ជំនាញទន់សំខាន់ៗចំនួន ៩ ជា​កូនសោរ​បើក​ផ្លូវ​នាំ​មក​នូវ​ឱកាស​ល្អ​ៗ​ជា​ច្រើន​ទាំង​ក្នុង​ការ​រស់​នៅ​ និង​ការ​ប្រកប​របរ​វិជ្ជា​ជីវៈ

ជំនាញទន់​​ បាន និងកំពុងដើរតួយ៉ាងសំខាន់ណាស់នៅក្នុងទិដ្ឋភាពការងារ ដែលជាកត្តាស្នូលក្នុងការអនុវត្តការងារដ៏មានប្រសិទ្ធិភាព។ ជាក់ស្ដែង តាមរយៈរបាយការណ៍​អនាគតនៃការងារ ខែតុលា ឆ្នាំ២០២០ របស់វេទិកាសេដ្ឋកិច្ចពិភពលោក​ (World Economic Forum) បានព្យាករណ៍ថា ក្នុងឆ្នាំ២០២៥ នឹងមានតម្រូវការផ្លាស់ប្ដូរជំនាញឡើងវិញឲ្យស្របនឹងវឌ្ឍនភាពនៃបច្ចេកវិទ្យាក្នុងទីផ្សារកម្លាំងពលកម្ម។ ខាងក្រោមនេះជាជំនាញទន់សំខាន់ៗចំនួន ៩ ជា​កូនសោរ​បើក​ផ្លូវ​នាំ​មក​នូវ​ឱកាស​ល្អ​ៗ​ជា​ច្រើន​ទាំង​ក្នុង​ការ​រស់​នៅ​ និង​ការ​ប្រកប​របរ​វិជ្ជា​ជីវៈ៖

១. ជំនាញទំនាក់ទំនង (Communications)

ការទំនាក់ទំនងតាមរយៈការសរសេរនិងនិយាយ ប្រកបដោយពាក្យពេជន៍ឃ្លាឃ្លោងត្រឹមត្រូវ ដែលធ្វើឲ្យការប្រាស្រ័យទាក់ទង ជាមួយនឹងភាគីពាក់ព័ន្ធក្នុងដំណើរការប្រតិបត្តិការងារមានភាពរលូននិងជោគជ័យ។ ចំណេះដឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការទំនាក់ទំនងក្នុងបរិបទយុគសម័យថ្មីនេះក៏ជាជំនាញសំខាន់ផងដែរដែលជួយត្រួសត្រាយផ្លូវនិងផ្ដល់ឱកាសត្រៀមខ្លួនសម្រាប់វឌ្ឍនភាពសង្គម។

២. ជំនាញច្នៃប្រឌិត និងនវានុវត្ត  (Creative and Innovation Skills)

ជំនាញច្នៃប្រឌិតគឺជាសមត្ថភាពក្នុងការវិភាគអំពីការងារបញ្ហាណាមួយតាមរបៀបទស្សនៈថ្មីប្លែក ឬក៏ជាសមត្ថភាពក្នុងការប្រើប្រាស់ការស្រមើលស្រមៃដើម្បីបង្កើតគំនិតថ្មីដែលជាកត្តាចូលរួមដល់ភាពជោគជ័យក្នុងការងារ។ រីឯសមត្ថភាពក្នុងការប្រើប្រាស់គំនិតថ្មីដែលបានបំផុសចេញទាំងនោះមកអនុវត្តជាក់ស្ដែងក្នុងការដោះស្រាយបញ្ហាមកពង្រឹងផលិតផលនិងសេវាកម្មប្រកបដោយជោគជ័យគឺជាជំនាញនវានុវត្ត ។ ជំនាញទាំងនេះសំខាន់ណាស់ក្នុងការរួមចំណែកឲ្យស្ថាប័ន​​អភិវឌ្ឍសកម្មភាពខ្លួនឲ្យលេចធ្លោនិងទទួលបានឱកាសប្រកួតប្រជែងក្នុងទីផ្សារ។

៣. ជំនាញភាពជាអ្នកដឹកនាំ (Leadership)

ជំនាញភាពជាអ្នកដឹកនាំមិនត្រឹមតែសំដៅសម្រាប់តែអ្នកថ្នាក់លើប៉ុនណោះទេ ប៉ុន្តែជំនាញនេះក៏សំខាន់សម្រាប់បុគ្គលិកគ្រប់រូបដែរ។​ ​លក្ខណៈនៃអ្នកដឹកនាំអាចត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងការងារសម្រាប់ខ្លួនឯង ការធ្វើការជាក្រុមការសម្រេចចិត្តនានាប្រកបដោយគណនេយ្យភាព ដើម្បីឈានទៅដល់សម្រេចគោលដៅរបស់ស្ថាប័ន។

៤. ការគិតដោយសុភវិនិច្ឆ័យ (Critical Thinking)

មិនថានៅក្នុងបរិបទការងារ រៀនសូត្រ ឬរស់នៅប្រចាំថ្ងៃ ការចេះវិភាគដោយការត្រឹះរិះពិចារណានឹងនាំអ្នកមកនូវសមិទ្ធិផលប្រកបដោយគុណភាព។ ជំនាញនេះ គឺជាសមត្ថភាពវិភាគដោយផ្អែកលើការវិនិច្ឆ័យឲ្យបានល្អិតល្អន់ ព្រមទាំងការបញ្ចេញយោបល់និងសម្រេចចិត្តដោយពឹងផ្អែកលើអង្គហេតុសមស្រប។

៥. ការគ្រប់គ្រងពេលវេលា (Time Management)

ជំនាញគ្រប់គ្រងពេលវេលា គឺជាជំនាញសំខាន់ដែលផ្ដល់គុណប្រយោជន៏ដល់ខ្លួននិងស្ថាប័នទាំងមូល។ ក្នុងជំនាញនេះ មានជំនាញតូចដូចជា សមត្ថភាពបែងចែកធនធានពេលវេលាសមត្ថភាពបែងចែកការងារ វាយតម្លៃការងារដើម្បីស្វែងរកចំនុចអាទិភាព សមត្ថភាពកំនត់ពេលវេលាបំពេញការងារសមស្របដែលនាំមកនូវផលិតភាពនិងប្រសិទ្ធិភាពការងារ។

៦. ភាពបត់បែន (Flexibility)

ជាមួយនឹងកាលៈទេសៈផ្លាស់ប្ដូរឥតឈប់ឈរ យើងត្រូវចេះបត់បែនចូលស្ទឹងតាមបត់ដែរ។ ជាក់ស្ដែងនៅក្នុងគន្លងថ្មីនេះ ការធ្វើការងារសឹងតែផ្លាស់ប្ដូរភ្លាមមកពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង ដែលតម្រូវឲ្យយើងចេះសម្របខ្លួន ផ្លាស់ប្ដូរដំណើរការងារឲ្យត្រូវតាមលក្ខខណ្ឌតម្រូវការនេះ។

៧. ជំនាញដោះស្រាយបញ្ហា (Problem Solving)

បញ្ហាតែងតែកើតមានមិនអាចជៀសបាន ប៉ុន្តែអ្វីដែលសំខាន់គឺការដោះស្រាយបញ្ហាដោយត្រឹមត្រូវ សមហេតុសមផល និងផ្ដោតលើគោលដៅស្ថាប័នជាចំបង។ ក្នុងជំនាញនេះ ត្រូវមានការថ្លឹងថ្លែង កំណត់រកឬសគល់ ស្ដាប់និងយោគយល់ពីស្ថានភាព ទើបអ្នកអាចដោះស្រាយបានយ៉ាងឆាប់រហ័ស ពុំស្លន់ស្លោ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព។

៨. ជំនាញធ្វើការងារជាក្រុម (Teamwork)

គោលដៅរបស់ស្ថាប័នអាចសម្រេចទៅបានដោយសារការរួបរួមសហការគ្នារបស់ធនធានមនុស្សនៅក្រោមស្ថាប័ន។ ការសាមគ្គីគ្នាជាមួយក្រុមការងារដែលមានពិពិធភាព​​បទពិសោធន៍ ជំនាញ ចំណេះដឹង គឺជាល្បាយនៃគំនិតថ្មីដែលជួយក្នុងការដោះស្រាយបញ្ហាប្រឈមប្រកបដោយភាពច្នៃប្រឌិត​​និងឈានទៅដល់ការសម្រេចគោលដៅរួមជាមួយគ្នា។

៩.​ ភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ (Emotional Intelligence ឬ EQ)

សំដៅលើជំនាញក្នុងការស្គាល់និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងរៀនយល់ពីអារម្មណ៍របស់អ្នកដទៃ។ អារម្មណ៍អាចជះឥទ្ធិពលដល់ដំណើរការងារទាំងមូលព្រមទាំងប៉ះពាល់ដល់ទំនាក់ទំនងទៀតផង ដូចនេះហើយ ការប្រើប្រាស់អារម្មណ៍តែងតែត្រូវបានហាមប្រាមនៅក្នុងការងារដើម្បីជៀសវាងការសម្រេចចិត្តដោយលំអៀងផ្សេងៗ។ ផ្ទុយទៅវិញ ភាពវៃឆ្លាតខាងផ្លូវអារម្មណ៍គឺជាសមត្ថភាពសំខាន់ណាស់នៅក្នុងបរិបទការងារដើម្បីអាចគ្រប់គ្រងស្ត្រេស  អាចដោះស្រាយរាល់ទំនាស់ដែលជាឧបសគ្គរារាំងភាពជោគជ័យក្នុងការធ្វើការជាមួយគ្នានិងអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកប្រកបដោយការចុះសម្រុងនៅពេលដែលយើងយល់ច្បាស់ពីទស្សនៈនិងអារម្មណ៍ពីជ្រុងផ្សេងគ្នា។

សរុបមក ជំនាញខាងលើនេះ​ ជាជំនាញ​​ចាំបាច់នៅក្នុងសង្គមបច្ចុប្បន្នដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជំនាញទាំងនេះ ជាកូនសោរបើកផ្លូវនាំមកនូវឱកាសល្អជាច្រើនទាំងក្នុងការរស់នៅនិងការប្រកបរបរវិជ្ជាជីវៈ។ បើអ្នកមានជំនាញទន់ទាំងនេះហើយ ចូរព្យាយាមដុសខាត់ពង្រឹងឲ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីពង្រីកសក្តានុពលរបស់ខ្លួន។ បើមិនទាន់មានទេ… តោះ! ចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងការរៀនជំនាញទន់សំខាន់ទាំងនេះជាមួយគ្នា។ 

សម្រួលពី៖ របាយការណ៍អនាគតនៃការងារ ខែតុលា ឆ្នាំ២០២០ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក  (World Economic Forum) ទាញយកជា PDF 


អត្ថបទទាក់ទង

វិធីសាស្រ្ត ៧យ៉ាង ដើម្បីតភ្ជាប់បណ្តាញអាជីពរបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *