អ៊ិឃិហ្គៃ (Ikigai) អាថ៍កំបាំងរបស់ជនជាតិជប៉ុនដើម្បីជីវិតរីករាយ និងអាយុយឺនយូរ
អ៊ិឃិហ្គៃ (Ikigai) គឺជាផ្នត់គំនិតរបស់ជប៉ុនដែលមានន័យថា “ហេតុផលសម្រាប់ការរស់នៅ” ។ ពាក្យនេះសំដៅទៅលើការមានទិសដៅ ឬគោលបំណងនៅក្នុងជីវិត ដែលធ្វើឱ្យជីវិតរបស់មនុស្សម្នាក់មានតម្លៃ ហើយឆ្ពោះទៅមុខ ដោយបុគ្គលម្នាក់ធ្វើសកម្មភាពជាបន្តបន្ទាប់ និងស្ម័គ្រចិត្ត ដែលផ្តល់ឱ្យពួកគេនូវការពេញចិត្ត និងអត្ថន័យនៃជីវិត។
សាកស្រមៃមើលអ្នកកំពុងលេងកីឡាជិះស្គីរអិលលើទឹកកកតាមជម្រាលភ្នំស្រស់ស្អាតមួយ។ កីឡាជិះស្គីជាប្រភេទកីឡាតែមួយគត់ ដែលអ្នកចូលចិត្តបំផុតក្នុងលោកនេះ ហើយអ្នកមានអារម្មណ៍ថា ស្កប់ស្កល់មានក្តីសុខ ផ្តោតអារម្មណ៍ពេលដែលបានលេងកីឡានេះ។ អ្នកមានអារម្មណ៍ថា “មួយជីវិតនេះនឹងមានពេលជិះស្គីតាមតែខ្លួនប្រាថ្នា ពិសេសចង់មានជីវិតអមតៈ ដើម្បីបន្តលេងកីឡាជិះស្គី” ។
ដំណឹងល្អ!!! ជីវិតអ្នកនឹងអាចពន្យារបានយូរជាងមុន ព្រោះអ្នករកឃើញសកម្មភាព ដែលខ្លួនពេញចិត្តនឹងចូលរួម ហើយចង់ធ្វើ។ រកបានសភាវៈចិត្តម្យ៉ាងហៅថា “Flow” អាចធ្វើឲ្យយើងមើលទៅ ក្មេងជាងវ័យ។ Flow ជាពាក្យបច្ចេកទេស ដែលត្រូវបានរកឃើញដោយអ្នកចិត្តវិទ្យាឈ្មោះលោក Mihaly Csikszentmihalyi អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០។ ពាក្យនេះចង់សំដៅលើសភាពនៃចិត្ត ដែលយើងផ្តោតការយកចិត្តទុកដាក់ ហើយរីករាយនឹងធ្វើអ្វីមួយពិសេស។ Flow នេះនឹងរារាំងមិនឲ្យក្តីបារម្ភ ឬពេលវេលាចូលមករំខានអ្នកបានឡើយ។
ចូរស្វែងរកសកម្មភាពផ្សេងៗដែលជួយបង្កើនសភាវៈនៃចិត្តរបស់យើងឲ្យកាន់តែសប្បាយរីករាយ។ មួយវិញទៀត វាក៏ជួយធ្វើឲ្យជីវិតរស់នៅរបស់យើងកាន់តែយូរអង្វែងផងដែរ។ បើអ្នករកបានសកម្មភាពបែបនេះហើយ គួរដាក់វាជាអាទិភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាជាងធ្វើសកម្មភាពណា ដែលបំផ្លាញពេលវេលា ឬសុខភាពដូចជាចូលចិត្តហូបច្រើន ចំណាយពេលជាមួយបណ្តាញសង្គមច្រើន (Media)។ ចុងក្រោយសកម្មភាពអស់ទាំងនេះ ច្រើនតែរុញយើងឲ្យធ្លាក់ក្នុងអាការៈតប់ប្រមល់ ឬធុញថប់។
Flow អាចបង្កប់នៅក្នុងវប្បធម៌រស់នៅ និងប្រភេទមនុស្ស។ ឧទាហរណ៍៖ អ្នកលេងចត្រង្គ (អុក) វិស្វករ និងជាងគំនូរអាចរកឃើញថា “ខ្លួនឯងកំពុងមានសភាវៈ Flow ពេលដែលបំពេញការងារ។ លើសពីនេះ Flow ជួយឲ្យសុខភាពផ្លូវចិត្តកាន់តែមានសុខភាពល្អ ព្រោះវាជួយឲ្យយើងផ្តោតលើអ្វីតែមួយមុខគត់អំឡុង ពេលជាក់លាក់ណាមួយ។ តួយ៉ាង បើយើងមាន អ៊ិឃិហ្គៃ វានឹងជួយឲ្យយើងមានសភាវៈ Flow ជាទៀងទាត់។ តែបើ អ៊ិឃិហ្គៃ មិនអាចធ្វើឲ្យយើងជួបសភាវៈ Flow នេះបានទេ យើងគួរតែពិនិត្យសកម្ម ភាពណាមួយដែលយើងចូលចិត្តធ្វើរាល់ថ្ងៃ ហើយអាចផលិតសភាវៈ Flow ឲ្យយើងបាន។
មានគេនិយាយថា បើយើងចង់បានបទពិសោធន៍ចូលទៅក្នុងសភាវៈ Flow រឿងសំខាន់ដែលត្រូវចាំទុក គឺ “ការរើសកម្រិតនៃសកម្មភាពរបស់យើង” ។ មានន័យថា បើយើងរើសធ្វើសកម្មភាពដែលស្រួលៗពេក វាងាយនឹងធ្វើឲ្យយើងធុញ និងបាត់បង់ការតាំងចិត្ត ដោយការរំខានផ្សេងៗ។ ដូច្នេះ យើងមិនអាចចូលទៅដល់សភាវៈ Flow បានទេ។ ហើយមួយវិញទៀត បើយើងរើសយកសកម្មភាពដែលខ្លាំង និងពិបាកធ្វើ នោះអ្នកនឹងឆាប់មានអារម្មណ៍ស្មុគស្មាញ តានតឹង (ស្ត្រេស) ហើយអាចនឹងឈប់ធ្វើវាក៏ថាបាន។
ដូច្នេះ ចាប់ផ្តើមធ្វើពីអ្វីដែលអ្នកអាចទៅរួច។ ឧទាហរណ៍៖ បើអ្នក សម្រេចចិត្តរៀនភាសាថ្មីមួយ អញ្ចឹងសូមចាប់ផ្តើមរៀនពីមូលដ្ឋានគ្រឹះ ដែលវាមានលក្ខណៈមិនស្រួលពេក ហើយក៏មិនពិបាកពេកសម្រាប់អ្នក។ ហើយបើអ្នកចាប់ផ្តើមធុញនឹងជំនាញដែលអ្នកមាន តួយ៉ាង ដូចជាភាសាកុំព្យូទ័រ អ្នកអាចពង្រីកចំណេះដឹងរបស់អ្នក ដោយការរៀនភាសាកុំព្យូទ័រថ្មីមួយទៀត។ ដោយរកឃើញអ្វី ដែលអ្នកពេញចិត្តផង រីករាយនឹងធ្វើវាផង នោះអ្នកនឹងរកឃើញសភាវៈ Flow ម្តងទៀត។
លោកតា លោកយាយ ១០០ឆ្នាំ នៅកោះអូគីណាវ៉ា
ចាស់បុរាណនៅទីនោះប្រាប់ថា បើចង់បានអាយុវែងទី១ “សូមកាត់បន្ថយការព្រួយបារម្ភឲ្យនៅតិចតាមតែអាចធ្វើបាន និងបង្កើតទម្លាប់ស្វាគមន៍ និងរាក់ទាក់មនុស្សម្នាមិនថាមនុស្សនោះ យើងមិនដែលធ្លាប់ស្គាល់ពីមុនមកក៏ដោយ។ អ្នកត្រូវញញឹមទៅរក អ្នកនោះ ដោយសុទ្ធចិត្ត ព្រមទាំងបើកចិត្តបើកបេះដូង។ បើអ្នកធ្វើដូច្នេះបាន អ្នកនឹងមានមិត្តច្រើន ព្រមទាំងពង្រឹងមិត្តភាពចាស់បានថែមទៀតផង។ លើសពីនេះ ភាពរួសរាយរាក់ទាក់ និងក្ដីស្វាគមន៍ក៏ជួយធ្វើឲ្យ ចៅៗរបស់អ្នកនឹកនា និងចង់មកលេងអ្នកពេលអ្នកចាស់ទៅ ។ កត្តាទាំងអស់នេះនឹងធ្វើឲ្យអ្នកនៅក្មេងវ័យ ទោះបីតួលេខអាយុចេះតែកើនក៏ដោយ។ ពួកគាត់បន្ថែមទៀតថា សូមប្រយ័ត្នឲ្យមែនទែន ចំពោះការបារម្ភជ្រុល ទៅលើរឿងដែលយើងមិនអាចផ្លាស់ប្តូរបាន ចុងក្រោយបានត្រឹមតែធ្វើឲ្យយើងស្ត្រេសតែប៉ុណ្ណោះ។ គាត់បានលើកឧទាហរណ៍ថា ពេលដែលបារម្ភថាខ្លួនមិនទាន់ពូកែ ឬធ្វើកិច្ចការណាមួយមិនទាន់បានល្អ ឬចេះតែគិតថា ការងារខ្លួនមិនទាន់ទទួលបានជោគជ័យនៅឡើយទេ នោះវាបានត្រឹមតែធ្វើឲ្យយើងខាតបង់ថាមពលជីវិតទទេៗ។” ពួកគាត់បានឲ្យយោបល់ថា “យើងគួរតែរៀនពេញចិត្តជាមួយអ្វីដែលខ្លួនមាន”។ បើអ្នកធ្វើដូច្នេះបាន អ្នកនឹងសម្គាល់ឃើញថា ពេលនេះយើងមានអ្វីៗជាច្រើនដែលចាំបាច់សម្រាប់ជីវិតរួចទៅហើយ ពោលគឺច្រើនជាងអ្វីដែលយើងចេះតែគិតទៅទៀត។
ក្រៅពីណែនាំរឿងកាត់បន្ថយការបារម្ភជ្រុលទៅលើរឿងជីវិត លោកតាលោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ នៅកោះអូគីណាវ៉ា បានបង្ហើបប្រាប់ឲ្យពួកយើងដឹងពីគន្លឹះមួយទៀតគឺ “រៀនបណ្តុះទម្លាប់ល្អ” ។ ពួកគាត់បានលើកឡើងថា “ទម្លាប់ក្រោកពីព្រឹកព្រលឹមពិតជាល្អមែនទែន” ។ បើយើងបន្តធ្វើវាជាទៀងទាត់ពីរបីឆ្នាំជាប់គ្នា ទម្លាប់ក្រោកពីព្រឹកនេះនឹងក្លាយជានិស្ស័យដោយមិនចាំបាច់នាឡិការោទិ៍ឡើយ។ លើសពីនេះទៅទៀត ការក្រោកពីព្រឹកព្រហាម វានឹងផ្តល់ពេលវេលាពិសេសដែលពោរពេញដោយភាពស្ងប់ស្ងាត់គ្មានសំឡេងរំខាន។ អ្នកអាចយកពេលនេះមកអង្គុយផឹកតែ បោសសំអាតផ្ទះ ឬថែសួនជាដើម។
គន្លឹះសំខាន់មួយទៀត ដែលជួយធ្វើឲ្យពួកគាត់មានអាយុវែង គឺពួកគាត់ដាំដុះបន្លែបង្ការនៅក្នុងសួនច្បារដំណាំ ដើម្បីយកមកបរិភោគជាប្រចាំ។ នេះជាវិធីសាស្ត្រ ដែលជួយឲ្យពួកគាត់កាន់តែមានសុខ ភាពល្អ។
គន្លឹះចុងក្រោយ ហើយដែលសំខាន់ជាងគេផងនោះគឺ “ការបង្កើត និងរក្សាមិត្តភាព” ។ ជាការកត់សម្គាល់យើងឃើញថា “អ្នកស្រុកអូគីណាវ៉ា ចំណាយពេលជជែកលេងជាមួយអ្នកជិតខាងរៀងរាល់ថ្ងៃ” ។
ដកស្រង់ចេញពីសៀវភៅ អ៊ិឃិហ្គៃ (Ikigai)
អត្ថបទទាក់ទង
ចានបែក រឿងផ្សះផ្សាផ្លូវចិត្តដ៏មានតម្លៃបំផុតនៅក្នុងប្រពៃណីជប៉ុន Kintsugi