វិធីសាស្រ្តចំនួន ៥ ដើម្បីកសាងទំនុកចិត្តលើខ្លួនឯង

មនុស្សគ្រប់គ្នា សុទ្ធតែកើតមកជាមួយនឹងសមត្ថភាពនិងទេពកោសល្យ ដែលធម្មជាតិបានផ្តល់ឱ្យរៀងៗខ្លួនតែអ្វីដែលធ្វើឱ្យ​មនុស្សម្នាក់ៗ មានលទ្ធផលខុសគ្នាគឺពួកគេមានស្ថានភាពនិងទំនុកចិត្តខុសគ្នាលើខ្លួ​នឯង។

ជាទូទៅ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងតែងតែជាមនុស្សដែលទទួលបានឱកាស និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនបានយ៉ាងអស់លទ្ធភាព ខុសពីអ្នកដែលមិនមានទំនុកចិត្តលើខ្លួនឯង ដែលតែងតែ​រារែកនិងមិនហ៊ានសម្រេចចិត្ត​ទោះបីជាឱកាសមកដល់ក៏ដោយ។

ដើម្បីទទួលបានភាពជោគជ័យ លុះត្រាតែលោកអ្នកមានទំនុកចិត្តលើខ្លួនឯងជាមុនសិន។ គ្រប់ការងារទាំងអស់ គឺសុទ្ធតែតម្រូវឱ្យអ្នកឆ្លងកាត់បញ្ហាទាំងអស់ ដែលជាហេតុធ្វើឱ្យអ្នកបាត់ទំនុកចិត្តលើខ្លួនឯងបានដោយងាយ។ ដូច្នេះទើបយើងបានពាំនាំមកនូវវិធីសាស្ត្រទាំង ៥ ខាងក្រោមនេះ៖

១. មានទំនុកចិត្តលើខ្លួនឯង

មានរឿងមួយដែលធ្វើឱ្យមនុស្សមានទំនុកចិត្តបំផុត នោះគឺការទុកចិត្តលើខ្លួនឯង។ អ្នកប្រហែលជាមិនដឹងទេថា មនុស្សគ្រប់រូប កើតមកជាមួយនឹងជំនឿលើខ្លួនឯងរួចទៅហើយ គ្រាន់តែមានអ្នកខ្លះនៅមិនទាន់រកឃើញនូវអ្វីមួយដែលធ្វើឱ្យពួកគេ បង្កើតទំនុកចិត្តលើខ្លួនឯង។ ទំនុកចិត្តនឹងជួយអ្នកឱ្យមាន ភាពជឿជាក់លើអ្វីគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ ក៏ដូចជារាល់បញ្ហាដែលអ្នកកំពុងជួបផងដែរ។ កាលណាអ្នកមានទំនុកចិត្តនោះមានន័យថាអ្នកបានដឹងពីកន្លែងដែលអ្នកត្រូវទៅ និងការងារដែលអ្នកត្រូវធ្វើ ដែលប្រកបជាមួយនឹងសេចក្តីជឿជាក់ផងដែរ។

មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ពួកគេនឹងមិនមានការសង្ស័យលើអ្វី ដែលខ្លួនកំពុងធ្វើឡើយ ផ្ទុយទៅវិញពួកគេប្រើប្រាស់សមត្ថភាពរបស់ពួកគេដើម្បីសម្រេចនូវការងាទាំងនោះទៀតផង។

២. ​បន្ថយការប្រៀបធៀប

ជាទូទៅ មនុស្សម្នាក់ៗតែងតែមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន តែជាទូទៅមនុស្សមួយចំនួនហាក់មិនបានគិតដល់ភាពធម្មតានៃស្ថានភាពទាំងអស់នោះទេ។ ក្នុងការរស់នៅជាក់ស្តែង មនុស្សជាច្រើនតែងតែធ្វើការប្រៀបធៀបពីខ្លួនឯងជាមួយអ្នកដទៃជំនួសឱ្យការខិតខំប្រឹងប្រែងស្គាល់ពីខ្លួនឯង។ ហេតុនេះហើយទើបធ្វើឱ្យគេខ្វះទំនុកចិត្តលើខ្លួនឯងហើយអង្គុយរង់ចាំមើលអ្នកដទៃទទួលបាន​សម្មិទ្ធផលល្អៗ និងអភិវឌ្ឍទៅវិញ។

ហេតុនេះជាដំណោះស្រាយ សូមកុំ​ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ តែគួរ​ចំណាយពេលស្វែងយល់ពីខ្លួនឯងដើម្បីអភិវឌ្ឍប្រកបដោយទំនុកចិត្ត​។

៣. កុំអនុញ្ញាតឱ្យចិត្តរបស់អ្នកគ្រប់គ្រងដោយអ្នកដទៃ

ភាពទន់ខ្សោយរបស់មនុស្ស គឺការដែលឱ្យអ្នកដទៃមានឥទ្ធិពលមកលើខ្លួនជ្រុលហួសហេតុពេក លើសពីកាតព្វកិច្ចរបស់អ្នកនៅក្នុងស្ថាប័ន (តែបើវាជារឿងថ្មី ហើយមានប្រយោជន៏សម្រាប់អ្នកទទួលទៅ)។ ពេលខ្លះ ការអនុញ្ញាតឱ្យអ្នកដទៃអាចគ្រប់គ្រងលើអារម្មណ៏របស់អ្នកបាន នោះមានន័យថាទំនុកចិត្តរបស់អ្នកមកលើខ្លួនឯងនឹងកាត់បន្ថយម្តងបន្តិចៗ។

ហើយពួកគេនឹងចាប់ផ្តើមគ្រប់គ្រងលើជីវិតរបស់អ្នក ហើយជីវិតរបស់អ្នកនឹងរស់នៅដោយពឹងផ្អែកលើអ្នកដទៃទាំងស្រុងហើយ។

៤. ស្វែងរកមនុស្សដែលអ្នកអាចរៀនពីគេបាន

ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត អ្នកត្រូវផ្តោតលើការអភិវឌ្ឍខ្លួនអ្នក ហើយដើម្បីអភិវឌ្ឍខ្លួន អ្នកត្រូវស្វែងរកប្រភពនៃការសិក្សាផងដែរ។ ដូច្នេះ អ្នកត្រូវជ្រើសរើសនរណាម្នាក់ ដែលអ្នកគិតថា ពួកគេអាចជួយអ្នកបានក្នុងការអភិវឌ្ឍខ្លួនរបស់អ្នក។ ហើយដើម្បីទទួលបានមនុស្សទាំងនោះ អ្នកត្រូវដឹងថា អ្នកត្រូវតែជាប្រភពមនុស្សដូចពួកគេដែរ ចង់ចេះ ចង់ដឹង និងចង់រៀនសូត្រ។

៥. រៀបចំផែនការអភិវឌ្ឍខ្លួនឯង

មនុស្សភ័យព្រួយនៅពេលពួកគេមិនត្រូវប្រឈមមុខជាមួយនឹងការងារ ឬការដោះស្រាយបញ្ហាដែលគេមិនចេះ និងមិនមានភាពច្បាស់លាស់។ ហេតុនេះការសិក្សារៀនសូត្រពីគ្រប់មជ្ឈដ្ឋាន ជាវិធីសាស្ត្រល្អបំផុតក្នុងការបំបាត់ភាពភ័យខ្លាចក្នុងការធ្វើអាជីវកម្មក៏ដូចជាការធ្វើការងារជាដើម។

ក្រោយពេលស្គាល់ខ្លួនឯងច្បាស់លាស់ហើយ អ្នកគួរ​ព្យយាម​រៀបចំផែនការឱ្យបានល្អដើម្បីដើរឱ្យដល់ចំណុចដែលអ្នកចង់ទៅ។ ជំនួសឱ្យការភ័យខ្លាចថាទៅមិនដល់ អ្នកគួរតែ​ដាក់ចិត្តដាក់កាយថា ដើម្បីទៅឱ្យដល់កន្លែងដែលអ្នកចង់ទៅតើអ្នកត្រូវត្រៀមខ្លួនអ្វីខ្លះ។ 

ហើយ​តើធ្វើបែបណាដើម្បីសម្រេចគោលដៅដែលអ្នកគិតថា មិនធ្លាប់បានទៅពីមុន។ បន្ទាប់មកចាប់ផ្តើមរៀបចំសកម្មភាពដើម្បីអភិវឌ្ឍខ្លួនឯង ពីមួយជំហានទៅមួយជំហានរហូតទៅឱ្យដល់ដោយភាពក្លាហាន។


អត្ថបទទាក់ទង

​របៀប​បង្កើន​ទំនុក​ចិត្ត​ក្នុង​ស្ថានភាព​ខុស​ៗ​គ្នា

 

Leave a Reply

Your email address will not be published.