គន្លឹះសំខាន់ៗចំនួន ៥ ដើម្បីចាប់ផ្តើមច្នៃប្រតិដ្ឋគំនិតឱ្យបានរាល់ថ្ងៃ
បើសិនជាអ្នកចង់បំផុសនូវចំណេះដឹង និងគំនិតច្នៃប្រតិដ្ឋដែលមាននៅក្នុងខ្លួនអ្នក អ្នកត្រូវតែចំណាយពេលហ្វឹកហាត់ និងរៀនពីវាជារៀងរាល់ថ្ងៃតាមរយៈការធ្វើការងារ និងការសិក្សារៀនសូត្ររបស់អ្នក។ ភាពច្នៃប្រតិដ្ឋរបស់មនុស្ស អាចខុសគ្នាត្រង់របៀប ប៉ុន្តែមិនខុសគ្នាត្រង់គុណភាពទេ។ មនុស្សយើងគ្រប់គ្នាកើតមកនាំយកភាពច្នៃប្រតិដ្ឋមកជាមួយ។ ប៉ុន្តែពេលខ្លះយើងអាចនឹងបាត់បង់ផ្នែកខ្លះនៃគំនិតច្នៃប្រតិដ្ឋទាំងនោះមែន ដោយសារការទុកចោលយូរពេក ឬមិនមានឱកាសបានប្រើប្រាស់ទាល់តែសោះ។ រឿងល្អនោះ គឺថាយើងនៅតែអាចទាញយកភាពច្នៃប្រតិដ្ឋមកប្រើប្រាស់បានគ្រប់ពេលដែលយើងនឹកឃើញ បើយើងអនុវត្តតាមវិធីសាស្រ្តត្រឹមត្រូវ។ ខាងក្រោមនេះជាគន្លឹះខ្លះដើម្បីចាប់ផ្តើមផលិតគំនិតឱ្យបានរាល់ថ្ងៃ៖
១. រកពេលនៅតែឯងដើម្បីបំផុសគំនិត
ពេលនៅតែឯងមនុស្សគិតបានច្បាស់ និងគ្មានការរំខាន ដូច្នេះអ្នកគួរស្វែងរកសកម្មភាពណាដើម្បីចំណាយពេលនៅតែឯងឱ្យបានយូរ រួចសញ្ជឹងគិតរកគំនិតមួយហើយមួយទៀត។ ពេលវេលាប្រើប្រាស់ដើម្បីបំផុសគំនិតនឹងធ្វើឱ្យចិត្តរបស់អ្នកសកម្ម និងមានភាពច្នៃប្រឌិតខ្ពស់។
២. សរសេរគំនិតថ្មីៗឱ្យបាន១០រៀងរាល់យប់
សូមសាកល្បងបង្កើតទម្លាប់បែបនេះឱ្យបានកាន់តែឆាប់ ដោយកត់ត្រាគំនិតមុនពេលអ្នកចូលគេង។ ការធ្វើបែបនេះនឹងជួយតម្រង់ទិសដៅអ្នក ហើយក៏អាចជួយបញ្ជៀសការស្ទះដំណើរច្នៃប្រឌិតដែរ។ គំនិត៥ទៅ៦ខាងដើមមិនពិបាករកទេ ប៉ុន្តែគំនិត៤ឬ៥ខាងចុងបែបពិបាកបន្តិច តែអ្នកនៅតែអាចរកឃើញបើព្យាយាម។
៣. ស្វែងរកបទពិសោធន៍
អ្នកគួរតែរស់នៅជាមនុស្សដែលពោពេញដោយបទពិសោធន៍។ ការទទួលបានបទពិសោធន៍ថ្មីៗនឹងពង្រីកគំនិតរបស់អ្នក។ មនុស្សដែលរស់នៅបានពេញលេញគឺជាមនុស្សដែលមានជីវិតប្រសើរជាអ្នកដទៃ ហើយមានគំនិតបើកទូលាយ និងច្នៃប្រឌិត។
៤. យកសៀវភៅកត់ត្រាគំនិតតាមខ្លួនគ្រប់ពេល
គ្រប់ពេលទៅណាមកណាអ្នកគួរតែយកកូនសៀវភៅកត់ត្រាគំនិតតាមខ្លួនជានិច្ច ហើយសរសេរចុះអ្វីៗទាំងអស់ដែលអ្នកគិតឃើញ។ គំនិតប្រៀបដូចជានុយ នៅពេលអ្នកគិតឃើញគំនិតល្អមួយ អ្នកប្រើប្រាស់វាដើម្បីស្ទូចយកគំនិតធំៗនិងកាន់តែល្អបានច្រើនទៀត។
៥. គូរគំនិត
បណ្តោយដៃរបស់អ្នកឱ្យគូសវាសលើក្រដាស ហើយចិត្តរបស់អ្នកអណ្តែតអណ្តូងទៅរកគំនិតថ្មីៗនិងប្លែកៗ។ ព្យាយាមសម្តែងគំនិតរបស់អ្នកទៅក្នុងគំនូរ និងការគូសវាសក្នុងរបៀបផ្សេងៗដែលអ្នកអាចធ្វើបាន។ សូមចងចាំថា អ្នកមិនចាំបាច់ត្រូវតែជាវិចិត្រករពិតប្រាកដទេដើម្បីធ្វើលំហាត់បែបនេះ។
ជារួមមក គំនិតច្នៃប្រតិដ្ឋ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សម្នាក់ៗ បើសិនជាមនុស្សគ្នានគំនិតច្នៃប្រតិដ្ឋនេះទេ ម៉្លោះហើយ មនុស្សក៏មិនអាចឈានដល់សម័យកាលដ៏ទំទើបនាពេលបច្ចុប្បន្ននេះបានដែរ។
អត្ថបទទាក់ទង