សូមយល់ពីគេសិន មុននឹងឱ្យគេយល់ពីអ្នក

ការស្តាប់ គឺជាដំណើរការនៃការយកចិត្តទុកដាក់ ឮអ្វីដែលចូលត្រចៀក ការយល់ (កំណត់ន័យដែលឮ) និងដំណើរការនៃការចងចាំ។ ក្នុងន័យនេះចង់បញ្ជាក់ថា ការស្តាប់ពុំមែនសំដៅទៅលើតែការឮពាក្យអ្នកនិយាយតែមួយនោះទេ ប៉ុន្តែវាត្រូវរាប់បញ្ចូលទាំងការយល់ពីសារ និងភាពចាំបាច់របស់សាររបស់អ្នកនិយាយ ហើយបន្ទាប់មកធ្វើការបង្ហាញពីការយល់នោះចំពោះអ្នកនិយាយថែមទៀត។ ជាទូទៅ បំនិន៤យ៉ាងដែលអ្នកត្រូវប្រើប្រាស់ ក្នុងការបង្កើនសមត្ថភាព ចំណេះដឹង ឬក្នុងការសិក្សារៀនសូត្រតម្រូវឲ្យមាន៖

  • ការសរសេរ ចំនួន ១៤%
  • ការនិយាយ ចំនួន ១៦%
  • ការអាន ចំនួន ១៧% 
  • ការស្តាប់ ចំនួន ៥៣ %

ដូចនេះយើងសង្កេតឃើញថា ការស្តាប់ពិតជាមានឥទ្ធិពល និងសក្តានុពលខ្លាំងក្លាជាងបំនិនផ្សេងៗទៀតពិតប្រាកដមែន។

យ៉ាងណាមិញ មនុស្សយើងវិវឌ្ឍធំធាត់ពីកុមារភាពមក ដោយចាប់ផ្តើមរៀននិយាយ។ បន្ទាប់មក នៅក្នុងសាលាយើងចាប់ផ្តើមរៀនអាន និងសរសេរ។ ទាំងនេះជាអ្វីដែលយើងបានរៀន ហើយបង្កើតជាទម្លាប់ក្នុងការទំនាក់ទំនងគ្នា។ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានរៀនស្តាប់ដោយ​ត្រឹម​ត្រូវ។ ដើម្បីទំនាក់ទំនងគ្នាប្រកបដោយប្រសិទ្ធភាព យើងត្រូវតែយល់គ្នា​ឱ្យបានល្អទៅវិញ​ទៅមក។ ប៉ុន្តែទម្លាប់យើងពីកុមាររហូតមក តែងចូលចិត្តតែឱ្យគេយល់ពីខ្លួន តែខ្លួនមិនមានទម្លាប់ស្វែង​យល់ពីគេនោះទេ។

ជាញឹកញាប់ មនុស្សភាគច្រើនមិនចេះរៀនស្តាប់ឱ្យបានត្រឹមត្រូវទេ។ គេ​ស្តាប់ដោយគ្រាន់តែធ្វើជាស្តាប់ (ដោយមិនផ្ទៀងផ្ទាត់ចាប់យកអត្ថន័យឱ្យត្រឹមត្រូវពេញលេញទេ) ស្តាប់ដោយចាប់យកពាក្យ ឬចំណុចមួយចំនួនដើម្បីឆ្លើយកាត់ ឬដេញដោលចង់ឈ្នះ ឬស្តាប់ដើម្បីចាប់កំហុស។ របៀបស្តាប់ដែលបានរៀបរាប់មកនេះ នឹងរារាំងអ្នកមិនឱ្យយល់គ្នាបានល្អ រាំងខ្ទប់ការសហការ ឬបង្កឱ្យមានទំនាស់ទៀតផង។ បើអ្នកជាអ្នកគ្រប់គ្រង សហការីអ្នកនឹងមានអារម្មណ៍អន់ចិត្ត បាក់ទឹកចិត្ត ហើយលែងចង់បញ្ចេញមតិ។ បើអ្នកជាស្វាមី ឬភរិយា ការមានឥរិយាបទស្តាប់បែបនេះ នឹងធ្វើឱ្យដៃគូជីវិតអ្នកមានអារម្មណ៍មិនល្អ អាចបង្កឱ្យមានការអន់ចិត្ត និងឈានទៅមានជម្លោះទៀតផង។

ការស្តាប់ដ៏ត្រឹមត្រូវ គឺការស្តាប់ដោយយល់ចិត្ត ដោយព្យាយាមស្វែងយល់ថា តើដៃគូសន្ទនារបស់អ្នកគិតយ៉ាងណា? គិតអំពីអ្វី? ហេតុអ្វីបានជាគិតដូច្នេះ? ដោយព្យាយាមដាក់ខ្លួនគេឱ្យឈរនៅទីតាំងរបស់ដៃគូសន្ទនា។ នៅពេលអ្នកស្តាប់ដោយយល់ចិត្តបែបនេះ ដៃគូសន្ទនារបស់អ្នកនឹងមានអារម្មណ៍ថាគេយល់ពីខ្លួន គេយល់ចិត្តខ្លួន ហើយគេចាប់ផ្តើមចង់ស្តាប់នូវអ្វីដែលអ្នកនឹងនិយាយមកវិញ បន្ទាប់មកការយល់ពីគ្នាក៏បានកើតឡើង ហើយដំណោះស្រាយល្អក៏លេចចេញមក។ ជាមួយនឹងការស្តាប់ដោយយល់ចិត្ត អ្នកកំពុងបង្កើតឥទ្ធិពលលើដៃគូសន្ទនារបស់អ្នក ហើយការបញ្ចេញមតិរបស់អ្នកនឹងបង្កឥទ្ធិពលលើការគិតរបស់គេ។

រឿងសំខាន់មួយទៀតដែលអ្នកត្រូវយល់ដឹងគឺថា មនុស្សអាចយល់ឃើញផ្សេងគ្នាចំពោះរឿងកើតឡើងតែមួយ។ តើហេតុអ្វី?

ជាញឹកញាប់ ការមើលឃើញ និងវាយតម្លៃខុសគ្នាចំពោះសាច់រឿងតែមួយនេះបានបង្កជម្លោះជាច្រើននៅក្នុងគ្រួសារ ក្នុងអង្គការ ស្ថាប័ន ក្នុងរោងចក្រសហគ្រាស ឬនៅក្នុងវិស័យនយោបាយ។ ការយល់ឃើញផ្សេងគ្នា ហើយខំប្រឹងជជែកគ្នាយកចាញ់ឈ្នះ អាចរុញឱ្យជម្លោះតូចរីកកាន់តែធំ បង្កឱ្យមានការបែកបាក់គ្រួសារ ឬបង្កជាបញ្ហាក្នុងការសហការគ្នាជាក្រុម នៅក្នុងសហគ្រាស ឬស្ថាប័ន។ នៅក្នុងវិស័យ​នយោបាយ វាកាន់តែមានផលវិបាកខ្លាំង ពីព្រោះបើអ្នកនយោបាយមិនយល់ពីគ្នា បង្កជាជម្លោះកាន់តែធំ រកដំណោះស្រាយមិនចេញ ឈានទៅបង្កើតជាអំពើហិង្សា ឬបង្កឱ្យមានភាពវឹកវរចលាចលក្នុងសង្គម ដែលប៉ះពាល់ដល់ជីវភាព និងជីវិតមនុស្សរាប់លាននាក់នៅក្នុងប្រទេស។

ហេតុដូច្នេះហើយ ទើបការចេះស្តាប់គ្នា យល់ពីគ្នាទៅវិញទៅមកជារឿងសំខាន់ ដើម្បីស្វែងរកដំណោះស្រាយរួមឱ្យបានត្រឹមត្រូវ ដែលអាចទទួលយកបានទាំងអស់គ្នា។

នៅកន្លែងធ្វើការដូចជាសហគ្រាស ក្រុមហ៊ុន អង្គការ ស្ថាប័ន មានប្រធានជាច្រើន មិនយកចិត្តទុកដាក់ស្តាប់សហការីរបស់ខ្លួននិយាយទេ ពីព្រោះគាត់គិតថា​គាត់ចេះជាង ដឹងជាង មិនចាំបាច់ស្តាប់ទេ ឬមួយដោយសារសម្ពាធពេលវេលាខ្លី។ ការនេះធ្វើឱ្យសហការីអន់ចិត្ត ហើយក៏មិនចង់ស្តាប់គំនិតរបស់ប្រធានវិញ។ ជាលទ្ធផល កន្លែងការងារមិនសូវមានគំនិតយោបល់ច្រើន។ សហការីពុំមានស្មារតីជាម្ចាស់លើគម្រោងទាំងឡាយ ពុំមានកម្លាំងចិត្តក្នុងការបំពេញការងារ ហើយកិច្ចសហការក្នុងក្រុមប្រព្រឹត្តទៅមិនបានល្អ។ ដូច្នេះហើយ ដើម្បីដើរតូនាទីជាអ្នកដឹកនាំល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ការហាត់រៀនស្តាប់សហការីបញ្ចេញយោបល់ដោយយកចិត្តទុកដាក់ គឺជារឿងសំខាន់ចាំបាច់មួយក្នុងការក្លាយខ្លួនជាអ្នកដឹកនាំដែលមានឥទ្ធិពល។

បើប្តីនិងប្រពន្ធ អ្នកគ្រប់គ្រងនិងបុគ្គលិក ដៃគូរកស៊ី ឬអ្នកនយោបាយ អាចបង្កើតទម្លាប់ស្តាប់គ្នាដោយយល់ចិត្ត ព្យាយាមយល់ពីដៃគូសន្ទនាជាមុន នោះទំនាស់ផ្សេងៗនឹងមានដំណោះស្រាយសមរម្យល្អ ដែលផ្តល់ប្រយោជន៍​ដល់គ្រួសារ ស្ថាប័ន ការសហការរកស៊ី ឬ​សង្គម​ជាតិទាំងមូល បង្កឱ្យមានភាពសុខដុមរមនា ផលចំណេញ កិច្ចសហការល្អ ឬបង្កើតសន្តិភាព និងការអភិវឌ្ឍក្នុងសង្គម។ បែបនេះនឹងផ្តល់ជាគំរូល្អដល់យុវជន ដែល​មានការយល់ឃើញផ្សេងៗគ្នា តែចេះស្តាប់គ្នា យល់គ្នា គោរពគ្នា ដែលជាការបណ្តុះ​គ្រាប់ពូជល្អ គ្រាប់ពូជ​សន្តិភាព និងគ្រាប់ពូជរីកចម្រើន។

ជាទូទៅ ការប្រតិបត្តិទម្លាប់ស្តាប់គេជាមុនដោយយល់ចិត្ត ជាការលំបាក ពីព្រោះតាំងពីក្មេងមក យើងមានទម្លាប់ចូលចិត្តនិយាយ ហើយចង់ឱ្យគេស្តាប់យើង។ ប៉ុន្តែ បើអ្នកខំប្រឹងប្រតិបត្តិជារឿយៗ អ្នកនឹងបង្កើតទម្លាប់នេះបាន ហើយអ្នកនឹងទទួលអត្ថប្រយោជន៍ច្រើនចេញពីនេះ ក្នុងការបង្កើតទំនាក់ទំនងល្អ បង្កើតឥទ្ធិពលជាមួយអ្នកដទៃ មិនថានៅក្នុងគ្រួសារ កន្លែងការងារ ឬកិច្ចការរកស៊ីនោះទេ។

ដកស្រង់ និងសម្រួលពីសៀវភៅ៖ 7 Habits of Highly Effective People ដោយ Stephen R. Covey


អត្ថបទទាក់ទង

អ្នកដឹកនាំដ៏អស្ចារ្យ គឺជាអ្នកស្តាប់ដ៏ពូកែ!

One thought on “សូមយល់ពីគេសិន មុននឹងឱ្យគេយល់ពីអ្នក

Leave a Reply