កុំធ្វើរឿង ៩ យ៉ាងនេះ ដើម្បីចៀសវាងភាពរកាំរកូសនៅកន្លែងធ្វើការ
មិនថានៅកន្លែងណាក៏ដូចកន្លែងណាដែរមនុស្សមិនអាចចៀសផុតពីការឈ្លោះទាស់ទែងគ្នា ឬការមិនសូវចុះសម្រុងគ្នាទេជាពិសេស គឺនៅកន្លែងធ្វើការផ្ទាល់តែម្តង។ បើទោះបីជាកន្លែងនោះមានវិន័យតឹងរ៉ឹងយ៉ាងណាក៏គេមិនងាយនឹងបញ្ចៀសបញ្ហាទាំងនេះបានដែរ។ ប្រសិនបើអ្នកមិនចង់ឲ្យមានបញ្ហាជាមួយនឹងគេទេអ្នកត្រូវរកវិធីផ្សេងៗដែលអ្នកគិតថាស័ក្តិសមក្នុងការដោះស្រាយបញ្ហាជាមួយមិត្តរួមការងាររបស់អ្នកក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរ។ កាលណាអ្នកមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ នោះកន្លែងការងាររបស់អ្នកនឹងក្លាយជាកន្លែងដែលគួរឲ្យចង់ទៅ ហើយការងាររបស់អ្នកក៏ក្លាយជាការងារដែលគួរឲ្យចង់ធ្វើផងដែរ។ ម្យ៉ាងទៀត បើកាលណាអ្នកបានប្រាស្រ័យទាក់ទងគ្នាបានល្អ វានាំឲ្យមានការកាត់បន្ថយនូវការយល់ឃើញខុសរវាងគ្នា និងគ្នាហើយផលិតភាពការងាររបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ។ ដូច្នេះដើម្បីមានមិត្តភ័ក្ដិរាប់អាននៅគ្រប់ទីកន្លែងដែលអ្នកធ្វើការ និងចៀសវាងភាពរកាំរកូសនៅកន្លែងធ្វើការ សូមកុំធ្វើរឿង ៩ យ៉ាងដូចខាងក្រោម៖
១. កុំខ្សែលើអ្នកដទៃ
បើមានភារកិច្ចជាក្រុម ត្រូវចេះជួយគ្នា និងមិនព្យាយាមស្វែងរកគុណសម្បត្តិតែម្នាក់ឯងទេ។ ចូរកុំព្យាយាមបំផ្លាញឱកាសរបស់មិត្តរួមការងារ ខណៈគេបានទៅមុខលឿនជាងអ្នក។ សូមធ្វើជាមិត្តល្អ បុគ្គលិកល្អ នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលអ្នកផ្សេងដណ្ដើមគ្នាធ្វើជាមិត្ត។
២. កុំពូកែរអ៊ូរទាំពេក
ជាទូទៅ មនុស្សចូលចិត្តភាពវិជ្ជមាន ច្រើនជាងអវិជ្ជមាន។ ប្រសិនបើអ្នកពូកែត្អូញត្អែរឥតឈប់ នោះគិតទៅមើល៍ តើអ្នកដទៃគិតយ៉ាងណាចំពោះអ្នក? ម្យ៉ាងទៀត បើអ្នកឮមិត្តរួមការងាររអ៊ូរឿងការងារ ឬនិយាយដើមអ្នកផ្សេង ចូរអ្នករក្សាវាទុកម្នាក់ឯងបានហើយ។
៣. កុំខកខានឱកាសជជែកគ្នាតូចៗ
វិធីល្អបំផុតក្នុងការចុះសម្រុងជាមួយមនុស្សគ្រប់គ្នា គឺចូលរួមក្នុងការនិយាយគ្នាតូចៗ។ សួរគេពីនេះពីនោះ ដូចជាគេធ្វើអ្វីនៅចុងសប្តាហ៍? តើកូនៗរបស់ពួកគេយ៉ាងម៉េចដែរ?…។ល។ ការជជែកគ្នាខ្លីៗពីរបីដង អាចនាំឲ្យអ្នកកាន់តែស្និទ្ធស្នាលគ្នាខ្លាំងឡើង។
៤. កុំបដិសេធគំនិតរបស់នរណាភ្លាមៗ
សូមប្រយ័ត្នចំពោះវិធីដែលអ្នកនឹងប្រាប់នរណាម្នាក់ ខណៈពេលអ្នកមិនចូលចិត្តគំនិតរបស់ពួកគេ។ ចូរពិចារណាវាជាមុន មុនពេលបដិសេធវាដោយស្វ័យប្រវត្តិ។ អ្នកត្រូវសម្ដែងការគោរពយ៉ាងសមរម្យចំពោះពួកគេ ទោះបីគំនិតនិងយោបល់របស់ពួកគេ មិនត្រឹមត្រូវ ហើយឆ្គាំឆ្គងក៏ដោយ។
៥. កុំបដិសេធជួយអ្នកដទៃ
ការពិតគ្មាននរណានឹងចូលចិត្តអ្នកទេ ប្រសិនបើគេពឹងពាក់អ្នក តែអ្នកបដិសេធការសុំជំនួយនោះ។ ប៉ុន្តែបើអ្នកបានជួយធុរៈដែលគេបានពឹង ទោះវាតូចក្ដី គេនឹងដឹងគុណ ព្រមទាំងគោរពសរសើរអ្នក។
៦. កុំបង្កសំឡេងក្នុងបន្ទប់ការងារ
ធ្វើការនៅក្នុងបន្ទប់រួមគ្នា វាពិបាកណាស់ ព្រោះវាមិនមែនជាបន្ទប់ផ្ទាល់ខ្លួន ហើយវាតែងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ចង្អៀតចង្អល់។ ប៉ុន្តែមិត្តរួមការងាររបស់អ្នកក៏មិនខុសពីអ្នកប៉ុន្មានឡើយ។ ដូច្នេះកុំបន្ថែមសម្ពាធកាន់តែច្រើន គឺកុំបង្ករសំឡេងឮខ្លាំងៗ ដោយដាក់សំឡេងសារ ឬសំឡេងទូរសព្ទរោទ៍ឮៗ ប្រើឧបករណ៍បំពងសម្លេងឮពេលនិយាយទូរសព្ទ ឬនិយាយគ្នាខ្លាំងៗជាមួយនរណាម្នាក់ក្នុងការិយាល័យ។
៧. កុំខកខានអញ្ជើញមិត្តឲ្យបានគ្រប់គ្នា
ប្រសិនបើអ្នកមានកម្មវិធីជួបជុំ ឬញ៉ាំអាហាររួមគ្នា សុំកុំភ្លេចអញ្ជើញអ្នករួមការងារឲ្យបានគ្រប់ៗគ្នា។ បើកាលណាអ្នកហៅម្នាក់ ហើយអត់ម្នាក់ វាហាក់បង្ហាញថា អ្នកបានរើសអើង ឬប្រកាន់បក្សពួកដូច្នោះដែរ។ អ្នកត្រូវអញ្ជើញទៅជាក្រុម ទោះបីមានអ្នកខ្លះជ្រើសរើសមិនទៅក៏ដោយ។
៨. កុំរំលងកម្មវិធីខួបកំណើត
ប្រសិនបើការិយាល័យរបស់អ្នក មាននរណាម្នាក់ខួបកំណើត ហើយត្រូវសរសេរកាតជូនពរខួបកំណើត នោះត្រូវចូលរួមសរសេរ ឬបើគេស្នើសុំឲ្យបរិច្ចាគលុយខ្លះសម្រាប់ពិធីជប់លៀង នោះកុំលាក់ខ្លួនធ្វើមិនដឹង។ ការចូលរួមបែបនេះ គឺជាជំហានក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញអ្នកបានកាន់តែប្រសើរ។
៩. កុំយកអាហារមានក្លិនមិនល្អចូលការិយាល័យ
វាមិនងាយស្រួលទេ ក្នុងការយកម្ហូបដែលមានក្លិនស្អុយចូលការិយាល័យ ហើយជួនកាលក្លិនវាក៏អាចធ្វើឲ្យអ្នករួមការងាររបស់អ្នកឈឺផងដែរ។ ពួកគេនឹងចង់ចៀសវាងអ្នក ប្រសិនបើអ្នកធ្វើបែបនេះ ហើយបើដូច្នេះតើអ្នកអាចបង្កើតមិត្តបានយ៉ាងដូចម្តេចនៅពេលដែលគ្មាននរណាម្នាក់ចង់និយាយជាមួយអ្នកទៀត?
ជារួមមកវិញ ការបង្កើតមិត្តភ័ក្ដិនៅកន្លែងធ្វើការ គឺជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យការងារទូទៅ។ ការរាប់អាន និងមានមិត្តនៅការិយាល័យ អាចជួយឲ្យអ្នករីករាយនឹងការងាររបស់អ្នករាល់ថ្ងៃ។ ដូច្នេះ សូមកុំធ្វើរឿង ៩ យ៉ាងខាងលើ ដើម្បីចៀសវាងភាពរកាំរកូសនៅកន្លែងធ្វើការ និងមានមិត្តភ័ក្ដិរាប់អានច្រើន។