រឿង ១០យ៉ាង ដែលបុគ្គលជោគជ័យមិនប្រព្រឹត្តម្តងទៀត
ការចេះទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ នោះគឺជារឿងល្អ និងអាចជួយស្រោចស្រង់រាល់ទង្វើមិនគប្បីទាំងឡាយដែលអ្នកបានធ្វើទៅលើអ្នកដទៃ និងខ្លួនឯង។
ខាងក្រោមនេះ គឺជារឿង ១០យ៉ាង ដែលបុគ្គលជោគជ័យនឹងមិនធ្វើម្តងទៀតឡើយ៖
១. ត្រឡប់ទៅធ្វើអ្វីដែលមិនដំណើរការ (Return to what hasn’t worked)
មិនថាជាការងារ ឬទំនាក់ទំនងដែលបានបោះបង់ដោយហេតុផលត្រឹមត្រូវ ព្រោះថាយើងមិនអាចបកទៅធ្វើរឿងដដែល ហើយទន្ទឹងរង់ចាំលទ្ធផលផ្សេងបាននោះទេ។
២. ធ្វើអ្វីមួយដែលតម្រូវឲ្យគេធ្វើជាមនុស្សដែលមិនមែនជាខ្លួនគេ (Do Anything That Requires Them to be Someone They Are Not)
នៅពេលដែលយើងធ្វើអ្វីមួយ យើងត្រូវសួរខ្លួនយើងថា “ហេតុអ្វីបានជាខ្ញុំធ្វើរឿងនេះ?” “តើវាស្របនឹងខ្ញុំដែរឬទេ?” “តើវាសាកសមនឹងខ្ញុំដែរឬទេ?” តើវាមាននិរន្តភាពដែរឬទេ? ប្រសិនបើចម្លើយឆ្លើយថា “ទេ!” ចំពោះសំណួរទាំងនេះ អ្នកមានមូលហេតុល្អណាស់ក្នុងផ្លាស់ប្តូរទៅធ្វើរឿងអ្វីផ្សេងពីនេះ។
៣. ព្យាយាមផ្លាស់ប្តូរនរណាម្នាក់ (Try to Change Another Person)
នៅពេលដែលអ្នកដឹងថាអ្នកមិនអាចបង្ខំនរណាម្នាក់ឲ្យធ្វើកិច្ចការអ្វីមួយដែលល្អ អ្នកត្រូវអនុញ្ញាតិ ឬផ្តល់សេរីភាពដល់ពួកគេទទួលនូវបទពីសោធន៍ផ្ទាល់ ចេញពីរឿងមិនល្អទាំងនេះ។ ការធ្វើដូច្នេះ អ្នកក៏នឹងមានសេរីភាពសម្រាប់ខ្លួនអ្នកផ្ទាល់ផងដែរ។
៤. ព្យាយាមតម្រូវចិត្តមនុស្សគ្រប់គ្នា (Believe They Can Please Everyone)
នៅពេលដែលអ្នកដឹងច្បាស់ថា វាជារឿងមិនអាចទៅរួចក្នុងការតម្រូវចិត្តមនុស្សគ្រប់គ្នា នោះអ្នកចាប់ផ្តើមមានជិវិតដែលប្រកបដោយគោលដៅច្បាស់លាស់ក្នុងការប្រព្រឹត្តរបស់អ្នក ត្រូវចំមនុស្សដែលសាកសមប៉ុណ្ណោះ។
៥. ជ្រើសរើសយកភាពសុខស្រួលរយៈពេលខ្លី ដោយរំលងនូៈអត្ថប្រយោជន៍រយៈពេលវែង (Choose Short-Term Comfort Over Long-Term Benefit)
នៅពេលដែលបុគ្គលជោគជ័យដឹងថាអ្វីដែលគេចង់បាន ទាមទារនូវការទទួលយកការឈឺចាប់ ឬការលំបាកមួយរយៈ គេមិនរួញរាទទួលយកវាទេ ព្រោះគេដឹងថាវានឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង។ គោលការណ៍នេះ គឺបង្ហាញពីការខុសគ្នាយ៉ាងខ្លាំងរវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យ ទាំងក្នុងជីវិត និងអាជីពការងារ។
៦. ជឿលើនរណាម្នាក់ ឬអ្វីមួយ ដែលមើលទៅល្អឥតខ្ចោះ (Trust Someone or Something That Appears Flawless)
ជាលក្ខណធម្មជាតិ អ្វីដែលប្លែកអស្ចារ្យតែងទាក់ទាញយើង។ យើងតែងស្រលាញ់ចូលចិត្តភាពល្អប្រណិត និងគួរស្វែងរកភាពល្អប្រពៃនេះ។ យើងត្រូវជ្រើសរើសមនុស្សដែលល្អវៃឆ្លាតមកធ្វើការឲ្យ ផ្តល់ការសរសើរដល់បុគ្គលិកដែលមានស្នាដៃល្អប្រពៃ រាប់អានមិត្តដែលស្មោះត្រង់ និងស្វែងរកក្រុមហ៊ុនដែលល្បីឈ្មោះសម្រាប់ចូលធ្វើការ។ ប៉ុន្តែនៅពេលដែលអ្វីៗ ឬនរណាម្នាក់មើលទៅវាល្អហួសហេតុដែលមិនគួរឲ្យជឿ វាជារឿងដែលយើងត្រូវប្រយ័ត្នប្រយែង ព្រោះថាអ្វីៗក្នុងលោកវាមិនល្អឥតខ្ចោះនោះទេ។
៧. ភ្លេចគិតរឿងធំចំបង (Take Their Eyes Off The Big Picture)
យើងអាចបំពេញកិច្ចការអ្វីមួយបានល្អប្រសើរ នៅពេលយើងដឹងថារឿងនោះវាមានសារសំខាន់ខ្លាំង។ បុគ្គលជោគជ័យគេចេះញែកដាច់ពីគ្នារវាងព្រឹត្តការណ៍ក្តៅៗ និងរឿងធំសំខាន់ ហើយគេតែងរំលឹកខ្លួនគេជាប្រចាំចំពោះរឿងនេះ ព្រោះថាព្រឹត្តការណ៍ក្តៅៗតែងកើតឡើងជាញឹកញាប់ ដែលអាចធ្វើឲ្យគេបាត់បង់ការយកចិត្តទុកដាក់លើរឿងធំចំបង។
៨. ព្រងើយកន្តើយស្វែងរកការពិត (Neglect to Do Due Diligence)
មិនថាអ្វីៗមើលទៅវាទំនងយ៉ាងណាទេ អ្នកអាចដឹងការពិតនៃរឿងអ្វីមួយបានទាល់តែអ្នកយកចិត្តទុកដាក់ស្វែងរកដោយភាពព្យាយាម មើលឲ្យស៊ីជម្រៅ ដោយមិនលម្អៀង។ ចូរអ្នកចងចាំថា សេចក្តីពិតខាងក្រៅអាស្រ័យនឹងការសម្លឹងមើលចេញពីខាងក្នុងខ្លួនរបស់អ្នក។
៩. បរាជ័យក្នុងការសួរខ្លួនឯងពេលស្ថានការណ៍មួយមកដល់ (Fail to Ask Why They Are Where They Find Themselves)
ភាពខុសគ្នាដ៏សំខាន់មួយរវាងបុគ្គលជោគជ័យ និងបរាជ័យ គឺនៅពេលមានរឿងលំបាកអ្វីមួយកើតឡើង មិនថាក្នុងជីវិតរស់នៅ និងស្នេហា ទំនាក់ទំនង និងកិច្ចការធុរកិច្ចផ្សេងៗ បុគ្គលជោគជ័យតែងសួរខ្លួនគេថា តើគេអាចជួយអ្វីបានក្នុងស្ថានការណ៍នេះ? រីឯបុគ្គលបរាជ័យ ស្វែងរកលេស ឬកំហុសផ្សេងៗដើម្បីគេចយករួចខ្លួន។ បុគ្គលជោគជ័យមិនដែលចាត់ទុកខ្លួនគេជាជនរងគ្រោះឡើយ បើទោះបីជាគេជាអ្នករងគ្រោះក្នុងស្ថានការណ៍នោះក៍ដោយ។
១០. ភ្លេចគិតថាជីវិតដែលនៅខាងក្នុង កំណត់នូវភាពជោគជ័យក្រៅខ្លួន (Forget That Their Inner Life Determines Their Outer Success)
ជីវិតដ៏ល្អទាក់ទងនឹងស្ថានការណ៍ខាងក្រៅខ្លួនតិចតួចប៉ុណ្ណោះ។ យើងរីករាយ និងពេញចិត្តនឹងជីវិត ភាគច្រើនបំផុត អាស្រ័យនឹងយើងជាមនុស្សបែបណា។ ការស្រាវជ្រាវបានបញ្ជាក់រឿងនេះយ៉ាងច្បាស់។ អ្វីដែលយើងមានខាងក្នុងខ្លួន (អត្តចរិក ទម្លាប់) រួមចំណែកធំធេងណាស់ក្នុងការបង្កើតស្ថានការណ៍ជុំវិញខ្លួនយើង។
នរណាក៏ធ្លាប់ប្រព្រឹត្តកំហុសដែរ ប៉ុន្តែបុគ្គលជោគជ័យរៀនពីកំហុសខ្លួនឯង និងអ្នកដទៃ ដើម្បីចៀសវាងប្រព្រឹត្តកំហុសដដែលឡើងវិញ។ បុគ្គលបរាជ័យចង់បាន និងស្វែងរកភាពជោគជ័យនៅក្រៅខ្លួន ហើយតែងប្រព្រឹត្តកំហុសដដែលៗ ដែលមាននៅក្នុងខ្លួនគេ។
ប្រភព៖ Henry Cloud, “10 Things Successful People Never Do Again”