អ្នកមិនគួររំពឹងរឿង ៧យ៉ាង នេះពីមនុស្សនៅជុំវិញខ្លួនអ្នកនោះទេ

យើងបានដឹងហើយថា មនុស្សម្នាក់ៗតែងតែជួបការខកចិត្ត ហើយការខកចិត្តដ៏ធំបំផុតនៅក្នុងជីវិតរបស់យើង គឺច្រើនតែរំពឹងទុកពីអ្នកដទៃខ្លាំងពេក។ ជាពិសេសនោះ គឺនៅពេលនិយាយដល់ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃតែម្តង។ យ៉ាងណា វាមិនមែនជារឿងចម្លែកអ្វីនោះទេ ព្រោះថាវារឿងធម្មជាតិមួយសម្រាប់មនុស្សម្នាក់ដែលមានការរំពឹងទុកនៅក្នុងខ្លួនជានិច្ចមិនថាជាមួយមនុស្សនៅជុំវិញខ្លួន ឬលទ្ធផលអ្វីម្យ៉ាងនោះទេ តែអ្វីដែលអ្នកគួរចងចាំនោះ គឺថាការដែលមានការរំពឹងទុកខ្ពស់ពេក តែងតែធ្វើឲ្យអ្នកទទួលបាននូវភាពខកចិត្តជារឿយៗនៅពេលដែលអ្វីៗគ្រប់យ៉ាងមិនទៅតាមអ្វីដែលអ្នកគ្រោងទុក។ ដើម្បីចៀសវាងការខកចិត្ត អ្នកមិនគួររំពឹងទុកនូវរឿង ៧យ៉ាង នេះពីមនុស្សដែលនៅជុំវិញខ្លួនអ្នកនោះទេ៖

១. ឈប់រំពឹងថាពួកគេចូលចិត្តអ្នក

អ្នកអាចមានអារម្មណ៍ថាមិនចង់បាន និងមិនស័ក្តិសមចំពោះមនុស្សម្នាក់នោះ ប៉ុន្តែអ្នកមិនអាចធ្វើបានចំពោះមនុស្សម្នាក់ទៀត។ ប៉ុន្តែអ្វីដែលសំខាន់ អ្នកកុំភ្លេចពីតម្លៃខ្លួនឯង ហើយឱ្យតម្លៃអ្នកដែលមិនឱ្យតម្លៃអ្នក តែអ្នកគួរតែចំណាយពេលជាមួយអ្នកដែលឱ្យតម្លៃអ្នកវិញទើបប្រសើរ។ ហើយត្រូវចងចាំថា មិនថាអ្នកជាមនុស្សល្អប៉ុណ្ណាក៏ដោយ ក៏តែងតែមានបុគ្គលអវិជ្ជមានម្នាក់ដែលរិះគន់អ្នកជានិច្ច ដូច្នេះចូរញញឹម ដោយមិនអើពើនឹងពួកគេ ហើយបន្តទៅមុខទៀត ទើបជីវិតយើងប្រសើរ។

២. គ្មានអ្នកយល់អារម្មណ៍អ្នកច្បាស់នោះទេ

ពេលខ្លះ រឿងខ្លះ កាលៈទេសៈខ្លះ អ្នកគួរតែបើកការសន្ទនាដ៏ទូលំទូលាយមួយ ប្រសិនបើអ្នកជាមួយមនុស្សដែលនៅជុំវិញខ្លួនមានការយល់ច្រឡំទៅលើរឿងអ្វីមួយនោះ ព្រោះថាអ្នកខ្លួនអ្នកស្ទើរតែមិនស្គាល់ និងយល់ពីខ្លួនឯងច្បាស់លាស់ផង តើអ្នករំពឹងឲ្យអ្នកដទៃមកយល់ពីអារម្មណ៍របស់អ្នក ក៏ដូចជាយល់ចិត្តអ្នកបានគ្រប់ពេលដោយរបៀបណា?

៣ ឈប់រំពឹងថាពួកគេគោរពអ្នក ច្រើនជាងអ្នកគោរពខ្លួនឯង

ការមានជំនឿទុកចិត្តលើខ្លួនឯង វានឹងធ្វើឱ្យអ្នកមានឆន្ទៈក្នុងការធ្វើវា និងសម្រេចចិត្តដោយខ្លួនឯង ដើម្បីកុំអង្វរនរណាម្នាក់ចំពោះក្តីស្រឡាញ់ ការគោរព និងការយកចិត្តទុកដាក់ដែលអ្នកគួរតែបង្ហាញដើម្បីខ្លួនអ្នក។

ថ្ងៃនេះមើលខ្លួនឯងនៅក្នុងកញ្ចក់ហើយនិយាយថា “ខ្ញុំស្រឡាញ់អ្នក ហើយចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើវា “នៅពេលអ្នកអនុវត្តន៍ការស្រឡាញ់ខ្លួនឯងនិងការគោរពខ្លួនឯង អ្នកផ្តល់ឱ្យខ្លួនឯងនូវភាពសប្បាយរីករាយ ពេលនោះហើយដែលភាពសប្បាយចិត្តរបស់អ្នកនឹងក្លាយជាមិត្តល្អ និងធ្វើឱ្យអ្នកកាន់តែប្រសើរ។

៤. គ្មានអ្នកស្របតាមចិត្តអ្នករហូតនោះទេ

ទោះបីគំនិត ឬយោបល់របស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ អ្នកមិនគួររំពឹងថាអ្នករាល់គ្នានឹងគាំទ្រ ក៏ដូចជាយល់ស្របទៅតាមមតិយោបល់របស់អ្នករហូតពេកនោះទេ។ ដូចនេះ អ្នកគួរបើកចិត្តឲ្យទូលាយ ហើយទទួលយកនូវការពិតទាំងអស់នោះផងទៅ ព្រោះថាមនុស្សម្នាក់ៗមានការយល់ឃើញខុសៗគ្នា ដូចនេះវាពិតជារឿងមួយដែលទៅមិនរួច បើអ្នកចង់ឲ្យអ្នកដទៃមកយល់ស្របជាមួយគំនិតអ្នកគ្រប់ពេលវេលា។

៥. ពេលវេលាផ្លាស់ប្ដូរ មនុស្សក៏ផ្លាស់ប្ដូរ

ចូរអ្នកកុំរំពឹងឲ្យសោះថា អ្នកដែលអ្នកស្គាល់អ្នកនឹងនៅជាបែបនេះរហូតទៅ វាមិនមែននោះទេ ព្រោះថាវាអាស្រ័យទៅលើបទពិសោធន៍ដែលអ្នកទាំងអស់នោះបានឆ្លងកាត់ផងដែរថា តើពួកគេអាចកែប្រែទៅជាយ៉ាងណា។ តែអ្វីដែលសំខាន់ ប្រសិនបើអ្នកចង់ឲ្យពួកគេនៅជាបែបដែលអ្នកស្គាល់រហូតទៅ វាគឺរឿងមួយដែលមិនអាចទៅរួចនោះទេ។

៦. មិនងាយមាននរណាម្នាក់នៅក្បែរអ្នករហូតនោះទេ

គ្មាននរណាម្នាក់ អាចជួយអ្នកបានគ្រប់ពេលវេលាដែលអ្នកត្រូវការពួកគេនោះទេ ដូចនេះប្រសិនបើពួកគេមិនបានមកជួយអ្នកម្ដង ឬពីរដង សូមអ្នកកុំទាន់មានអារម្មណ៍ថាអន់ចិត្តអី ដោយទៅគិតពីពេលមុនៗវិញ តើនៅពេលដែលអ្នកមានបញ្ហាម្ដងៗនោះ ពួកគេបាននៅជួយ ឬផ្ដល់កម្លាំងចិត្តឲ្យអ្នកដែរឬមួយក៏អត់ទេ?

៧. ឈប់រំពឹងថាពួកគេនឹងផ្លាស់ប្តូរភ្លាមៗ

អ្នកប្រាកដជាដឹងថា ភាគច្រើនអ្នកមិនអាចផ្លាស់ប្តូរមនុស្សបានដោយងាយៗនោះទេ។ អ្នកអាចទទួលយកបានថាពួកគេជានរណា ឬអ្នកជ្រើសរើសរស់នៅដោយគ្មានពួកគេ។ វាអាចស្តាប់ទៅដូចជាអាក្រក់ ប៉ុន្តែវាមិនមែនអាក្រក់នោះទេ ព្រោះនៅពេលអ្នកព្យាយាមផ្លាស់ប្តូរមនុស្សជារឿយៗពួកគេនៅតែដដែល ប៉ុន្តែនៅពេលដែលអ្នកមិនព្យាយាមផ្លាស់ប្តូរពួកគេ នៅពេលដែលអ្នកគាំទ្រពួកគេ និងអនុញ្ញាតឱ្យពួកគេមានសេរីភាព នោះពួកគេនឹងផ្លាស់ប្តូរបន្តិចម្តងៗតាមរបៀបរបស់ពួកគេ ពីព្រោះអ្វីដែលពិតជាផ្លាស់ប្តូរ គឺជាវិធីដែលអ្នកបានឃើញ។ ប្រសិនបើអ្នកពិតជាត្រូវការឱ្យពួកគេផ្លាស់ប្តូរអ្វីមួយ ចូរអ្នកមានភាពស្មោះត្រង់ ដូច្នេះមនុស្សនេះនឹងដឹងពីអារម្មណ៍របស់អ្នក និងអ្វីដែលអ្នកត្រូវការឱ្យពួកគេធ្វើផងដែរ។

ជារួមមកវិញ ប្រភពដ៏ធំបំផុតនៃការរងទុក្ខវេទនារបស់មនុស្សគឺការរំពឹងច្រើនពេកលើអ្នកដទៃ ដែលនេះជាការរំពឹងលើមិត្តភ័ក្ដិក្រុមគ្រួសារអ្នករួមការងារ…។ល។ គ្រាន់តែជាការ ស្នើសុំពីជួយ ហើយនៅពេលពួកគេមិនអាចបំពេញតាមចិត្តអ្នកបាន ការខកចិត្តក៏មានធំធេងណាស់ដែរ។


អត្ថបទទាក់ទង

មូលហេតុ ៧ យ៉ាង ដែលធ្វើឲ្យយើងបរាជ័យ

One thought on “អ្នកមិនគួររំពឹងរឿង ៧យ៉ាង នេះពីមនុស្សនៅជុំវិញខ្លួនអ្នកនោះទេ

Leave a Reply