គោលការណ៍សំខាន់ៗ ៣ យ៉ាងដែលធ្វើឲ្យជីវិតរីកចម្រើន
បើនិយាយដល់ភាពរីកចម្រើនក្នុងជីវិត គ្មាននរណាម្នាក់ដែលថាមិនចង់បាននោះទេ ព្រោះមនុស្សក្នុងលោកសន្និវាសយើងនេះ កើតឡើងតែងមានមហិច្ឆតានៃការរស់នៅ ប្រកបដោយភាពរីកចម្រើន ឧត្ដុង្គឧត្ដម និងសេចក្ដីថ្លៃថ្នូរ។
ក្នុងចំណោមមនុស្សដែលរស់នៅលើផែនដីយើងនេះ មានបុគ្គលខ្លះគេបានដល់ចំណុចកំពូលនេះហើយ ខណៈដែលមានបុគ្គលខ្លះបានត្រឹមតែសេចក្ដីប្រាថ្នាចង់បានប៉ុណ្ណោះ ព្រោះពួកគេមិនទាន់បានដឹង និងយល់ច្បាស់អំពីមធ្យោបាយដែលនាំឲ្យសម្រេចបាន និងនាំខ្លួនឲ្យឈានទៅដល់។ ខាងក្រោមនេះ គឺជាគោលការណ៍សំខាន់ៗ ៣ យ៉ាងដែលជាមធ្យោបាយ និងជាគតិនាំយើងទៅដល់ភាពរីកចម្រើនក្នុងជីវិត៖
គោលការណ៍ទី១៖ គោរពប្រតិបត្ដិតាមច្បាប់ធម្មជាតិ
មនុស្សរស់នៅក្រោមច្បាប់នៃធម្មជាតិ ជាអ្នកគ្រប់គ្រង។ ប្រសិនណាបើមនុស្សរស់ស្របតាមច្បាប់ធម្មជាតិ ធម្មជាតិនឹងផ្ដល់រង្វាន់យ៉ាងគាប់ចិត្ដ។ ប៉ុន្ដែប្រសិនបើប្រឆាំងនឹងធម្មជាតិ នោះធម្មជាតិនឹងផ្ដល់ទុក្ខទោសមកកាន់បុគ្គលនោះវិញជាក់ជាមិនខាន។ ឧទាហរណ៍ ៖ អ្នកដែលធ្វើល្អ មានគេស្រលាញ់ចូលចិត្ដច្រើន។ អ្នកដែលធ្វើអាក្រក់មានគេស្អប់ និងមិនចូលចិត្ដដូចគ្នា។
អ្នកដែលថែទាំផែនដី ព្រៃព្រឹក្សា ផែនដីព្រៃព្រឹក្សា អរគុណជូនពរអ្នក ជួយរ៉ាប់រងទំនងដូចជាសួតនៃពិភពលោក ដែលវិភាគទានជាឧស្ម័នអុកស៊ីសែនដ៏បរិសុទ្ធ សម្រាប់ជីវិតយើង ។ល។ ប្រការនេះដើម្បីឲ្យជីវិត យើងមានភាពរីកចម្រើន យើងត្រូវតែសិក្សាអំពីច្បាប់ធម្មជាតិ និងគោរពប្រតិបត្ដិតាមនៃច្បាប់ធម្មជាតិនោះ។
គោលការណ៍ទី២៖ បានស្ដាប់បានសិក្សាដោយល្អពីអ្នកប្រាជ្ញ
ដើម្បីឲ្យជីវិតមានភាពរីកចម្រើន មិនថាទៅដល់ទីណាឡើយ គេត្រូវតែរៀនសូត្រជានិច្ច។ ការសិក្សាមិនហួសសម័យកាលឡើយ។ ការសិក្សាគឺមធ្យោបាយតែម្យ៉ាង ដែលនាំយើងឲ្យសម្រេចគោលដៅ និងក្ដីស្រមៃ។ ក្នុងចំណោមការសិក្សារៀនសូត្រ មានវិធីសាស្ដ្រជាច្រើនដែលយើងគួរយកចិត្ដទុកដាក់។ ដូចជាការ ស្ដាប់គំនិតទស្សនៈរបស់អ្នកប្រាជ្ញ។ ក្នុងរឿងនេះ គឺយើងត្រូវមានការស្ដាប់ឲ្យច្រើនជាងនិយាយ ព្រោះស្របតាមច្បាប់ធម្មជាតិ ដែលបង្កើតត្រចៀកពីរ និងមាត់មួយ គឺជាតឹកតាងស្រាប់។ បុគ្គលដែលខ្លាំង មិនមែនពូកែនិយាយទេ តែគេពូកែស្ដាប់ផងដែរ។
ការដែលយើងស្ដាប់ច្រើន អានច្រើន ឈ្វេងយល់ច្រើន គិតច្រើន វិភាគច្រើន អនុវត្ដិច្រើន គឺជាមាគ៌ានាំយើងទៅរកភាពរីកចម្រើនក្នុងជីវិត។ ចំណេះដឹងដែលទទួលបានពីប្រភព៖
- អាន (Read) ស្មើនឹង ១០%
- ឮ (Hear) ស្មើនឹង ២០%
- ឃើញ (See) ស្មើនឹង ៣០%
- ត្រឹមតែឮ និងឃើញ (Hear and See) ស្មើនឹង ៥០%
- បានបកស្រាយ (Say) ស្មើនឹង ៧០%
- បកស្រាយបាន និងអនុវត្ដ (Say and Do) ស្មើនឹង ៩០% ។
គោលការណ៍ទី៣៖ សេពគប់បុគ្គលដែលជាសប្បុរស
ពាក្យថាបុគ្គលសប្បុរស គឺសម្ដៅដល់អ្នកដែលប្រព្រឹត្ដត្រឹមត្រូវ និងមានសមត្ថភាពពិតប្រាកដ។ ព្រោះមនុស្សបែបនោះ គេជាបុគ្គលជោគជ័យដ៏កំពូលម្នាក់រួចទៅហើយ ដោយគេបានបង្វឹកខ្លួនគេ និងបានគ្រប់គ្រងខ្លួនគេបានយ៉ាងល្អ។ គេបានឈ្នះខ្លួនគេរួចជាស្រេចទៅហើយ។ ឈ្នះគំនិតអវិជ្ជមាន ឈ្នះភាពមិនល្អក្នុងខ្លួន… ដោយផ្ទុយមកវិញ គេបានដាក់ផែនការជីវិតមួយ ដែលរស់នៅយ៉ាងមានសារសំខាន់ និងមានតម្លៃបំផុតក្នុងលោក។
ការសេពគប់ គឺសំខាន់ខ្លាំងណាស់ចំពោះជីវិតយើង ដែលប្រការនេះមិនអាច និងមិនយកចិត្ដទុកដាក់បានឡើយ ព្រោះប្រសិនណាបើយើងសេពគប់មនុស្សខុស គឺនឹងអាចនាំយើងទៅរកភាពបរាជ័យអស់មួយជីវិត។ មនុស្សដែលគិតតែពីភាពអវិជ្ជមាន ដឹកនាំយើងធ្វើក្នុងរឿងមិនរីកចម្រើន ខ្វះទំនួលខុសត្រូវ ពុតត្បុត – ល – សុទ្ធតែជាបញ្ហាចំពោះយើង។ ប៉ុន្ដែប្រសិនបើយើងសេពគប់បណ្ឌិត បុគ្គលដែលជាសប្បុរស បុគ្គលខ្លាំង បុគ្គលជោគជ័យក្នុងជីវិត – ល – វានឹងនាំយើងឲ្យមានឱកាសទទួលបានការសិក្សា និងអភិវឌ្ឍន៍ខ្លួនបានតាមឧត្ដមជនទាំងនោះ។ ដូច្នោះការសេពគប់ គឺសំខាន់ខ្លាំងណាស់។
ជារួមមក មនុស្សជាច្រើនតែងចង់ក្លាយជាអ្នកមានប្រកបដោយសេក្តីសុខសុភមង្គល និងគុណធម៍ ប៉ុន្តែទង្វើរបស់ពួកគេហាក់បីដូចជាផ្ទុយពីការគិតរបស់ខ្លួន។ ពោលគឺពួកគេមិនបានរៀបចំគោលដៅទាំងនោះឲ្យបានត្រឹមត្រូវឡើយ ដោយធ្វើទៅតាមចិត្តរបស់ខ្លួនឯងចង់បាននោះទេ។ ដូច្នេះបើអ្នកចង់ជោគជ័យ លុះត្រាតែអ្នកបង្កើតទម្លាប់រីកចម្រើនឲ្យខ្លួនឯងជាមុនសិន។ ជាក់ស្តែង យើងឃើញថាពួកគេមានភាពធ្វេសប្រហែសយ៉ាងខ្លាំងលើគោលការណ៍ ៣ ខាងលើនេះ ដោយគិតថាវាគ្រាន់តែជារឿងតូចមួយប៉ុណ្ណោះ។
អត្ថបទទាក់ទង