ចរិត ទាំង៩ ដែលបុគ្គលជោគជ័យបានកែប្រែចេញ

តើអ្នកដឹងទេ ចរិត​របស់​អ្នក​មានឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ក្នុងការកំណត់​​ភាពជោគជ័យ​របស់​អ្នក។ ប្រសិន​បើអ្នក​ចង់​ទទួលបាន​​ភាពជោគជ័យ​ក្នុងរយៈ​ពេល​វែង​នោះ អ្នក​គួរ​តែ​ចំណាយ​ពេលខ្លះ​ពិនិត្យ​មើល​ និងឆ្លុះបញ្ចាំង​ខ្លួន​ឯង​ថា តើ​អ្នក​មាន​ចរិត​ ទាំង​៩ ខាង​ក្រោម​នេះដែរឬទេ? បើមាន អ្នក​គួរ​ពិចារណា​កែប្រែវាចេញហើយ។

១. អាត្មានិយម

អ្នក​គិត​ថា​រស់​នៅដើម្បីតែខ្លួន​ឯង​ រកដើម្បីតែខ្លួនឯង​ដោយមិន​បាច់​ខ្វល់​ពី​មនុស្ស​ជុំវិញខ្លួន​អីទេ អ្នក​ណា​យ៉ាង​ម៉េចក៏យ៉ាងម៉េចទៅ អត់​ដឹង​ទេ។ ពិត​ណាស់​ថា អ្នក​អាចនឹង​សប្បាយ​ចិត្តមួយពេល ប៉ុន្តែ​ពិភព​លោកដែល​អ្នក​រស់​នៅរាល់​ថ្ងៃនេះ មិនមែនអ្នករស់​នៅតែឯង​ឯណា មាន​មនុស្ស​ដ៏ទៃ​ទៀតក៏​គេ​រស់​នៅជាមួយ​យើង​ដែរ។

២. ចេះដប់

នៅលើ​លោកនេះគ្មាននរណាចេះគ្រប់រឿង​នោះទេ ហើយមនុស្ស​ភាគច្រើន​ក៏មិនចូលចិត្ត​អ្នក​ដែល​តាំង​ខ្លួន​ថា​ខ្លួន​ឯង​ចេះសព្វគ្រប់ដែរ។ អ្នក​ខ្លះតាំង​ខ្លួន​ឯង​ថា​ដឹង​ហើយ​មិនបាច់​សួរ​ មិនបាច់នាំអ្វីច្រើនទេ តែ​ដល់​ពេល​ទៅធ្វើ​មែនទែន​ទៅខុស​នេះខុស​នោះ​មិនចេះចប់។ ហេតុនេះ​អ្នក​គួរតែ​រៀន​សួរ​ រៀន​ឆ្ងល់​ពីរឿង​ផ្សេងៗ​ដែលអ្នក​មិនចេះ កុំខ្លាចគេថា​អន់​។

៣. ខ្ចិល​ច្រអូស

អ្នក​ដែលគេ​ឈាន​ទៅរក​ជោគជ័យ​ក្នុង​ជីវិត​ភាគច្រើនតែង​និយាយថា ​វាត្រូវ​ការ​ខំប្រឹង​ប្រែង និង​ខំធ្វើការ​ខ្លាំង​ដោយមិនខ្ចិលច្រអូស​ទើប​ទទួលបាន​ជោគជ័យលើអ្វីមួយ។ ពួកគេមិនខ្ចិល​ឡើយ ដោយពួកគេអាចផ្ដោត​អារម្មណ៍លើការងារបានល្អ និង​មាន​វិន័យ​ខ្លាំង​ចំពោះខ្លួនឯង។

៤. មិនចេះអត់​ធ្មត់

ប្រសិន​បើអ្នកមិនចូលចិត្តអ្វីដែលអ្នក​ធ្វើនោះទេ អ្នក​នឹង​មិនធ្វើ​វា​បាន​ជាយូរប៉ុន្មាន​នោះទេ ហើយមួយ​រយ:ខ្លី​ទៀតអ្នក​នឹង​បោះបង់​វាចោល។ អ្នក​តែង​ព្យាយាម​ដើរ​ទៅតាម​ដំណើរ​ទៅតាម​គេតាមឯង​ ដោយមិន​គិត​ពិចារណាដោយ​ខ្លួន​ឯង​ បើ​ទោះ​បីជា​ខ្លួន​ឯង​មិនស្រឡាញ់​អ្វីដែលអ្នក​ធ្វើក៏ដោយក្តី ដើម្បី​គ្រាន់តែ​ការ​ដែល​គិត​ទៅថាវាស្រួល លឿន​ និង​ឆាប់​បាន​ជោគជ័យ។ តាមពិត​ទៅភាពជោគជ័យ​មិនមែន​កើតឡើង​តែមួយថ្ងៃនោះទេ វាកើត​ឡើង​ពីការសន្សំនៃ​រឿង​ដែលអ្នក​ធ្វើម្តងបន្តិចៗជារៀងរាល់ថ្ងៃ។

៥. ស្លន់​ស្លោ

ក្នុង​ជំនួញ ឬការងារ​សម្បូរ​ណាស់​ស្ថានការណ៍​ភ្លាមៗ​លំបាក ឬក៏​រឿង​ដែល​កើត​ឡើង​មិនដូចការគ្រោង​ទុក ដែលជាហេតុ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ព្រួយបារម្ភ​ខ្លាំង​ ឬភ័យ​ស្លន់​ស្លោរ។ ប្រសិន​បើ​អ្នក​មិន​ចេះទប់​អារម្មណ៍ខ្លួន​ឯង​ កុំឱ្យស្លន់​ស្លោភ័យ​ខុស​របៀប​ទេនោះ ការងារឬមុខរបររកស៊ីរបស់អ្នក​អាចមាន​បញ្ហាហើយ។

៦. អារម្មណ៍ចូលចិត្ត​លើស​លុប

ការដែលចូលចិត្ត​ទៅនឹង​អ្វីដែល​យើង​ធ្វើ​ ជា​រឿង​មួយ​ជួយយើង​ឱ្យ​ឈានទៅរក​ភាពជោគជ័យ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ចូលចិត្ត​អ្វីមួយជ្រុល​ពេក ដោយធ្វើ​វា​ដោយមិន​គិត​ពី​តុល្យ​ភាព​នៃការងារ ​និង​ជីវិត និងមិនបាន​ពិចារណា​ឱ្យ​ល្អិត​ល្អន់ នោះការខំធ្វើការជ្រុលលើសកម្រិតនេះ វា​បំផ្លាញ​អ្នក​ទៅវិញទេ។ អារម្មណ៍ចូលចិត្តលើសលុប អាចធ្វើ​ឱ្យ​ការមើលឃើញ​របស់​អ្នក​មក​លើ​ពិភពលោក​ លម្អៀង​ខុសពីការពិត មិនសូវជាមាន​ហេតុផល​បញ្ជាក់​សម្មតិកម្មរបស់ខ្លួន និង​ធ្វើការសម្រេច​ចិត្តខុស។

៧. បញ្ចេញអារម្មណ៍ដាក់​អ្នក​ដ៏ទៃ

វាស្រដៀង​ទៅនឹង​ការបន្ទោស​អ្នកដ៏ទៃ​​ដែរ។ ពេលខ្លះអ្នក​បញ្ចេញអារម្មណ៍មិន​ល្អដាក់​មនុស្សជុំវិញខ្លួន​ទាំងដែល​គេមិនដឹង​អីផង ក៏ត្រូវ​មក​ទទួល​អារម្មណ៍​របស់​អ្នក​ដែលមាន​មក​ពីណាមក​ពីណី។ វាមិនត្រឹម​តែ​ធ្វើ​ឱ្យអ្នក​ព្រម​ទាំង​អ្នក​ជុំវិញខ្លួន​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះទេ វា​ថែមទាំង​ប៉ះពាល់​ដល់​អាជីព និង​ទំនាក់​ទំនង​អ្នក​ប្រចាំថ្ងៃ​ទៀតផង។

៨. ឆាប់​ប្រកាន់​ខឹងជ្រុល

នៅក្នុង​សង្គម​យើងនេះ បើ​សិន​ជា​អ្នក​ឧស្សាហ៍ចេញក្រៅ ជួបមនុស្ស​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​អ្នក​ដ៏ទៃ​ ការចំអន់​គ្នា​បន្តិចតួចជារឿង​ធម្មតា ហេតុ​នេះល្មមៗ​ចេះអត់​ឱនបាន អត់​ឱនឱ្យ​គេ​ទៅ តែក៏មិនមែន​ឱ្យ​គេបំពាន​ដែរ។

៩. រស់នៅក្នុង​អតីតកាល ឬអនាគត

រៀន​ពី​អ្វីដែល​កើត​ឡើង​ក្នុង​អតីតកាលជារឿង​ល្អ ប៉ុន្តែការដែលមាន​អារម្មណ៍ខូចចិត្ត​ ឈឺចាប់​នៅបច្ចុប្បន្នដោយសារតែ​រឿង​អតីតកាល​ ហាក់​ដូចជា​រឿង​មួយ​ធ្វើ​ឱ្យអ្នក​ដើរថយ​ក្រោយទៅវិញ​ទេ។ ស្រដៀងៗ​គ្នា​នេះដែរ​ ការដែលរៀប​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​​ជារឿងដែលចាំបាច់ ប៉ុន្តែ​ការដែលអង្គុយ​ស្រម៉ៃ​បែបចៅចាក់​ស្មុក ដោយភ្លេច​ផ្តោតអារម្មណ៍មក​លើ​បច្ចប្បន្នកាល​ជារឿង​មួយដែល​មិន​គួរ​ ព្រោះបើ​មិន​រស់នៅ​ក្នុង​បច្ចុប្បន្នកាល​ទេ​ អ្នក​នឹង​មិន​អាចឡើយ​សម្រេច​នូវ​គម្រោង​ និង​គោលដៅដែលអ្នក​បាន​ដាក់។


អត្ថបទទាក់ទង

One thought on “ចរិត ទាំង៩ ដែលបុគ្គលជោគជ័យបានកែប្រែចេញ

Leave a Reply

Your email address will not be published. Required fields are marked *