ចូរផ្លាស់ប្តូរខ្លួនអ្នកពីមនុស្សដែលមានចិត្តប្រតិកម្ម ឱ្យក្លាយជាមនុស្ស​មានចិត្តសកម្មនាំមុខ

ពុទ្ធភាសិតមួយបានពោលថា “អ្នកសាបព្រោះពូជណា អ្នកនឹងច្រូតកាត់ផលនោះ”។ សម្រាប់ការរស់នៅ និងភាពជោគជ័យនៃជីវិតរបស់យើង វាមានន័យថា យើងបង្កើតទម្លាប់បែបណា យើង​នឹងទទួលផលចេញពីទម្លាប់នោះ។

ចូរទម្លាប់ “សកម្មនាំមុខ” (Being Proactive) ហើយដើម្បីស្វែងយល់អំពីទម្លាប់នេះ ចូរអ្នកចាប់ផ្តើមសួរខ្លួនឯងថា តើកត្តា ឬគ្រឿង​រំញោចអ្វីខ្លះធ្វើឱ្យអ្នករីករាយ? កត្តា ឬគ្រឿងរំញោចអ្វីខ្លះធ្វើឱ្យអ្នកខឹងសម្បារ មួម៉ៅ ទុក្ខ​សោក? ជាទូទៅ យើងអាចទទួលបានចម្លើយដូចខាងក្រោមចំពោះសំណួរខាងលើ៖

 ១. គ្រឿងរំញោចបង្កភាពរីករាយ

  • គេសរសើរអ្នក
  • គេយកចិត្តទុកដាក់ចំពោះអ្នក
  • គេផ្តល់ការស្រឡាញ់ដល់អ្នក
  • គេឲ្យតម្លៃអ្នក
  • គេយល់ស្រប ឬគាំទ្រគំនិតអ្នក
  • គេនិយាយល្អអំពីអ្នក
  • គេលើកអ្នកឲ្យខ្ពស់
  • ……

២. គ្រឿងរំញោចបង្កការខឹងសម្បារ

  • គេស្តីបន្ទោស គេបង្អាប់អ្នក
  • គេមិនខ្វល់ពីអ្នក
  • គេស្អប់​ គេគុំគួនអ្នក
  • គេមើលងាយអ្នក
  • គេប្រឆាំងនឹងគំនិតរបស់អ្នក
  • គេនិយាយដើមអ្នក
  • គេរុញអ្នកឲ្យទាប 
  • …….

យើងបែងចែកមនុស្សជា ២ប្រភេទ គឺមនុស្សមានចិត្តប្រតិកម្ម (Being Reactive) និងមនុស្សមានចិត្តសកម្មនាំមុខ (Being Proactive)។ ចំពោះមនុស្សមានចិត្តប្រតិកម្ម នៅពេលមានគ្រឿង​រំញោចបង្កភាពរីករាយមកដល់ គាត់តែងប្រតិកម្មតបជារីករាយ មានមោទនភាព ក្រអឺតក្រទម មើលស្រាលលើអ្នកដទៃដែលតូចទាប។ល។ ពេលគ្រឿងរំញោចបង្កភាពខឹងសម្បារមកដល់ គាត់ក៏មួម៉ៅ ខឹងច្រឡោត ស្តីបន្ទោសគេ ប្រើភាសាមិនសមរម្យ ឬចោទប្រកាន់គេដោយកំហឹង។ គាត់ប្រតិកម្ម​តបទៅនឹងគ្រឿងរំញោចទាំងឡាយណាដែលមកប៉ះនឹងចិត្តគាត់។

ចំពោះមនុស្សមានចិត្តសកម្មនាំមុខ នៅពេលមានគ្រឿង រំញោចរីករាយមកដល់ គាត់មិនរំភើបញាប់ញ័រ មិនក្រអឺតក្រទម តែគាត់ស្វែងយល់អំពីហេតុផល តើវាជាកត្តា​រីករាយ​ពិតប្រាកដ ឬជាការសរសើរក្លែងក្លាយ ហើយគាត់ឆ្លើយតបដោយសមរម្យ សមគួរ ត្រឹមត្រូវ។ ពេលគ្រឿងរំញោចបង្កភាពខឹងសម្បារមកដល់ គាត់មិនប្រតិកម្មបែបខឹងច្រឡោតទៅវិញទេ តែគាត់​ស្វែង​យល់ពីហេតុបច្ច័យ ហើយរិះរកវិធីឆ្លើយតប ដោយដឹងអំពីលទ្ធផល​នៃជម្រើស​ឆ្លើយតប​របស់គាត់។

មនុស្សប្រតិកម្ម គាត់មានទម្លាប់ប្រតិកម្មទៅនឹងគ្រឿង​ រំញោចទាំងឡាយ ដោយមិនយល់ដឹងថា គាត់មានជម្រើសជាច្រើនសម្រាប់ឆ្លើយតបទេ។ មនុស្ស​សកម្ម​នាំមុខគាត់ដឹងថា នៅចន្លោះគ្រឿងរំញោច និងការឆ្លើយតប វាមានលំហមួយសម្រាប់គិត និង​សេរីភាពជ្រើសរើស តើគួរឆ្លើយតបបែបណា ដើម្បីទទួលលទ្ធផលដែលគាត់ចង់បាន។ គាត់​បង្កើត​ទម្លាប់ឆ្លើយតបដោយគិតពិចារណា។ រូបភាពទី២ បង្ហាញអំពីភាពខុសគ្នា​រវាងមនុស្ស​ប្រតិកម្ម និងមនុស្សសកម្មនាំមុខក្នុងការប្រតិកម្ម ឬឆ្លើយតបទៅនឹងគ្រឿងរំញោចទាំងឡាយ។

លោក Stephen Covey បានលើកអំពីគោលការណ៍ ៩០-១០ ដែលមានន័យថា លទ្ធផលក្នុងជីវិតរបស់យើងកំណត់ឡើងដោយរឿងរ៉ាវ ឬស្ថានការណ៍កើតឡើងខាងក្រៅតែ ១០% ទេ រីឯ ៩០% ទៀតគឺកំណត់ដោយការប្រតិកម្ម ឬការឆ្លើយតបរបស់យើងទៅលើរឿងរ៉ាវដែលកើតឡើងនោះ។ បានន័យថា យើងជាអ្នកកំណត់ គ្រប់គ្រង ចាត់ចែង ៩០% នៃជោគវាសនារបស់យើង។ ហេតុនេះហើយ ការបង្កើតទម្លាប់ទី១ ការអភិវឌ្ឍខ្លួនក្លាយជាបុគ្គលសកម្មនាំមុខ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលជាអ្នកកំណត់ជោគវាសនាដោយខ្លួនឯង ដោយមិនបណ្តោយឱ្យអ្នកដទៃ ឬព្រហ្មលិខិតជាអ្នកកំណត់ជំនួសអ្នក។

បន្ថែមពីនេះ មនុស្សសកម្មនាំមុខតែងនឹកគិត រិះរក និងនាំធ្វើសកម្មភាពផ្សេងៗ ដើម្បីបង្កើតឱកាសឈានទៅចាប់​លទ្ធផល​ដែលគាត់ចង់បាន បើទោះបីស្ថានការណ៍មិនអំណោយផលក៏ដោយ។ គាត់បង្កើត​គំនិត​ច្នៃប្រឌិត ធ្វើសកម្មភាពឈានទៅសម្រេចគោលដៅដែលបានកំណត់ទុក ដោយមិន​រង់ចាំ​ឱកាស ឬព្រឹត្តិការណ៍ដែលបង្កើតដោយអ្នកដទៃ។ ដោយឡែក មនុស្សប្រតិកម្ម​ចូលចិត្តរង់ចាំស្ថានការណ៍​ដែលខ្លួនប្រាថ្នាចង់ឃើញ ហើយប្រតិកម្មតប​ទៅនឹង​ស្ថានការណ៍​កើតឡើងដែលខ្លួនមិនពេញចិត្ត។ មនុស្សប្រតិកម្ម​ និងមនុស្សសកម្មនាំ​មុខ​មាន​លក្ខណ​សម្បត្តិ “រ៥” ខុសគ្នា៖

១. រ៥ របស់មនុស្សប្រតិកម្ម

  • រករឿង (ចូលចិត្តរករឿងអ្នកដទៃ)
  • រិះគន់ (ចូលចិត្តតែរិះគន់គេ)
  • រអ៊ូរទាំ (ពូកែខាងរអ៊ូរទាំ តែមិនព្រមធ្វើសកម្មភាព)
  • រារែក រត់គេច (រារែក​ ឬរត់គេច ពេលបញ្ហាមកដល់)
  • រង់ចាំ (រង់ចាំឲ្យតែគេជួយ)

២. រ៥ របស់មនុស្សសកម្មនាំមុខ

  • រៀនសូត្រ (ចូលចិត្តអាន ស្តាប់ និងពិភាក្សា)
  • រីករាយ (ជាមួយក្រុមការងារ សហការី និងគ្រួសារ)
  • រិះគិត​ (ទស្សនវិស័យ គោលការណ៍ យុទ្ឋសាស្រ្ត)
  • រួសរាន់ (ធ្វើសកម្មភាពដោយមិនបង្អង់​ ឬរង់ចាំអ្នកដទៃ)
  • រុករក (វិធីសាស្រ្តថ្មី​ យុទ្ឋសាស្រ្តសមស្រប ឱកាសថ្មី)

សរុបមកវិញ ការរៀបរាប់ខាងលើនេះ គឺជាទម្លាប់សកម្មនាំមុខរបស់បុគ្គលឆ្នើម ដើម្បីប្តូរខ្លួនអ្នកពីមនុស្សដែលមានចិត្តប្រតិកម្ម ឱ្យក្លាយជាមនុស្ស​មានចិត្តសកម្មនាំមុខ ក្លាយជាបុគ្គលមានទម្លាប់ល្អ អ្នកដឹកនាំមានឥទ្ធិពល ជាមនុស្សរីករាយ និងជោគជ័យក្នុងជីវិត ដើម្បីបង្កើតទង្វើ និងសកម្មភាពវិជ្ជមាន បង្ក​ជាប្រយោជន៍សម្រាប់ខ្លួនឯង អ្នកដទៃ អង្គភាព និងសង្គមជាតិ។

ដកស្រង់ និងសម្រួលពីសៀវភៅ៖ 7 Habits of Highly Effective People ដោយ Stephen R. Covey


អត្ថបទទាក់ទង

ភាពជាអ្នកដឹកនាំ ៥ កម្រិត

 

Leave a Reply

Your email address will not be published. Required fields are marked *