ភាពជាអ្នកដឹកនាំ៖ ហេតុអ្វីបានជាសត្វតោក្លាយជាស្តេចសត្វព្រៃ?

បើនិយាយអំពីកម្ពស់ សត្វតោមិនខ្ពស់ជាងគេឡើយ! បើនិយាយអំពីទំហំខ្លួនវិញ ក៏មិនធំជាងគេដែរ! បើនិយាយអំពីទម្ងន់ វាក៏មិនធ្ងន់ជាងគេដែរ! បើនិយាយអំពីភាពវៃឆ្លាត វាក៏មិនមែនជាសត្វឆ្លាតជាងគេដែរ!

បើដូចនេះមែន ដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ អ្នកមិនចាំបាច់ឆ្លាតជាងគេ មិនចាំបាច់ខ្ពស់ជាងគេ មិនចាំបាច់ធ្ងន់ជាងគេ ឬលក្ខណៈសម្បត្តិណាមួយពិសេសវិសាលជាងគេឡើយ។ តើអ្វីជាចំណុ​ច​សំខាន់​បំផុតដែលអាចធ្វើឲ្យសត្វតោក្លាយជា “ស្តេចសត្វ” បើខ្លួនវាមិនខ្ពស់ជាងសត្វកវែង មិនធំជាង​សត្វដំរី មិនធ្ងន់ជាងដំរីទឹក? ហើយវាក៏មិនឆ្លាតជាងសត្វឆ្កែចចក ឬសត្វពស់ផងនោះ? ត្រង់ចំណុចទាំងអស់នេះហើយ ដែលសត្វតោប្រហែលជាអាចធ្វើឲ្យអ្នកគ្មានលេស ដើម្បីដោះសារពី​ហេតុផលនានាដែល​អ្នក​មិន​អាចក្លាយជាអ្នកដឹកនាំបានឡើយ។

ដូចនេះ តើអ្វីដែលធ្វើឲ្យសត្វតោខុសប្លែកពីគេ? “ទ័ពចៀមមួយរយក្បាលដែលដឹកនាំដោយតោ មួយក្បាល ខ្លាំងជាង ទ័ពតោមួយរយក្បាល ដែរដឹកនាំដោយសត្វចៀមមួយក្បាល”។ ដូចនេះ សំណួរ នៅតែដដែលថា “មូលហេតុអ្វី បានជាសត្វតោ ក្លាយជាស្តេចសត្វព្រៃ? បើវាមិនធំ មិនខ្ពស់ មិនធ្ងន់ មិនឆ្លាតជាងគេផងនោះ?”

ចម្លើយនោះ​គឺ អត្តចរិត!

សត្វតោ មានអត្តចរិតខុសពីគេ ដែលវាអាចធ្វើឲ្យសត្វព្រៃនានាគោរពកោតខ្លាច។ នៅពេលគេ​និយាយអំពីការកោតខ្លាចនៅក្នុងព្រៃ គេអាចជំនួសដោយពាក្យថា “គោរព”។ សត្វដំរី គោរព (ខ្លាច) សត្វតោ! សត្វឆ្កែចចក គោរព (ខ្លាច) សត្វតោ! សត្វកវែង គោរពសត្វតោ! តើមានមូលហេតុអ្វីដែលធ្វើឲ្យសត្វយ៉ាងច្រើនទាំងនេះ គោរពខ្លាចសត្វអម្បូរឆ្មាបែបនេះ? ពីព្រោះ អត្តចរិតខុសគ្នា!

ឧទាហរណ៍៖ នៅពេលដែលសត្វតោឃើញសត្វដំរី អ្វីដែលវាគិតគឺ “អាហារថ្ងៃត្រង់”។ បើនិយាយ​អំពីមាឌ ដំរីអាចធំជាងសត្វតោ​រហូត១០ដង ហើយប្រហែលជាង៥០ដង​ធ្ងន់ជាងសត្វតោ ហើយ​បើ​ដំរី​ចង់កំចាត់សត្វតោ ប្រហែលជាមិនពិបាកឡើយ។ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលសត្វតោបានគិត ឬមើលឃើញចំពោះសត្វដំរី មិនមែនមាឌ ទម្ងន់ កម្លាំង ឬថាមពលនោះទេ គឺដំរី គ្រាន់ត្រឹមតែជា “អាហារថ្ងៃត្រង់” ប៉ុណ្ណោះ ហើយវាពិតជា “អាចស៊ី” របស់នេះបាន ហើយវានឹង “ធ្វើតាមអ្វី​ដែលវាគិត ឬ Act the way he think”។ ដូចនេះ មាឌរបស់ដំរី មិនមែនជាបញ្ហា ហើយទម្ងន់វាក៏មិនមែនជាព្រួយបារម្ភអ្វីឡើយ ពីព្រោះអ្វីដែលសត្វតោនឹងធ្វើ គឺរបៀបដែលវា​កំពុងគិតទេតើ។ សត្វតោគិតថា “វាអាចស៊ី” សត្វដំរីបាន ដូចនេះ វានឹងវាយប្រហារសត្វដំរីនោះបាន។

ចំណែកសត្វដំរី ក៏ត្រូវគ្រប់គ្រងដោយអ្វីដែលវាកំពុងគិតដូចគ្នា។ វាបានគិតថា វាគ្រាន់តែជា “អាហារថ្ងៃត្រង់” ប៉ុណ្ណោះ។​ ដូចនេះ មាឌដ៏ធំ ទម្ងន់ដ៏ធ្ងន់ កម្លាំងដ៏ខ្លាំង បានត្រឹមតែធ្វើឲ្យវា​ក្លាយជាជនរងគ្រោះទៅវិញ ពីព្រោះដោយសារតែ “របៀបដែលវាគិត” ប៉ុណ្ណោះ។ វាគ្មាន​ប្រយោជន៍​ឡើយ… ទោះបី​ជាអ្នកឆ្លាតប៉ុណ្ណា ធំប៉ុណ្ណា រៀនបានខ្ពស់ ឬសញ្ញាបត្រច្រើនប៉ុណ្ណា តែចិត្តរបស់អ្នកគិតថាខ្លួនឯងតូចនោះ។ ប៉ុន្តែវាគ្មានបញ្ហាឡើយ ទោះបីជាអ្នកតូចប៉ុណ្ណា មិនសូវឆ្លាតក៏ដោយ ឬមិនមានអ្វីច្រើនក៏ដោយ ប៉ុន្តែចិត្តរបស់អ្នកពិតជាអាចធ្វើឲ្យអ្នក​ក្លាយ​ជាអ្នកដឹកនាំបាន។

ភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកដើរតាម គឺ អត្តចរិត! ហេតុអ្វី? ពីព្រោះ អត្តចរិត អាចបង្កើត​ជំនឿជាក់ និងបន្តបញ្ចេញជាសកម្មភាព។ សត្វតោ ជឿជាក់លើអ្វីដែលវាគិតអំពីសត្វដំរី ឬសត្វកវែង។ វាគិតថា សត្វទាំងនោះ គឺជា “អាហារ” ហើយវាជឿជាក់ថា វាពិតជា “អាចស៊ី” របស់ទាំងនោះបាន។


អត្ថបទទាក់ទង

គន្លឹះទាំង ៩ ដើម្បីក្លាយជាអ្នកដឹកនាំល្អប្រសើរម្នាក់

 

Leave a Reply

Your email address will not be published. Required fields are marked *