ដើម្បីធ្វើឲ្យខ្លួនក្លាយជាមនុស្សមានគំនិតច្រើន សូមសាកវិធីសាស្រ្តទាំង ៧ នេះ
គំនិត ( ន. ) ការគិត, យោបល់ : គំនិតល្អ, គំនិតអាក្រក់, គំនិតស្តាំ, គំនិតឆ្វេង ។ ទាល់គំនិត គឺទាល់ផ្លូវគិត, អស់ផ្លូវគិត ។ ព. ទ. បុ. ប្រាំបួនទាល់ ដប់ទាល់ កុំឲ្យតែទាល់គំនិត ។
- (សតិ) ការយល់ឃើញ ការគិត ឬរូបភាពនៅក្នុងសតិ (mind) របស់មនុស្ស ឧ. តើអ្នកមានគំនិតថាគាត់មានរូបរាងដូចម្ដេច?
- សំណើឬផែនការសម្រាប់ធ្វើអ្វីមួយ ឧ. ខ្ញុំមានគំនិតបន្តការសិក្សានៅបរទេស។
- ជំនឿ ឬ ទស្សនៈ ឧ. យើងមានគំនិតខុសគ្នាស្រឡះអំពីការដាក់ពិន័យចំពោះកុមារ។
- បំណងឬហេតុផលក្នុងការធ្វើអ្វីមួយ, ឧ. គំនិតរួមនៃការផ្សាយពាណិជ្ជកម្ម គឺធ្វើឱ្យមនុស្សទិញផលិតផលឬសេវា។ idea, idée
ដើម្បីដោះស្រាយបញ្ហា បង្កើតនូវភាពជោគជ័យសម្រាប់ជីវិត មនុស្សគួរតែមានគំនិតឲ្យប្រើប្រាស់ច្រើន ពីព្រោះគំនិតនឹងធ្វើអ្នកទៅរកសកម្មភាព ហើយសកម្មភាពនឹងនាំអ្នកទៅរកគោលដៅ។ ប៉ុន្តែគេសង្កេតឃើញថា មនុស្សខ្លះសម្បូរគំនិត ឯអ្នកខ្លះវាមិនសូវមានគំនិត ហើយអ្នកខ្លះវិញ គឺគ្មានគំនិតតែម្តង។ ដឹងហើយថាមានគំនិតច្រើនវាល្អ ប៉ុន្តែតើត្រូវធ្វើដូចម្តេច ដើម្បីបង្កើតគំនិតថ្មីៗ ហើយល្អៗនោះ? ខាងក្រោម គឺជាវិធីសាស្រ្តសាមញ្ញ បង្កើតអាចធ្វើឲ្យអ្នកក្លាយជាមនុស្សមានគំនិតចច្រើន៖
១. ការសង្កេត
ដំបូងដើម្បីមានគំនិតច្រើន អ្នកត្រូវតែជាមនុស្សពូកែសង្កេត និងចេះឆ្ងល់។ ចូរដើរឲ្យបានច្រើន ហើយសង្កេតឲ្យច្រើនបំផុត ថែមទាំងចេះសួរខ្លួនឯងថា “ហេតុអ្វី” បានរឿងទាំងនោះកើតឡើង? អ្នកអាចស្វែងយល់ជុំវិញ អ្វីដែលអ្នកបានឃើញនោះ។ បើគ្រាន់តែធ្វើដំណើរ ទៅកន្លែងណាមួយ ឬចូលរួមកម្មវិធីណាមួយរួចពេលចប់កម្មវិធី ឬដំណើរកំសាន្តនោះ ក៏ចប់ទៅ ដោយគ្មានបានគំនិតអ្វីសោះ គឺជារឿងសោកស្តាយបំផុត។
២. បង្កើនទំនាក់ទំនងជាមួយសង្គមខាងក្រៅ
“មនុស្សម្នាក់ គំនិតមួយ” គឺជាគោលការណ៍គ្រឹះនៃការបង្កើតគំនិតថ្មី។ មានគំនិតល្អៗអស្ចារ្យជាច្រើន ដែលមាននៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ដែលយើងអាចទទួលបានពីពួកគេ។ ជួបមនុស្សឲ្យបានច្រើន ជជែកលេង ពិភាក្សាជាមួយរឿងរ៉ាវរបស់ពួកគេ។ ជជែកជាមួយអ្នកនេសាទ អ្នកនឹងទទួលបានគំនិតជាច្រើនពាក់ព័ន្ធនឹងការនេសាទ ដូចគ្នានឹងជជែកជាមួយបណ្ឌិតទទួលបានគំនិតផងដែរ។
៣. អានសៀវភៅ
សកម្មភាពដ៏អស្ចារ្យ ដែលមនុស្សអស្ចារ្យតែងតែធ្វើ គឺអានសៀវភៅ។ សៀវភៅត្រូវបានរៀបចំឡើងដោយគំនិត ដែលកើតឡើងពីការសិក្សាស្រាវជ្រាវ បទពិសោធន៍ជីវិត និងប្រភពជាច្រើនទៀត។ ដោយសារវាផ្ទុកដោយគំនិតដែលត្រូវបានចម្រាញ់ជាស្រេច ដូចនេះពេលអ្នកអានសៀវភៅ អ្នកក៏នឹងទទួលបានគំនិតថ្មីៗជាច្រើនដែរ។ មានសៀវភៅរាប់ពាន់ប្រភេទ ហើយវាក៏ផ្ទុកនូវគំនិតរាប់ពាន់ដែរ។
៤. អ៊ិនធឺណែត និងបណ្តាញសង្គម
មិនអាចរំលងមធ្យោបាយនេះបានទេ ក្នុងសទវត្សរ៍ទី២១នេះ។ យើងអាចទទួលបានគំនិតយ៉ាងច្រើន ដោយគ្រាន់តែវាយសួរទៅក្នុង Google ហើយវានឹងប្រាប់អ្នកជាមួយចម្លើយជាច្រើនពីបណ្តាគេហទំព័រផ្សេងៗ។ បណ្តាញសង្គមដូចជា ហ្វេសប៊ុក ក៏បង្គាប់នូវគំនិតថ្មីៗជាច្រើន ត្បិតអីមនុស្សរាប់ពាន់លាននាក់ក្នុងលោកីកំពុងប្រើប្រាស់បណ្តាញជាសង្គមយក្សមួយនេះ។
៥. ការកត់ត្រាជាប្រចាំ
ក្រដាស ឬសៀវភៅ ប៊ិច ឬខ្មៅដៃ ត្រូវមានជាប់ខ្លួនជានិច្ច។ មានគំនិតជាច្រើនត្រូវបានលេចចេញ ដូចនេះយើងត្រូវកត់ត្រាវាទុកកុំឲ្យវាបាត់បង់។ វាគឺជាការស្តោយក្រោយ ពេលដែលគំនិតចេញមកហើយ តែត្រូវបានរលាយបាត់ទៅវិញដោយការធ្វេសប្រហែសមិនបានកត់ត្រាទុក។ កត់ត្រាទុក រួចគិតពិចារណា ឬពិភាក្សា ហើយដាក់ចេញជាសកម្មភាព។
៦. ធ្វើវិប្បសនា
សកម្មភាពដ៏ប្រពៃនេះ មិនមែនត្រឹមតែធ្វើឲ្យមានចិត្តស្ងប់ល្អប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយើងមានគំនិតថ្មីៗជាច្រើនផងដែរ។ នៅពេលដែលអារម្មណ៍ស្ងប់ស្ងាត់នោះឯង ដែលធ្វើឲ្យខួរក្បាលយើងធ្វើការបានយ៉ាងល្អ។ វាជួយធ្វើឲ្យចិត្តរបស់យើងជ្រះស្រឡះ និងឃ្លាតចេញពីភាពតប់ប្រមល់ ហើយធ្វើឲ្យយើងសម្លឹងគិតបានវែងឆ្ងាយទៅអនាគត ហើយគំនិតថ្មីៗ នឹងកើតឡើងក្នុងពេលនោះ។
៧. ការហាត់ប្រាណជាប្រចាំ
ហាត់ប្រាណជាប្រចាំ ធ្វើឲ្យយើងមានគំនិតថ្មី? ពេលយើងធ្វើចលនាតាមរយៈការហាត់ប្រាណ នឹងធ្វើឲ្យខួរក្បាលរបស់យើងធ្វើការដោយមានការផ្តោតអារម្មណ៍ខ្លាំងបំផុត។ សាស្ត្រាចារ្យមួយរូប គឺលោកបណ្ឌិត McCormick ធ្លាប់បានបង្ហាញបទពិសោធន៍របស់លោកថា៖ លោកចំណាយពេលហាត់ប្រាណតែ១០នាទី លោកមានគំនិតរហូតដល់ ៤២ លេចឡើង។
សរុបមក អ្វីដែលបានរៀបរាប់ខាងលើនេះ ទាមទារឲ្យលោកអ្នកមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយពេលវេលា និងថាមពល ប៉ុន្តែទាំងអស់នោះសុទ្ធតែធ្វើឲ្យអ្នកមានគំនិតល្អៗ។ ការសង្កេត ទំនាក់ទំនងសង្គម អានសៀវភៅ អ៊ិនធឺណែត ការកត់ត្រា ការធ្វើវិប្បសនា និងការហាត់ប្រាណ គឺជាសកម្មភាពប្រចាំថ្ងៃ ដែលយើងសុទ្ធតែអាចធ្វើបាន។
អត្ថបទទាក់ទង