធ្វើ​អ្វី​​មួយ​ដែល​លំបាក​ៗ ឬ ​ធ្វើ​ការងារ​​មួយ​ដែល​អ្នក​មិន​សូវ​ពូកែ និង​មិន​ចូលចិត្ត នេះ​មានន័យ​ថា អ្នក​កំពុង​ចាញ់ប្រៀប​ជាង​​អ្នក​ផ្សេង​ទៀត​ដែល​ពូកែ​​​​ជាង​អ្នក​ ហើយ​កំពុង​ធ្វើ​ការងារ​​ដែល​អ្នក​កំពុង​ធ្វើ​នោះ​​។ មហាសេដ្ឋី Mark Cuban​ បាន​យល់​ស្រប​ទៅ​នឹង​ចំណុច​នេះ​ដែរ ព្រោះ​លោក​​បាន​ប្រើប្រាស់​ទេពកោសល្យ​របស់​លោក​លើ​​ជំនាញ បច្ចេកវិទ្យា​ដែល​លោក​ស្រលាញ់​បំផុត​តាំង​ពី​កុមារភាព​មក​ម្ល៉េះ។ លោក​ថា បើ​អ្នក​ធ្វើ​ការ​ដែល​អ្នក​ស្រលាញ់​បំផុត​ស្រប​តាម​ទេពកោសល្យ​របស់​អ្នក នោះ​អ្នក​កំពុង​សាង​ទ្រព្យសម្បត្តិ​​​ឲ្យ​កាន់តែ​ច្រើន​ឡើង​នៅ​​ពេល​អនាគត។

៣. ចំណង់ចំណូលចិត្ត ឬមហិច្ឆតា ​ (Passion)

ក្នុង​ចំណុច​​នេះ​លោក Cantrell ​​​បាន​​និយាយ​ថា ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​បំផុត​នៅ​ក្នុង​ជីវិត​​របស់​អ្នក​។ ​បើ​គ្មាន​ចំណង់​ចំណូលចិត្ត​​លើ​ការងារ​របស់​អ្នក​ទេ អ្នក​មិន​អាច​​​ធ្វើ​ការងារ​នោះ​ឲ្យ​បាន​ល្អ​បំផុត​នោះ​ឡើយ ហើយ​អ្នក​​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​​ប្រសើរ​ជាង​អ្នកដទៃ​​ដែល​កំពុង​ធ្វើ​ការងារ​ដែល​ពួកគេ​ស្រលាញ់​បំផុត​នោះ​ដែរ។ ចំណុច​​នេះ​ត្រូវ​បាន​លោក Bill Gates លើក​យក​មក​និយាយ​ផង​ដែរ​ថា លោក​បាន​ស្រលាញ់​ការងារ​របស់​លោក​តាំង​ពី​ពេល​ដែល​លោក​​មាន​អាយុ ១៣ ឆ្នាំ​មក​​ម្ល៉េះ។ លោក​បាន​បង្កើត​កម្មវិធី​កុំព្យូទ័រ ហើយ​ក្តី​ស្រលាញ់​និង​ចំណង់​ចំណូល​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​លោក​រក​លុយ​បាន​យ៉ាង​ច្រើន​ពី​ការងារ​នេះ និង​ជោគជ័យ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

​ប្រភព៖ cnbc ​


អត្ថបទទាក់ទង

គន្លឹះសំខាន់ៗ​ទាំង ៦ ដែលអ្នកគួរឧស្សាហ៍រំឮកដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅ

 

Leave a Reply