គោលការណ៍សំខាន់ៗចំនួន ៣ ដើម្បីផ្សព្វផ្សាយយីហោផ្ទាល់ខ្លួន

របៀបដែលអតិថិជនរបស់អ្នក មើលឃើញពីសមិទ្ធផល បុគ្គលិកលក្ខណៈ វិធីសាស្រ្ត និងគុណភាពការងាររបស់អ្នក គឺពិតជាមាសារសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់អ្នក។ យីហោផ្ទាល់ខ្លួនរបស់អ្នកដែលជាការបញ្ចូលចំណុចទាំងអស់ខាងលើចូលគ្នា ហើយវានៅតែមានសារៈសំខាន់រហូត ដោយសារវាជាប្រភពដែលធ្វើឱ្យគេទុកចិត្តអ្នក។ ហេតុដូច្នេះហើយ វាជាការចាំបាច់ណាស់ ដែលអ្នកត្រូវចេះបញ្ចេញសក្តានុពលឱ្យបានពេញលេញ។ ការទទួលបានទំនុកចិត្ត និងការជឿជាក់ពីអ្នកដទៃ អាស្រ័យទាំងស្រុងលើទង្វើរបស់អ្នក។ បើអ្នកអាចវេចខ្ចប់កេរ្តិ៍ឈ្មោះរបស់អ្នកទៅជាយីហោផ្ទាល់ខ្លួនដែលមនុស្សទូទៅអាចទុកចិត្តបាន នោះពាណិជ្ជកម្មរបស់អ្នក គ្មានអ្វីជាបញ្ហាទេ។ 

ខាងក្រោមនេះជាគោលការណ៍សំខាន់ៗចំនួន ៣ សម្រាប់បង្កើតយីហោផ្ទាល់ខ្លួនដ៏ជោគជ័យ ដើម្បីត្រួសត្រាយផ្លូវជោគជ័យទាំងសម្រាប់ខ្លួនអ្នក និងសម្រាប់ពាណិជ្ជកម្មរបស់អ្នក៖

១. ចាត់ទុកការអភិវឌ្ឍយីហោផ្ទាល់ខ្លួនជាការវិនិយោគយូរអង្វែងទៅមុខ

ភាពអត់ធ្មត់ ជាគុណធម៌ចាំបាច់មិនអាចខ្វះបាន។ ជាទូទៅ គោលដៅពាណិជ្ជកម្មរបស់អ្នក អាចទទួលបានជោគជ័យ ឬមិនជោគជ័យអាស្រ័យលើការប្រឹងប្រែងរបស់អ្នក។ ប៉ុន្តែក្នុងពេលជាមួយគ្នា អ្នកត្រូវចងចាំទុកថា រឿងល្អកើតឡើងចំពោះមនុស្សដែលអាចរង់ចាំបាន។ អ្នកមិនអាចធ្វើកិច្ចការអ្វីមួយ ហើយរំពឹងចង់ទទួលបានលទ្ធផលភ្លាមៗទេ។ ការងារមានច្រើនប្រភេទ ខ្លះឱ្យផលភ្លាម ហើយខ្លះទៀតឱ្យផលនៅពេលយូរអង្វែងទៅមុខ។ 

ការអភិវឌ្ឍយីហោផ្ទាល់ខ្លួនដែលស៊ីជម្រៅ នឹងជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជនគោលដៅដែលនឹងនាំពាណិជ្ជកម្មរបស់អ្នកទៅរកលទ្ធផលល្អ។

២. ផ្សព្វផ្សាយយីហោរបស់អ្នក

អ្នកជំនាញខាងអភិវឌ្ឍយីហោផ្ទាល់ខ្លួន លោក Gary Vaynerchuk អះអាងថា អ្នកចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់ចំពោះខ្លួនឯងឱ្យដល់កម្រិត ១០០%។ អ្នកត្រូវបង្កើតប្រវត្តិរូបនៅលើវេទិកាសមស្របសម្រាប់សហគ្រិនយ៉ាងហោចណាស់ឱ្យបានពីរកន្លែងដូចជានៅលើ LinkedIn និង Instagram ជាដើម ហើយផ្តោតលើការអភិវឌ្ឍប្រវត្តិរូបពិតប្រាកដដែលធ្វើឱ្យអតិថិជនងាយស្គាល់។ នៅក្នុងប្រវត្តិរូបរបស់អ្នក ក៏ត្រូវមានការបង្ហាញទស្សនវិជ្ជាពាណិជ្ជកម្មរបស់អ្នក និងធ្វើយ៉ាងណាឱ្យគេឃើញថាអ្នកអនុវត្តទ្រឹស្តីទាំងនោះមែន។  

៣. បញ្ជូនទៅរកអតិថិជនគោលដៅជាក់លាក់

លោកស្រី Kylie Jenner ប្រហែលមិនមែនជាមនុស្សដែលមានអ្វីគួរឱ្យអ្នកជំនួញចង់តាមដានទេ ប៉ុន្តែការពិតលោកស្រីជាសហគ្រិនម្នាក់ដែលសហគ្រិនផ្សេងទៀតគួរតែរៀនតាម។ លោកស្រីកំណត់គោលដៅអតិថិជនច្បាស់លាស់ណាស់ គឺលោកស្រីផ្តោតលើគោលដៅជាមនុស្សស្រីដែលមានអាយុចន្លោះពី ១៨ ដល់ ៣៨ឆ្នាំ ហើយផ្សព្វផ្សាយតែសារណាដែលស្ថិតនៅក្នុងចំណោមមនុស្សវ័យទាំងនេះទេ។ 

បើចង់ជោគជ័យ អ្នកត្រូវកំណត់អតិថិជនគោលដៅឱ្យច្បាស់ បន្ទាប់មករៀបចំផែនការ និងធ្វើប្រតិបត្តិការយុទ្ធសាស្រ្តទីផ្សាររបស់អ្នក។

សម្រួលពី៖ Samuel Leach (2021), 3 Principles for Personal Branding Success, Entrepreneur Asia Pacific


អត្ថបទទាក់ទង

មេរៀនអភិវឌ្ឍន៍ខ្លួនចំនួន ៤ ដែលអ្នកគួរសិក្សារៀនសូត្រ

 

Leave a Reply

Your email address will not be published. Required fields are marked *