កត្តាធំៗ ៣ សំខាន់បំផុត ដែលជារឿយៗបានធ្វើឲ្យមនុស្សផ្លាស់ប្តូរ

សម្រាប់ការផ្លាស់ប្តូរ គឺលំបាកពេលដំបូង ហើយស្មុគស្មាញច្របូកច្របល់នៅពាក់កណ្តាល ប៉ុន្តែអស្ចារ្យនៅពេលចុងបញ្ចប់។ – រូប៊ីន ស្សាម៉ា (Robin Sharma) អ្នកនិពន្ធ និងគ្រូបណ្តុះបណ្តាលជាតិកាណាដា

នរណាក៏ដូចជានរណាដែរ ឲ្យតែពេលវេលាដើរទៅមុខ ពួកគេសុទ្ធតែបានផ្លាស់ប្តូរ មិនថាប្តូរតិច ឬច្រើន ឬប្តូរទៅរកភាពវិជ្ជមាន ឬអវិជ្ជមាននោះទេ។ ប៉ុន្តែមិនមែនគ្រប់ការផ្លាស់ប្តូរទាំងអស់សុទ្ធតែមានប្រយោជន៍ល្អទាំងអស់នោះឡើយ ខណៈដែលភាពផ្លាស់ប្តូរមួយចំនួនទៀតអាចជារឿងល្អមួយសម្រាប់ពួកគេ និងមនុស្សជុំវិញខ្លួនផ្ទាល់។

ដើម្បីសិក្សាឲ្យដឹងថា ហេតុអ្វីបានមនុស្សម្នាក់បែរជាផ្លាស់ប្តូរខ្លួនឯងឲ្យទៅជាមនុស្សមួយទៀតផ្សេង មានកត្តាច្រើនណាស់ដែលគេត្រូវពិចារណា តាំងពីមនុស្ស និងបរិស្ថានជុំវិញខ្លួនរបស់ពួកគេជាដើម។ ក្នុងកត្តាទាំងអស់នោះ មានកត្តាធំៗ ៣ សំខាន់បំផុត ដែលជារឿយៗបានធ្វើឲ្យមនុស្សផ្លាស់ប្តូរ ដោយក្នុងនោះមានដូចជា៖

១. ពួកគេមើលរៀនបានច្រើនជាងមុន

មនុស្សជាច្រើនបានធ្វើការផ្លាស់ប្តូរដោយសារតែគេពួកគេទទួលបានចំណេះដឹង និងបទពិសោធន៍ច្រើនជាងមុន។ ភាគច្រើនហេតុផលនេះ តែងធ្វើឲ្យមនុស្សផ្លាស់ប្តូរទៅជាមនុស្សល្អជាងមុន ព្រោះពួកគេដឹងថាអ្វីដែលល្អសម្រាប់ពួកគេដែលត្រូវឲ្យពួកគេប្រកាន់យក ហើយអ្វីដែលមិនល្អដែលត្រូវឲ្យគេបោះបង់។

បើអ្នកមិនផ្លាស់ប្តូរទេ អ្នកក៏មិនរីកលូតលាស់អ្វីដែរ។ ប្រសិនបើអ្នកមិនលូតលាស់ទេ នោះក៏មិនហៅថាជាការរស់នៅដែរ។ – ហ្គេល ស្សុីហ៊ី (Gail Sheehy) អ្នកនិពន្ធ​ និងជាសាស្រ្តាចារ្យជាតិអាមេរិច

២. ពួកគេឈឺចាប់ខ្លាំងពេក

ភាពឈឺចាប់ គឺជាហេតុផលចម្បងមួយទៀតដែលធ្វើឲ្យមនុស្សផ្លាស់ប្តូរផងដែរ ប៉ុន្តែកត្តាទី២ នេះអាចនឹងធ្វើឲ្យមនុស្សប្តូរទៅជាល្អជាងមុន ឬអាក្រក់ជាងមុន អាស្រ័យទៅតាមការយល់ឃើញរបស់បុគ្គល។ ភាពឈឺចាប់ធ្វើឲ្យពួកគេកែប្រែ ព្រោះពួកគេមិនចង់ឲ្យរឿងដដែលនោះកើតមានលើរូបគេម្តងទៀត។

ជីវិតរបស់អ្នកអាចល្អប្រសើរឡើងមិនមែនដោយសារ “ភព្វសំណាង” នោះទេ គឺដោយសារ “ការផ្លាស់ប្តូរ” ។ – ជីម រ៉ន (Jim Rohn) អ្នកជំនួញអាមេរិច

៣. ពួកគេធុញនឹងភាពដដែល

កត្តាចម្បងទី៣ គឺកើតឡើងដោយសារតែសាមីខ្លួនធុញនឹងភាពដដែលរបស់ខ្លួន អញ្ចឹងហើយទើបបានជាខ្លួនចង់ស្វែងរកអ្វីដែលថ្មីមកសាកល្បង ឬអនុវត្ត។ កត្តាទី៣ នេះ ក៏ភាគច្រើនធ្វើឲ្យពួកគេកែប្រែជាមនុស្សប្រសើរជាងមុនផងដែរ។

ដើម្បីធ្វើឲ្យប្រសើរឡើង អ្នកត្រូវតែផ្លាស់ប្តូរ ហើយប្រសិនចង់ឲ្យល្អឥតខ្ចោះ ចូរផ្លាស់ប្តូរឲ្យ​បានញឹកញាប់បំផុត។ – វីនស្តុន ឆឺឈីល (Winston Churchill) នាយករដ្ឋមន្រ្តីអង់គ្លេស


អត្ថបទទាក់ទង

ហេតុអ្វីបានជាការគិតរបស់អ្នកនៅថ្ងៃនេះ នឹងប្រាប់ពីជោគវាសនារបស់អ្នកនៅអនាគត?

 

Leave a Reply

Your email address will not be published.