តើអ្វីជាគុណតម្លៃ (Value)?

គុណតម្លៃ គឺជាជំនឿជាមូលដ្ឋាន និងជាគោលការណ៍សំខាន់ដែលដឹកនាំ ឬជំរុញអាកប្បកិរិយា ឬសកម្មភាព។ ពួកវាជួយយើងកំណត់ ថាអ្វីដែលសំខាន់ចំពោះយើង។ គុណតម្លៃ ពិពណ៌នាអំពីគុណសម្បត្តិផ្ទាល់ខ្លួនដែលយើងជ្រើសរើសតំណាងឲ្យចិត្តគំនិត ដើម្បីណែនាំសកម្មភាពរបស់យើង ប្រភេទមនុស្សដែលយើងចង់ក្លាយជា របៀបដែលយើងប្រព្រឹត្តចំពោះខ្លួនយើង និងអ្នកដទៃ និងអន្តរកម្មរបស់យើងជាមួយពិភពលោកជុំវិញយើង។ ពួកវាផ្តល់នូវគោលការណ៍ណែនាំទូទៅសម្រាប់ការប្រព្រឹត្ត។

១. ការបញ្ជាក់ពីគុណតម្លៃរបស់អ្នក

តើអ្វីជាគុណតម្លៃរបស់អ្នក? តើអ្វីជាគោលការណ៍ជីវិតរបស់អ្នក? តើអ្វីជាចំនុចស្នូលនៃជំនឿរបស់អ្នក? តើគុណធម៍អ្វីដែលអ្នកប្រាថ្នាចង់បាន និងប្រកាន់ខ្ជាប់? តើអ្វីដែលអ្នកនឹងមិនប្រឈមឬតតាំងជាមួយនោះ? តើអ្នកនឹងលះបង់ សុខចិត្តរងទុក្ខ ឬស្លាប់ដើម្បីវានោះ? ទាំងនេះគឺជាសំណួរសំខាន់ខ្លាំងណាស់ដែលត្រូវបានសួរដោយមនុស្សប្រហែល ៣ ភាគរយ នៃចំនួនប្រជាជនសរុប ហើយមនុស្សក្នុងចំនួនតិចនេះគឺមាននិន្នាការក្នុងការរផ្លាស់ប្តូរ និងឆ្ពោះទៅមុខនៅក្នុងសង្គម។ ខាងក្រោមនេះគឺជាបទពិសោធន៍មួយចំនួនអំពីគុណតម្លៃ ដែលរៀបរាប់ដោយលោក ប្រាយអែន ត្រេសុី (Brian Tracy)៖

សរសេរចំនុចសំខាន់ៗនៃគុណតម្លៃរបស់អ្នក៖ នៅពេលខ្ញុំចាប់ផ្តើមធ្វើលំហាត់បញ្ជាក់ពីគុណតម្លៃនេះកាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំបានសរសេរ១៦៣បំណងប្រាថ្នា (គុណតម្លៃ)។ ខ្ញុំគិតថានៅទីបំផុត គុណធម៍ គុណតម្លៃ ឬភាពវិជ្ជមានដែលសំដៅចំពោះបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈ នៅក្នុងក្រឹត្យក្រម។ ហើយខ្ញុំបានយល់ព្រមទាំងអស់។ ខ្ញុំមានអារម្មណ៍ថា ពួកវាមានសារៈសំខាន់ទាំងអស់ ហើយខ្ញុំចង់ធ្វើឲ្យចំណុចនីមួយៗក្លាយជាចរិតលក្ខណៈរបស់ខ្ញុំ។

ផ្តោតទៅលើជំនឿស្នូលមួយចំនួន៖ ប៉ុន្តែបន្ទាប់មក ការពិតត្រូវបានកំណត់នៅក្នុងខ្លួន ខ្ញុំដឹងថាវាពិបាកណាស់ក្នុងការរៀនសូម្បីតែចំនុចថ្មីមួយ ឬដើម្បីផ្លាស់ប្តូរខ្លួនរបស់ខ្ញុំ ហើយវាបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សឯកោម្នាក់ ដូច្នេះខ្ញុំបានបង្រួមមហិច្ឆតារបស់ខ្ញុំមកត្រឹមតែ៥វិញ ហើយធ្វើវានៅក្នុងចំនុចតូចៗដែលខ្ញុំអាចគ្រប់គ្រង់បាន និងអាចធ្វើបាន។ នៅពេលខ្ញុំបានដោះស្រាយបញ្ហាស្នូលនៃជំនឿទាំងប្រាំយ៉ាងនោះរូចរាល់ ខ្ញុំអាចចាប់ផ្តើមធ្វើការអភិវឌ្ឍន៏ចារិកលក្ខណៈមួយចំនួនរបស់ខ្ញុំ។

ជ្រើសរើសគុណតម្លៃសំខាន់ៗប្រាំរបស់អ្នក៖ អ្នកគួរធ្វើដូចគ្នា អ្នកគួរកត់ត្រានូវគុណតម្លៃប្រាំយ៉ាងដែលអ្នកគិតថាមានសារៈសំខាន់បំផុតសម្រាប់អ្នកការរស់នៅ។ នៅពេលអ្នកមានគុណតម្លៃទាំងប្រាំហើយ ចូរអ្នករៀបពួកវាទៅតាមលំដាប់អាទិភាព។ តើគុណតម្លៃមួយណាមានសារៈសំខាន់បំផុតរបស់អ្នក។ តើមួយណាសំខាន់បន្ទាប់? ហើយមួយណាបន្តបន្ទាប់ៗៗទៀត?

រៀនធ្វើការសំរេចចិត្តឲ្យបានកាន់តែប្រសើរ៖ រាល់ជម្រើសឬការសម្រេចចិត្តដែលអ្នកធ្វើគឺផ្អែកលើគុណតំលៃរបស់អ្នក។ នៅពេលណាអ្នកសម្រេចចិត្តរើសនូវជម្រើសដែលអ្នកអាចជ្រើសរើសជាគុណតម្លៃបំផុតរបស់អ្នក។ ដោយសារតែអ្នកអាចធ្វើរឿងបានតែមួយគត់ នៅក្នុងពេលតែមួយនោះ ហើយអ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺជាការបង្ហាញពីអ្វីដែលអ្នកចាត់ទុកថាសំខាន់បំផុតនៅពេលនោះ។ ដូច្នេះការរៀបចំគុណតម្លៃរបស់អ្នកទៅតាមលំដាប់អាទិភាពគឺជាចំណុចចាប់ផ្តើមនៃការធ្វើផែនការយុទ្ធសាស្ត្រផ្ទាល់ខ្លួន។ វាធ្វើបាននៅពេលដែលអ្នកច្បាស់អំពីអ្វីដែលអ្នកឱ្យតម្លៃ និងលំដាប់លំដោយ ដែលអ្នកមានសមត្ថភាពក្នុងការធ្វើផែនការនិងរៀបចំសកម្មភាពផ្សេងទៀតនៃជីវិតរបស់អ្នក។

លំហាត់សម្រាប់បញ្ជេញសកម្មភាព៖ នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

 • ទីមួយ៖ បញ្ជាក់ពីជំនឿស្នូលរបស់អ្នក និងគោលការណ៍បង្រួមរបស់អ្នក។ សរសេរវាចុះហើយប្រៀបធៀបជីវិតអ្នកនៅថ្ងៃនេះជាមួយនឹងគុណតម្លៃដែលពិតជាសំខាន់សម្រាប់អ្នក។
 • ទីពីរ៖ រៀបចំគុណតម្លៃរបស់អ្នកទៅតាមលំដាប់ដែលមានសារៈសំខាន់ចំពោះអ្នក។ តើគុណតម្លៃមួយណាមានសារៈសំខាន់បំផុតរបស់អ្នក។ តើមួយណាសំខាន់បន្ទាប់? ហើយមួយណាបន្តបន្ទាប់ៗៗទៀត? តើជម្រើសបច្ចុប្បន្នរបស់អ្នកឆ្លុះបញ្ចាំងពីលំដាប់នៃគុណតម្លៃនេះទេ?

២. គុណតម្លៃក្នុងនាមជាអ្នកគ្រប់គ្រង

អ្នកគ្រប់គ្រងដែលចេះចាប់អារម្មណ៍សង្កេតច្រើនដែលទទួលបានជោគជ័យ ចេះស្វែងយល់ពីសារៈសំខាន់នៃការកំណត់អត្តសញ្ញាណក្រុមហ៊ុនរបស់ពួកគេ ហើយដំណើរការនេះគឺវាសំខាន់សម្រាប់អ្នកគ្រប់គ្រងទាំងនោះ ដែលប្តេជ្ញាស្វែងរកអត្ថន័យនៅក្នុងការងាររបស់ពួកគេ។ ដើម្បីធ្វើដូចនេះបាន សូមដុសខាត់ និងត្រេកអរចំពោះគុណតម្លៃដែលជាលក្ខណៈស្នូលរបស់អ្នក ដើម្បីឱ្យវាកាន់តែមានឥទ្ធិពល និងទទួលបានការផ្តល់លើកតម្កើង។ ពិចារណាសំណួរទាំងនេះ៖

 • តើខ្ញុំអាចធ្វើអ្វីបានលឿនជាងមុន ល្អប្រសើរជាងមុន ហើយដែលធ្វើទៅបានសមសួន និងមានបញ្ហាតិចជាងអ្វីផ្សេងទៀត?
 • តើមានលទ្ធផលល្អអ្វីខ្លះដែលខ្ញុំទទួលបានក្នុងជីវិត? តើខ្ញុំធ្វើវាដោយរបៀបណា?
  តើអ្នកណាជាអតិថិជនស្នូលរបស់ខ្ញុំ មនុស្សសំខាន់ពីរបីនាក់នៅក្នុង និងក្រៅក្រុមហ៊ុនដែលមានការចាប់អារម្មណ៍បំផុតចំពោះអ្វីដែលខ្ញុំអាចធ្វើបាន ហើយតើអ្នកណាដែលមានតម្លៃបំផុតចំពោះការចូលរួមរបស់ខ្ញុំ?
 • តើខ្ញុំកំណត់អត្តសញ្ញាណជាមួយអតិថិជនស្នូលទាំងនេះ តាមធម្មជាតិ ឬមានក្រុមផ្សេងដែលខ្ញុំអាចកំណត់អត្តសញ្ញាណបាន?
 • តើខ្ញុំពូកែគិត ឬពូកែធ្វើ? តើការគិត ឬធ្វើមានលក្ខណៈបែបណា?
 • បើសរុបមកតែពីរបីរឿង តើខ្ញុំរីករាយ ឬបទពិសោធន៍បានល្អជាងគេគឺជារឿងអ្វីខ្លះ?
 • តើនៅពេលណាដែលខ្ញុំបានចង្អុលបង្ហាញទិសដៅខុសពីមនុស្សគ្រប់គ្នា ហើយត្រូវបានបង្ហាញថាត្រឹមត្រូវ?

ប្រសិនបើអ្នកមិនច្បាស់ថា តើគុណតម្លៃស្នូលរបស់អ្នកជាអ្វី សូមពិសោធការងារផ្សេងៗ រហូតដល់អ្នករកឃើញតួនាទីពិសេសរបស់អ្នកដែលនឹងអនុញ្ញាតឱ្យអ្នកឈានដល់កម្ពស់ថ្មីដ៏រុងរឿង។ ប៉ុន្តែត្រូវប្រាកដថា គុណតម្លៃស្នូលរបស់អ្នក មានភាពស៊ីសង្វាក់គ្នា (ឬយ៉ាងហោចណាស់ត្រួតស៊ីគ្នា និងត្រូវគ្នា) ជាមួយស្នូលធុរកិច្ចដែលអ្នកធ្វើការ។

៣. គុណតម្លៃសម្រាប់ក្រុមហ៊ុន

សហគ្រិន និងបុគ្គលិកត្រូវបានជំរុញដោយឳកាស និងបេសកកម្មដ៏​ខ្លាំងក្លា​​របស់ក្រុមហ៊ុន។​ បុគ្គលិក ជាពិសេសអ្នកក្នុងជំនាន់សហសវត្សថ្មីនេះ មិនត្រូវ​បាន​លើកទឹកចិត្តដោយ​ប្រាក់ចំណេញសុទ្ធសាធនោះទេ។ ពួកគេ​ចូល​ចិត្តធ្វើការ​​ដែលជំរុញទឹកចិត្តរបស់ពួកគេ​ រួមជាមួយនឹងមនុស្សល្អៗ និងនៅក្នុង​បរិស្ថាន​មួយ​ដែល​ជំរុញនូវការរីកចម្រើនផ្ទាល់ខ្លួននិងវិជ្ជាជីវៈ។

លោក ដេន អារីលី (Dan Ariely) សេដ្ឋវិទូផ្នែកអកប្បកិរិយា បានលើកនូវសំណួរមួយថា “តើអ្វីទៅដែលធ្វើឲ្យយើងមានអារម្មណ៍ល្អលើការងាររបស់យើង?” ចម្លើយដ៏​ភ្ញាក់​ផ្អើលគឺថា “ពួកយើងភាគច្រើនជោគជ័យ​ ដោយ​ការ​បង្កើតការរីក​ចម្រើន​ជាប្រចាំ និងដឹងពីគោលបំណងរបស់ខ្លួន។”

អាស្រ័យហេតុនេះហើយ ក្រុមហ៊ុនដែលមានគុណតម្លៃស្នូលរឹងមាំ (Core Value)​​ ស្តែង​ឲ្យឃើញពីខ្លួនឯងបានយ៉ាងច្បាស់ ដែល​អាច​ទាក់ទាញ​ និងរក្សាទុកបុគ្គលិក​ដែលស្រឡាញ់អ្វីដែលពួកគេធ្វើ និងបំពេញការងារយ៉ាងអស់ពីសមត្ថភាព ដោយ​មិនអាចប្រកែកបាន។

គុណតម្លៃបណ្តុះការ​លះបង់ និងភាពស្មោះត្រង់៖ យោងតាមគេហទំព័រ Monster.com បានឲ្យដឹងថា “ជោគជ័យដ៏យូរអង្វែង​របស់ក្រុមហ៊ុន អាស្រ័យភាគច្រើនទៅលើ​គុណភាព និងភាព​ស្មោះ​ត្រង់របស់​បុគ្គលិក”។​ គុណតម្លៃដ៏មុតមាំ ធ្វើឲ្យបុគ្គលិក​ផ្សារភ្ជាប់គ្នា និងរារាំងមិន​ឲ្យបុគ្គលិកថ្មី និងចាស់ចាកចេញពីក្រុមហ៊ុន។​ បុគ្គលិកដែលស្រឡាញ់ការងារ​ដែល​​ពួកគេធ្វើ និងមនុស្សដែលពួកគេធ្វើការជាមួយ នឹង​ស្ថិតនៅក្នុង​ក្រុមហ៊ុន​យូរ។

គុណតម្លៃជំរុញកិច្ចសហការគ្នា៖ កង្វះគុណតម្លៃក្នុងកន្លែងការងារ អាចធ្វើឲ្យបុគ្គលិកដាច់ចេញពីគ្នា។​ ផ្ទុយ​ទៅវិញ ក្រុមហ៊ុនដែលមាន​គុណតម្លៃរឹងមាំធ្វើឲ្យបុគ្គលិករួមគ្នា។​ បុគ្គលិកដែល​ចង់សម្រេច​បេសកកម្មមិនសូវមានភាពអាត្មានិយមនោះទេ ហើយ​ថែមទាំង​គាំទ្រ​គ្នាទៅវិញទៅមកទៀតផង។ ក្រុមដែលរួមសហការគ្នា​ បង្កើតលទ្ធផលបាន​កាន់​តែ​ល្អ ដោយសារ​ពួកគេធ្វើការរួមគ្នា។

គុណតម្លៃកំណត់សេវាកម្មអតិថិជន៖ មានមូលហេតុដែល ក្រុមហ៊ុន ហ្សាពប៉ុស (Zappos) ផ្តល់សេវាកម្មអតិថិជនបានល្អ​បំ​ផុត។​ គុណតម្លៃស្នូលរបស់ក្រុមហ៊ុននេះ គឺ “ផ្តល់ជូនភាពល្អអត់ខ្ចោះ (WOW) ដល់​អតិថិជនតាមរយៈសេវាកម្ម​”​។ ក្រុមហ៊ុនដែលជ្រើសរើសផ្តល់អទិភាពដល់​សេច​ក្តីត្រូវការបស់អតិថិជន អាចប្រែក្លាយអតិថិជនមិនពេញចិត្តទៅជាអ្នក​គាំទ្រ​ដ៏ស្មោះត្រង់នឹង​ផលិតផលរបស់ខ្លួនបានយ៉ាងងាយស្រួល។

គុណតម្លៃជួយលក់ផលិតផលរបស់អ្នក៖ នៅពេលអតិថិជនទទួលយកគុណតម្លៃរបស់ក្រុមហ៊ុន ពួកគេងាយនឹង​គាំ​ទ្រក្រុមហ៊ុនរបស់អ្នក។ ស្មារតីសប្បុរសរបស់ក្រុមហ៊ុន វ៉ាប៊ី ផាកឃឺ (Warby Parker) បានសាយ​ភាយទៅគ្រប់អតិថិជនរបស់ខ្លួន។ រាល់វ៉ែនតាដែលពួកគេលក់បាន ពួកគេ​បរិច្ចាកមួយទៀតទៅឲ្យ​អង្គការសប្បុរសធម៌។ ដោយមានតម្លៃទាប អតិថិជនគិត​ថា​វាមាន​តម្លៃថោកជាងធម្មតា ដែល​អាច​ផ្តល់ជូនទៅអ្នកដែលត្រូវការ និងអាច​បាន​ទិញ​​វ៉ែនតា​ទាន់​​សម័យមួយទៀត។​

គុណតម្លៃរៀបចំគោលដៅផ្ទាល់ខ្លួនឲ្យត្រូវនឹងគោលដៅក្រុមហ៊ុន៖ ជាជាងចាត់វិធានការដើម្បីសុវត្ថិភាពការងាររបស់ខ្លួន ឬធានាការឡើង​តំណែង​របស់ខ្លួន បុគ្គលិកចំណាយពេលកាន់តែច្រើនឡើងផ្តោតលើគំនិត​ផ្តួច​ផ្តើមដែល​នឹងជួយក្រុមហ៊ុនទទួលបានការរីកចម្រើនកាន់តែប្រសើរ។ បុគ្គលិក​កំពុងបំពេញការងារប្រើវិធីសាស្រ្តគ្រប់ចំនុចដើម្បីដោះស្រាយបញ្ហា និងកំ​ណត់​​អទិភាព​​កិច្ចការដែល​ត្រឹមត្រូវសម្រាប់ក្រុមហ៊ុន។

គុណតម្លៃបង្កើនការយល់ដឹងពីខ្លួនឯង៖ បេសកកម្មច្បាស់់លាស់ផ្តល់អំណាច​បុគ្គលិក ដើម្បីងាយស្រួលបែង​ចែក​អ្វី​ខុសអ្វីត្រូវ។ ប្រការនេះក៏ជួយអ្នកគ្រប់គ្រងនិងបុគ្គលិករៀនពីកំហុស​របស់ខ្លួន ដើម្បីក្លាយជាមនុស្សកាន់តែប្រសើរ និង​ធ្វើការងាររបស់ខ្លួនកាន់​តែ​ល្អ។

គុណតម្លៃបង្កើតគណនេយ្យភាព៖ បុគ្គលិក ដែលប្រកាន់យកការទទួលខុសត្រូវទាំងស្រុងលើសកម្មភាព​របស់ខ្លួន តែងតែជាបុគ្គលិកគួរឲ្យជឿជាក់និងទុកចិត្តបាន។ នៅក្នុងក្រុមហ៊ុន ដែល​បុគ្គ​លិកទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក និង​ក្រុមហ៊ុនទាំងមូល ពួកគេ​ខំប្រឹងធ្វើការដើម្បីបង្កើតលទ្ធផលដែលមានន័យ​ និងជៀសវាងធ្វើឲ្យសហ​ការី​ខ្លូនអាក់​អន់ចិត្ត។

គុណតម្លៃជំរុញការសន្ទនាវែកញែក និងការប្រឆាំង៖ ក្រុមហ៊ុនជោគជ័យត្រូវការ​តុល្យភាព ដោយ​មានព័ត៌មានតបដែលចេញពី​គ្រប់​សមាជិកនៃក្រុមហ៊ុន។ ការសន្ទនាដោយបើកចំហរ​ប្រព្រឹត្តទៅបាន ​នៅ​ពេលសមាជិកក្រុម ញ៉ាំងឲ្យសមាជិកម្នាក់ៗ​ពិចារណាពីរបៀប​ដែល​សេចក្តី​សម្រេច​​ចិត្តថ្មីមានឥទ្ធិពលលើ​គុណតម្លៃស្នូល និងការរីកចម្រើនយូរអង្វែង​របស់​ក្រុម​ហ៊ុន។

គុណតម្លៃនាំមកនូវស្ថេរភាព៖ នៅពេលក្រុមហ៊ុនថ្មីបង្កើនចំនួនបុគ្គលិកទ្វេដង បាត់បង់​អតិថិជនដ៏ធំមួយ​ ទទួល​មូល​និធិដ៏សំខាន់ ការប្រែប្រួលដ៏ធំខាងមុខអាចបង្កើតការព្រួយបារម្ភ និង​ភាព​មិន​ច្បាស់លាស់សម្រាប់​បុគ្គលិក។ ដើម្បីបញ្ជៀសបញ្ហានេះ សហគ្រិននិង​​អ្នកគ្រប់​គ្រង​ក្រុម​ហ៊ុនត្រូវយកចិត្តទុកដាក់ជាពិសេស ក្នុង​ការបង្ហាញនិង​ពង្រឹង​គុណ​តម្លៃ​ស្នូលរបស់​ក្រុមហ៊ុន។​ ប្រការនេះផ្តល់ឲ្យ​បុគ្គលិក​នូវសុវត្ថិភាពនិងស្ថេរ​ភាព​​ដែល​ពួកគេត្រូវការ ដើម្បីបន្តភាពរីករាយ​ ផលិតភាព និងភាព​ជោគជ័យ។​

ក្រុមហ៊ុនថ្មី ដែលសង្ឃឹមថា​នឹងបង្កើត​មុខជំនួញដែល​អតិថិជន​​ វិនិយោគិន និង​បុគ្គលិក​ស្ញើចសរសើរ គួរតែ​បង្កើត និង​ជំរុញ​គុណតម្លៃ​រឹងមាំរបស់ក្រុម​​ហ៊ុន​​​ជា​​ប្រ​ចាំ។​

ឯកសារយោង៖

 • សៀវភៅ The 80/20 Manager: The Secret to Working Less and Achieving More by Richard Koch
 • គេហទំព័រ Entrepreneur
 • គេហទំព័រ ethicssage

អត្ថបទទាក់ទង

កត្តាជោគជ័យចម្បងៗទាំង ៥ នៃអាជីវកម្ម

Leave a Reply

Your email address will not be published. Required fields are marked *