ហេតុផលសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវគិតក្រៅប្រអប់ (Think Outside the Box)
គិត មានថ្នាក់ពាក្យជាកិរិយាស័ព្ទ ហើយមានន័យថា នឹក រឭក នឹកដល់ ត្រិះរិះ ពិចារណា។ ផលនៃការគិតគឺ “គំនិត” ។ ឧទាហរណ៍ “គិតហើយសឹមធ្វើ”។ ពាក្យបីខាងដើមគឺ “នឹក រឭក នឹកដល់” ទាមទារឱ្យយើងប្រើប្រាស់ខួរក្បាលដើម្បីទាញយកព័ត៌មានចាស់ៗដែលយើងបានទទួលតាមរយៈបញ្ជាប្រសាទរបស់យើងម្នាក់ៗ នេះយោងតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត។
ការគិតក្រៅប្រអប់ (Thinking Outside the Box) ជាឃ្លាប្រៀបធៀបមួយដែលគេប្រើសម្រាប់ការបង្កើតគំនិតច្នៃប្រតិដ្ឋ ឬរំលឹកអ្នកពីរបៀបធ្វើអ្វីមួយដោយប្រើមធ្យោបាយផ្សេងៗ។ និយាយរួម ការគិតក្រៅប្រអប់ សម្គាល់ដល់ការធ្វើឲ្យប្លែក ធ្វើឲ្យខុសផ្សេង មិនធ្វើដដែលៗទៀត សាកល្បងគិតថ្មី គិតឲ្យវែងឆ្ងាយ មិនអភិរក្សនិយម ឬហ៊ានធ្វើការផ្លាស់ប្ដូរ ដើម្បីទៅកាន់ តំបន់សុវត្ដិភាព (Comfort Zone) មួយហើយមួយទៀត ជាដើម។
ហេតុអ្វីបានជាសហគ្រិនចាំបាច់ត្រូវតែជាមនុស្សដែល ការគិតក្រៅប្រអប់ (Think Outside the Box) ?
សហគ្រិន ត្រូវតែធ្វើអ្វីមួយប្លែកពីគេ សម្រាប់យកទៅបម្រើអតិថិជន។ ការផ្ដល់អ្វីដែលពិសេសផ្សេងពីគេនេះហើយ ដែលបានបង្កើតតម្លៃផ្ទាល់ខ្លួនក្នុងភាពជាសហគ្រិន។ តម្លៃនេះឯងនឹងគាំទ្រអាជីវកម្មឲ្យរីកលូតលាស់។ មានមូលហេតុជាច្រើនទៀត ដែលសហគ្រិនត្រូវតែជាមនុស្សដែល គិតក្រៅប្រអប់ ដោយហេតុថា សហគ្រិន គឺជាមនុស្សដែលពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋ ដូច្នេះអ្នកមិនអាចនៅទ្រឹងមួយកន្លែងបានទេ ពោលគឺត្រូវរកអ្វីថ្មី និងបង្កើតថ្មីជានិច្ច។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវគិតក្រៅប្រអប់៖
១. បង្កើតដំណោះស្រាយការងារថ្មី
ជាការពិត សហគ្រិន គឺជាអ្នកបង្កើតវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហារបស់អតិថិជន ដែលមានន័យថាវិធីសាស្រ្ដដែលអ្នករកឃើញ នោះគឺជាអាជីវកម្មរបស់អ្នក។ ប៉ុន្ដែ តើអ្នកគួរតែប្រើវិធីសាស្ត្របែបនេះរហូតឬយ៉ាងណា? ឧទាហរណ៍៖ អ្នកបានបង្កើតក្រុមហ៊ុនមួយដែលផ្ដល់សេវាកម្មរៀបចំបិទបញ្ជីគណនេយ្យ ដោយប្រើមនុស្សជាអ្នកគណនា និងកត់ត្រា។ ដំបូង វាអាចជាដំណោះស្រាយអាជីវកម្មដែលល្អសម្រាប់អតិថិជនរបស់អ្នក ប៉ុន្ដែនៅពេលនេះមានក្រុមហ៊ុនមួយទៀតបានបង្កើតម៉ាស៊ីនស្វ័យប្រវត្ដិក្នុងការរៀបចំបញ្ជីគណនេយ្យដោយម្ចាស់សហគ្រាសអាចធ្វើវាបានដោយខ្លួនឯង នោះតើសេវាកម្មរបស់អ្នកគិតយ៉ាងណា? នេះជាចំណុចហានិភ័យមួយដែលអ្នកត្រូវតែ គិតក្រៅប្រអប់ ដើម្បីបង្កើតដំណោះស្រាយបង្ការទុកមុន។
២. ដើម្បីបង្កើតគំនិតថ្មី និងមធ្យោបាយថ្មីដែលល្អជាងមុន
អ្នកគួរសួរខ្លួនឯងនូវសំនួរមួយថា “តើអ្នកបានធ្វើឲ្យអាជីវកម្មរបស់អ្នកដំណើរការល្អប្រសើរហើយមែនទេ? និងតើអ្នកពេញចិត្តនឹងផលិតផល ឬសេវាកម្មដែលអ្នកបង្កើតហើយមែនទេ?” នៅពេលដែលអ្នកគិតថា វាគ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើការអភិវឌ្ឍវាបន្ដទៀតនោះទេ ដោយលើកហេតុផលថា ផលិតផលនេះគឺអាចប្រើការបានហើយ នោះ វាអាចនឹងមានហានិភ័យនៅពេលក្រោយ ដោយសារតែដៃគូប្រជែងរបស់អ្នកនឹងបង្កើតផលិតផលថ្មីមកជំនួសផលិតផលអ្នក។ នៅចំណុច ចង់បញ្ជាក់ថាអ្នកមិនគួរពេញចិត្ដនឹងរបកគំហើញដំណាក់កាលដំបូងរបស់អ្នកនោះទេ តែត្រូវធ្វើការអភិវឌ្ឍវា រហូតឈានដល់ចំណុចកំពូល។ សំណួរដែលអ្នកគួរសួរដើម្បី គិតក្រៅប្រអប់ គឺហេតុអ្វី…? ប្រសិនបើយើង…? តើយើងគួរតែ…?
៣. ដើម្បីឲ្យអ្នកអាចសម្របខ្លួនជាមួយនឹងពិភពខាងក្រៅ
ការគិតក្រៅប្រអប់ វានឹងជួយឲ្យអ្នកមានការផ្លាស់ប្ដូរទស្សនៈនាពេលកន្លងមក ឲ្យមកជាទស្សនសកលមួយដែលអាចឆាប់ចុះសម្រុងជាមួយគេបាន។ នៅពេលអ្នក គិតក្រៅប្រអប់ នោះអ្វីដែលមើលឃើញគឺពិភពលោកមួយដ៏ធំធេង។ នៅពេលមានការប្រែប្រួលនៃបច្ចេកវិទ្យា អ្នកមិនមានការរង្គោះរង្គើដោយសារតែ អ្នកបានដឹងវាហើយ ហើយក៏យល់ពីសារសំខាន់របស់វា។ នៅពេលជួបនរណាម្នាក់ អ្នកអាចធ្វើការសម្របខ្លួនទៅតាមបរិបទមួយដែលអ្នកមិនដែលជួបប្រទះពីមុនបានយ៉ាងល្អ ព្រោះអ្នកមានផ្នត់គំនិតមួយថា អ្នកមិនអាចរឹងត្អឹងពេកនោះទេ ពោលគឺទទួលយកអ្វីដែលថ្មីទុកក្នុងខ្លួនជានិច្ច។
៤. ដើម្បីបង្កើតទស្សនវិស័យមួយដែលវែងឆ្ងាយ និងអស្ចារ្យ
ចំណុចខ្លាំងរបស់សហគ្រិនម្នាក់ គឺចក្ខុវិស័យ។ សហគ្រិនគឺ ប្រជែងគ្នាតាមរយៈការបង្កើតចក្ខុវិស័យ អ្នកណាដែលសម្លឹងបានឆ្ងាយជាង អ្នកនោះជាសហគ្រិនដែលអស្ចារ្យជាង និងអាចជាមនុស្សដែលកែប្រែការរស់នៅរបស់ពិភពលោកទៀតផង។ ប្រសិនបើអ្នកមិនបើកចិត្តមើលទៅពិភពលោកទេ នោះពិភពលោកដែលនៅក្នុងចិត្ដរបស់អ្នក គឺតូចចង្អៀតណាស់។ Thinking Outside the Box វាជារឿងមួយដែលសហគ្រិនត្រូវតែគិត ដើម្បីទម្លុះនូវរនាំងដែលបិទបាំងភ្នែករបស់អ្នកកន្លងមកដោយមិនឲ្យមើលបានឆ្ងាយ។ ដូច្នេះ Thinking Outside the Box នោះអ្នកនឹងមិនក្លាយជាសហគ្រិនដែលរស់នៅក្នុងអណ្ដូងទៀតទេ។
៥. ដើម្បីបង្កើតប្រសិទ្ធភាពការងារ
ហេតុអ្វី Thinking Outside the Box អាចជួយបង្កើតប្រសិទ្ធភាពការងារ? ជាការពិតណាស់ នៅក្នុងក្រុមហ៊ុននីមួយៗសុទ្ធតែបង្កើតឲ្យមានវប្បធម៌ការងារផ្សេងៗគ្នា។ ក្រុមហ៊ុនខ្លះ មានភាពតឹងតែង ក្រុមហ៊ុនខ្លះ មិនសូវជាខ្វល់រឿងវិន័យ តែខ្វល់ពីលទ្ធផលជាង។ ប៉ុន្ដែ តើមួយណាជាជម្រើសដែលល្អសម្រាប់ក្រុមហ៊ុនអ្នក? ប្រសិនបើក្រុមហ៊ុនអ្នក ជាក្រុមហ៊ុនមួយដែលមានវប្បធម៌ការងារតឹងតែងតាំងពីដើមមក ដែលមានន័យថា បុគ្គលិកស្ទើរតែគ្មានពេលនិយាយលេងជាមួយគ្នា ឬក្រុមហ៊ុនរបស់អ្នកមិនដែលមានវប្បធម៌ផ្ដល់អាហារដល់បុគ្គលិកនោះទេ ដោយសារតែវាជាការចំណាយខ្ជះខ្ជាយជាដើម។ ប៉ុន្ដែនៅពេលនេះ អ្នកត្រូវដាក់សំនួរសួរខ្លួនឯងថា ប្រសិនបើអ្នក Thinking Outside the Box ហើយចាប់ផ្ដើមដើរចេញពីវប្បធម៌ការងារចាស់ មកបង្កើតវប្បធម៌ថ្មីដែលមានភាពទាន់សម័យ និងជាតម្រូវការរបស់បុគ្គលិករបស់អ្នក តើបុគ្គលិករបស់អ្នកសប្បាយចិត្ដដែរឬទេ? បើពួកគេសប្បាយចិត្ដ នោះផលិតភាពការងាររបស់ពួកគេ ក៏កើនទៅតាមនោះដែរ។
គិតក្រៅប្រអប់! ឧទាហរណ៍មួយចេញពីសេវាកម្មហៅតាក់ស៊ីតាម APP ទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Uber ។ នេះជាជោគជ័យអាជីវកម្មមួយប្រភេទ ដែលកើតចេញពីការគិតខុសពីអ្វីដែលមានស្រាប់ ហើយនេះជាការគិតក្រៅប្រអប់នោះឯង។ សហគ្រិន ត្រូវគិតអ្វីដែលលើសពីមនុស្សទូទៅគិត ដើម្បីផ្ដល់របៀបថ្មីមួយទៀត ដែលកាន់តែងាយស្រួល។
អត្ថបទទាក់ទង