តើធ្វើយ៉ាងណា​ក្លាយជាសមាជិកស្នូលនៅក្នុងក្រុម?

ការងារ​ជា​ក្រុមជារឿង​ធំ។ សមត្ថភាព​ការងារ​ជាក្រុម នាំ​ឲ្យ​​អ្នក​បរាជ័យ​ ឬ​ជោគជ័យ ពេល​វ័យលើសពី៤០ឆ្នាំ។ ពេលនោះ​អ្នក​ចាំបាច់​ក្លាយ​ជា ទី១ អ្នកជំនាញ (ទីប្រឹក្សា គ្រូ​បង្រៀន​អាជីព​ណាមួយ ឬ ​អ្នក​ពិគ្រោះ​យោបល់) ទីពីរ ក្លាយ​ជា​មេដឹកនាំ (អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន អ្នក​នាំមុខ​គម្រោង​ណាមួយ ។ល។)។​ ពុំនោះទេ អ្នក​នឹង​ក្លាយ​ជាបុគ្គលិក​ដដែល​ដែល​មាន​យុវវ័យ​ក្មេង​ជាង​មក​គ្រប់គ្រង​ពី​លើ។

ពេលធ្វើជាបុគ្គលិក លោកអ្នកតែងតែគិតថា លោកអ្នកធ្វើតែកិច្ចការណាដែលគេប្រាប់ឱ្យធ្វើប៉ុណ្ណោះ ហើយក៏មើលមិនឃើញចំណេះដឹងរបស់ខ្លួនឯងថាមានតម្លៃអ្វីដែរ។ ផ្នត់គំនិតរបស់បុគ្គលិកមិនអាចប្រជែងនឹងថ្នាក់ដឹកនាំ ឬសមាជិកក្រុមការងារផ្សេងទៀតឱ្យពង្រឹង ឬបង្កើតថ្មីក្នុងការងារទេ។​ ប៉ុន្តែនៅពេលលោកអ្នកមានផ្នែកគំនិតជាមុខមាត់របស់ក្រុមហ៊ុនវិញ លោកអ្នកនឹងគិតដល់ជំនាញ និងចំណេះដឹងរបស់ខ្លួនឯង ដូចជាផលិតផល ឬសេវាកម្មដែរ។

នៅក្នុងពិភពវិជ្ជាជីវៈ លោកអ្នកត្រូវធ្វើការ និងផ្តល់ជូនជំនាញ និងបទពិសោធន៍ ដែលគ្មាននរណាផ្សេងទៀតផ្តល់ជូន។ មនុស្សដែលមានផ្នត់គំនិតធ្វើជាមុខមាត់របស់ក្រុមហ៊ុន តែងតែគិតគូរដល់ខ្លួនឯង និងក្រុមហ៊ុនគ្រប់ពេលដែលគេធ្វើការ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដើម្បីបង្កើនចំណេះដឹង។

ទាក់ទង​អ្វី​នឹង​ការងារ​ជា​ក្រុម? គ្រប់​អង្គការ ក្រុមហ៊ុន គម្រោង ពាណិជ្ជកម្ម នយោបាយ ទាំងអស់​នេះ​ពឹងផ្អែក​លើ​ក្រុម​ល្អ​មួយ។ សមត្ថភាពធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព ក្រៅពីជួយជំរុញ​ឲ្យ​ស្ថាប័ន​ឆ្ពោះទៅរកភាពជោគជ័យ ថែមទាំង​នាំអ្នកណាម្នាក់ដែល​ជាមនុស្សសំខាន់ (Key Player) មាន​គុណសម្បត្ដិលេចធ្លោឆ្ពោះទៅរក​តួនាទី​ទំាងពីរ​ខាងលើនៅក្រោយវ័យ​៤០ឆ្នាំ។

តើធ្វើយ៉ាងណា​ក្លាយជាសមាជិកស្នូល (Key Player)?

តាំងពីចេញធ្វើការដំបូង តូចតាចប៉ុណ្ណាក្តី មនុស្ស​នេះ តែង​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ ធ្វើជា​អ្នកលេងធំប្រចាំ​ក្រុម ច្បាស់លាស់ចំពោះបុព្វហេតុរបស់ពួកគេ។ អ្នកលេងម្នាក់នេះ តែង​ចង់ឲ្យក្រុមបានល្អ អាចបរិច្ចាគ​ពេលវេលា​ចាំបាច់ ធ្វើការ​លើសកាលវិភាគ ចូលរួមវិភាគទានទឹកចិត្ត​ ជួយក្រុម តាមដែលអាចធ្វើទៅបាន ហើយ​អ្វីដែល​ពួកគេ​ចង់ឃើញ គឺ​ឧត្ដមភាព។

មនុស្ស​នេះ​ ពូកែ​បត់បែន ជំនួស​ឲ្យ​ការ​អង្គុយ​លេង​មួយកន្លែង ពួកគេ​មាន​សភាព​ដូចជា​កីឡាករ​បម្រុង ឈរ​មើល​ក្រុម​លេង​ដោយ​ម៉ត់ចត់ ពួកគេ​រក​ឃើញ​បញ្ហា ចូលរួម​កំណត់ និង​ដោះស្រាយ​ការ​ប្រឈម​ ដោយមិន​បង្ហាញ​សញ្ញាស្ត្រេស ឬ​សម្ពាធ​ងាយ​ឡើយ។

​មនុស្ស​នេះ មិន​ពូកែ​លើ​ការងារ​ដដែលៗ ដែល​គ្រាន់​តែ​អង្គុយ​ស្ងៀម ​ហើយ​សម្រេចកិច្ចការ​របស់​ខ្លួន​ទេ ពួកគេ​ជា​មនុស្ស​ឆាប់ធុញ ហើយមិនដេកលក់ក្នុងជោគជ័យឡើយ។ គេ​តែង​សាកល្បងខ្លួនឯង​ជាមួយរឿង​ពិបាកៗ ចូលរួម​ជាមួយ​អ្នកដទៃ ​ដរាបណា​ដែល​មាន​សំណួរ​ ហើយ​ចម្លើយ​មិន​ទាន់​មាន​គេ​បំបែក​បាន។ មិត្ត​រួម​ក្រុម​ដែល​បាន​ដឹង​ នឹង​ជញ្ជក់​មាត់​លួច​ស្ងើច​សរសើរ​ពី​ភាពភ្លឺ​ស្វាង​ និង​សកម្ម​ក្លៀវក្លា​របស់​គេ។

មនុស្ស​នេះ មានភាព​ជឿជាក់ និងស្មារតី​ទទួលខុសត្រូវ​ឲ្យ​អ្នកផ្សេង​អាច​ទុកចិត្ត​បាន​ និង​ចេះ​កំណត់​គោលដៅ​ត្រឹមត្រូវ សម​ហេតុផល និងតថភាព។

ពួកគេ​ជា​អ្នកពូកែ​ស្តាប់ដោយសកម្ម មានន័យថា គេតែង​ចំណាយពេល​គិតពីទស្សនៈរបស់អ្នកផ្សេង ពិចារណាលើគំនិតរបស់មនុស្សដទៃទៀត ជាមូលហេតុដែលក្រុមចម្រុះកាន់តែ​មាន​សក្តានុពល​ខ្លាំងឡើងៗ ជាមួយ​ការសម្របសម្រួលរបស់គេ។

មនុស្ស​នេះ​ កើតមកជាមួយ​ចរិតត្រៀមខ្លួនជានិច្ចដើម្បីជួយ។ ពួកគេ​មាន​ទឹកចិត្តល្អក្នុងលការ​ចង្អុលបង្ហាញ ឬប្រាប់គន្លឹះដោយគ្មាន​លាក់លៀម ដើម្បីជួយសមាជិកក្រុម និង​ចេះអភ័យទោសមិនប្រកែប្រកាន់ ចេះធ្វើការ​ជាមួយមនុស្ស​គ្រប់ប្រភេទ។

មនុស្ស​នេះ តែងតែ​មាន​គំនិត​ចង់​គាំទ្រ និងផ្តល់ការ​គោរពដល់អ្នកដទៃ គេមិនដែល​មិន​ចង់​បិទ​មតិ​នរណា​ម្នាក់​ពី​ក្នុង​ក្រុម​ទេ ឃើញ​អ្នកណាម្នាក់កាន់តែទន់ខ្សោយ គេ​កាន់តែ​ចាប់យកមក​ធ្វើការជាមួយ​ ហើយកែប្រែ។

មនុស្ស​នេះ ចេះ​ទទួលស្គាល់នៅពេលខ្លួន​ធ្វើខុស មិនមែនភ័យ​រត់ចោលកំហុស ហើយ​រុញទៅ​ឲ្យ​​អ្នកដទៃ​ឡើយ។ មិនតែ​ប៉ុណ្ណោះ គេក៏​តែងតែ​ជាអ្នកដោះស្រាយបញ្ហាយ៉ាងចំណាប់ផងដែរ។

មនុស្ស​ពូកែជាច្រើន​ ធ្វើការ​ធ្ងន់រហូត​ដល់ថ្ងៃស្លាប់ ព្រោះគេមិនចេះដោះស្រាយបញ្ហា​ ចេះតែឈ្ងោកមុខធ្វើការ​តែម្យ៉ាងប៉ុណ្ណោះ ​ហើយ​អន់ចិត្ត​ពេលដែលមិនមាន​ការលើកតម្កើង​ឲ្យ​ធ្វើ​មេក្រុម​បាន ឬ​ បានធ្វើហើយ​ទៅមិនរួច។


អត្ថបទទាក់ទង

មេរៀនចំនួន ៣ ដើម្បីក្លាយជាមនុស្សប្រកបដោយគុណតម្លៃ

 

Leave a Reply

Your email address will not be published. Required fields are marked *