អាថ៌កំបាំងចំនួន ៣ សម្រាប់ពង្រឹងភាពខ្លាំខាងផ្លូវចិត្តរបស់អ្នក

យើងភាគច្រើនយល់ដឹងអំពីរបៀបសាងភាពខ្លាំងនៃរាងកាយ ប៉ុន្តែ​មានមនុស្សជាច្រើន​មានការភាន់ច្រឡំ អំពីជំហានដើម្បីឈានទៅរកការសាងភាពខ្លាំងនៃចិត្ត។ ក្នុងចំណោមវិធីសាស្រ្តជាច្រើនក្នុងការពង្រឹងផ្លូវចិត្ត មានអាថ៌កំបាំងចំនួន ៣ ដែលអ្នកត្រូវយល់ដឹង៖

១. និយាយជាមួយខ្លួនឯងដូចជាមិត្តដ៏គួរឲ្យទុកចិត្តម្នាក់ (Talk to Your Yourself Like a Trusted Friend)

អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ​មនុស្សយើងមានការគិត ៧ម៉ឺនដង ក្នុង១ថ្ងៃ។ វាមានន័យថា អ្នកមាន ៧ម៉ឺនឱកាស សម្រាប់១ថ្ងៃ ក្នុងការធ្វើឲ្យចិត្តរបស់អ្នកខ្លាំង ឬចុះខ្សោយ។

ការគិតរបស់អ្នក មានឥទ្ធិពលធំធេងខ្លាំងណាស់ទៅលើអារម្មណ៍ ​និង​អាកប្បកិរិយារបស់អ្នក។ អ្វីៗក្នុងខ្លួនអ្នក នឹងមានដំណើរការឆ្ពោះទៅរកការគិតរបស់អ្នក។ ឧទាហរណ៍ ការគិតថា “ខ្ញុំនឹងមិនអាចប្រលងជាប់ការងារនេះទេ”“គ្មាននរណាមួយនឹងស្តាប់ខ្ញុំទេ” នឹងមានឥទ្ធិពលលើ​អកប្បកិរិយារបស់អ្នកនៅក្នុងផ្លូវមួយ ​ដែលអ្នកនឹង​ទទួលបានផលបែបនេះ។

ចូរចាប់ផ្តើមអនុវត្ត ដោយផ្លាស់ប្តូរ​ការគិតបែបអវិជ្ជមាន​ចេញ ដោយជំនួសមកវិញ​នូវការគិត​បែបវិជ្ជមាន​ជាមួយភាព​ជាក់ស្តែង។ នៅពេលដែលអ្នកដឹងខ្លួនថា អ្នកកំពុងគិតថា “ខ្ញុំនឹងចាញ់ ឬ ខ្ញុំគ្មានតម្លៃទេ” ចូរប្រាប់ខ្លួន​អ្នកថា ការគិតនេះ​ គឺមិនត្រឹមត្រូវនោះ​ទេ។

ចូរអនុវត្តដោយសួរខ្លួន​ឯងថា “ខ្ញុំនឹងនិយាយប្រាប់មិត្តរបស់ខ្ញុំថាម៉េច ប្រសិនបើគាត់គិត ​និង​និយាយ​បែបអវិជ្ជមាន​ចំពោះខ្លួនគាត់។” បន្ទាប់មក ចូរនិយាយពាក្យពីរោះ​លួងលោម និងលើកទឹកចិត្ត​បែបនេះចំពោះខ្លួនឯង។

២. គ្រប់គ្រងអារម្មណ៍របស់អ្នក (Take a Charge of Your Emotions)

ការបណ្តោយ​ឲ្យអារម្មណ៍​របស់អ្នកមកគ្រប់គ្រង​ជីវិតរបស់អ្នក វានឹងបំផ្លាញភាពខ្លាំង​ខាងផ្លូវចិត្តរបស់អ្នក។ ខណ:ពេលដែលវាជារឿងធម្មតា​ដែលយើងមានអារម្មណ៍មិនល្អ​ម្តងម្កាល ប៉ុន្តែការស្ថិតនៅជាមួយគំនិត​អវិជ្ជមាន ​វាដូចជាការដែលកំពុង​ចុះចំណោតមួយ​ដែលរអិលខ្លាំង​អញ្ចឹង – សេចក្ក្តីតីទុក្ខព្រួយ​ នាំទៅរកការសោកសង្រេង​អាណិតអាសូរខ្លួនឯង កំហឹងនាំទៅរក​ការឈឺចាប់ និងការថប់អារម្មណ៍​នឹងនាំទៅរក​ភាពភ័យខ្លាច។

បញ្ហាមួយចំនួនធំ​ កើតចេញពីសេចក្តីប្រាថ្នា​បញ្ចៀសការលំបាក។ ជាឧទាហរណ៍ មនុស្សដែល​ខ្លាច​បរាជ័យ តែងតែបោះបង់ការ​ប្រឈមថ្មីៗ​ក្នុងក្តីបំណងបញ្ចៀស​ក្តីកង្វល់។ ការបញ្ចៀសការលំបាក​ផ្លូវអារម្មណ៍ វាជាដំណោះស្រាយ​រយៈពេលខ្លី តែនឹងនាំអ្នកទៅជួបបញ្ហា​ក្នុងរយៈពេលវែង។

ការយល់ដឹងថា តើអារម្មណ៍​របស់អ្នកនឹងមាន​ឥទ្ធិពលលើជីវិត​របស់អ្នកយ៉ាងណា នឹងជួយអ្នក​ឲ្យចេះគ្រប់គ្រងអារម្មណ៍​របស់អ្នក ជាជាងការបណ្តោយ​ឲ្យអារម្មណ៍របស់អ្នក​គ្រប់គ្រងជីវិតរបស់អ្នក។ ចូរប្រឈមនឹង​អារម្មណ៍លំបាក​ទំាងឡាយ និងចាប់ផ្តើមគ្រប់គ្រងជីវិត​របស់អ្នក។ នៅពេលដែលអ្នកអាច​ប្រឈមនឹងភាពលំបាកផ្លូវអារម្មណ៍​បានកាន់តែច្រើន អ្នកនឹងពង្រឹងជំនឿជឿជាក់ក្នុងការទទួលយកបញ្ហាប្រឈមថ្មីៗ​បានកាន់តែច្រើនផងដែរ។

៣. ចូរធ្វើការបង្កើតជម្រើសដែលមានប្រយោជន៍ (Make a Productive Choice)

វាមិនអាចទៅរួចទេ​ ក្នុងការពង្រឹងចិត្តរបស់អ្នក នៅពេល​ដែលអ្នកប្រព្រឹត្តអាកប្បកិរិយា​ដែលបំផ្លាញខ្លួនឯង។ មនុស្សមួយចំនួន​ មានទម្លាប់មិនល្អ ហើយបញ្ចេញមកតាមរយៈ​អាកប្បកិរិយាអវិជ្ជមានជាទៀងទាត់​ ក្នុងការនិយាយស្តី និងទង្វើ​របស់ខ្លួន។ ទង្វើទាំងនោះ មើលទៅ​តូចតាច ដូចជាការរអ៊ូរទាំ​អំពីប្រធានរបស់អ្នក ចូលចិត្តនិយាយអំពី​ទុក្ខព្រួយ និយាយដើមអ្នកដទៃ ឬការខំប្រឹងបំពេញ​ចិត្តអ្នកដទៃ​គ្រប់គ្នា ក៏ប៉ុន្តែវាកំពុងតែបំផ្លាញ​ស្ថានភាពចិត្តអ្នក​ឲ្យចុះខ្សោយ។ នៅពេលអ្នកបន្តប្រតិបត្តិ​ទម្លាប់មិនល្អទាំងនេះ វានឹងមិនជួយឲ្យ​ចិត្តរបស់អ្នករឹងមាំទេ​ តែធ្វើឲ្យចិត្តអ្នកទន់ខ្សោយទៅវិញ។ 

នៅក្នុងមួយជីវិតអ្នក អ្នកមានពេលវេលា និងថាមពល​មិនច្រើនទេ។ បើអ្នកប្រើប្រាស់វាខុស វានឹងធ្វើឲ្យ​ចិត្តអ្នកកាន់តែខ្សោយ ហើយអ្នកកាន់តែធ្វើដំណើរ​ចេញឆ្ងាយពីគោលដៅ​របស់អ្នក។

ចូរសាងភាពខ្លាំងខាងផ្លូវចិត្តរបស់អ្នក

យើងទាំងអស់គ្នា សុទ្ធតែមានសមត្ថភាព​ក្នុងការពង្រឹងចិត្ត​របស់យើង ប៉ុន្តែវាមិនខុសគ្នាពីការហាត់​លើកសាច់ដុំរបស់យើងនោះទេ ការពង្រឹងចិត្តរបស់យើង​ត្រូវការការប្តេជ្ញាចិត្ត និង​ការតស៊ូយ៉ាងស្វិតស្វាញ។ ជាមួយនឹងការ​អនុវត្ត អ្នកនឹងបង្កើនសមត្ថភាព​របស់អ្នក ក្នុងការគ្រប់គ្រងការគិត គ្រប់គ្រងអារម្មណ៍ និង​មានអាកប្បកិរិយាល្អ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ការចេះបត់បែននឹង​បញ្ហាលំបាកដោយភាពអត់ធ្មត់ គឺជាគន្លឹះដ៏សំខាន់ដើម្បីឈានទៅដល់ការសម្រេចសក្តានុពលក្នុងជីវិតរបស់អ្នក។ មិនថាគោលដៅរបស់អ្នកវចង់ក្លាយជាអត្តពលិកដ៏ខ្លាំងពូកែ ឬក្លាយជាឪពុកម្តាយ​ដែលពោរពេញដោយភាពអត់ធ្មត់សណ្តោសប្រណី ភាពខ្លាំងខាងផ្លូវចិត្ត នឹងជួយ​អ្នកក្នុងការសម្រេចគោលដៅ​ជីវិត។

ប្រភព៖ Amy Morin, in the Psychology Today, “3 Secrets to Build Your Mental Strength”


អត្ថបទទាក់ទង

អនុវត្តវិធី៥យ៉ាងនេះ ដើម្បីបង្កើតភាពជឿជាក់ប្រកបដោយអនុភាព

One thought on “អាថ៌កំបាំងចំនួន ៣ សម្រាប់ពង្រឹងភាពខ្លាំខាងផ្លូវចិត្តរបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *