សត្រូវផ្លូវអារម្មណ៍ទាំង៦ ដែលស្ថិតនៅក្នុងចិត្តរបស់អ្នក

តើអ្វីខ្លះដែលអាចបំផ្លាញមហិច្ឆតា អនាគតរុងរឿង ទំនាក់ទំនងស្នេហា ឬជីវិតយើង? នោះគឺសត្រូវដែលស្ថិតនៅក្នុងខ្លួនយើង សត្រូវដែលយើងត្រូវប្រឈមនៅខាងក្នុង សត្រូវដែលយើងត្រូវយកឈ្នះមុននឹងបណ្តោយឱ្យវាបំផ្លាញយើងជាមុន ។ នៅក្នុងខ្លួនយើង មានសត្រូវ៦ ដែលយើងត្រូវប្រឈមយកឈ្នះឲ្យបាន៖

១. សេចក្តីភ័យខ្លាច (Fear)

យើងមិនមែនកើតមកជាមួយនឹងសេចក្តីក្លាហាននោះទេ ហើយក៏មិនកើតមកជាមួយនឹងសេចក្តីភ័យខ្លាចដែរ។ សេចក្តីភ័យខ្លាចរបស់យើង កើតឡើងដោយសារបទពិសោធន៍ដែលយើងធ្លាប់ជួបប្រទះដោយផ្ទាល់ ឬនរណាម្នាក់បាននិយាយប្រាប់យើង ឬរឿងដែលយើងធ្លាប់បានអាន ឬរឿងដែលយើងធ្លាប់បានស្តាប់។ ការភ័យខ្លាចខ្លះមានសុពលភាព ដូចជាការដើរតែម្នាក់ឯងនៅតំបន់អសុវត្ថភាពនៅក្នុងទីក្រុងនៅម៉ោង ២ រំលងអធ្រាត្រទាបភ្លឺ។ ប៉ុន្តែនៅពេលដែលយើងរៀនចៀសវាងស្ថានភាពនោះ យើងមិនចាំបាច់រស់នៅដោយខ្លាចវានោះទេ។

២. ភាពព្រងើយកន្តើយ (Indifference)

ជំងឺដ៏សោកសៅមួយនៅក្នុងខ្លួនមនុស្ស គឺភាពព្រងើយកន្តើយ។ ភាពព្រងើយកន្តើយ ការធ្វើមិនដឹងមិនឮ នឹងមិននាំអ្នកទៅដល់ទៅណាឡើយ។ ភាពព្រងើយកន្តើយធ្វើឱ្យជីវិតអ្នករសាត់គ្មានគោលដៅ។ តើនរណាទៅដែលចង់ពឹងអាស្រ័យ ឬសហការជាមួយមនុស្សដែលព្រងើយកន្តើយ។

៣. មិនហ៊ានសម្រេចចិត្ត (Indecision)

ការមិនហ៊ានសម្រេចចិត្ត គឺជាការបោះបង់ឱកាសទាំងឡាយចោល រួមទាំងឱកាសធ្វើធុរកិច្ច វិនិយោគ ឬបង្កើតស្នេហា។ វាប្រៀបបាននឹងការបិទផ្លូវខ្លួនឯង សម្រាប់អនាគតមួយដ៏ល្អប្រសើរ។ យើងត្រូវប្រើដាវដ៏ពិសិដ្ឋ ដើម្បីកម្ចាត់សត្រូវមួយនេះចេញពីខ្លួន។

៤. ការសង្ស័យ (Doubt)

ពិតណាស់ វាមានពេលវេលា និងកន្លែង សម្រាប់ភាពសមហេតុផលក្នុងការសង្ស័យលើអ្វីមួយ។ យើងមិនអាចជឿលើអ្វីៗគ្រប់រឿងបាននោះទេ។ ក៏ប៉ុន្តែ យើងមិនត្រូវបណ្តោយឱ្យការសង្ស័យគ្របដណ្តប់លើការគិត និងជាអ្នកដឹកនាំជីវិតយើងទេ។ មនុស្សយើងភាគច្រើនសង្ស័យអំពីអតីតកាល សង្ស័យអំពីអនាគតកាល សង្ស័យលើគ្នាទៅវិញទៅមក សង្ស័យលើរឿងដែលអាចកើតមានឡើង និងសង្ស័យលើឱកាស។ អាក្រក់ជាងគេបំផុតនោះ គឺការសង្ស័យលើខ្លួនឯង។ ការសង្ស័យនឹងបំផ្លាញជីវិត និងភាពជោគជ័យរបស់អ្នក។ វាក៏ធ្វើឱ្យគណនីធនាគាររបស់អ្នកគ្មានប្រាក់ចំណូលហូរចូល ក៏ដូចជាបេះដូងរបស់អ្នកទទេស្អាតផងដែរ។

៥. ការព្រួយបារម្ភ (Worry)

យើងគ្រប់គ្នាតែងមានការព្រួយបារម្ភខ្លះៗ ប៉ុន្តែកុំឲ្យវាយកឈ្នះយើងឲ្យសោះ។ ជំនួសមកវិញ ចូរទុកឱ្យវាជាអ្នកក្រើនរម្លឹកយើង ព្រោះការព្រួយបារម្ភអាចមានប្រយោជន៍ដល់យើង។ ឧទាហរណ៍ នៅពេលយើងធ្វើដំណើរលើផ្លូវថ្នល់នាពេលយប់អធ្រាត្រ ហើយយើងបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើង។ វាជារឿងត្រឹមត្រូវហើយ ពីព្រោះមានអ្នកស្រវឹងបើកបរច្រើននៅពេលយប់។ ប៉ុន្តែ ចូរកុំបណ្តោយឱ្យការព្រួយបារម្ភរារាំងយើង មិនឱ្យហ៊ានធ្វើអ្វីសោះ មិនហ៊ានធ្វើដំណើរ មិនហ៊ានចេញទៅក្រៅផ្ទះ មិនហ៊ានបោះទុនរកស៊ី មិនហ៊ានសម្រេចគោលដៅ មិនហ៊ានមានក្តីសុបិន ដើម្បីអនាគតដ៏ប្រសើរនោះទេ។

៦. ការខ្មាសអៀន (Timidity)

ការប្រុងប្រយ័ត្នហួសកម្រិត គឺជាវិធីសាស្រ្តដ៏គួរឱ្យភ័យខ្លាចចំពោះជីវិត។ ការខ្មាសអៀនមិនមែនជាគុណធម៌នោះទេ (មិនដូចភាពទន់ភ្លន់សុភាពរាបសារដាក់ខ្លួន) តែតាមពិត វាអាចជាជំងឺមួយ។ ប្រសិនបើយើងបណ្តោយតាមវា វានឹងយកឈ្នះយើង។ ប្រសិនបើយើងមានភាពខ្មាសអៀនច្រើន យើងនឹងមិនទទួលបានការតំឡើងតំណែងនោះទេ យើងនឹងមិនជឿនលឿន និងរីកចម្រើន ហើយក៏មិនក្លាយជាអ្នកខ្លាំងពូកែដែរ។ យើងត្រូវតែជៀសវាងឲ្យបាននូវការប្រុងប្រយ័ត្នហួសកម្រិត។

ដូច្នេះហើយ យើងត្រូវតែប្រឈមជាមួយនឹងសត្រូវនៅក្នុងខ្លួនយើង ប្រឈមនឹងការភ័យខ្លាច ​​​​​​បណ្តុះសេចក្តីក្លាហាន ដើម្បីប្រយុទ្ធនឹងអ្វីដែលឃាត់ឃាំងយើងមិនឱ្យទៅមុខ អ្វីដែលរារាំងយើងមិនឱ្យយើងសម្រេចសេចក្តីស្រមៃ និងគោលដៅរបស់យើង។ យើងត្រូវមានសេចក្តីក្លាហានក្នុងជីវិត និងក្នុងការស្វែងរករបស់ទាំងឡាយដែលយើងចង់បាន ឬក្លាយជាមនុស្សដែលយើងប៉ងប្រាថ្នាបែបនោះ។ 

ប្រែសម្រួលចេញពី៖ www.jimrohn.com, 19 July 2015 “The 6 emotional enemies inside your mind”. 


អត្ថបទទាក់ទង

អាថ៌កំបាំង ចំនួន៣ សម្រាប់ពង្រឹងភាពខ្លាំខាងផ្លូវចិត្តរបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *