វិធីដើម្បីធ្វើឲ្យខ្លួនអ្នកមានតម្លៃប្រសើរឡើងជាងមុន
ខ្ញុំធ្លាប់ជាអ្នកគំាទ្រដ៏ខ្លាំងម្នាក់ដល់គំនិតនៃភាពជោគជ័យ ដែលកើតចេញពីការធ្វើសកម្មភាព បំពេញការងារ និងមានវិន័យ។ ដោយការពិត ខ្លួនខ្ញុំធ្លាប់ប្រឹងប្រែងយ៉ាងខ្លាំងទៅលើរឿងមួយក្នុងចំណោមធាតុទាំង ៥ នៃភាពជោគជ័យក្នុងជីវិត គឺសកម្មភាព ឬការងារ។ ប៉ុន្តែពេលនេះ ខ្ញុំចង់បន្ថែមធាតុដ៏សំខាន់មួយទៀតទៅក្នុងរឿងការងារ គឺ ជំនាញ – ការងារដែលមានជំនាញច្បាស់លាស់។
យើងត្រូវការជំនាញដើម្បីឲ្យក្តីសុបិនរបស់គ្រួសារយើងទទួលបានជោគជ័យ។ យើងត្រូវការជំនាញដើម្បីចាត់ចែងកិច្ចការក្រុមហ៊ុនឲ្យបានផលល្អ។ យើងត្រូវការជំនាញដើម្បីចាត់ចែងលុយកាក់យើងឲ្យរីកលូតលាស់សម្រាប់អនាគតដែលមានសេរីភាព (ហិរញ្ញវត្ថុ)។ យើងត្រូវការជំនាញសម្រាប់រឿងគ្រប់យ៉ាង។
ចុះចំណែករឿងទំនាក់ទំនង? ប្រសិនបើអ្នកចង់ឲ្យគ្រួសារមានភាពល្អូកល្អិន មានភាពសុខដុម តើអ្នកត្រូវការនិយាយទៅរកសមាជិកគ្រួសារអ្នកបែបណា? ប្រសិនបើអ្នកមានជំនាញនិយាយទៅកាន់កូនអ្នក អ្នកនឹងអាចជួយគេឲ្យចេះបង្កើតក្តីស្រមៃសម្រាប់អនាគតរបស់គេ។ បើអ្នកខ្ជិលច្រអូសក្នុងការបង្កើតទំនាក់ទំនងល្អក្នុងគ្រួសារ អ្នកនឹងត្រូវបង់ថ្លៃដ៏ខ្ពស់មួយនៅពេលក្រោយ។ តើអ្នកយល់យ៉ាងណាពីភាពខុសគ្នា នៅពេលអ្នកនិយាយថា “កូនមានរឿងអ្វីឲ្យប៉ាជួយ?” ឬ “ហេតុអ្វីបានឯងធ្វើខុសបែបនេះ?” ឃ្លាពីរនេះមានន័យស្រដៀងគ្នា តែអ្នកនឹងទទួលបានប្រតិកម្មតបផ្សេងគ្នាពីកូនរបស់អ្នកចំពោះការប្រើឃ្លាណាមួយ។ ប្រហែលជាអ្នកធ្លាប់បានប្រើភាសាបែបនេះរយៈពេលជាង ១០ឆ្នាំ មកហើយ តែមិនបានចាប់ភ្លឹកពីភាពខុសគ្នា។ ចាប់ពីពេលនេះទៅ អ្នកត្រូវយល់ដឹងពីភាពខុសគ្នា។ អ្នកត្រូវតែកែសម្រួលភាសា និងរបៀបទាក់ទងរបស់អ្នកជាប្រចាំ។
បើអ្នកមានជំនាញច្បាស់លាស់ អ្នកនឹងធ្វើលេខគុណជាមួយការងារអ្នក ២ដង ៥ដង ១០ដង ៥០ដង ឬក៏អាចដល់ ១០០ដង ចំពោះលទ្ធផលដែលអ្នកទទួលបាន។ អ្នកអាចយកញញួរទៅកាប់ដើមឈើ ហើយវាអាចត្រូវការពេល ៣០ថ្ងៃ ទើបធ្វើឲ្យដើមឈើនោះដូលរលំបាន។ នេះហើយហៅថា ការងារ។ ប៉ុន្តែ បើអ្នកយកពូថៅ ទៅប្រើជំនួសញញួរ អ្នកនឹងត្រូវការពេលតែ ៣០នាទីប៉ុណ្ណោះ។ តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នារវាងការចំណាយពេល ៣០ថ្ងៃ និង ៣០នាទី? ចម្លើយខ្លី គឺ ជំនាញ។ ជំនាញ នឹងបង្កើតភាពខុសគ្នាយ៉ាងខ្លាំងចំពោះលទ្ធផលដែលយើងទទួលបាន។
ចូរធ្វើនូវអ្វីដែលអ្នកចង់ធ្វើ និងអាចធ្វើបាន តែត្រូវធ្វើវាឲ្យបានល្អបំផុត គឺតាមរយៈការពង្រឹងជំនាញ។ ពេលនោះ អ្នកនឹងឃើញថា ការងារបូកនឹងជំនាញ នឹងឈានទៅបង្កើតរឿងដ៏អស្ចារ្យ – អស្ចារ្យសម្រាប់ហិរញ្ញវត្ថុរបស់អ្នក ភាពសុខដុមក្នុងគ្រួសារអ្នក និងរឿងផ្សេងទៀតក្នុងជីវិតរបស់អ្នក។
សម្រួលពី៖ Jim Rohn (2016), How to make yourself more valuable, Success Magazine
អត្ថបទទាក់ទង