មិត្ត ៥ប្រភេទ ដែលអ្នកត្រូវការចាំបាច់ក្នុងរង្វង់ជីវិតរបស់អ្នក

តើអ្នកមានបណ្តាញសម្រាប់ភាពជោគជ័យហើយឬនៅ?

តើអ្នកមានដែលចំណាយពេលល្ងាចជាមួយមិត្តណាម្នាក់ ដែលផ្លាស់ប្តូរអារម្មណ៍វិជ្ជមានរបស់អ្នក ឲ្យទៅជាអវិជ្ជមានដែរឬទេ? ខ្ញុំជឿថាពេលអ្នកចាកចេញពីការជូបជុំនោះ អ្នកនឹងមានអារម្មណ៍អស់កម្លាំងនិងទន់ខ្សោយ។ ផ្ទុយមកវិញ នៅពេលអ្នកជួបមិត្តណាម្នាក់ដែលលើកកម្លាំងចិត្តអ្នក​ អ្នកមានអារម្មណ៍ជំរុញចិត្ត ហ៊ានឆ្លងកាត់ឧបសគ្គទាំងឡាយ។

មានសុភាសិតបុរាណមួយនិយាយថា “ចូរប្រាប់ខ្ញុំពីមិត្តរបស់អ្នក ខ្ញុំនឹងប្រាប់អ្នកវិញថា អ្នកជាមនុស្សប្រភេទណា។” ពិតណាស់ តម្លៃរបស់អ្នកមិនត្រូវពឹងអាស្រ័យលើអ្នកដទៃទេ តែរឿងជោគជ័យធំធេងទាំងឡាយ មិនអាចកើតឡើងដោយការខំប្រឹងធ្វើតែម្នាក់ឯងទេ។ អ្នកត្រូវការមិត្តភក្ត ដើម្បីជួយអ្នក។

មនុស្សដែលមានគំនិតដូចអ្នកមិនអាចជួយអ្នកឲ្យរីកលូតលាស់ទេ 

នៅពេលដែលនរណាម្នាក់យល់ស្របនឹងអ្នករហូត វានឹងជួយអ្នកឲ្យមានអារម្មណ៍ល្អក្នុងកម្រិតមួយ តែគួរឲ្យសោកស្តាយ រឿងនេះនឹងមិនរុញអ្នកឲ្យទៅបានឆ្ងាយជាងនេះនោះទេ។ គេមិនអាចជួយអ្នកឲ្យផ្លាស់ប្តូរការគិតរបស់អ្នកបានទេ។ នៅពេលដែលក្នុងបណ្តាញរបស់អ្នក មានយោបល់ដូចអ្នកទាំងស្រុង តើអ្នកអាចរៀនអ្វីថ្មីបាន? មិនអាចទេ!

ការយល់ឃើញផ្សេងគ្នាអាចរុញអ្នកឲ្យគិតអំពីឱកាសផ្សេងៗទៀត យល់ពីការពិត ឬសម្លឹងមើលជម្រើសផ្សេងៗបាន

មិត្តភាពមួយចំនួនអាចកើតឡើងនៅយុវវ័យភាព ពេលនៅសាលារៀន ហើយអាចស្ថិតស្ថេរបន្ត។ ក៏ប៉ុន្តែ យើងតែងផ្លាស់ប្តូរ និងវិវត្តបន្តទៅមុខ។ គោលដៅរបស់យើងបានផ្លាស់ប្តូរ ហើយយើងវិវត្ត និងលូតលាស់ទៅមុខបន្តទៀត។ វាអាចនឹងកើតរឿងរាវនៃសេចក្តីពិតមួយថា មិត្តដែលយើងស្គាល់ និងយល់ចិត្តតាំងពីយុវវ័យ លែងយល់ពីយើង មិនគាំទ្រផ្លូវជីវិតថ្មីរបស់យើង។ល។ ការពិតថ្មីនេះមិនមានន័យថា យើងត្រូវតែបញ្ចប់មិត្តភាពនោះទេ ប៉ុន្តែការចំណាយពេលច្រើនជាមួយមនុស្សដែលមិនយល់ស្របជាមួយគោលដៅជីវិតថ្មីរបស់អ្នក នឹងធ្វើឲ្យអ្នកបាត់បង់កម្លាំងចិត្ត។

ខាងក្រោមនេះជាមិត្ត៥ប្រភេទដែលអ្នកត្រូវការ៖

១. អ្នកមានក្តីស្រមៃ (The Dreamer)

អ្នកមានក្តីស្រមៃមួយចំនួនអាចជាមនុស្សខ្វះភាពប្រាកដនិយមនិងគ្មានវិន័យ ប៉ុន្តែ គេក៏អាចជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយ។ គេអាចគិតឃើញនូវអ្វីដែលអ្នកផ្សេងមិនអាចគិតដល់។ គេអាចជួយអ្នកឲ្យចេះបង្កើតក្តីស្រមៃធំធេង។ អ្នកនឹងមានអារម្មណ៍ថាជីវិតពោរពេញដោយថាមពលនៅពេលដែលអ្នកស្ថិតនៅជាមួយបុគ្គលប្រភេទនេះ។ អ្នកមានក្តីស្រមៃមាននិន្នាការដ៏ខ្លាំងមួយខាងផ្នែកបង្កើតគំនិតច្នៃប្រឌិតថ្មី ហើយគេនឹងជួយអ្នកឲ្យជឿថា អ្វីៗអាចទៅរួច។

២. អ្នកប្រតិបត្តិ (The Driver)

អ្នកប្រតិបត្តិគឺជាប្រភេទមនុស្សដែលធ្វើឲ្យក្តីស្រមៃក្លាយជាការពិត។ គេយល់អំពីរូបភាពធំធេង ទិសដៅវែងឆ្ងាយ ប៉ុន្តែ គេមានជំនាញក្នុងការបំបែកទិសដៅវែងឆ្ងាយឲ្យទៅជាសកម្មភាពតូចៗ សម្រាប់ប្រតិបត្តិ។ គេចូលចិត្តបង្កើតលទ្ធផល មានការប្តេជ្ញាចិត្តច្បាស់លាស់ និងប្រាកដនិយម។ គេអាចជាប់ជំពាក់នឹងស្ថានការណ៍បច្ចុប្បន្នច្រើន ក៏ប៉ុន្តែ គេដឹងថាអ្វីដែលត្រូវធ្វើបន្ទាប់ និងចេះប្រឈមនឹងបញ្ហា។

៣. អ្នកលើកទឹកចិត្ត (The Motivator)

មនុស្សប្រភេទនេះជាសំឡេងសម្រាប់ការជំរុញចិត្តអ្នក។ គេនឹងជួយរុញអ្នកឲ្យសម្រេចគោលដៅរបស់អ្នក។ គេនឹងជួយអ្នកឲ្យយល់ថា គោលដៅអាចនឹងសម្រេចបានប្រសិនបើវាភ្ជាប់ទៅនឹងបុព្វហេតុដ៏ខ្ពង់ខ្ពស់មួយ។​ មនុស្សប្រភេទនេះនឹងផ្តល់ថាមពលនិងភាពពេញចិត្តដល់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នក។

៤. អ្នកគាំទ្រ (The Supporter)

នេះជាមិត្តពិតប្រាកដរបស់អ្នក។ នេះជាប្រភេទមនុស្សដែលអ្នកអាចដោះអាវក្រោះចេញ ដោយមិនចាំបាច់ខ្វល់ច្រើនក្នុងការការពារខ្លួន។ គេធ្វើឲ្យអ្នកមានអារម្មណ៍សុខស្រួល និងមានសុវត្ថិភាព។ បើទោះបីជាគេ មិនរុញអ្នកឲ្យរីកលូតលាស់ ក៏អ្នកត្រូវការការយល់ចិត្តបែបនេះដែរសម្រាប់ថែកម្លាំងចិត្ត។ មនុស្សប្រភេទនេះអាចនៅជាមួយអ្នកក្នុងដំណើរជីវិត ហើយស្ម័គ្រធ្វើដំណើរជាមួយអ្នក។ គេសប្បាយរីករាយពេលអ្នកជោគជ័យ ហើយគាំទ្រអ្នក ពេលអ្នកត្រូវការជំនួយ។

៥. អ្នកមានមតិប្រឈម (The Devil’s Advocate)

នេះជាប្រភេទមនុស្សដែលចូលចិត្តសម្លឹងមើលជ្រៅលើចំណុចខ្សោយ។ គេនឹងមានសំណួរជាច្រើន បែបជីកឫសជីកគល់។ គេអាចសម្លឹងមើលបញ្ហាមុនវាកើតឡើង។ មនុស្សប្រភេទនេះសំខាន់ណាស់សម្រាប់អ្នក ព្រោះអ្នកត្រូវការកែវភ្នែករបស់គេជួយប្រាប់អ្នកអំពីបញ្ហាប្រឈមអាចនឹងកើតឡើង។ សម្តីគេមិនផ្អែមពីរោះលួងលោមចិត្តអ្នកទេ គេចូលចិត្តនិយាយចំៗ ប៉ុន្តែនឹងជួយឲ្យអ្នកដឹងអំពីបញ្ហាដែលអាចនឹងកើតឡើង។ អ្នកអាចមិនចូលចិត្តនូវអ្វីដែលគេនិយាយចេញមក ប៉ុន្តែសម្តីរបស់គេច្រើនមានហេតុផលសម្រាប់អ្នកពិចារណា។

សរុបមក ចូរមានភាពស្វិតស្វាញក្នុងការចងក្រងមិត្តជុំវិញខ្លួនដែលជម្រុញអ្នកឲ្យរីកចម្រើនលូតលាស់ទៅមុខ។ ចូរមានភាពធន់ក្នុងការបង្កើតបណ្តាញមិត្តដែលចេះប្រឈមនឹងគំនិតរបស់អ្នក ដើម្បីអ្នកអាចរីកលូតលាស់បន្តទៅមុខទៀត។

ប្រែសម្រួលពី៖ Jan Johnston Osburn (December 2017), Success Magazine: “5 friends you need in your inner circle”


អត្ដបទទាក់ទង

គ្រឿងផ្សំ ៦មុខ ដើម្បីរៀបចំចាត់ចែងជីវិតមួយឲ្យល្អប្រពៃ

 

Leave a Reply

Your email address will not be published. Required fields are marked *