តើការគិតដូចម្ដេចទើបហៅថាការគិតបែប ឈ្នះ-ឈ្នះ?
ប្រសិនបើគេឱ្យនំមួយដុំទៅមនុស្ស ២នាក់ចែកគ្នា តើគេចែកគ្នាយ៉ាងណាដើម្បីឱ្យបាន ឈ្នះ-ឈ្នះ? បើគេចែកគ្នាបានពាក់កណ្តាលម្នាក់ ដូចក្នុងរូបភាព ក) នោះយើងប្រហែលជា សន្និ្ឋដ្ឋានភ្លាមថា គេគិត ឈ្នះ-ឈ្នះ ហើយក្នុងការចែកគ្នានេះ។ ចុះបើម្នាក់យក ២/៣ ដោយទុកឱ្យម្នាក់ទៀតតែ ១/៣ នៃនំទាំងមូល ដូចក្នុង រូបភាព ខ) ឬមួយក៏គេយក ៣/៤ ដោយទុកតែ ១/៤ ឱ្យម្នាក់ទៀត ដូចក្នុងរូបភាព គ) តើអ្នកយល់យ៉ាងណា? អ្នកប្រហែលជាគិតថា ការចែកបែបនេះមិនយុត្តិធម៌ទេ មិនមែនជាការគិតបែប ឈ្នះ-ឈ្នះ ទេមែនឬទេ?
រូបភាព៖ ការចែកនំជាចំណែកតាម ៣ វិធីផ្សេងគ្នា៖
នៅក្នុងជីវិតជាក់ស្តែងនៃការសហការ ឬការចរចាផ្សេងៗ អ្នកកម្រនឹងបានជួបការបែងចែកផលប្រយោជន៍ ឬការទទួលខុសត្រូវស្មើគ្នាណាស់។ ដូច្នេះហើយការយល់ដឹង និងបង្កើតទម្លាប់ទទួលយកការគិតឈ្នះឈ្នះ ជារឿងសំខាន់សម្រាប់ភាពជោគជ័យក្នុងជីវិតអ្នក។
ជាឧទាហរណ៍មួយទៀត គេដាក់មនុស្ស ២នាក់ ក្នុងបន្ទប់ជាមួយគ្នា។ គេបានដាក់លក្ខខណ្ឌថា អ្នកទាំង ២ ទទួលលុយ ១០០ដុល្លារ សម្រាប់ចែកគ្នា។ អ្នកទី១ មានសិទ្ធិសម្រេចមុនថា តើគេទុកឱ្យខ្លួនគេប៉ុន្មាន ហើយប្រគល់ទៅឱ្យអ្នកទី២ នៅសល់ប៉ុន្មាន។ បើអ្នកទី២ យល់ព្រម លុយ១០០ដុល្លារនោះ នឹងបានទៅពួកគេទាំង ២ ដូចការព្រមព្រៀង។ បើអ្នកទី២ មិនព្រម លុយ ១០០ដុល្លារនោះ នឹងត្រូវដកយកវិញ ដោយអ្នកទាំង២ មិនបានអ្វីសោះ។ សេណារីយ៉ូ ដែលអាចកើតឡើង ៖
១. អ្នកទី១ ទុក ៩០$ ហើយឱ្យអ្នកទី២ ១០$
២. អ្នកទី១ ទុក ៨០$ ហើយឱ្យអ្នកទី២ ២០$
៣. អ្នកទី១ ទុក ៧០$ ហើយឱ្យអ្នកទី២ ៣០$
៤. អ្នកទី១ ទុក ៦០$ ហើយឱ្យអ្នកទី២ ៤០$
៥. អ្នកទី១ ទុក ៥០$ ហើយឱ្យអ្នកទី២ ៥០$
បើអ្នកជាអ្នកទី២ តើអ្នកនឹងយល់ព្រមនូវសេណារីយ៉ូមួយណា? ភាគច្រើន អ្នកនឹងយល់ព្រម តែសេណារីយ៉ូទី៥ ឬយ៉ាងហោចណាស់ ត្រឹមសេណារីយ៉ូទី៤ ប៉ុណ្ណោះ។ តើមែនឬទេ? ពីព្រោះគំនិតរបស់អ្នក ប្រាប់អ្នកថា មានតែសេណារីយ៉ូទី៥ទេ ដែលយុត្តិធម៌។ អ្នកអាចព្រមយកសេណារីយ៉ូទី៤ ពីព្រោះវានៅតែអយុត្តិធម៌តិចតួច។ ចុះបើអ្នកជាអ្នកទី១វិញ តើអ្នកនឹងគិតបែបណា? ជាទូទៅ ក្នុងភាពជាក់ស្តែង អ្នកដែលស្ថិតនៅក្នុងស្ថានការណ៍ជាអ្នកទី១ ច្រើនមានហេតុផលផ្សេងៗ ដែលធ្វើឱ្យគេមានបុព្វសិទ្ធិសម្រេចមុន ហើយគេតែងគិតថា គេត្រូវបានចំណែកច្រើនជាងទើបយុត្តិធម៌ ព្រោះមានហេតុផលផ្សេងៗ ដូចជាគេបានមកដល់មុន គេស្គាល់អ្នកប្រគល់លុយស្និទស្នាលជាង…។ល។
ជាទូទៅ ការគិតរបស់មនុស្ស តែងប្រៀបធៀបជាមួយអ្នកដទៃ និងជ្រើសយកយុត្តិធម៌មួយ ដែលខ្លួនយល់ឃើញ (តាមរង្វាស់របស់ខ្លួន ដែលមាននិន្នាការទៅរកភាពអាត្មានិយម) ហើយគេក៏សម្រេចទៅលើជម្រើស ដែលអត់បានប្រយោជន៍ទាំងអស់គ្នា។ នេះជាការគិតបែប “ចាញ់-ចាញ់” ពីព្រោះ អ្នកទី១ ក៏អត់បានលុយ ឯអ្នកទី២ វិញ ក៏អត់បានលុយ ហើយគេក៏និយាយបែបផ្ចាញ់ផ្ចាលគ្នាថា សមហើយ អត់បានលុយទាំងអស់គ្នា។
ដូច្នេះ ការគិតបែប “ឈ្នះ-ឈ្នះ” មិនមែនមានន័យត្រឹមថា ទាល់តែការចែកចំណែកបាន ស្មើៗគ្នា ឬ ៥០% ក្នុងម្នាក់ៗទេ។ ក្នុងករណីរៀបរាប់ខាងលើអំពីការចែកលុយ ១០០ដុល្លារ ការគិតបែប ឈ្នះ-ឈ្នះ វាអាច ៧០$ – ៣០$ ឬ ៨០$ – ២០$ ឬ ៩០$ -១០$ ឬក៏ ៩៩$ -១$។ ពីព្រោះអ្វី? ពីព្រោះអ្នកទាំង២ ទទួលបានប្រយោជន៍រៀងៗខ្លួន ទោះតិចក្តី ច្រើនក្តី ដោយគេមិនគិតអំពីការប្រៀបធៀបគ្នាជាចម្បងទេ។
តែគួរឱ្យសោកស្តាយ មនុស្សយើងភាគច្រើន បានបណ្តោយឱ្យការគិតបែបអវិជ្ជមាន ៥ប្រការ បង្កភាពរាំងស្ទះដល់ការសហការគ្នា។ ការគិតបែបអវិជ្ជមានទាំង៥ប្រការនោះរួមមាន៖
១. ឈ្នះ-ចាញ់ (ខ្ញុំមានផ្លូវរបស់ខ្ញុំ អ្នកគ្មានផ្លូវជ្រើសរើស)
២. ចាញ់-ឈ្នះ (មនុស្សដែលគិតថានឹងចាញ់ គេពុំមានតម្រូវការនិងការចង់បានពិតប្រាកដទេ ដូច្នេះហើយគេងាយនឹងចុះចាញ់ ភ័យខ្លាច និងសង្ស័យចំពោះការសហការ)
៣. ចាញ់-ចាញ់ (បុគ្គលអាត្មានិយមខ្លាំង ពេលចូលរួមសហការគ្នាក្នុងរឿងអ្វីមួយ គេនឹងជ្រើសរើសផ្លូវនេះ)
៤. ឈ្នះតែឯង (គេជាមនុស្សគិតតែអំពីតម្រូវការខ្លួនឯង ដោយមិនខ្វល់អំពីតម្រូវការអ្នកដទៃ)
៥. មិនសហការ (មនុស្ស២នាក់ យល់ស្របថា គេមានគំនិតខុសគ្នា មិនអាចសហការគ្នាបាន)
របៀបគិតអវិជ្ជមានទាំង៥ប្រការនេះមិនអាចនាំទៅរកផ្លូវឈ្នះឈ្នះបានទេ។
សម្រាប់ការគិត ឈ្នះ-ឈ្នះ គេត្រូវសម្លឹងលើទិដ្ឋភាព ៥ ចំណុច ដូចខាងក្រោម ៖
១. សុចរិតភាព៖ គោរពសន្យា និងការប្តេជ្ញាចិត្តរួម។
២. ភាពចាស់ទុំគំនិត៖ មានសេចក្តីក្លាហាន និយាយប្រាប់ការពិត ព្យាយាមស្តាប់ ស្វែងយល់ និងគោរពមតិអ្នកដទៃ។
៣. គិតពីភាពសម្បូរបែប៖ អ្វីៗរួមទាំងប្រយោជន៍មានច្រើនសម្រាប់គ្រប់គ្នា ដោយមិនភ័យខ្លាចថាបានគេអត់យើង។ គេផ្តោតការគិតទៅរកដំណោះស្រាយឱ្យឈ្នះទាំងអស់គ្នា។
៤. ទំនាក់ទំនងនិងភាពជឿជាក់៖ ទំនាក់ទំនងល្អនឹងបង្កើតភាពជឿជាក់ ហើយបង្កជាឱកាសនិងលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយរួម។
៥. ការយល់ព្រម៖ នៅពេលរឿងទាំង៤ខាងលើបានបំពេញ ការយល់ស្របលើផ្លូវរួមមួយនឹងកើតឡើង ហើយគេនឹងទទួលផលរួមគ្នាក្នុងផ្លូវឈ្នះឈ្នះ។
ជារឿយៗ នៅពេលមានជម្លោះកើតឡើងក្នុងគ្រួសារ ឬជាមួយអ្នកជិតខាង យើងសង្កេតឃើញថា ការជជែករកដំណោះស្រាយមិនមានច្រកចេញ ពីព្រោះម្នាក់ៗគិតត្រឹមតែរឿងចង់បានយុត្តិធម៌តាមខ្នាតរង្វាស់រៀងៗខ្លួន។ បន្ថែមពីនោះ ដោយសារតែមានចិត្តមានៈចង់ចាញ់ចង់ឈ្នះគ្នា គេក៏សម្រេចជ្រើសរើសយកផ្លូវតុលាការកាត់ក្តី ដែលជាលទ្ធផល គេត្រូវបង់ខាតយ៉ាងច្រើនជាលុយកាក់ និងធ្វើឱ្យជម្លោះដឹងឮដល់អ្នកដទៃកាន់តែច្រើន។ ដោយសារតែគិតរឿងយុត្តិធម៌តាមខ្នាតរៀងៗខ្លួន បូកផ្សំនឹងចិត្តមានៈ គេក៏សម្រេចជ្រើសរើសផ្លូវ ចាញ់-ឈ្នះ ឬ ចាញ់-ចាញ់ នៅពេលដែលឱកាសនៃការចាប់យកផ្លូវ ឈ្នះ-ឈ្នះ នៅមាននៅឡើយក្នុងការដោះស្រាយជម្លោះ។
ការគិតបែបឈ្នះឈ្នះនៅក្នុងជម្លោះគ្រួសារ ឬជាមួយអ្នកជិតខាងនឹងផ្តល់ផលច្រើនដល់ភាគីសងខាង។ ដំណោះស្រាយបែបឈ្នះឈ្នះនឹងជួយឱ្យភាគីជម្លោះស្ងប់ចិត្ត យល់គ្នាបានល្អជាងមុន មិនប៉ះពាល់ដល់អារម្មណ៍កូនៗក្នុងបន្ទុក ឬរក្សាមិត្តភាពជាអ្នកជិតខាង ដែលត្រូវការពឹងគ្នាទៅវិញទៅមកនៅពេលក្រោយ។ នៅក្នុងផ្លូវធុរកិច្ច ការគិតបែបឈ្នះឈ្នះនឹងជួយឱ្យជំនួញរបស់គេផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកបានយូរអង្វែង សហការគ្នាជាដៃគូគួរឱ្យទុកចិត្តបានល្អ ហើយភាគីនីមួយៗទទួលបានអត្ថប្រយោជន៍រៀងៗខ្លួន។
ចូរអ្នកយល់ថា ជោគជ័យធំៗទាំងឡាយ មិនមែនសម្រេចឡើងដោយបុគ្គលម្នាក់ទេ។ វាត្រូវការការសហការគ្នាក្នុងក្រុមការងារមួយ ឬច្រើន។ ហេតុនេះហើយ វាជារឿងសំខាន់ណាស់ដែលយើងត្រូវយល់ដឹង និងប្រតិបត្តិការគិតបែប ឈ្ន-ឈ្នះ ដើម្បីសម្រេចកិច្ចការធំ។
អត្ថបទទាក់ទង
ចូរបង្កើតទម្លាប់ធ្វើរឿងចាំបាច់ជាមុន អ្វីៗដទៃទៀតនឹងត្រូវប្រព្រឹត្តទៅតាមលំដាប់លំដោយដោយឯកឯង