តើអ្វីទៅជាគំនិតច្នៃប្រឌិត?
គំនិតឆ្នៃប្រឌិតពិតជា មានសារៈសំខាន់ខ្លាំងចំពោះមនុស្សម្នាក់ៗ បើសិនជាមនុស្សគ្នាន គំនិតឆ្នៃប្រឌិតនេះទេ ម៉្លោះហើយ មនុស្សក៏មិនអាចឈានដល់សម័យកាលដ៏ទំទើបនាពេលបច្ចុប្បន្ននេះបានដែរ។ ចុះតើអ្វីទៅជាគំនិតច្នៃប្រឌិត?
គំនិតច្នៃប្រឌិត ឬ Creative Idea គឺចេញមកពីចរឹតលក្ខណៈ (Personality) ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ការស្រមើស្រមៃ ភាពដាច់តែឯង ក៍ដូចជាការធ្វើការជាក្រុម គឺជាគន្លឹះគោលនៃការស្វែងរក និងបង្កើតគំនិតច្នៃប្រឌិត។ ម៉្យាងវិញទៀត គំនិតបង្កើតថ្មីកើតឡើងនៅពេលដែលអ្នកបង្កើតមានគំនិតបញ្ចូលគ្នារវាងរបស់ដែលមានស្រាប់ និងអ្វីដែលថ្មី។ បើនិយាយមួយបែបទៀត គំនិតច្នៃប្រឌិតមិនមែនចាំទាល់តែជាគំនិតថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាអាចជាការបញ្ចូលគ្នារវាផ្នែកណាមួយនៃគំនិតដែលមានរួចជាស្រេច និងគំនិតបង្កើតថ្មី។ ជួនកាល គំនិតច្នៃប្រឌិត ជាការបញ្ចុលគ្នារវាងគំនិតដែលមានស្រាប់២ចូលគ្នាក៏បានដែរ។ បើនិយាយអោយស្រួលស្ដាប់ ប្រសិនបើអ្នកអាចផ្គុំគំនិតដែលមានចំនួន២ ឲ្យទៅជាគំនិតតែមួយ នោះហើយគឺជាអ្វីដែលគេហៅថាការច្នៃប្រឌិត។
ភាពច្នៃប្រឌិតមិនមែនកើតឡើងដូចពន្លឺអំពូលភ្លើង ឬដូចផ្លេកបន្ទោរនោះទេ។ បើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ភាពច្នៃប្រឌិតកើតឡើងនៅពេលគំនិតច្រើនបូកបញ្ចូល ហើយធ្វើការដកឃ្លាពីគំនិតទាំងនោះបន្ដិច។
លោក Steven Kachelmeier៖ ភាពច្នៃប្រឌិតមិនអាចកើតឡើងភ្លាមៗបានទេ ប៉ុន្តែបើការលើកទឹកចិត្តផ្ដល់នូវគំនិតចូលរួមគ្រប់គ្រាន់ នោះគំនិតច្នៃប្រឌិតនឹងកើតឡើងជាជាមិនខាន។
ហេតុអ្វីក៏អ្នកប្រាជ្ញគណិតសាស្ត្រនិងរូបសាស្ត្រ អ៊ីសាក់ ញូតុន អាចនឹកឃើញបង្កើតជាទ្រឹស្ដីកម្លាំងទំនាញសកល ដែលជាច្បាប់សកលដែលបានបកស្រាយអំពីដំណើរការណ៍ធម្មជាតិរបស់ចក្រវាលយើងនេះ ? នេះមិនមែនមកពីគាត់មានវេទមន្តអស្ចារ្យអ្វីនោះទេ តែមកពីគាត់អាចរកឃើញទំនាក់ទំនងរវាងកម្លាំងដែលទាញឲ្យផ្លែប៉ោមជ្រុះធ្លាក់មកលើផែនដី និងកម្លាំងដែលទាញឲ្យព្រះចន្ទរង្វិលជុំវិញភពផែនដី គឺជាកម្លាំងតែមួយ ដែលនាំឲ្យគាត់រកឃើញបង្កើតនូវទ្រឹស្ដីកម្លាំងទំនាញសកល ដែលផ្លាស់ប្ដូរការមើលឃើញដ៏ថ្មីសន្លាងរបស់មនុស្សលោកទៅកាន់ធម្មជាតិដែលពួកគេកំពុងរស់នៅនេះជារៀងរហូត។
នៅក្នុងសៀវភៅ A Technique for Producing Ideas របស់អ្នកនិពន្ធ James Webb Young គាត់បានលើកឡើងពីដំណើរការណ៍របស់ម៉ាស៊ីនខួរក្បាលផលិតនូវគំនិតច្នៃប្រឌិតឡើង ដែលផ្ទុយពីអ្វីដែលមនុស្សភាគច្រើនតែងប្រើប្រាស់ដើម្បីបង្ខំម៉ាស៊ីនខួរក្បាលរបស់ខ្លួនឲ្យផលិតជាគំនិតច្នៃប្រឌិតឡើងមក។ មនុស្សជាច្រើនតែងអង្គុយរង់ចាំឲ្យមានគំនិតប្លែកថ្មីហោះកាត់ចូលមកក្នុងខួរក្បាលរបស់ខ្លួនតែម្ដង។ ប៉ុន្តែដំណើរការណ៍ក្នុងការផលិតគំនិតថ្មីមួយ ពុំមែនប្រព្រឹត្តទៅបែបនេះនោះឡើយ។
ពិតណាស់ការបង្កើតអ្វីដែលថ្មី គឺពិបាកតែវានឹងផ្តល់ឲ្យអ្នកនូវបុគ្គលិកលក្ខណៈមួយដែលអ្នកដទៃមិនមាន។ ភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ គឺមានចាប់តាំងពីកំណើតមកម៉្លេះសំខាន់នោះ គឺយើងចេះអភិវឌ្ឍន៏ និងយកវាមកប្រើប្រាស់។ ការប្រើវាឲ្យចំគោលដៅ គឺផ្តល់ផលវិជ្ជាមានដល់អ្នក។ អ្នកទាំងអស់ប្រាកដជាឆ្ងល់ថា តើគំនិតច្នៃប្រឌិត ឬ Creative Idea ផ្តល់អ្វីខ្លះដល់អ្នក?
ស្រមៃថាអ្នកធ្វើការនៅលើគម្រោងផ្សព្វផ្សាយពាណិជ្ជកម្មមួយ គោលដៅរបស់អ្នក គឺធ្វើឲ្យផលិតផលរបស់អ្នក ឲ្យទទួលបានការចាប់អារម្មណ៏ពីអតិថិជន តែទីផ្សារនោះ គឺមានការប្រគូតប្រជែងខ្លាំង។ អ្នកត្រូវតែប្រើគំនិតច្នៃប្រឌិតរបស់អ្នកដើម្បីដណ្តើមទីផ្សារ ដែលមានប្រគូតប្រជែងខ្លាំងនោះ។ អ្នកប្រើវាដើម្បីរកចន្លោះប្រហោងនៃដៃគូរប្រជែងរបស់អ្នក ការស្រមើស្រមៃអ្វីដែលអ្នកដទៃ គិតមិនទាន់ដល់គឺជា កត្តាជោគជ័យនៃការដណ្តើមទីផ្សារ។ អ្នកអាចសម្លឹងឃើញអ្វីដែលអ្នកដទៃពុំទាន់នឹកឃើញ អ្នកឈានដើរមុនគេខណៈដែលអ្នកដទៃពុំចាប់អារម្មណ៏ អ្នកអាចរកឃើញខ្លួនឯងដោយតែគំនិតច្នៃប្រឌិតរបស់អ្នក។
ក្នុងដំណាក់កាលបង្កើតគំនិតច្នៃប្រឌិតគឺជាចំណុចសំខាន់នៃភាពជោគជ័យ ការបញ្ចូលគំនិតជាច្រើន ហើយសម្រាកបន្ដិចដើម្បីកែលំអគឺជាតិចនិកដ៏ល្អមួយ។ លោក Steven Kachelmeier មានប្រសាសន៍ថា៖ ភាពច្នៃប្រឌិតកើតឡើងនៅពេល អ្នកចំណាយពេលសម្រាក ហើយភាពច្នៃប្រឌិតនឹងកើតឡើង។
យ៉ាងណាមិញយើងក៍សូមលើកយក ដំណាក់កាលទាំង៥ ដែលគំនិតនៃការច្នៃប្រឌិតកើតឡើងដូចខាងក្រោម៖
១. ការសិក្សាវត្ថុថ្មីៗ៖ ជាដំបូង អ្នកត្រូវសិក្សាពីវត្ថុដែលអ្នកចង់ធ្វើការកែច្នៃ។ នៅក្នុងជំហ៊ានដំបូងនេះ អ្នកត្រូវផ្ដោតសំខាន់ទៅលើការសិក្សាចំនួន២។ ទី១គឺសិក្សាពីវត្ថុជាក់លាក់ដោយផ្ទាល់។ វត្ថុនេះត្រូវតែមានការពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកចង់ធ្វើការកែច្នៃ។ ទី២ គឺធ្វើការសិក្សាពីវត្ថុទូទៅដែលអាចពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិតរបស់អ្នក។
២. ធ្វើការយ៉ាងហ្មត់ចត់ទៅលើវត្ថុនៅ៖ នៅក្នុងដំណាក់កាលនេះ អ្នកគួរកំណត់អ្វីដែលអ្នកបានសិក្សា ដែលបានមកតាមរយៈការសង្កេតពីគ្រប់ជ្រុង និងការធ្វើពិសោធន៍ដែលវាមានភាពស៊ីសង្វាក់គ្នាទៅនឹងគំនិតជាច្រើនចូលគ្នា។
៣. ជៀសចេញពីបញ្ហា៖ ប្រាកដណាស់ រាល់ការបង្កើតថ្មីសុទ្ធសឹងតែជួបប្រទះនូវបញ្ហា។ វាប្រហែលជាមានបញ្ហាខ្លះដែលអ្នកមិនអាចដោះស្រាយចេញភ្លាមៗ។ ដូច្នេះ អ្នកត្រូវលំហែរអារម្មណ៍របស់អ្នកដោយស្វែងរកអ្វីដែលអ្នកចូលចិត្តធ្វើ ដើម្បីកាត់បន្ថយស្ត្រេស។ ពេលខ្លះ វាអាចជាការបញ្ចូលថាមពលដើម្បីក្នុងការធ្វើអ្វីមួយបន្ទាប់។
៤. ប្រមូលផ្ដុំអារម្មណ៍ទៅលើការងាររបស់អ្នក៖ បន្ទាប់ពីអ្នកកាត់បន្ថយស្ត្រេស អ្នកប្រហែលជាមានអារម្មណ៍ស្រស់ថ្លាក្នុងការប្រមូលអារម្មណ៍ដើម្បីដោះស្រាយបញ្ហាដែលត្រូវដោះស្រាយ។
៥. អភិវឌ្ឍ និងតម្រង់គំនិតរបស់អ្នកដោយផ្អែកទៅលើមតិរិះគន់៖ សម្រាប់គំនិតដែលនឹងទទួលបានជោគជ័យ អ្នកត្រូវចេះបង្ហាញវាទៅកាន់ពីភពលោក និងទទួលយករាល់ការរិះគន់ ដើម្បីសម្របទៅតាមការចង់បានរបស់សាធារណៈជន។ មតិរិះគន់ទាំងនោះអាចជាមធ្យោបាយក្នុងការដោះស្រាយបញ្ហាដែលអ្នកកំពុងតែជួបប្រទះ។
អត្ថបទទាក់ទង