ទម្លាប់សំខាន់ៗ ៣ ដែលអាចបង្កើនផលិតភាពការងាររបស់អ្នក

តើមនុស្សខ្លះអាចធ្វើការក្នុងមួយថ្ងៃបានច្រើនជាងមនុស្សខ្លះទៀតដោយរបៀបណា? តើមនុស្សដែលពូកែធ្វើការទាំងនេះមានលក្ខណៈពិសេសពីកំណើតដែលមនុស្សផ្សេងទៀតមិនមានមែនទេ? ការពិតមិនមែនបែបនេះទេ គឺមានតែទម្លាប់ដែលគេអនុវត្តតាមរាល់ថ្ងៃប៉ុណ្ណោះ។

រូបមន្តផលិតភាពការងារ (Productivity = Outputs ÷ Inputs)

  • Inputs គឺជាការចំណាយទៅលើការផលិត ទីកន្លែង និងកម្លាំងពលកម្ម (Production, Facilities, Workers)
  • Outputs គឺជាទិន្នផលដែលបានមកពីការផលិត ការប្រើសប្រាស់ទីកន្លែង និងការប្រើប្រាស់កម្លាំងពលកម្ម (Profit, Services, Products)

ខាងក្រោមនេះជាទម្លាប់លេចធ្លោបីដែលធ្វើឱ្យមនុស្សជោគជ័យបង្កើតផលិតភាពក្នុងពេលវេលាដែលគេមាន ៖

១. មានទម្លាប់ចាប់ផ្តើមពេលវេលារាល់ព្រឹក

របៀបដែលលោកអ្នកចាប់ផ្តើមពេលវេលារាល់ព្រឹកនឹងកំណត់របៀបធ្វើការពេញមួយថ្ងៃរបស់លោកអ្នក។ បើចាប់ផ្តើមពេលព្រឹកដោយស្ថានភាពប្រញ៉ាប់ប្រញ៉ាល់ និងជ្រួលច្របល់ ស្ថានភាពនេះនឹងជះឥទ្ធិពលលើរបៀបធ្វើការទាំងអស់ពេញមួយថ្ងៃ។ ដើម្បីសម្រេចបានផលិតភាពខ្ពស់ សហគ្រិនជោគជ័យមួយចំនួនចាប់ផ្តើមពេលព្រឹកដោយទម្លាប់ទាំងនេះ ៖

  • ផឹកទឹកមួយលីត្រលាយជាមួយទឹកក្រូចឆ្មារ
  • ហាត់ពត់ខ្លួនប្រាណសម្រួលសាច់ដុំនិងលំហូរឈាមរយៈពេល១០នាទី
  • ស្តាប់ឬអានសៀវភៅឬអត្ថបទដែលលើកកម្លាំងចិត្ត
  • ជៀសវាងមិនមើលសារលើបណ្តាញសង្គមដែលភាគច្រើនជាដំណឹងអវិជ្ជមាន
  • ទទួលទានអាហារពេលព្រឹកដែលសម្បូរដោយប្រូតេអ៊ីននិងខ្លាញ់

២. រៀបចំចិត្ត និងកាយសម្រាប់ផលិតភាពកាន់តែខ្ពស់

នៅពេលលោកអ្នកសួរសហគ្រិនជោគជ័យថាតើទម្លាប់ហាត់ប្រាណនិងការទទួលទានអាហារប្រចាំថ្ងៃរបស់លោកអ្នកមានឥទ្ធិពលអ្វីដល់របៀបធ្វើការនិងកម្រិតថាមពលរបស់លោកអ្នកទេ?​ គេប្រាកដជាឆ្លើយថាគ្មានប្រភពថាមពលណាអាចប្រៀបបាននឹងទម្លាប់ទាំងពីរនេះទេ។ មនុស្សជាច្រើនស្វែងរកឧបករណ៍ ឬកម្មវិធីដែលជួយឱ្យគេធ្វើការទទួលបានផលិតភាពខ្ពស់ ប៉ុន្តែការប្រឹងប្រែងប្រើប្រាស់ឧបករណ៍ជំនួយច្រើនពេកមិនមែនជាជម្រើសល្អទេ។ ការត្រៀមចិត្តនិងកាយឱ្យបានល្អទើបជាចំណុចចាប់ផ្តើមដែលត្រឹមត្រូវ។

សូមគិតបន្តិចទៅមើល បើថាមពល សុខភាព និងចិត្តរបស់លោកអ្នកមិនអាចធ្វើការបានក្នុងកម្រិតល្អបំផុតទេ តើលោកអ្នកអាចធ្វើការបានល្អបំផុតដោយរបៀបណា? ការហាត់ប្រាណជាប្រចាំ អាហារូបត្ថម្ភត្រឹមត្រូវ ការគេងគ្រប់គ្រាន់ និងទម្លាប់ល្អៗដែលជួយដល់សុខភាពសុទ្ធតែមានឥទ្ធិពលយ៉ាងខ្លាំងលើថាមពលប្រចាំថ្ងៃរបស់លោកអ្នក។

៣. មិនធ្វើការរហូតដល់គ្មានពេលសម្រាក

ខុសពីជំនឿទូទៅ មនុស្សដែលជោគជ័យមិនធ្វើការរហូតដល់គ្មានពេលសម្រាក ឬចុងសប្តាហ៍នោះទេ។ ការយល់ខុសថាត្រូវតែធ្វើការរាល់ថ្ងៃនេះអាចនាំទៅរកការបំផ្លាញខ្លួនឯង។ នៅក្នុងរយៈពេលខ្លី លោកអ្នកអាចរុញច្រានខ្លួនឯងឱ្យហួសកម្រិតបានខ្លះ ប៉ុន្តែបើធ្វើការបែបនេះយូរទៅ វាអាចនឹងធ្វើបំផ្លាញផលិតភាពជាទូទៅនិងប្រសិទ្ធភាពរបស់លោកអ្នកទៅវិញ។

លោក Josh Waitzkin អ្នកនិពន្ធសៀវភៅ The Art of Learning និយាយអំពីការបង្កើតសម្ពាធអារម្មណ៍ និងការសម្រាកថា លោកអ្នកត្រូវតែបង្កើតនិងកំណត់ពេលសម្រាកនិងពេលផ្តោតចិត្តធ្វើការឱ្យបានច្បាស់លាស់ដូចគ្នា។ នៅពេលលោកអ្នកនឿយហត់អស់កម្លាំងកាយចិត្ត លោកអ្នកមិនអាចធ្វើការបានល្អដល់កម្រិតដែលចង់បាននោះទេ។

លោក Will Bunker សហស្ថាបនិកក្រុមហ៊ុន Match.com និយាយថា​​ “ការដើរចេញទៅក្រៅយ៉ាងទៀតទាត់អាចជួយជម្រះចិត្តនិងជម្រុះគំនិតរញ៉េរញ៉ាយខ្លះចោលបាន។” លោកបានកំណត់ពេលដើរបែបនេះរាល់ថ្ងៃមិនដែលខកខានទេ។ ការយកពេលសម្រាកមកដើរបែបនេះជាការបញ្ចូលថាមពលរាងកាយ និងថាមពលផ្លូវចិត្តឡើងវិញសម្រាប់ធ្វើការងារបន្ទាប់។


អត្ថបទទាក់ទង

វិធី​សាស្រ្ត ៤ ​យ៉ាងដើម្បី​ប្រើប្រាស់​ទេពកោសល្យ ឬ​ទម្លាប់​ឱ្យធ្វើ​ការបម្រើ​អ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *