ដំណោះស្រាយសំខាន់ៗ ដើម្បីធ្វើការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត
អ្នកជំនាញខាងចិត្តសាស្រ្តមួយក្រុមបានធ្វើការសាកសួរ និងស្ទង់មតិអ្នកធ្វើការជាង១១០០នាក់ អំពីបញ្ហាដែលពួកគេជួបប្រទះក្នុងការងារ។ ពួកគេរកឃើញថា ៨០ភាគរយនៃអ្នកធ្វើការ ទទួលរងសម្ពាធ ធុញថប់តប់ប្រមល់ ដោយសារត្រូវប្រឈមមុខ និងធ្វើការជាមួយមនុស្សដែលខ្លួនមិនចូលចិត្ត។
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពដែលត្រូវធ្វើការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត ឬគេមិនចូលចិត្តអ្នកវិញបែបនេះ អញ្ចឹងអ្នកគួរធ្វើការសញ្ជឹងគិតឡើងវិញ និងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ដោយវិភាគទៅលើចំណុច២ធំ៖
- ទីមួយខ្លួនអ្នកផ្ទាល់ និង
- ទីពីរ គឺបុគ្គលដែលអ្នកមិនចូលចិត្ត។
I. ដោះស្រាយបញ្ហាជាមួយខ្លួនអ្នកផ្ទាល់
១. កុំនិយាយដើមគេ
មានពេលខ្លះអ្នកតែងតែចង់និយាយប្រាប់គេឯង និងបង្ហាញពីភាពធុញទ្រាន់ដែលអ្នកមាន ចំពោះមនុស្សដែលអ្នកមិនចូលចិត្ត នៅកន្លែងធ្វើការ។ ប៉ុន្តែ ដឹងអត់? ថាការដើរនិយាយដើមអ្នកដទៃម្តងហើយម្តងទៀត មិនបានជួយដោះស្រាយបញ្ហាអោយអ្នកនោះទេ វារឹតតែធ្វើអោយអ្នកមានបញ្ហា។
បើសិនជាអ្នកត្រូវការនិយាយអោយបានធូរទ្រូង គួររើសយកនរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន ឬមនុស្សដែលមិនពាក់ព័ន្ធនឹងការងាររបស់អ្នក។ និយាយប្រាប់គេតែម្តង បន្ទាប់មកយកបញ្ហានេះចេញពីខួរក្បាល និងផ្តោតអារម្មណ៍ទៅលើការងារដែលអ្នកត្រូវបំពេញ។ សូមចាំថាការនិយាយដើមគេ ឬការរអ៊ូរទាំរបស់អ្នក មិនបានជួយអោយអ្នកមានអារម្មណ៍ល្អប្រសើរនោះទេ មានតែធ្វើអោយអ្នកដទៃវាយតម្លៃអ្នកថាជាមនុស្សមិនចេះស៊ូទ្រាំ ឬគ្មានវិជ្ជាជីវៈ។
២. រក្សានូវអាកប្បកិរិយាល្អរបស់អ្នក
ជាជាងធ្វើការតបតរទៅកាន់បុគ្កលដែលអ្នកមិនចូលចិត្ត ដោយមិនបានគិត អ្នកគួរធ្វើការពិចារណារកវិធីដោះស្រាយបញ្ហាទុកជាមុន មិនមែនចាំដល់ពេលមានបញ្ហាទើបដោះស្រាយនោះទេ។
សូមចាំថាអ្នកអាចគ្រប់គ្រងអារម្មណ៍ និងការគិតរបស់អ្នក តែមិនអាចគ្រប់គ្រងអ្នកដទៃបានទេ ដូច្នេះបើសិនជាអ្នកត្រូវទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនចូលចិត្ត អ្វីដែលអ្នកអាចធ្វើបាន គឺតាំងចិត្តខ្លួនឯងអោយស្ងប់ ប្រើគំនិតសុទិដ្ឋិនិយម និងប្រកាន់នូវជំហរក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ។
៣. ធ្វើការវិភាគទៅលើអារម្មណ៍របស់អ្នក
ពេលនេះអ្នកគួរសួរខ្លួនឯង ថាហេតុអ្វីបានជាអ្នកមិនចូលចិត្ត ឬពិបាកធ្វើការជាមួយបុគ្គលម្នាក់នោះ។ អ្នកប្រហែលជាមានមូលហេតុសមរម្យក្នុងការមិនចូលចិត្តនរណាម្នាក់ ឬមួយគ្រាន់តែជាអារម្មណ៍ ឬគំនិតអគតិរបស់អ្នកចំពោះបុគ្គល។
អ្នកត្រូវតែស្មោះត្រង់ជាមួយខ្លួនឯងក្នុងការឆ្លើយតបទៅនឹងសំនួរ និងចំពោះស្ថានភាពពិតនៃបញ្ហា។
អ្នកអាចរៀនសង្កេតមើលអ្នកដទៃ (មិត្តរួមការងារ) តើគេមានបញ្ហាដូចជាអ្នកដែរទេ? ហើយគេធ្វើការទំនាក់ទំនងជាមួយបុគ្គលនោះដោយរបៀបណា អ្នកប្រហែលអាចទទួលបានចម្លើយនៃបញ្ហានៅពេលរៀនមើលអ្នកជុំវិញខ្លួន។
៤. កុំចាត់ទុកថាជារឿងផ្ទាល់ខ្លួន
ជំហានដំបូង អ្នកគួរប្រើវិធីសាស្ត្រគ្រប់គ្រងខ្លួនឯង។ សាកល្បងគិតសារជាថ្មីមើល៍ បើសិនជាបុគ្គលម្នាក់នោះបង្ករការលំបាកដល់អ្នកក្នុងការធ្វើការងារ គេក៏ប្រហែលជាធ្វើអោយអ្នកដទៃលំបាកដូចគ្នា។
ប្រសិនបើបញ្ហាកើតឡើងរវាងអ្នក និងបុគ្គលនោះ ទាក់ទងនឹងចរិតផ្ទាល់ខ្លួន អ្នកគួរតែគិតថាទង្វើរបស់បុគ្គលនោះមិនមែនសំដៅមកលើអ្នកទេ ហើយអ្នកក៏មិនចាំបាច់ខ្វល់ខ្វាយ បញ្ជេញសកម្មភាពតបតទៅវិញដែរ។
អ្នកអាចដឹងថាតើនេះជាចរិតផ្ទាល់ខ្លួនរបស់បុគ្គលនោះឬក៏អត់ ដោយគ្រាន់តែសង្កេតមើលឥរិយាបថរបស់គេចំពោះអ្នកដទៃ។
II. ដោះស្រាយបញ្ហាជាមួយភាគីម្ខាងទៀត
ប្រសិនបើអ្នកអនុវត្តគ្រប់វិធីសាស្ត្រដើម្បីធ្វើអោយស្ថានភាពបានល្អប្រសើរហើយ ប៉ុន្តែនៅតែមិនបានផល នេះប្រហែលជាដល់ពេលដែលអ្នកត្រូវស្វែងរកជំនួយហើយ។ ខាងក្រោមនេះ ជាវិធិសាស្ត្រមួយចំនួន ដែលអាចជួយកែខៃបញ្ហា និងបង្វែស្ថានភាព មិនអោយធ្លាក់ដល់ចំណុចធ្ងន់ធ្ងរ។
១. បញ្ឈប់អោយបានមុនបញ្ហាកើតឡើង
ប្រសិនបើមនុស្សដែលអ្នកមិនចូលចិត្តលើកប្រធានបទអ្វីមួយដែលធ្វើអោយអ្នកធុញទ្រាន់ ឬមានអារម្មណ៍មិនល្អ អ្នកគួរផ្លាស់ប្តូរប្រធានបទ និយាយពីរឿងផ្សេងដែលអាចជៀសពីជម្លោះ ឬមួយដើរចេញពីការសន្ទនាដោយសន្តិភាព ដោយលើកយកលេសណាមួយដែលបង្ហាញថាអ្នកមិនអាចឈរស្តាប់ ឬចូលរួមក្នុងការសន្ទនានេះបន្ត។
សូមចាំថា អ្នកត្រូវដើរចេញអោយបានមុនពេលដែលអ្នកផ្ទុះកំហឹង ដើម្បីជៀសអោយផុតពីការបង្កបរិយាកាសអាប់អួរដល់អ្នកធ្វើការផ្សេងៗទៀត។
២. បង្ហាញអោយគេដឹងពីកំរិតនៃការអត់ធ្មត់របស់អ្នក
ប្រសិនបើឬសគល់នៃបញ្ហាមិនមែនមកពីអ្នក អ្នកគួរធ្វើអោយមនុស្សដែលអ្នកមិនចូលចិត្តនោះដឹងពីកំរិតនៃការអត់ធ្មត់របស់អ្នក។ បង្ហាញអោយគេដឹងថា អ្នកមិនសប្បាយចិត្ត ឬមិនចូលចិត្តចំពោះទង្វើដែលគេធ្វើចំពោះអ្នក។
ប្រសិនបើគេឈានជើងហួសគំនូសព្រំដែននៃការអត់ធ្មត់របស់អ្នក អ្នកត្រូវសុំអោយគេបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់។ ឱកាសដែលមានគឺប្រសិនបើបុគ្គលនោះមិនអាក្រក់ហួសហេតុ គេអាចនឹងកាត់បន្ថយ ឬបញ្ឈប់ទង្វើនោះដោយសន្តិភាព។
ដំបូងអ្នកអាចធ្វើការដាស់តឿនដោយសុភាពរាបសារ ប៉ុន្តែបើនៅតែមិនបានផល អ្នកអាចធ្វើការដាស់តើនជាផ្លូវការ តាមវិធីណាដែលអាចអោយគេដឹងថា អ្នកមិនបាននិយាយលេង និងមិនអាចអត់ធ្មត់តទៅទៀតបាន បើគេនៅតែធ្វើទង្វើដដែលៗ។
៣. រក្សាគម្លាតរបស់អ្នក
បើអាចទៅរួច សូមនៅអោយឆ្ងាយពីមនុស្សដែលអ្នកមិនចូលចិត្ត ឬព្រងើយកន្តើយនឹងគេ (តែជៀសវាងប្រើអាកប្បកិរិយាមិនសមរម្យ)។ ការរក្សាចម្ងាយពីគ្នា អាចជួយអោយកំហឹង ឬអារម្មណ៍អាក់អន់ស្រពោនចិត្តរបស់អ្នកនឹងគេ បានស្រាកស្រាន្ត ដោយសារអ្នកទាំងពីរមិនចាំបាច់តទល់គ្នាដោយផ្ទាល់។
៤. ជម្រើសចុងក្រោយ
មនុស្សខ្លះពិតជាពិបាកក្នុងការយល់ពីអ្នកដទៃណាស់ ហើយមិនបានបែកចែកអោយច្បាស់ចំពោះរឿងផ្ទាល់ខ្លួន និងការងារឡើយ ដែលពេលខ្លះធ្វើអោយការងាររាំងស្ទះដោយសារការមិនចុះសម្រុងរបស់គេនឹងអ្នក។
ប្រសិនបើស្ថានភាពចូលដល់ចំណុចដែលបង្កបញ្ហាដល់ការងារបែបនេះ ហើយការដោះស្រាយជាមួយបុគ្គលផ្ទាល់មិនបានផលវិជ្ជមាន នោះដល់ពេលហើយដែលអ្នកត្រូវប្រាប់អ្នកគ្រប់គ្រងរបស់អ្នក ឬប្រធានផ្នែកធនធានមនុស្ស តាមរយៈលិខិតផ្លូវការណាមួយ អោយគេដឹងអំពីបញ្ហាដែលបានកើតឡើង និងជាការដាស់តឿនទៅកាន់អ្នកទាំងអស់ថាអ្នកទ្រាំលែងបានទៀតហើយ។
ធម្មតានៅកន្លែងធ្វើការ បុគ្គលត្រូវការជាចាំបាច់នូវភាពចុះសម្រុងគ្នា ដើម្បីសំរេចការងារអោយដល់គោលដៅ។ ប៉ុន្តែអ្នកត្រូវយល់ថា អ្នកមិនចាំបាច់ក្លាយជាមិត្តជិតស្និទ្ធិនឹងមនុស្សគ្រប់គ្នានោះទេ ហើយវាជារឿងធម្មតាដែលមានពេលខ្លះអ្នកត្រូវធ្វើការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត ឬមិនចូលចិត្តអ្នក។
អ្វីដែលអ្នកត្រូវចងចាំនោះ គឺអ្នកមានសិទ្ធិក្នុងការចូលចិត្ត ឬមិនចូលចិត្តអ្នកណាម្នាក់ ប៉ុន្តែសូមបែកចែកអោយដាច់រវាងបញ្ហាផ្ទាល់ខ្លួន និងការងារ។ សូមប្រកាន់យកជំហរនៃបុគ្គលដែលពោរពេញទៅដោយវិជ្ជាជីវៈ ក្នុងកិច្ចប្រកបការងារ និងជីវិតរស់នៅផងដែរ។
ជារួមមក នៅកន្លែងធ្វើការ អ្នកពេញចិត្តអ្វីៗគ្រប់យ៉ាង ទាំងតួនាទី ទាំងការងារដែលអ្នកត្រូវធ្វើ តែបែរជាមានរឿងម្យ៉ាងដែលធ្វើឲ្យអ្នកគ្រាន់តែគិតក៏ធុញថប់ស្ទើរធ្លាយទ្រូងទៅហើយ នោះគឺអ្នកត្រូវធ្វើការរួមជាមួយមនុស្សដែលអ្នកមិនចូលចិត្ត ឬប្រភេទមនុស្សដែលអ្នកគិតថាមានចរិតយ៉ាប់ ពិបាកធ្វើការជាមួយ។ យើងសង្ឃឹមថា វិធិសាស្រ្តខាងលើនេះ នឹងអាចជួយអ្នកដោះស្រាយបញ្ហានេះបាន។
សម្រួលពី៖
- Wikihow
- Career Intelligence
- Fast Company
អត្ថបទទាក់ទង
កុំធ្វើរឿង ៩ យ៉ាងនេះ ដើម្បីចៀសវាងភាពរកាំរកូសនៅកន្លែងធ្វើការ