៧ រឿងសំខាន់ៗដែលអ្នកគួរធ្វើ ដើម្បីឲ្យជីវិតរស់នៅមានន័យ

វាដល់ពេលហើយដែលអ្នកគួរររៀនស្វែងរកមធ្យោបាយល្អៗដើម្បីធ្វើឲ្យជីវិតខ្លួនឯងកាន់តែមានក្ដីសុខ។ ខាងក្រោមនេះ គឺជាមធ្យោបាយសំខាន់ៗ ចំនួន៧ ដែលអ្នកគួរធ្វើដើម្បីឲ្យជីវិតរស់នៅមានន័យ និងក្តីសុខ។

១. រៀនផ្តល់ពេលវេលាដ៏មានន័យដល់ខ្លួនឯង

ពេលវេលាដ៏មានន័យ? តើអ្នកចង់ឲ្យពេលវេលាខ្លួ​នឯងមានន័យដែរទេ? ប្រាកដជាចង់? តាមពិតទៅ យើងដឹងស្រាប់ហើយថា ពេលវេលាយើងទាំងអស់គ្នាសុទ្ធតែមាន២៤ម៉ោងដូចគ្នាទាំងអស់ ក្នុងមួយថ្ងៃៗ។ អ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេអាចមានពេលវេលាដ៏រីករាយ មានពេលវេលាជួបជុំ ពេលវេលាដ៏មានសេចក្ដីសុខ ដែលមិនអាចបំភ្លេចបាន ចុះគេមានអ្វីពិសេសទៅ ម្តេចក៏គេអាចមានពេលបែបហ្នឹង ចុះហេតុអ្វីបានជាអ្នកគ្មាន? គឺគេចេះប្រើពេលវេលារបស់គេបានយ៉ាងល្អ គេរក្សារបស់ដែលគេមាន គេរក្សាមនុស្សជាទីស្រឡាញ់របស់គេ គេផ្ដល់ពេលវេលាឲ្យគ្នា​។ អញ្ចឹងហើយ បើចង់ឲ្យពេលវេលាអ្នកមានន័យ គួររៀនរក្សាគ្រប់យ៉ាងមិនថាកិច្ចការ មិនថារបស់ មិនថាជាមនុស្សជាទីស្រឡាញ់ក្ដី រៀនរស់នៅ រៀនរក្សាពួកគេឲ្យបានល្អ ប្រើពេលខ្លួនឯងឲ្យមានតម្លៃ។

២. ព្រមទទួលយអតីតកាល

ជីវិតយើងមានថ្ងៃទាំងបីគឺ ម្សិលម៉ិញ ថ្ងៃនេះ និង ថ្ងៃស្អែក។ អតីតកាល គ្រាន់តែជារឿងដែលហួសបាត់ទៅហើយ វាជាថ្ងៃម្សិលមិញដែលយើងបានដើរហួសបាត់ទៅហើយ ទោះបីជាយើងចង់បកត្រឡប់ក្រោយក៏មិនអាចដែរ ព្រោះពេលវេលាដើរទៅមុខរហូត យើងចង់អង្វរសុំពេលវេលាវិលត្រឡប់ ចង់ធ្វើអ្វីដែលមិនបានធ្វើម្ដងទៀតក៏មិនបាន ហើយបើយើងទៅសោកស្ដាយកាលពីអតីតកាលក៏គ្មានប្រយោជន៍អ្វីដែរ យើងបានតែគិតហើយកាន់តែមានអារម្មណ៍ថាខ្លួនឯងនេះ វាកាន់តែគ្មានក្ដីសុខលើសដើម បានតែគិតនាំតែឈឺចិត្ត បានតែគិតនាំតែល្អក់កករចិត្ត។ អញ្ចឹងហើយ តើនៅខំគិតរឿងអតីតកាលដែលកន្លងហួសគ្មានថ្ងៃអាចវិលត្រឡប់ធ្វើអ្វីទៅ? ចូរដោះលែងអតីតកាលអ្នកទៅ បើបានធ្វើអ្វីដែលមិនល្អពីអតីតកាល ធ្លាប់មានកំហុស ក៏ចងចាំទុកជាមេរៀន ហើយឈប់ធ្វើបែបហ្នឹងតទៅទៀត មិនមែនឲ្យចាំហើយ មកឈឺចាប់ ឃុំខ្លួនឯងក្នុងអតីតកាលឡើយ។ តែត្រូវចាំ ដើម្បីរៀនពីវា កុំឲ្យក្លាយជាបែបហ្នឹងទៀត។ ដូច្នេះ គួរតែព្រមទទួលយកអតីតកាលដែលកន្លងហួស ដើម្បីរស់នៅជាមួយបច្ចុប្បន្នកាល ដែលយើងកំពុងតែមាន ឲ្យបានល្អ ដើម្បីកុំឲ្យបច្ចុប្បន្នកាល ក្លាយជាអតីតកាលដែលយើងមិនចង់បានបន្តទៀត។

៣. កុំប្រៀបធៀបជីវិតខ្លួនឯង ជាមួយជីវិតអ្នកដទៃ

ជីវិតអ្នក វាជាជីវិតអ្នក ជីវិតគេវាជាជីវិតគេ វាមិនដូចគ្នាទេ ហើយអ្នកក៏គ្មានហេតុផលអ្វីដែលត្រូវមកយកជីវិតពីរដែលខុសពីគ្នាដាច់ស្រឡះ យកទៅប្រៀបធៀបគ្នាដែរ។បើសិនជាអ្នកយកខ្លួន​ឯងទៅប្រៀបធៀបគេ អ្នកនឹងគ្មានថ្ងៃអាចរកក្ដីសុខបានឡើយ បើសិនជាអ្នកគិតថាគេនោះ មានជីវិតល្អជាងអ្នក អ្នកឲ្យតម្លៃទៅលើជីវិតគេ ហើយមិនងាកមកឲ្យតម្លៃជីវិតខ្លួនឯង។តែបើអ្នកយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយ អ្នកដែលអន់ជាងអ្នក អ្នកក៏នឹងរកក្ដីសុខមិនបានដែរគឺធ្វើឲ្យអ្នកភ្លេចខ្លួន អំនួតថាខ្លួនប្រសើរជាងគេ ពេលខ្លះអាចរហូតដល់ខ្លួនឯងធ្លាក់ចុះ។បែបនេះហើយ អ្នកគួរយកខ្លួនឯង ប្រៀបធៀបខ្លួនឯង ប្រមើរមើលថាអ្នកពីមុន និងឥឡូវខុសគ្នា យ៉ាងណាខ្លះ អ្នកអាចអភិវឌ្ឍន៍ខ្លួនដល់កម្រិតណា​ អ្នកធ្លាក់ចុះ ចាញ់ខ្លួនឯងពីមុនយ៉ាងណា ហើយព្យាយាមអភិវឌ្ឍន៍ខ្លួនឯងបន្ដទៀតទើបជាការប្រសើរ។

៤. អ្នកណាចង់គិតអ្វី ក៏ស្រេចតែចិត្តគេទៅ

អ្នកណាចង់គិតអ្វី វាជារឿងរបស់គេ គេចង់មើលឃើញថាយើងល្អ យើងអាក្រក់ យើងគួរឲ្យស្អប់ យើងគួរឲ្យស្រឡាញ់ យើងភ្លាវ យើងចរិតគួរឲ្យរាប់អាន វាគ្រាន់តែជាការមើលឃើញរបស់គេ វាគ្រាន់តែជាការគិតរបស់គេ។បើសិនជាគេគិតល្អមកកាន់អ្នក គេសរសើរអ្នក គេស្រឡាញ់អ្នក ចូលចិត្តអ្នក ក៏រីករាយជាមួយចុះ។ តែបើសិនជាគេ ស្អប់អ្នក ទាំងដែលអ្នកមិនបានធ្វើអ្វីឲ្យប៉ះពាល់គេ គេចេះតែទើសអ្នក គ្មានមូលហេតុ ក៏បណ្ដោយតាមគេចុះ តែក៏កុំទៅពិបាកចិត្ត សោកសៅព្រោះគេ។អ្នកមិនអាច ហាមឃាត់ មាត់គេ មិនឲ្យនិយាយពីអ្នក មិនអាចហាមឃាត់ការគិតគេ មិនឲ្យគិតអាក្រក់មកលើអ្នក ប៉ុន្ដែអ្នកអាចហាមចិត្តខ្លួនឯង កុំឲ្យរវីរវល់នឹងទង្វើទាំងប៉ុន្មានរបស់គេបាន។

៥. គ្មានអ្នកណាអាចផ្ដល់ក្ដីសុខដល់អ្នក ក្រៅពីអ្នកនោះទេ

ត្រូវហើយ គ្មានអ្នកណាម្នាក់អាចមកផ្ដល់ក្ដីសុខមកកាន់អ្នកច្រើនជាងអ្នកខ្លួនឯងឡើយ ព្រោះថាក្ដីសុខឬក្ដីទុក្ខ វាសុទ្ធតែកើតចេញពីចិត្ត។ ទោះបីជាអ្នកដទៃទៀត ចង់ឲ្យអ្នកមានក្ដីសុខយ៉ាងណាក៏ដោយ តែបើចិត្តអ្នកមិនចូលរួម មិនព្រមទទួលយកក្ដីសុខនោះ វាក៏នៅតែគ្មានប្រយោជន៍

ដដែល។ចឹងហើយ ក្ដីសុខឬទុក្ខ វាសុទ្ធតែកើតចេញពីអ្នកខ្លួនឯង បើអ្នកគិតថាអ្នកមានក្ដីសុខ អ្នកនឹងមានក្ដីសុខ បើអ្នកគិតថាអ្នកមានក្ដីទុក្ខ អ្នកក៏មានក្ដីទុក្ខ។បែបនេះហើយ អ្នកចង់បានក្ដីសុខឬទុក្ខ វាជាជម្រើសរបស់អ្នកទេ គ្មានអ្នកណាមកគ្រប់គ្រង លើជីវិតអ្នកក្រៅពីអ្នកឡើយ។

៦. កុំគិតច្រើនពេក

គិតច្រើន គិតច្រើនធ្វើអ្វី គិតច្រើនបានអីមកវិញ ក្រៅពីស្មុគស្មាញថែមនោះ ? បើអ្នកមានបញ្ហា ហើយអ្នកមិនព្រមគិតរកដំណោះស្រាយទេ តែបែរជាអង្គុយសុញគំនិត គិតច្រើន ខ្វាយខ្វល់ច្រើនចិត្តគិតថាខ្លួនឯងនេះ វាមិនបានការ គិតថាខ្លួនឯងនេះ ធ្វើអ្វីមិនកើត អ្នកកាន់តែស្មុគស្មាញច្រើនលើសដើម។រឿងណាគួរគិតចាំគិត បើគិតមិនចេញទេ ក៏សម្រាកសិនចុះ សម្រាកសិន សម្រាកដើម្បីកុំឲ្យស្មុគស្មាញខ្លាំង ដកដង្ហើមឲ្យវែងៗបន្ធូរអារម្មណ៍។

៧. នៅតែញញឹម ទោះបីជាមានបញ្ហាច្រើនយ៉ាងណាក៏ដោយ

បើអ្នកញញឹមទៅកាន់ពិភពលោក ពិភពលោកក៏នឹងញញឹមមកកាន់អ្នកវិញ ប៉ុន្ដែបើសិនជាអ្នកមុខក្រញ៉ូវដាក់ពិភពលោក ពិភពលោកក៏នឹងមុខក្រញ៉ូវដាក់អ្នកវិញ។ វាប្រៀបបានទៅនឹងកញ្ចក់ចឹង បើអ្នកញញឹមដាក់កញ្ចក់ កញ្ចក់នឹងញញឹមដាក់អ្នក បើអ្នកមុខក្រញ៉ូវដាក់វា វាក៏នឹងមុខក្រញ៉ូវដាក់អ្នកវិញដូចគ្នា។ បញ្ហា អ្នកណាក៏មានដែរ ហើយបើមានបញ្ហា គឺតែងតែមានដំណោះស្រាយ បើសិនដោះស្រាយមិនបាន ក៏គ្មានអ្វីត្រូវមកឈឹក្បាលវិលមុខផង គឺត្រូវតែព្យាយាមរកដំណោះស្រាយបន្ដទៀតទៅ។ មិនមែនជួបបញ្ហា​ ក៏អង្គុយត្អូញត្អែរថាលំបាកបែបនេះ ឬបែបនោះទេ។ កុំអង្គុយសោកសៅពិបាកចិត្តច្រើនពេកអី យើងត្រូវតែប្រកាន់គោលជំហរខ្លួនឯង ធ្វើជាមនុស្សដែលមានទំនួលខុសត្រូវសម្រាប់ខ្លួនឯង ញញឹមទៅកាន់បញ្ហា​ បង្ហាញប្រាប់ថាអ្នកនឹងឈ្នះវា ហើយអ្នកនឹងប្រឈមមុខជាមួយវា យកឈ្នះវាឲ្យបាន ពេលនោះ អ្នកក៏អាចមានកម្លាំងចិត្តនឹងដោះស្រាយវាបានហើយ។


អត្ថបទទាក់ទង

Leave a Reply