បុគ្គលិកលក្ខណៈសំខាន់ៗ ៦យ៉ាង របស់បុគ្គលមានភាពរឹងមាំផ្លូវចិត្ត

ភាពរឹងមាំផ្លូវចិត្ត គឺជាតម្លៃសកលដែលមានតម្លៃរាប់ពាន់ឆ្នាំមកហើយ ព្រោះភាពរឹងមាំផ្លូវចិត្ត គឺជាសញ្ញាណរបស់បុគ្គលប្រកបដោយគុណធម៌។ តើលក្ខណៈរបស់បុគ្គល មានភាពរឹងមាំផ្លូវចិត្តមានអ្វីខ្លះ? ភាពរឹងមាំផ្លូវចិត្ត គឺជាសមត្ថភាពក្នុងការគិត ការប្រើប្រាស់អារម្មណ៍ និងការធ្វើអ្វីមួយពោរពេញដោយថាមពល ឬអាចមានន័យថា ជាស្ពាននាំមនុស្សឆ្ពោះទៅរកជីវិតដ៏ល្អមួយ ឬជាវិថីមួយនាំឲ្យបាននូវគុណធម៌ក្នុងខ្លួន។ ហេតុអ្វីបានជាមនុស្សម្នាក់ៗចាំបាច់ត្រូវមានភាពរឹងមាំផ្លូវចិត្ត? ដោយសារភាពរឹងមាំផ្លូវចិត្ត អាចជួយមនុស្សម្នាក់ៗឲ្យមានការរីកចម្រើន កាត់បន្ថយនូវភាពតានតឹង បង្កើនសមត្ថភាពការងារ រីករាយក្នុងការងារ បង្កើនទំនាក់ទំនងល្អជាមួយអ្នកដទៃ និងអាចបង្កើនអត្ថន័យជីវិតបានយ៉ាងល្អ។ ដូច្នេះ តើត្រូវធ្វើដូចម្តេចទើបក្លាយជាបុគ្គលមានភាពរឹងមាំផ្លូវចិត្ត? យោងតាមទ្រឹស្តីចរិតរឹងមាំ ឬទ្រឹស្តីផ្លូវចិត្តរឹងមាំ របស់ VIA INSTITUE ON CHARACTER ដើម្បីក្លាយខ្លួនជាបុគ្គលមានផ្លូវចិត្តរឹងមាំ ឬបុគ្គលមានចរិតរឹងមាំ អ្នកចាំបាច់ត្រូវមានធាតុផ្សំសំខាន់ៗ ៦យ៉ាង ដូចខាងក្រោម៖

១. ចំណេះដឹង និងគិតបណ្ឌិត

ចំណេះដឹង គឺជាជំនឿដ៏ត្រឹមត្រូវ និងអាចវាស់វែងបានតាមរយៈការពិសោធ ឬការអនុវត្តជាក់ស្តែង រីឯគិតបណ្ឌិត គឺការប្រើប្រាស់ចំណេះដឹងបានត្រឹមត្រូវតាមកាលៈទេសៈ អាចយល់ស៊ីជម្រៅពីបញ្ហាជុំវិញខ្លួន និងអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីមានចំណេះដឹង និងគតិបណ្ឌិត បុគ្គលរឹងមាំ ចាំបាច់ត្រូវមានភាពច្នៃប្រតិដ្ឋ (មិនចម្លងតាមគេ) ការចាប់អារម្មណ៍ (ទទួលយកអ្វីដែលថ្មី) ចិត្តទូលាយ (ការវិនិច្ឆ័យ) ស្រឡាញ់ការសិក្សា និងអាចប្រឹក្សាយោបល់ដល់អ្នកដទៃបាន។

២. អត្ថន័យស៊ីជម្រៅក្នុងខ្លួន

នេះគឺជាការរកឃើញនូវគោលបំណង និងគោលដៅក្នុងជីវិត ហើយអាចប្រើប្រាស់នូវសក្តានុពលរបស់ខ្លួនឲ្យស្របនឹងគោលបំណង និងគោលដៅនោះ។ ដើម្បីមានអត្ថន័យស៊ីជម្រៅក្នុងខ្លួន បុគ្គលដែលមានផ្លូវចិត្តរឹងមាំ ចាំបាច់ត្រូវមានការទទួលយកនូវភាពរីករាយ និងភាពល្អឥតខ្ចោះចំពោះអ្វីៗក្នុងលោក ដឹងគុណចំពោះអ្នកដែលធ្វើល្អមកលើខ្លួន អរគុណចំពោះពេលវេលាល្អដែលបានកើតឡើងក្នុងជីវិត មានក្តីសង្ឃឹម និងមានសុទិដ្ឋិនិយមចំពោះអ្វីៗដែលមាននៅថ្ងៃអនាគត អាចធ្វើឲ្យអ្នកដទៃរីករាយបាន និងជឿជាក់ថាជីវិត គឺពិតជាមានអត្ថន័យ។

៣. យុត្តិធម៌

វាគឺជាការបែងចែកអ្វីៗឲ្យបានស្មើភាពគ្នា និងដោះស្រាយបញ្ហាដោយយកភាពត្រឹមត្រូវជាធំ។ មនុស្សយុត្តិធម៌ គឺជាមនុស្សដែលយុត្តិធម៌ជាមួយនឹងខ្លួនឯង និងយុត្តិធម៌ទាំងជាមួយអ្នកដទៃ។ មនុស្សយុត្តិធម៌ តែងមានការទទួលខុសត្រូវលើកិច្ចការសង្គម ស្មោះត្រង់ជាមួយក្រុមការងារ ធ្វើការងារដែលខ្លួនត្រូវបំពេញឲ្យភាពស្មើគ្នាដល់ដទៃដោយមិនរើសអើង។

៤. ភាពក្លាហាន

វាគឺជាការហ៊ានប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ និងការគម្រាមកំហែងផ្សេងៗ ដើម្បីបន្តគោលដៅរបស់ខ្លួនទៅមុខទៀតបានដោយមិនចុះចាញ់នឹងឧបសគ្គ។ ដើម្បីក្លាយ ជាអ្នកក្លាហាន ចាំបាច់ត្រូវហ៊ាននិយាយអ្វីដែលត្រឹមត្រូវ ធ្វើការងារឲ្យបានចប់ចុងចប់ដើម មានភាពស្មោះត្រង់ មានការទទួលខុសត្រូវ និងមានថាមពលពេញលេញក្នុងការរស់នៅ។

៥. ភាពជាមនុស្សជាតិ

ដើម្បីមានភាពជាមនុស្សជាតិ ចាំបាច់ត្រូវមានសេចក្តីស្រឡាញ់ចំពោះអ្នកជិតស្និទ្ធ មានទឹកចិត្តមេត្តាចំពោះអ្នកដទៃ ធ្វើល្អចំពោះអ្នកដទៃ មានភាពឆ្លាតវៃក្នុងការយល់ពីអារម្មណ៍ខ្លួនឯង និងអារម្មណ៍របស់អ្នកដទៃ អាចលើកទឹកចិត្តខ្លួនឯង និងអាចលើកទឹកចិត្តអ្នកដទៃ។

៦. ការដឹងប្រមាណ

ការដឹងប្រមាណចំពោះការគិត និងការធ្វើ ពិតជាពុំអាចខ្វះបាន។ ការដឹងប្រមាណ គឺជាការធ្វើអ្វីមួយមិនលើស និងមិនខ្វះ។ ដើម្បីបាននូវការដឹងប្រមាណ ចាំបាច់ត្រូវមានវិន័យផ្ទាល់ខ្លួន ការប្រយ័ត្នប្រយែង ការដាក់ខ្លួន និងការអភ័យទោសដល់អ្នកដទៃ។

ដូច្នេះ ដើម្បីក្លាយជាបុគ្គលមានផ្លូវចិត្តរឹងមាំ អ្នកចាំបាច់ត្រូវមាននូវចំណេះដឹង និងគតិបណ្ឌិត ភាពក្លាហាន ភាពជាមនុស្សជាតិ យុត្តិធម៌ ការដឹងប្រមាណ និងអត្ថន័យស៊ីជម្រៅក្នុងខ្លួន។


អត្ថបទទាក់ទង

ចូរផ្លាស់ប្តូរខ្លួនអ្នកពីមនុស្សដែលមានចិត្តប្រតិកម្ម ឱ្យក្លាយជាមនុស្ស​មានចិត្តសកម្មនាំមុខ

Leave a Reply

Your email address will not be published. Required fields are marked *