សូមចាប់ផ្តើមកិច្ចការដោយដឹងពីគោលដៅ ដើម្បីទទួលបានលទ្ឋផលល្អប្រសើរ

ជារៀងរាល់ថ្ងៃ អ្នកអាចរវល់ខ្លាំង មានការងារច្រើន តែមិនដឹងសម្រេចបានផលអ្វី។ អ្នក​ចេះ​តែធ្វើការច្រើន រវល់ខ្លាំង ដោយមិនដឹងខ្លួនឯងថា ការងារនោះ ភាពរវល់នោះ ដើម្បី​សម្រេចអ្វី។ មនុស្សជាច្រើនស្ថិតនៅក្នុងស្ថានភាពបែបនេះ រវល់ច្រើន ធ្វើការច្រើន តែមិនបានសម្រេចលទ្ធផលអ្វីជាក់លាក់ ឬជាដុំកំភួនទេ ពីព្រោះគេមិនដឹង​អំពីគោលដៅ​ដែលគេ​ចង់បាន។

ជាទូទៅ ការបង្កើតសមិទ្ធផលទាំងឡាយតែងឆ្លងកាត់ដំណាក់កាលពីរ ៖

  • ដំណាក់​កាល​ទី១ គឺការកើតឡើងក្នុងគំនិត និង
  • ទី២ គឺការកើតឡើងជារូបរាងជាក់ស្តែង។

ឧទារហរណ៍៖ ការ​សាងសង់ផ្ទះ បង្កើតក្រុមហ៊ុន ឬកសាងគណបក្ស វាចាប់ផ្តើមជាមួយគំនិតជាមុនសិន បន្ទាប់ពីមានគំនិតហើយ យើងមានផែនការ ធ្វើសកម្មភាពជាបន្តបន្ទាប់ ទើបផ្ទះ ក្រុមហ៊ុន ​ចេញ​ជា​រូបរាងជាក់ស្តែង។ ដូច្នេះ វាជារឿងសំខាន់ណាស់ មុននឹងធ្វើសកម្មភាពអ្វីមួយ យើងត្រូវ​គិត​និងដឹងជាមុនថា តើយើងចង់បង្កើតអ្វី តើយើងមានគោលដៅអ្វីដែលយើងចង់សម្រេច។

ដោយយល់ដឹងនូវគោលការណ៍បង្កើតសមិទ្ធផលត្រូវឆ្លងកាត់ ២ដំណាក់កាល អ្នក​ត្រូវដឹងថា អ្នកជាអ្នកនិពន្ធរឿងរ៉ាវទាំងឡាយនៅក្នុងជីវិតអ្នក។ តើអ្នកចង់ឱ្យ​សាច់​រឿងនៃជីវិត​អ្នកមានឈុតឆាកអ្វីខ្លះ? តើអ្នកចង់ឱ្យសាច់រឿងជីវិតបញ្ចប់ទៅយ៉ាងម៉េច? តើអ្នកចង់មាន​រឿងទុក្ខាកើតឡើងច្រើន ឬចង់ឱ្យមានភាពរីករាយកើតឡើង? តើអ្នកចង់ឱ្យជួបការបារម្ភរឿងលុយកាក់ញឹកញាប់ ឬអ្នកចង់បានសេរីភាពហិរញ្ញវត្ថុ? តើអ្នកចង់រស់នៅពឹងលើគេ ឬចង់ឱ្យមានលទ្ធភាពជួយគេបានច្រើន? តើអ្នកចង់បន្សល់មរតកអ្វីសម្រាប់អ្នកជំនាន់ក្រោយ? អ្នកត្រូវដឹងនិងជឿជាក់ថាអ្នកជាអ្នកនិពន្ធ ជាអ្នកកំណត់​ជោគ​វាសនា​របស់អ្នក។ អ្នកមិនត្រូវគិតថា អ្វីៗទាំងឡាយកើតឡើងដោយ​សារតែព្រហ្មលិខិត ឬអ្នកដទៃ ​ជាអ្នកកំណត់ ឬរៀបចំទេ។ ការគិតបែបនេះគឺអ្នកកំពុងត្រៀមខ្លួនចុះចាញ់ និង​ទុកជោគវាសនារបស់អ្នកឱ្យអ្នកដទៃជាអ្នកកំណត់ ជាអ្នកគ្រប់គ្រង​លើជោគវាសនា​របស់​អ្នកហើយ។

ដូចនេះ បើអ្នកចង់បានអ្វីក្នុងជីវិតអ្នកជារូបរាងជាក់ស្តែង អ្នកត្រូវចាប់ផ្តើមបង្កើតវាជាមុនក្នុងគំនិតរបស់អ្នក ដោយអ្នកត្រូវចាប់ផ្តើមបង្កើតគោលដៅសម្រាប់មួយជីវិត សម្រាប់១០ឆ្នាំ​ ៥ឆ្នាំ ១ឆ្នាំ រួចហើយញែកវាជាផែនការសម្រាប់ ៣ខែ ១ខែ ១សប្តាហ៍ និង១ថ្ងៃ។ ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវមានគោលដៅជីវិត និងផែនការច្បាស់លាស់?

អ្នកជំនាញអំពីការអភិវឌ្ឍធនធានមនុស្ស និងភាពជាអ្នកដឹកនាំបានសិក្សាឃើញថា ជាទូទៅ មនុស្សមិនអាចជោគជ័យបានទេ បើគេគ្មានគោលដៅជីវិត ហើយមិនចេះរៀបចំផែនការការងារ។ គោលដៅជីវិតនឹងប្រាប់អ្នកអំពីទិសដៅដែលអ្នករៀបចំដំណើរជីវិតរបស់អ្នក។ អ្នកអាចស្រមៃមើល បើអ្នកចង់ធ្វើដំណើរ ហើយអ្នកមិនដឹងអំពីទិសដៅដែលអ្នកចង់ទៅ តើការធ្វើដំណើររបស់អ្នកនឹងទៅជាយ៉ាងណា។ អ្នកប្រហែលជាមិនទៅដល់ទីណាសោះឡើយ ឬមួយក៏រសាត់ទៅដល់ទីណាមួយដែលអ្នកមិនពេញចិត្ត។ ការរស់នៅគ្មានគោលដៅជីវិត ប្រៀបដូចជាខ្លែងដែលដាច់ខ្សែនៅលើវេហា ឬចករសាត់ក្នុងទឹក។ គោលដៅជីវិតនឹងរុញអ្នកឱ្យចេះផ្លាស់ប្តូរទម្លាប់មិនល្អ ទម្លាប់អវិជ្ជមាន មកចាប់យកទម្លាប់ល្អ ទម្លាប់មានប្រសិទ្ធភាព។ គោលដៅជីវិតនឹងជួយអ្នកឱ្យហ៊ានប្រឈមនឹងបញ្ហាទាំងឡាយ ហើយជាមួយនេះនឹងពង្រឹងភាពខ្លាំងក្នុងខ្លួនអ្នក ធ្វើឱ្យអ្នកមោះមុត ស្វិតស្វាញ រឹងមាំ និងធន់។ គោលដៅជីវិតនឹងផ្តល់អត្ថន័យ និងភាពពេញចិត្តដល់ជីវិតអ្នក។ បន្ថែមពីនេះ គោលដៅជីវិតនឹងរុញអ្នកឱ្យចេះរៀបចំផែនការ ដើម្បីសម្រេចគោលដៅតូចៗ ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃ។ នៅពេលអ្នកចេះរៀបចំផែនការ អាចជាផែនការប្រចាំត្រីមាស ប្រចាំខែ ប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃ វានឹងធ្វើឱ្យអ្នកចាត់ចែងពេលវេលាប្រចាំថ្ងៃរបស់អ្នកប្រកបដោយប្រសិទ្ធភាព សម្រេចការងារបានច្រើន ហើយអ្នកនឹងពេញចិត្តជាមួយលទ្ធផលដែលសម្រេចបាន។ សូមចងចាំថា សមិទ្ធផលសំខាន់ៗរបស់បុគ្គលជោគជ័យទាំងឡាយមិនមែនកើតឡើងដោយសារការងារដែលគេធ្វើ១ដងក្នុង១ឆ្នាំទេ គឺកើតចេញពីការងារតូចៗដែលត្រូវធ្វើជាប្រចាំថ្ងៃរបស់គេ។ ការបំពេញការងារប្រចាំថ្ងៃរបស់អ្នកតាមផែនការច្បាស់លាស់ ដើម្បីសម្រេចគោលដៅអ្វីមួយនឹងធ្វើឱ្យអ្នកទទួលបានសមិទ្ធផលធំធេងនៅពេលណាមួយ។

មនុស្សដែលរស់នៅគ្មានគោលដៅជីវិត និងផែនការច្បាស់លាស់ងាយនឹងរងគ្រោះ ភ័យខ្លាច តក់ស្លុត នឹងព្រឹត្តការណ៍ផ្សេងៗដែលកើតឡើងនៅជុំវិញខ្លួន។

ផ្ទុយទៅវិញ មនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ និងគោលការណ៍ត្រឹមត្រូវ បានបង្កើតភាពខ្លាំងក្នុងខ្លួន ប្រៀបដូចជាសំពៅដ៏ជាប់និងរឹងមាំមួយ ដែល​អាច​ទប់ទល់នឹងព្យុះសង្ឃរា និងរលកសមុទ្រធំៗទាំងឡាយ ដែលបោកបក់​មកលើ​សំពៅ។ សំពៅនៅតែរឹងមាំ និងបន្តដំណើរទៅមុខ បើទោះបីជួបព្យុះក៏ដោយ ពីព្រោះគោលដៅ និងគោល​ការណ៍​ផ្តល់ភាពរឹងមាំ មោះមុត ស្វិតស្វាញ ដើម្បីប្រឈមនឹង​ឧបសគ្គ​នានា​ដែល​កើតឡើង​ក្នុងពេលធ្វើដំណើរ។

ហេតុនេះហើយ ទើបបុគ្គលជោគជ័យ បុគ្គលមានប្រសិទ្ធភាពតែងដឹងអំពីគោលដៅរបស់គេក្នុងការបំពេញកិច្ចការអ្វីមួយ។ នៅពេលគេរវល់ចំពោះរឿងអ្វីមួយ គេនឹងបង្កើតសមិទ្ធផលចេញពីកិច្ចការនោះ ឬយ៉ាងហោចណាស់គេរៀនសូត្រ ដកស្រង់បទពិសោធន៍ចេញពីកិច្ចការរបស់គេ បើទោះបីកិច្ចការនោះមិនផ្តល់ផលល្អដល់គេក៏ដោយ។


អត្ថបទទាក់ទង

គន្លឹះសំខាន់ៗ​ទាំង ៦ ដែលអ្នកគួរឧស្សាហ៍រំឮកដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅ

Leave a Reply

Your email address will not be published. Required fields are marked *