តើអ្នកនឹងត្រូវធ្វើដូចម្តេច នៅពេលដែលអ្នកបរាជ័យ?
លោក វីនស្តុន ឆឺឈីល (Winston Churchill) អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បានលើកឡើងថា “ជោគជ័យ កើតចេញពីភាពបរាជ័យមួយហើយ មួយទៀត ដោយពុំបាត់បង់ក្តីសង្ឃឹម និងភាពពេញចិត្ត។”
ខ្ញុំដឹងថាការនិយាយវាងាយស្រួលជាងធ្វើ ប៉ុន្តែចូរអ្នកពិនិត្យមើលការពិតជាក់ស្តែងទាំងឡាយ នៅពេលអ្នកសម្រេចចិត្តសាកល្បងធ្វើអ្វីមួយ វាប្រាកដជាមានឱកាសទទួលបរាជ័យច្រើនក្នុងនោះ។ អ្នកអាចសម្រេចចិត្តសាកល្បងធ្វើជំនួញ អ្នកនឹងអាចខាតបង់ ឬមិនដំណើរការល្អ។ អ្នកអាចសាកល្បងសរសេរ និងបោះពុម្ភផ្សាយសៀវភៅ ហើយគ្មាននរណាម្នាក់យកចិត្តទុកដាក់អានសៀវភៅរបស់អ្នក។
គួរឲ្យសោកស្តាយ មនុស្សភាគច្រើនបានសាកល្បងធ្វើអ្វីមួយហើយបរាជ័យ វាធ្វើឲ្យគេមានអារម្មណ៍សោកស្តាយ ដោយគិតថា គេមិនគួរធ្វើវាទេ។ ហេតុអីក៏ខ្ញុំនៅជំនះសាកល្បងធ្វើវា? ខ្ញុំជាមនុស្សល្ងង់ណាស់មែនទេ? វាជំរុញឲ្យគេមានអារម្មណ៍មិនជឿជាក់ និងភ័យខ្លាច។ គេក៏ចាប់ផ្តើមចូលសំងំក្នុងរូងវិញទៅ។ គេមានការគិតបែប “អវិជ្ជមាន”។ គេលែងហ៊ានសាកល្បងម្តងទៀត។
ខ្ញុំយល់ថា ឧបសគ្គដ៏ធំបំផុតទៅរកភាពជោគជ័យសម្រាប់មនុស្សភាគច្រើន គឺគេមិនហ៊ានសាកល្បងធ្វើអ្វីទាំងអស់។ គេរស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនហ៊ានធ្វើអ្វីមួយទេ ពីព្រោះគេធ្លាប់បរាជ័យពីអតីតកាល ហើយមិនហ៊ានសាកល្បងជាថ្មី ឬមួយគេមានការភ័យខ្លាចខ្លាំងក្នុងការសាកល្បងធ្វើអ្វីមួយជាលើកដំបូង។
បុគ្គលជោគជ័យទាំងឡាយលើលោកនេះ សុទ្ធតែធ្លាប់ជួបប្រទះភាពបរាជ័យជាច្រើនដង តែពួកគេមិនបោះបង់សោះឡើយ ដោយក្រោកឈរឡើង ហើយដើរទៅមុខទៀតរាល់ពេលដែលគេជំពប់ជើងដួលម្តងៗ។ នៅពេលអ្នកដឹងអំពីភាពបរាជ័យរបស់ពួកគាត់ អ្នកនឹងស្ងើចសរសើរថា ហេតុអ្វីបានជាគេអាចបន្តដំណើរទៅមុខទៀតបាន។
បើអ្នកក្រឡេកមើលប្រវត្តិរបស់លោក អាប្រាហាម លីនខូន (Abraham Lincoln) ទម្រាំដល់ពេលគាត់ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ភាពបរាជ័យរបស់គាត់រាប់មិនអស់ទេ។ ប្រាកដហើយ វាមានភាពជោគជ័យខ្លះក្នុងនោះដែរ តែចំណែកនៃភាពបរាជ័យមានច្រើនលើសលុបនៅក្នុងប្រវត្តិជីវិតរបស់គាត់។ ប៉ុន្តែ ភាពបរាជ័យទាំងនោះហើយដែលបានលត់ដុំខ្លួនគាត់ឲ្យក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់របស់សហរដ្ឋអាមេរិក។
លោក អ៊ុលីស្សេស៍ ហ្គ្រែនត៍ (Ulysses S. Grant) ដែលបានឈ្នះសង្រ្គាមស៊ីវិលនៅអាម៉េរិក បានជួបប្រទះនូវភាពបរាជ័យជាច្រើនដងមុននឹងគាត់ក្លាយជាឧត្ដមសេនីយ៍ដែលច្បាំងឈ្នះ និងបញ្ចប់សង្រ្គាម។ គាត់ធ្លាប់បរាជ័យនៅពេលបំពេញការងារជាភ្នាក់ងារក្រុមហ៊ុនអចលនទ្រព្យ ជាកសិករ និងជាទាហាន។ គាត់ធ្លាប់ធ្វើការជាបុគ្គលិកជាន់ទាបនៅហាងផលិតស្បែកជើងរបស់ឪពុកគាត់។ បើអ្នកមើលប្រវត្តិទាំងនេះ គាត់មិនសមក្លាយជាវីរបុរសជាតិដ៏ល្បីល្បាញទេ។ ប៉ុន្តែ នៅពេលគាត់ឈ្នះសង្គ្រាម មនុស្សទាំងឡាយចាប់ផ្តើមមើលឃើញគាត់ជាតំណាងឲ្យភាពជោគជ័យ។ អ្នកអាចនឹងស្រមៃមើល បើគាត់បោះបង់ ហើយធ្វើការបន្តនៅហាងផលិតស្បែកជើងរបស់ឪពុកគាត់ ជឿលើពាក្យអ្នកជិតខាង និងមិត្តភក្តិថាគាត់ជាមនុស្សមិនខ្មេះ តើគាត់នឹងក្លាយជាមនុស្សបែបណាទៅ។
មានវីរបុរស វីរនារីជាច្រើនរាប់មិនអស់ ដែលជីវិតពួកគាត់ជួបប្រទះនូវភាពបរាជ័យក្នុងដំណើរដ៏វែងឆ្ងាយ រហូតដល់ពេលដែលសម្រេចជោគជ័យណាមួយដែលធ្វើឲ្យខ្លួនគាត់ក្លាយជាវីរជនគួរឲ្យសរសើរ និងគួរឲ្យគោរព។ សៀវភៅ និងទស្សនាវត្តីច្រើន សរសេរអំពីភាពជោគជ័យរបស់បុគ្គលអស្ចារ្យ ប៉ុន្តែបើអ្នកសិក្សាប្រវត្តិគាត់ណាម្នាក់ អ្នកនឹងដឹងថា ជីវិតគាត់ពោរពេញដោយភាពបរាជ័យ។
ផ្នែកដ៏លំបាកបំផុតនៃការប្រយុទ្ធ គឺការបន្តដំណើរទៅមុខក្រោយពីជួបភាពបរាជ័យធ្ងន់ធ្ងរ។ ប៉ុន្តែ វាជាសមត្ថភាពពិសេសរបស់បុគ្គលជោគជ័យ ដែលបន្តដំណើរទៅមុខទៀតក្រោយពីជួបភាពបរាជ័យ ហើយភាពជោគជ័យច្រើនស្ថិតនៅរង់ចាំខាងក្រោយភាពបរាជ័យ។
ផ្លូវដ៏ល្អបំផុតក្នុងការប្រឈមនឹងភាពបរាជ័យ គឺការធ្វើអ្វីមួយបន្តទៀតក្រោយពីនេះ។ ឧបករណ៍ដ៏ប្រសើរបំផុតសម្រាប់ដំណើរជីវិតដ៏ជោគជ័យ គឺអត្តចរិត “ធ្វើអ្វីបន្ទាប់ទៀត” (What’s next attitude)។
- តើដំណើរបន្តទៀតជាអ្វី?
- តើយើងត្រូវរៀបចំធ្វើអ្វីបន្ថែមទៀត?
- តើដំណើរបន្ទាប់ទៀតទៅណា?
- តើអ្វីទៅជាធុរកិច្ចទៅមុខទៀត?
- តើគម្រោងអ្វីទៀតដែលត្រូវបង្កើតឡើង?
បុគ្គលភាគច្រើនចូលចិត្តជាប់ជំពាក់នឹងជោគជ័យពីអតីតកាល ឬបរាជ័យពីអតីតកាល ហើយពួកគេក៏បន្តរស់នៅជាមួយអតីតកាលទៅ។ អ្នកត្រូវតែសម្លឹងមើលអនាគត សំឡឹងទៅមុខ បើអ្នកចង់ធ្វើដំណើរទៅរកជោគជ័យ។ អ្នកត្រូវគិតថា ថ្ងៃនេះជាថ្ងៃថ្មី ហើយខ្ញុំមានរឿងថ្មីដែលត្រូវធ្វើ។
ផ្លូវដែលល្អប្រសើរក្នុងការប្រឈមនឹងភាពបរាជ័យ គឺការយកចិត្តទុកដាក់លើរឿងដែលត្រូវធ្វើបន្ត។ ចូរធ្វើដំណើរទៅមុខទៀត ចាប់ផ្តើមស្វែងរកមាគ៌ាថ្មី និងបន្តរីករាយជាមួយការងារតទៅទៀត។
រឿងធំចំបងពីរនៅក្នុងជីវិតមនុស្ស គឺភាពសប្បាយរីករាយ និងការពេញចិត្ត។ វាងាយស្រួលណាស់ដែលចិត្តយើងរអិលធ្លាក់ក្នុងផ្លូវសំយ៉ុងចុះក្រោម ដែលមើលឃើញអ្វីៗមិនដំណើរការ ហើយឃើញជីវិតគួរឲ្យធុញទ្រាន់។ ដូច្នេះ ចូរបញ្ចៀសខ្លួនអ្នកចេញពីផ្លូវនេះ ហើយចាប់យកផ្លូវរីករាយ និងផ្លូវពេញចិត្តសម្រាប់អនាគតរបស់អ្នក និងត្រូវធ្វើដំណើរទៅមុខបន្តទៀត។
តើត្រូវធ្វើដូចម្តេច? ចូរចាប់ផ្តើមនិយាយអំពីរឿងត្រូវធ្វើបន្ត ចូរសរសេរវាទុក ចូរចែករំលែកជាមួយមនុស្សដែលជួយអ្នកក្នុងការធ្វើដំណើរបន្ត។ ចូរសរសេរគោលដៅរបស់អ្នកនៅមុខកញ្ចក់ ដែលអ្នកអាចមើលឃើញរាល់ថ្ងៃ ហើយធ្វើឲ្យប្រាកដថា អ្នកផ្តោតការគិតរបស់អ្នកទៅលើគោលដៅបន្ទាប់ គោលដៅថ្មី ហើយកុំបណ្តោយឲ្យភាពបរាជ័យមកលងបន្លាចចិត្តរបស់អ្នក។
ចូរចងចាំថា អ្នកជាអ្នកគ្រប់គ្រងទាំងស្រុងលើការគិតរបស់អ្នក។ មិនថាអ្នកធ្លាប់ទទួលជោគជ័យធំធេង ឬមួយបរាជ័យធ្ងន់ធ្ងរ អ្វីដែលសំខាន់ចំបងសម្រាប់អ្នក គឺការគិតលើរឿងត្រូវធ្វើបន្ទាប់ អនាគតដែលកំពុងរង់ចាំអ្នក ជាជាងការចំណាយពេលខកចិត្ត តូចចិត្តនឹងរឿងរ៉ាវកន្លងមក។
នៅពេលអ្នកផ្តោតការយកចិត្តទុកដាក់លើរឿងបន្ទាប់ សកម្មភាពរបស់អ្នកនឹងប្រព្រឹត្តទៅស្របនឹងគោលដៅបន្ទាប់ ឬគោលដៅថ្មីរបស់អ្នក។ បន្ទាប់មក អ្នកនឹងដឹងថា ភាពបរាជ័យនឹងស្ថិតនៅក្រោយឆ្ងាយពីអ្នក ហើយអ្នកកំពុងធ្វើដំណើរទៅរកជោគជ័យមួយ។
សម្រួលពី៖ John Addison (2017), What to do when you fail, Success Magazine
អត្ថបទទាក់ទង
វិធីសាស្រ្តសំខាន់ៗចំនួន ៤ ដើម្បីបង្កើតភាពជឿជាក់ពេលមានវិបត្តិមកដល់