អត្តចរិត គឺជាកត្តាដ៏ចម្បងដែលអ្នកត្រូវសាងវាឡើង
យោងតាមវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត៖
ពាក្យ “អត្ត” ជានាមសព្ទ ប្រែមកថា ខ្លួន ឬចិត្ត។ ពាក្យ “អត្ត” អាចប្រើសម្រាប់ផ្សំជាមួយពាក្យដទៃទៀតបាន ដើម្បីឲ្យពាក្យទាំងនោះរឹតតែមានន័យកាន់តែច្បាស់បន្ថែមទៀត។
“ចរិត” ជានាម មានន័យថា ការប្រព្រឹត្តិ, កិរិយាមារយាទ, ឬកពា, បែបបទ។ ល។ ឧទាហរណ៍៖ ចរិតល្អ, ចរិតមិនល្អ, មនុស្សខូចចរិត គឺមនុស្សបង់ឬកពាប្រក្រតី, ដែលរកកល់ឆ្កួត ។ល។
ការបណ្តុះអត្តចរិតរបស់អ្នក វាប្រៀបដូចជាជាងចម្លាក់ម្នាក់ឆ្លាក់រូបអញ្ចឹង។ អត្តចរិតល្អ វាមិនមែនកើតឡើងដោយឯកឯងនោះទេ។ វាទាមទារនូវការច្នៃប្រតិដ្ឋឡើង ដូចជារូបចម្លាក់មួយដែលត្រូវបានច្នៃឡើងតាមរយៈការដាប់ដោយពន្លាក ដុសខាត់លាងសម្អាត ដើម្បីឲ្យចេញជារូបអ្វីមួយដ៏ស្រស់ស្អាតទាក់ទាញ។ ដូច្នេះហើយវាត្រូវការការសម្រេចចិត្តប្រកបដោយសតិដឹងថាយើងចង់បានរូបចម្លាក់បែបណា។ វាជាកិច្ចការមួយដែលប្រព្រឹត្តឡើងជាជំហានៗ តាមលំនាំនៃការសម្រេចចិត្តរបស់ជាងចម្លាក់។ ដូចគ្នានេះផងដែរ អត្តចរិតជាលទ្ធផលនៃការសម្រេចចិត្តរាប់រយរាប់ពាន់ដងជាប្រចាំថ្ងៃរបស់យើងដែលធ្វើឲ្យយើងក្លាយខ្លួនជាមនុស្សបែបណា (មានអត្តចរិតបែបណា) រហូតដល់ពេលនេះ ហើយយើងចង់ប្រែក្លាយជាមនុស្សល្អប្រសើរយ៉ាងណា ក្នុងពេលកំណត់មួយខាងមុខ។ បើអ្នកមិនយកចិត្តទុកដាក់កសាងអត្តចរិតល្អឡើងនោះទេ អ្នកនឹងបន្តរស់នៅជាមួយឥរិយាបថអន់ខ្សោយ ទន់ជ្រាយ មិនជោគជ័យ មិនរីករាយ ប្រៀបដូចជាដុំថ្មមួយដុំ មិនទាន់ឆ្លាក់ ដែលគ្មានតម្លៃអ្វីឡើយ ឬមានតម្លៃតិចតួចប៉ុណ្ណោះ។
អត្តចរិតមិនមែនមកជាមួយកំណើតរបស់អ្នកទេ។ ខុសពីមុខមាត់ កម្ពស់ ឬពណ៌សម្បុរ ដែលមកជាមួយកំណើតរបស់អ្នក អត្តចរិតរបស់អ្នក គឺអ្នកជាអ្នកបង្កើត និងអាចផ្លាស់ប្តូរបាន។ ក៏ប៉ុន្តែ អត្តចរិតល្អមិនកើតឡើងដោយស្វ័យប្រវត្តិ ដោយសារជីវិតអ្នកជួបនឹងបញ្ហាប្រឈម ឬវិបត្តិ ឬទទួលជោគជ័យធំធេងអ្វីទេ។ អត្តចរិតកើតឡើងតាមរយៈការឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងជីវិតអ្នក ពេលអ្នកទទួលបានផ្លែផ្កា ពេលអ្នកបរាជ័យ ពេលអ្នកខាតបង់ ពេលអ្នកក្លាយជាអ្នកមាន ពេលអ្នកធ្លាក់ខ្លួនក្រ តើអ្នកឆ្លើយតបទៅរឿងទាំងនេះបែបណា។ អ្នកបង្កើតអត្តចរិតល្អឡើងជាមួយនឹងគុណសម្បត្តិត្រឹមត្រូវ រួចហើយថែទាំបណ្តុះគុណសម្បត្តិទាំងនោះឲ្យជាប់នឹងខ្លួនអ្នក។ វាដូចជាអ្នកបណ្តុះគ្រាប់ពូជ និងថែទាំដំណាំក្នុងសួន វាទាមទារការបំពេញការងារ ភាពឧស្សាហ៍ព្យាយាម និងមានវិន័យ។ អ្នកត្រូវការស្រោចទឹកជាប្រចាំ ដាក់ជី និងដកស្មៅចង្រៃចេញ ដើម្បីឲ្យរុក្ខជាតិមានប្រយោជន៍អាចដុះលូតលាស់បានល្អ។ មិនខុសគ្នាពីការច្នៃពេជ្រដែរ មុននឹងបានគ្រាប់ពេជ្រដ៏ស្រស់ស្អាតមានតម្លៃ ជាងច្នៃត្រូវ ដាប់យកចេញនូវថ្មគ្មានតម្លៃដែលនៅរុំព័ទ្ធជាមួយដុំពេជ្រ តាមរយៈការងារដ៏ហ្មត់ចត់ ផ្ចិតផ្ចង់ និងបន្តបន្ទាប់ ទម្រាំនឹងផលិតបានដុំពេជ្រដ៏មានតម្លៃមួយ។
តើអ្នកចង់ដឹងអំពីរឿងរ៉ាវដ៏ល្អប្រសើរ នៃអត្តចរិតដែរឬទេ? ប្រសិនបើអ្នកពិតជាមានការប្តេជ្ញាចិត្តខ្ពស់ចង់កសាងខ្លួនអ្នកឲ្យក្លាយជាបុគ្គលគំរូដែលអ្នកចង់ឃើញ អ្នកមិនគ្រាន់តែបង្កើតគុណសម្បត្តិនៃអត្តចរិតល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចថែទាំ និងពង្រឹងគុណសម្បត្តិទាំងនោះជាបន្តបន្ទាប់ រហូតដល់ផ្លែផ្កានៃភាពសម្បូរណ៍បែប និងភាពរីករាយកើតឡើងក្នុងជីវិតអ្នក។ អត្តចរិតល្អកើតឡើង និងថែទាំបានល្អហើយ វានឹងស្ថិតនៅជារៀងរហូតជាមួយជីវិតអ្នក វានឹងផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកក្នុងការបំពេញការងារផ្សេងៗដោយជោគជ័យ ដូចជាក្នុងទំនាក់ទំនងសេ្នហា និងក្នុងគ្រួសារ និងក្នុងការប្រឈមជាមួយនឹងវិបត្តិផ្សេងៗនៃជីវិត។ អត្តចរិតល្អប្រៀបដូចជាគ្រឹះដ៏រឹងមាំដែលទ្រជីវិតអ្នកឲ្យមានសុវត្ថិភាព ឲ្យរីករាយ ឲ្យជោគជ័យ បើទោះបីជីវិតអ្នកជួបប្រទះស្ថានការណ៍ប្រែប្រួលបែបណាក៏ដោយ។
“ចូរយកចិត្តទុកដាក់បណ្តុះអត្តចរិតល្អរបស់អ្នក ព្រោះវានឹងកំណត់ជោគវាសនាជីវិតរបស់អ្នក”
ឯកសារយោង៖
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត
Jim Rohn, Success, “Character Is Your Masterpiece to Build”
អត្ថបទទាក់ទង