ចូរបង្កើតទម្លាប់​ធ្វើរឿង​ចាំបាច់​ជាមុន អ្វីៗដទៃទៀតនឹងត្រូវប្រព្រឹត្តទៅតាមលំដាប់លំដោយដោយឯកឯង

នៅពេលអ្នកសាកល្បងតម្រៀបវត្ថុមួយចំនួនរួមមានដូចជាដុំថ្មធំតូចបីបួនដុំ គ្រាប់គ្រួស​មួយ​ចំនួន និងខ្សាច់ប្រមាណ ២០០ក្រាម ចូលទៅក្នុងដបធំល្មមមួយ ពេលនោះអ្នកនឹង​យល់ថា ការរៀប​វត្ថុណាមុនណាក្រោយជារឿងសំខាន់ ដើម្បីធានាថាវត្ថុតាំងនោះគេអាចតម្រៀប​ចូលក្នុងដបទាំងអស់បាន។ បើអ្នកសាកល្បងចាក់គ្រាប់ខ្សាច់តូចល្អិត ២០០ក្រាមចូលទៅ​ក្នុងដបជាមុន រូចហើយដាក់គ្រាប់គ្រួសតូចៗ បន្ទាប់មកទៀតដាក់ដុំថ្មតូចៗ ហើយចុងក្រោយ​ដាក់ដុំថ្មធំ ពេលនោះអ្នកនឹងឃើញថា ដបទាំងមូលមិនអាចដាក់វត្ថុទាំង​នោះបាន​ទាំងអស់​ទេ។ ក៏ប៉ុន្តែ បើអ្នកសាកល្បងដោយដាក់ដុំថ្មធំជាងគេជាមុន បន្តមកដាក់ដុំថ្មតូចបន្ទាប់ ដុំ គ្រួសធំ រួចតូច ហើយចុងក្រោយអ្នកចាក់ខ្សាច់ ២០០ក្រាមចូល ពេលនោះអ្នកនឹងឃើញថា ដបទាំង​មូល​អាច​ដាក់វត្ថុទាំងអស់បាន ហើយថែមទាំងសល់លំហខ្លះផងសម្រាប់ដាក់​ខ្សាច់​មួយចំនួន​បន្ថែមទៀតបាន។

ខាងក្រោមនេះ គឺជាមើលវីដេអូ Stephen Covey “Put first things first (big rocks)” ដើម្បីយល់ឱ្យបានច្បាស់អំពីការតម្រៀបវត្ថុដូចរៀបរាប់ខាងលើ។

 

ការតម្រៀបវត្ថុនេះ វាដូចគ្នានឹងការរៀបចំចាត់ចែងការងារប្រចាំថ្ងៃរបស់យើង ឬការ​គ្រប់គ្រង​ជីវិតយើងទាំងមូល។ នៅក្នុងជីវិតរបស់យើង មានរឿងរ៉ាវជាច្រើន​ដែលបង្ខំឱ្យ​យើងយកចិត្តទុកដាក់ ឬរៀបចំតាមពេលវេលា។ យើងចង់មានលុយច្រើន យើងចង់មាន​កេរ្តិ៍ឈ្មោះ យើងចង់សប្បាយជាមួយមិត្តភ័ក្តិ ចង់ដើរលេងនៅបរទេស យើងចង់រៀន​យក​សញ្ញាបត្រខ្ពស់ ចង់មានគូស្រករសង្ហាស្រស់ស្អាតនិងមានមុខមាត់។ល។ រឿងរ៉ាវផ្សេងៗ ការចង់បានផ្សេងៗ ចេះតែមកលងចិត្តយើង ហើយយើងចេះតែគិតពីរឿងនេះរឿងនោះ ដោយមិនដឹងថារឿងណាសំខាន់ចំបាច់សម្រាប់យើងត្រូវធ្វើមុន។ ដូចគ្នាដែរ ការរស់នៅ​ប្រចាំថ្ងៃ មានរឿងរ៉ាវ ឬកិច្ចការជាច្រើនដែលបង្ខំឱ្យយើងយកចិត្តទុកដាក់ យើងមាន​ការ​ណាត់ជួបប្រជុំការងារ ចង់អានឯកសារ ចង់អានសៀវភៅ ចង់ជួបមិត្តភក្តិញាំអាហារ ចង់​ទូរស័ព្ទ​សួរសុខទុក្ខបងប្អូន ចង់ឆ្លើយឆ្លងនឹងគេក្នុងហ្វេសបុក ចង់ហាត់ប្រាណ។ល។ យើងចេះ​តែ​ចង់ប្រតិកម្មយកចិត្តទុកដាក់ទៅនឹងអ្វីដែលមកប៉ះនឹងចិត្តយើង ឬចិត្តយើងចង់បានភ្លាមៗ ដែលធ្វើឱ្យយើងធ្វើសកម្មភាព ឬបំពេញការងារដោយមិនដឹងថា រឿងណាមួយសំខាន់ជាងគេ ឬសំខាន់ជាងរឿងមួយទៀត ដែលត្រូវធ្វើមុន ឬធ្វើក្រោយ។ ការប្រព្រឹត្តបែបនេះ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃក៏ចេះតែទៅមុខ តែមិនបានសម្រេចលទ្ធផលអ្វីពេញលេញ ឬជាដុំកំភួនទេ។ តើធ្វើដូចម្តេច​យើង​អាចផ្លាស់ប្តូរទម្លាប់មិនល្អនេះបាន?

ដើម្បីផ្លាស់ប្តូរទម្លាប់នេះ យើងត្រូវចេះចាត់អាទិភាពនៃរឿងរ៉ាវទាំងឡាយ ឬសកម្មភាព​ទាំងឡាយថារឿងណាសំខាន់ចាំបាច់។ តើធ្វើចំណាត់អាទិភាពយ៉ាងម៉េច? នៅក្នុងអត្ថបទ សូមចាប់ផ្តើមកិច្ចការដោយដឹងពីគោលដៅ ដើម្បីទទួលបានលទ្ឋផលល្អប្រសើរ យើងយល់អំពីសារសំខាន់នៃការកំណត់គោលដៅ។ ដូច្នេះ​ ការកំណត់អាទិភាព គឺការយកគោលដៅរបស់យើងមកប្រើ។ បើកិច្ចការ ឬរឿងរ៉ាវណា​ដែល​រុញ​ឱ្យ​យើងទៅសម្រេចគោលដៅដែលបានកំណត់ កិច្ចការ ឬរឿងរ៉ាវនោះ គឺសំខាន់​ចាំបាច់​ហើយ។ នៅក្នុងតារាងខាងក្រោម មានប្រភេទការងារចែកចេញជា ៤ជ្រុង ៖

ប្រអប់ទី១ គឺសំដៅលើកិច្ចការសំខាន់ និងបន្ទាន់ ដែលតម្រូវឱ្យយើងយកចិត្តទុកដាក់បំពេញជាបន្ទាន់។ កិច្ចការបែបនេះក្នុងការងារប្រចាំថ្ងៃរបស់អ្នកមានដូចជា ការធ្វើរបាយការណ៍​ជូនថ្នាក់ដឹកនាំឱ្យទាន់កាលកំណត់ ការឆ្លើយតប​ទៅនឹង​ការទាមទារភ្លាមៗរបស់អតិថិជន ការជូនកូនទៅសាលារៀន ការឆ្លើយតបនឹងគ្រោះមហន្តរាយមកដល់…។ល។

ប្រអប់ទី២ គឺសំដៅលើកិច្ចការសំខាន់ តែមិនបន្ទាន់ ដែលយើងអាចធ្វើពេលនេះក៏បាន ទុកចាំ​ពេលក្រោយក៏បាន ពីព្រោះពុំមានសំពាធពេលវេលា។ កិច្ចការបែបនេះក្នុងជីវិតរបស់អ្នក​មានដូចជា ការពង្រឹងសមត្ថភាពតាមរយៈការអានសៀវភៅ ការចូលរួមវគ្គសិក្សាបន្ថែម ការចងបណ្តាញ ការកសាងមិត្តភាព និងទំនុកចិត្តក្នុងគ្រួសារ ឬនៅក្នុងអង្គការស្ថាប័នរបស់អ្នកមានដូចជា ការពង្រឹងក្រុមការងារ ការរៀបចំគោលការណ៍ និងនីតិវិធី​ផ្សេងៗក្នុងការបំពេញការងារឱ្យមានជាប្រព័ន្ធ ការបណ្តុះបណ្តាលដល់សហការី។ល។ ដោយសារមានភាពរវល់ចេញពីជ្រុងផ្សេងៗទៀត និងគ្មានសំពាធពេលវេលា កិច្ចការដ៏សំខាន់​ទាំងនេះក៏ចេះតែទុកចោលមិនយកចិត្តទុកដាក់ ដែលធ្វើឱ្យចំណេះដឹងយើងមិនលូតលាស់បន្ថែម យើងពុំមានបណ្តាញច្រើន ទំនាក់ទំនងក្នុងគ្រួសារមិនសូវល្អ ការគ្រប់គ្រង​អង្គការស្ថាប័ន​គ្មាន​គោល​ការណ៍ និងនីតិវិធីត្រឹមត្រូវ និងសហការីខ្វះសមត្ថភាពបំពេញការងារ។ល។ បុគ្គលឆ្នើមតែងយកចិត្តទុកដាក់ចំណាយពេលវេលាលើជ្រុងទី២នេះច្រើន បើទោះបីគេរវល់យ៉ាងណាក៏ដោយ។

ប្រអប់ទី៣ គឺសំដៅលើកិច្ចការ ឬរឿងរ៉ាវទាំងឡាយណាដែលមាន​លក្ខណៈបន្ទាន់​ទាមទារ​ឱ្យយើងយកចិត្តទុកដាក់ដោះស្រាយ តែជារឿងមិនសំខាន់ មិនមានប្រយោជន៍​សម្រាប់​គោលដៅរបស់យើងទេ។ រឿងរ៉ាវទាំងនោះ ប្រៀបបានជាគ្រឿង​បញ្ឆោតចិត្តយើង​ឱ្យយកចិត្តទុកដាក់ប្រើពេលវេលាច្រើនជាមួយ។ កិច្ចការបែបនេះក្នុងជីវិតយើងមានដូចជា ការណាត់ជួបមិត្តភក្តិជជែកផឹកស៊ីសប្បាយញឹកញាប់ដោយមានការយល់ច្រឡំថាជាការចងបណ្តាញ ការចំណាយពេលច្រើនទូរស័ព្ទឆ្លើយឆ្លងគ្នាតែជជែករឿងមិនបានការ ការចំណាយពេលតាមដានលើបណ្តាញសង្គមតែមិនមែនដើម្បីរៀនសូត្រ ឬទទួលព័ត៌មានណាមួយពិតប្រាកដ។ល។ បុគ្គលឆ្នើមគេយល់ដឹងអំពីរឿងរ៉ាវ ឬសកម្មភាពអត់ប្រយោជន៍ទាំងនេះ ហើយមិនចំណាយពេល​វេលា​របស់​គេ​លើរឿង​ទាំងនេះទេ។

ប្រអប់ទី៤ គឺសំដៅលើសកម្មភាពមិនសំខាន់ ហើយក៏មិនបន្ទាន់ តែមនុស្សជាច្រើន​បែរជាចំណាយពេលលើរឿងទាំងនេះច្រើនទៅវិញ។ សកម្មភាពជាឧទាហរណ៍ មានដូចជា​ការឆ្លងឆ្លើយប្រតិកម្មតបតាមហ្វេសប៊ុកចុះឡើងៗ ជាការលេងសើច ឬចងកំហឹងគ្នា ដោយខាតពេលមួយ​ថ្ងៃៗ​អត់ប្រយោជន៍​ជាមួយរឿងនេះ។ គេចំណាយពេលជួបជុំគ្នាផឹកស៊ី និយាយព្រោកប្រាជ្ញរឿងស្រីញីអត់​ប្រយោជន៍ និយាយដើមអ្នកនេះអ្នកនោះ ឬចូលការ៉ាអូខេច្រៀងលេងសើចសប្បាយ តែ​មិនបាន​ផ្តល់ជាលទ្ធផលអ្វីដែលទាក់ទងនឹងគោលដៅរបស់គេ ហើយពេលខ្លះ​បំផ្លាញ​សុខភាព និងសេចក្តីថ្លៃថ្នូរខ្លួនឯងទៀតផង។ បុគ្គលឆ្នើម​មិនចំណាយពេល​វេលា​លើរឿងគ្មានប្រយោជន៍ទាំងនេះទេ ពីព្រោះពេលវេលាគេមានតម្លៃណាស់។

ប៉ុន្តែ បើទោះបីជាមនុស្សយើងយល់ដឹងអំពីអាទិភាពនៃប្រភេទ​ការងារ ឬរឿងរ៉ាវក៏ដោយ ក៏គេនៅតែប្រឈមនឹងបញ្ហាចម្បងមួយទៀត​ដែលត្រូវយក​ឈ្នះ​ឱ្យបាន។ តាមផ្លូវព្រះពុទ្ធសាសនា បញ្ហាចម្បងនោះ​ គឺចិត្ត​មនុស្សមានដំណើរការដូចជាសត្វស្វា វាលោតទៅនេះ លោតទៅនោះមិនឈប់ឈរ។ បើទោះបី​អ្នកដឹងថា ការអានសៀវភៅសំខាន់សម្រាប់ការយល់ដឹង និងការលូតលាស់របស់អ្នក ក៏ចិត្តរបស់​អ្នក​ទាញទៅរកការលេងហ្វេសប៊ុក ទៅជួបមិត្តភក្ភិស៊ីផឹក ទៅជួបគ្នានិយាយ​ដើមគេ…ជា​ដើម។ បើទោះបីអ្នកដឹងថា ការហូបបន្លែច្រើនមានសុខភាពល្អ តែចិត្តរបស់អ្នកបែរជា​ជ្រើសរើស​យកសាច់ដែលមានខ្លាញ់ច្រើនទៅវិញ។ បើទោះបីអ្នកដឹងថា ការសន្សំលុយសម្រាប់មាន​ទុន​វិនិយោគនៅ៣ឆ្នាំទៀត វាមានប្រយោជន៍សម្រាប់កសាងសេរីភាពហិរញ្ញវត្ថុ ក៏ចិត្តស្វា​របស់​អ្នក​​ចេះតែអូសទាញអ្នកឱ្យទៅផ្សារចំណាយលុយទិញសំលៀកបំពាក់ថ្មីៗ។

ចិត្តស្វារបស់យើង ចូលចិត្តងាកទៅរកអ្វីដែលផ្តល់ការសប្បាយភ្លាមៗ ដោយមិន​យកចិត្ត​ទុកដាក់លើរឿងសំខាន់ជាអាទិភាពទេ។ ដូច្នេះ បើចង់កសាងខ្លួនក្លាយជាបុគ្គលឆ្នើម អ្នកត្រូវយល់​ដឹង​អំពីចិត្តស្វានេះ ហើយបង្កើតទម្លាប់គ្រប់គ្រងវាឱ្យបាន ដោយកុំបណ្តោយ​ឱ្យវាអូសទាញ​យើងទៅធ្វើរឿងអត់ប្រយោជន៍ ទៅរកការសប្បាយរយៈពេលខ្លី​ដែលបាត់ឱកាស​សម្រាប់​ការលូតលាស់ រីករាយ ឬសេរីភាពហិរញ្ញវត្ថុរយៈពេលវែង។ ជាដំបូង អ្នកត្រូវ​ចេះវិភាគបែងចែករឿងរ៉ាវ ឬកិច្ចការណាសំខាន់ចាំបាច់ជាង ដែលត្រូវធ្វើមុន រួចហើយត្រូវ​ប្តេជ្ញា​ចិត្តធ្វើកិច្ចការនោះឱ្យបានជាញឹកញាប់ ដោយមិនបណ្តោយឱ្យរឿងផ្សេងដែលមិនសំខាន់ ឬសំខាន់តិចជាងមករំខានពេលវេលា ឬការយកចិត្តទុកដាក់របស់​​អ្នក។ ការធ្វើបែបនេះ គឺអ្នក​កំពុងបង្កើតទម្លាប់ធ្វើរឿងចំាបាច់ជា​មុន។

ការចេះយល់ដឹងអំពីរឿងសំខាន់ចាំបាច់ដែលត្រូវធ្វើមុន និងចេះគ្រប់គ្រងចិត្ត​ឱ្យបាន​ល្អ នឹងធ្វើឱ្យការងារក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកមានប្រសិទ្ធភាពខ្ពស់ ដំណើរជីវិតអ្នកទាំងមូល​អាចសម្រេចកិច្ចការធំៗសម្រាប់ខ្លួនអ្នក គ្រួសារអ្នក ព្រមទាំងផ្តល់ប្រយោជន៍ជូនសង្គម និងប្រទេសជាតិបាន។ ចូរបង្កើតទម្លាប់​ធ្វើរឿង​ចាំបាច់​ជាមុន អ្វីៗដទៃទៀតនឹងត្រូវប្រព្រឹត្តទៅតាមលំដាប់លំដោយដោយឯកឯង។ បុគ្គលឆ្នើម គេមិនខំប្រឹងគ្រប់គ្រងពេលវេលាទេ តែគេអាចគ្រប់គ្រងខ្លួនគេ ដើម្បីប្រើប្រាស់ពេលវេលាដែលគេមានឱ្យមានប្រយោជន៍។

ដកស្រង់ និងសម្រួលពីសៀវភៅ៖ 7 Habits of Highly Effective People ដោយ Stephen R. Covey


អត្ថបទទាក់ទង

ចូរផ្លាស់ប្តូរខ្លួនអ្នកពីមនុស្សដែលមានចិត្តប្រតិកម្ម ឱ្យក្លាយជាមនុស្ស​មានចិត្តសកម្មនាំមុខ

 

Leave a Reply

Your email address will not be published. Required fields are marked *