ទោះបីអ្នកជាបុគ្គលិកគេក៏ដោយ បើអ្នកមានសញ្ញា ១១យ៉ាងនេះ បញ្ជាក់ថាអ្នកជាបុគ្គលឆ្នើម
ពាក្យថាបុគ្គលឆ្នើម មិនមែនសំដៅតែទៅលើភាពជោគជ័យ អ្នកមានលុយ មានក្រុមហ៊ុនច្រើន ជាថៅកែ មានអ្នកនៅក្រោមបង្គាប់ច្រើននោះទេ។ យើងជាបុគ្គលិកគេ ក៏អាចក្លាយជាបុគ្គលឆ្នើមបានដែរ ឱ្យតែយើងខិតខំប្រឹងប្រែងក្នុងផ្លូវល្អ ធ្វើឱ្យក្រុមហ៊ុនរីកចម្រើន ការងាររលូនទៅមុខ ហើយប្រសិនបើយើងពិតជាមានបំណងចង់ជោគជ័យពិតប្រាកដនោះ ចូរកុំដាក់ដែនកំណត់ឱ្យខ្លួនឯង។ ខាងក្រោមនេះ ជាសញ្ញាសំខាន់ៗ ១១យ៉ាង បញ្ជាក់ថាអ្នកជាបុគ្គលឆ្នើម ទោះបីអ្នកជាបុគ្គលិកគេក៏ដោយ ៖
១. អ្នកជាបុគ្គលិកមានមនសិការ
យោងតាមរបាយការណ៍ Business Insider ចេញផ្សាយកាលពីមុនបានឱ្យដឹងថា ទម្លាប់ល្អ គឺពិតជាប្រសើរណាស់ ប៉ុន្តែវានឹងមិនតែងតែធ្វើឱ្យអ្នកលេចធ្លោនៅកន្លែងការងារនោះទេ។ បុគ្គលិកណាដែលត្រូវបានគេសង្កេតឃើញថាហាក់ដូចជាមានមនសិការក្នុងការងារ គឺគេកំណត់សម្គាល់ដោយការប្រឹងប្រែងធ្វើការ ការព្យាយាម សណ្តាប់ធ្នាប់ និងតែងតែប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អ។ ចូរមកកន្លែងការងារជារៀងរាល់ថ្ងៃជាមួយនឹងភាពសុទិដ្ឋិនិយម និងចិត្តគំនិតប្រកបដោយមនសិការ នោះវានឹងធ្វើឱ្យអ្នកក្លាយជាបុគ្គលិកគំរូ។
២. ជាបុគ្គលិកដែលអាចជឿទុកចិត្តបាន
អ្នកមិនមែនជាបុគ្គលិកហួងហែងពេក។ នៅពេលដែលអ្នកទទួលយកការងារអ្វីមួយ ហើយអ្នកអាចធ្វើវាបានទាន់ពេលវេលានោះចៅហ្វាយនាយរបស់អ្នកនឹងមានទំនុកចិត្តលើអ្នក។ អ្នកជាបុគ្គលិកដែលអាចពឹងពាក់បាន និងគួរឱ្យទុកចិត្តក្នុងការធ្វើការងារលើគម្រោងសំខាន់ៗ។
៣. ភាពស្មោះត្រង់
ចៅហ្វាយនាយល្អ តែងតែស្រឡាញ់ចូលចិត្តសុចរិតភាពរបស់បុគ្គលិកគ្រប់រូប។ អ្នកជាបុគ្គលិកមួយរូបដែលស្មោះត្រង់ជាមួយចៅហ្វាយនាយ និងមិត្តរួមការងាររបស់អ្នក។ រាល់ពេលអ្នកនិយាយអ្វីមួយ អ្នកតែងតែនិយាយពាក្យពិត និងឥតលាក់លៀម។ ជាពិសេសនោះ អ្នកមិនបន្ទាបខ្លួនដោយប្រើពាក្យអសុរសដើម្បីបានមុខមាត់នោះទេ។
យ៉ាងណាមិញ នៅក្នុងស្ថាប័នមួយដែលប្រកបដោយបរិយាកាសវប្បធម៌ចម្រុះនោះ ភាពស្មោះត្រង់ប្រហែលជាត្រូវបានគេមើលរំលង។ មិនត្រឹមតែប៉ុណ្ណោះ ភាពស្មោះត្រង់អាចនឹងធ្វើឱ្យអ្នកជួបហានិភ័យទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជាបុគ្គលិកក្នុងស្ថាប័នស្តង់ដាមួយជាមួយនឹងបរិយាកាសល្អប្រកបដោយវិជ្ជាជីវៈនោះ ភាពស្មោះត្រង់របស់អ្នកនឹងត្រូវបានតបស្នងវិញជាក់ជាមិនខាន។
៤. អ្នកចុះសម្រុងល្អជាមួយមិត្តរួមការងារ
អ្នកមិនត្រឹមតែជាបុគ្គលិករួសរាយរាក់ទាក់ក្នុងការិយាល័យមួយរូបប៉ុណ្ណោះទេ តែអ្នកជាបុគ្គលិកឆ្នើមក្នុងក្រុម ឬផ្នែករបស់អ្នកផងដែរ។ ជាងនេះទៀត យើងអាចនិយាយបានថា អ្នកពិតជាបុគ្គលិកដ៏ល្អ ដែលអាចសម្របខ្លួនទៅតាមបរិយាកាសការងារក្នុងស្ថាប័នរបស់អ្នកបាន។
៥. អ្នកជាបុគ្គលិកចេះអភិវឌ្ឍន៍ខ្លួន
ចំពោះបុគ្គលិកមួយចំនួនតែងតែអាត្មានិយមគិតថា មិនចាំបាច់ផ្លាស់ប្តូរ និងទទួលយកបទពិសោធន៍ថ្មីៗនោះទេ ដោយគ្រាន់តែធ្វើការងាររបស់ខ្លួនឱ្យបានលទ្ធផលល្អ គឺគ្រប់គ្រាន់ហើយ។ យ៉ាងណាមិញ ក្នុងនាមជាបុគ្គលិកល្អមួយរូប គឺមិនដែលបញ្ឈប់ខ្លួនឯងឡើយ។ ពួកគេតែងតែរិះរកមេរៀនថ្មីៗបន្ថែមដើម្បីទទួលយកនូវបទពិសោធន៍ និងវិធីសាស្ត្រ ថ្មីដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាបុគ្គលិកឆ្នើម។ ម្យ៉ាងទៀត ពួកគេតែងតែព្យាយាមរកធ្វើអ្វីៗដែលថ្មី និងធ្វើឱ្យខ្លួនគេផ្ទាល់រវល់ជាមួយការងារ ជាជាងសម្រាកលំហែឥតប្រយោជន៍។
៦. អ្នកជាបុគ្គលិកគោរពតាមគោលការណ៍ស្ថាប័នបានល្អ
នៅសហរដ្ឋអាមេរិក ពុំមានបុគ្គលិកណាម្នាក់គោរពតាមគោលការណ៍ក្រុមហ៊ុនបាន ១០០% នោះទេ។ ការសម្របខ្លួនទៅតាមបរិយាកាសការងារ គឺជាផ្នែកមួយនៃភាពជោគជ័យក្នុងការងាររបស់អ្នក។ ម្យ៉ាងទៀត ប្រសិនបើអ្នកជាបុគ្គលិកមួយរូបក្នុងចំណោមមិត្តរួមការងារដទៃទៀត ដែលអាចជម្នះស្ថានភាពលំបាកក្នុងការងារបាននោះ វាក៏ជាសញ្ញាបង្ហាញពីភាពជោគជ័យផងដែរ។
៧. ជាបុគ្គលិកប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ
ប្រសិនបើអ្នកបម្រើការងារក្នុងស្ថាប័នមួយដែលមិនមានសុចរិតភាពក្នុងការងារទេនោះ ទំនួលខុសត្រូវក៏ប្រហែលនឹងប្រែក្លាយទៅជាគុណវិបត្តិ។ ប៉ុន្តែប្រសិនបើអ្នកមានចៅហ្វាយនាយល្អប្រកបដោយវិជ្ជាជីវៈនោះ ការប្រកាន់ខ្ជាប់នូវភាពទទួលខុសត្រូវចំពោះការងារប្រាកដជាតបស្នងមកវិញយ៉ាងគាប់ប្រសើរ។
៨. អ្នកអាចដឹកនាំអ្នកដទៃ
ប្រសិនបើអ្នកដទៃពឹងពាក់អ្នកឱ្យជួយបង្ហាញផ្លូវធ្វើអ្វីមួយនោះ អ្នកអាចមានទំនុកចិត្តថា ពួកគេបានឃើញពីសមត្ថភាពរបស់អ្នករួចមកហើយថា ជាបុគ្គលិកឆ្នើម។ អ្នកមិនត្រឹមតែជាបុគ្គលិកមានលទ្ធភាពក្នុងការបំពេញការងាររបស់អ្នកប៉ុណ្ណោះទេ អ្នកថែមទាំងអាចជួយអ្នកដទៃឱ្យជោគជ័យផងដែរ។
៩. ជាបុគ្គលិកសកម្ម
អ្នកមិនមែនជាបុគ្គលិកអង្គុយរង់ចាំទាល់តែគេប្រាប់ឱ្យធ្វើនោះទេ។ សិក្សាពីបញ្ហាផ្សេងៗ ដែលកើតមាន និងរិះរកដំណោះស្រាយដោយខ្លួនឯង។ សកម្មភាពទាំងនេះនឹងអាចឱ្យអ្នកអភិវឌ្ឍន៍ខ្លួនឯងបានពីមួយថ្ងៃទៅមួយថ្ងៃ។
១០. ហ៊ានលើកឡើងគ្រប់បញ្ហា
បុគ្គលិកដែលនិយាយអ្វីៗប្រកបដោយប្រសិទ្ធភាព គឺជាបុគ្គលិកដែលចៅហ្វាយនាយចង់បាន។ អ្នកមិនមែនជាបុគ្គលិកមិនចេះមាត់កនោះទេ តែអ្នកជាបុគ្គលិកសម្តែងចេញពីខ្លួនឯងច្បាស់លាស់។ នេះគឺជាកត្តាសំខាន់ណាស់។
១១. ជាបុគ្គលិកដែលតែងតែបង្ហើយកិច្ចការ
មហិច្ឆតា និងក្តីប្រាថ្នា នឹងមិនទទួលបានផលអ្វីឡើយ ប្រសិនបើអ្នកមិនព្យាយាមធ្វើ។ អ្នកប្រហែលជាបុគ្គលិកមួយរូបសម្បូរទៅដោយគំនិតយោបល់ និងផែនការផ្សេងៗ ប៉ុន្តែប្រសិនបើអ្នកមិនបានបង្ហើយគម្រោងណាមួយឱ្យចប់សព្វគ្រប់ទេនោះ អ្នកនឹងមិនមែនជាបុគ្គលិកឆ្នើមឡើយ។ ពិតណាស់ ប្រធានគ្រប់គ្រងតែងតែចូលចិត្តបុគ្គលិកណាចេះលើកឡើងនូវអ្វីដែលពួកគេចង់ធ្វើ ហើយបន្ទាប់មក ពិតជាអាចធ្វើវាបាន។
ជារួម បើអ្នកមានសញ្ញាដែលបានរៀបរាប់ខាងលើនេះ នោះបញ្ជាក់ថាអ្នកជាបុគ្គលឆ្នើមហើយ។ យ៉ាងណាមិញ អ្នកត្រូវតែផ្តល់តម្លៃឱ្យខ្លួនឯងជាមួយនឹងការប្រឹងប្រែងធ្វើការងារជាប់ជាប្រចាំ និងបន្តសិក្សារៀនសូត្រពេញមួយជីវិត (Life Long Learning) ។
អត្ថបទទាក់ទង
សញ្ញាសំខាន់ៗ ចំនួន៨ ដែលប្រាប់អ្នកថាអ្នកជាបុគ្គលិកមានឥទ្ធិពលនៅកន្លែងធ្វើការ