ហេតុផលសំខាន់ៗ ចំនួន៣ ដែលអ្នកគួរតែសាកល្បងអ្វីដែលថ្មី
ការសាកអ្វីដែលថ្មី វាគឺជារឿងដែលមានការលំបាកបន្តិច ព្រោះយើងហាក់ដូចជាបានបង្ខំខ្លួនរបស់យើងឲ្យសាកនូវអ្វីដែលវាមិនមែនជាទម្លាប់ ឬក៏អ្វីដែលយើងបានធ្វើរាល់ថ្ងៃ។ យើងមានភាពភ័យខ្លាចនៅក្នុងការសាកអ្វីដែលថ្មី ដោយសារតែយើងខ្លាចថាយើងធ្វើវាមិនបានល្អ ឬក៏មានពេលខ្លះ មកពីយើងមិនចង់តែម្ដងក៏ថាបានដែរ។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ចំនួន៣ ដែលអ្នកគួរតែសាកនូវអ្វីដែលថ្មី៖
១. អ្នកនឹងអាចរកអ្វីដែលអ្នកចូលចិត្តបំផុត
មានពេលខ្លះអ្នកមិនបានចូលចិត្តអ្វីដែលអ្នកកំពុងធ្វើនោះទេ ព្រោះថាវាមិនមែនជាការងារដែលអ្នកចូលចិត្ត ឬក៏មានមេដែលមិនចុះសម្រុងនឹងអ្នក ឬក៏មកពីមូលហេតុអ្វីម៉្យាង។ នេះក៏ជាមូលហេតុដែលអ្វើឲ្យអ្នក មិនអាចរីកចម្រើនបាននោះដែរ ហើយជួនកាល អ្នកមិនអាចរកឃើញអ្វីដែលខ្លួនឯងចូលចិត្តរហូតដល់ស្លាប់ក៏ថាបាន។ អញ្ចឹងហើយ អ្នកត្រូវតែទៅសាកល្បងអ្វីដែលអ្នកគិតថាថ្មីសម្រាប់អ្នក ជួនកាលអ្នកអាចរកឃើញអ្វីដែលអ្នកចូលចិត្តនៅក្នុងការធ្វើវា ហើយនៅពេលនោះ អ្នកនឹងរៀនបានច្រើន និងបានអភិវឌ្ឍន៍ខ្លួនរបស់អ្នកបានយ៉ាងឆាប់រហ័សថែមទៀតផង។
២. អ្នកនឹងបានជួបជាមួយនឹងមនុស្សថ្មីៗជាច្រើន
អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា ការមានទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗ វាគឺជារឿងដែលល្អបំផុត ព្រោះថាពេលខ្លះអ្នកអាចពឹងពាក់គេបាននៅក្នុងពេលណាមួយ។ រឿងនេះ គឺជាអ្វីម៉្យាងដែលអ្នកនឹងទទួលបាន នៅពេលដែលអ្នកបានទៅសាកល្បងនូវអ្វីដែលថ្មី។ ជឿខ្ញុំទៅ ការដែលស្គាល់មនុស្សថ្មីៗ វាមិនមែនជារឿងអាក្រក់អ្វីនោះទេ និយាយឲ្យអស់ទៅ គឺវាមិនបានធ្វើឲ្យអ្នកខាតបង់អ្វីនោះទេ។
៣. អ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ
វាមិនអាចទេ ដែលអ្នកអង្គុយនៅតែផ្ទះ ហើយទទួលបានបទពិសោធន៍នោះ។ ប្រាកដណាស់ អ្នកត្រូវតែចេញទៅខាងក្រៅ ទើបទទួលបានវា។ ជាមួយនឹងបទពិសោធន៍ដែលអ្នកបានទទួលនោះ អ្នកនឹងអាចស្វែងរកឃើញ និងដឹងថា អ្នកគឺជានរណាបានច្បាស់ជាងមុន ហើយវាក៏ជាផ្លូវមួយដែលអាចធ្វើឲ្យអ្នកឈានទៅរកនូវភាពជោគជ័យផងដែរ។
ជារួម ការសាកនូវអ្វីដែលថ្មី វាពិតជាមានផលប្រយោជន៍ដល់យើងច្រើនណាស់ មិនថាតែអ្វីដែលបានរៀបរាប់ខាងលើនោះទេ វាក៏នៅមានអ្វីដែលអ្នក មិនបានរំពឹងទុកថាវានឹងកើតឡើងថែមទៀតផង។
អត្ថបទទាក់ទង