មធ្យោបាយឆ្លាតវៃចំនួន ៨ ដើម្បីធ្វើការជាមួយប្រភេទមនុស្សបង្ករឿងនៅកន្លែងធ្វើការ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់ ឬ Toxic តែងធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះ មនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ ពួកគេជាបុគ្គលដែលតែងមានការគិត និងឥរិយាបថអវិជ្ជមាន និងមិនដែលមានភាពរីករាយចំពោះអ្វីជុំវិញខ្លួនឡើយ។ បុគ្គលិកដែលមានភាព Toxic មានច្រើនប្រភេទ ហើយប្រភេទនីមួយៗ មានសមត្ថភាពពិសេសរៀងៗខ្លួនក្នុងការធ្វើឱ្យក្រុមហ៊ុនរបស់អ្នកធ្លាក់ចុះបាន។ លើសពីនេះ ដូចជាជំងឺផ្សេងៗដែរ បុគ្គលិកដែល Toxic អាចបញ្ចេញអាកប្បកិរិយា និង សកម្មភាពដែលមិនល្អដល់បុគ្គលិកផ្សេងទៀត។ សម្រាប់បុគ្គលិកខ្លះដែលមានផលិតភាពល្អ ប៉ុន្តែខ្វះកម្លាំងដើម្បីយកឈ្នះលើកម្លាំងអវិជ្ជមាន និងក្លាយជាអ្នកផ្ទុកជំងឺនេះហើយ ដូច្នេះ ភាព Toxic នឹងរីករាលដាល។ យូរៗទៅក្រុមហ៊ុនទាំងមូលអាចឆ្លងមេរោគនេះ។

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរ ប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។

មនុស្សដែលឆ្លាត តែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

១. កុំចង់ឈ្នះ

ចាញ់ជាព្រះ ឈ្នះជាមារ! តែអ្នកមិនចាំបាច់ចាញ់នោះទេ ទោះអ្នកមិនចង់ឈ្នះក៏ដោយ។ ជានិច្ចកាល មនុស្សដែលចូលចិត្តបង្កបញ្ហា ចូលចិត្តឲ្យយើងតបតមាត់ ឈ្លោះបកវិញ។ យ៉ាងណាមិញ យើងត្រូវសម្រួលអារម្មណ៍ ដកដង្ហើមវែងៗ ថយក្រោយបន្តិច កុំប្រើអារម្មណ៍ជាមួយគេវិញ រួចចាត់ទុកគេដូចជាកណ្ដុរពិសោធន៍របស់យើង។ យើងត្រូវទាញគេមកនិយាយដោយហេតុផលវិញ។

២. កំណត់ព្រំដែន

មនុស្សយើងត្រូវមានព្រំដែនកំណត់។ ប្រសិនបើមនុស្សដែលយើងជួបប្រទះពូកែរអ៊ូររទាំ បង្កើតភាពអួរអាប់ អ្នកញៀនបារី ។ល។ យើងត្រូវកំណត់ព្រំដែនភាពអត់ធ្មត់របស់យើង។

ការកំណត់ព្រំដែនប្រកបដោយភាពវ័យឆ្លាត គឺការបង្ហាញពីបញ្ហាដោយប្រយោលឲ្យគេដឹង ហើយសុំមតិយោបល់របស់គេក្នុងការដោះស្រាយបញ្ហាដែលគេបង្កើតវិញ។ ភាគច្រើន គឺពួកគេរអៀសខ្លួន ហើយងាកមកប្រឹក្សាជាមួយយើងប្រកបដោយប្រសិទ្ធិភាពវិញ។

៣. និយាយតែខ្លួនឯង

មនុស្សល្ងង់ ជជែកចុះឡើងជាមួយចិត្តខ្លួនឯងនូវរឿងអគតិ។ មនុស្សឆ្លាត យករឿងល្អៗមកដាក់ខ្លួន ជជែកវែកញែកនឹងចិត្តខ្លួនឯង ក៏លើកតែរឿងវិជ្ជមានដែរ។ ការគិតវិជ្ជមានធ្វើឲ្យយើងមានសុខភាពល្អខាងផ្លូវចិត្ត។

៤. កុំប្រកែកនឹងមនុស្សឆ្កួត

ប្រសិនបើអ្នកដើរផ្សារ ហើយស្រាប់តែមានម្នាក់មកប្រាប់ថា គេគឺជាព្រះបាទជ័យវរ្ម័នទិ ៧ ចាប់ជាតិ។ អ្នកប្រាកដជាមិននិយាយរកម្នាក់នោះទេ។

ដូចគ្នាដែរ ប្រសិនបើនៅកន្លែងធ្វើការមានមនុស្សដែលបង្ហាញថា គេគឺជាមនុស្សអច្ឆរិយៈ (អត់ដែលខុស) អ្នកគួរតែទុកពេលវេលាដ៏មានតម្លៃរបស់អ្នកធ្វើអ្វីដែលមានតម្លៃវិញ។ អ្នកគួរតែញញឹម ងក់ក្បាលស្របតាម ហើយដើរចេញពីគេជាការល្អជាង។

៥. ចេះបំភ្លេច

មនុស្សឆ្លាត មិនយកខួរក្បាលទៅចងចាំកំហុសអ្នកដទៃនោះទេ។ មនុស្សឆ្លាត (Emotional Intelligent Person) មិនចូលចិត្តទូលបន្ទុក ឬកំហឹងនោះទេ។ គេចូលចិត្តរស់នៅដោយស្រាលខ្លួន ដើម្បីដើរទៅមុខដោយរីករាយ។

៦. គ្មានមនោសញ្ចេតនា

បច្ចុប្បន្ន មនុស្សចូលចិត្តឲ្យគេយល់ចិត្តក្នុងរយៈពេលខ្លី។ គេគិតថា ធ្វើការជាមួយគ្នា យល់ចិត្តគ្នា ប្រើអារម្មណ៍មិនល្អជះដាក់គ្នាក៏មិនអី។ អ្នកគួរបែងចែកឲ្យច្បាស់ពីមនោសញ្ចេតនា និងការងារ។

ប្រសិនបើអ្នកឆ្លាត អ្នកប្រាកដជាអាចដឹងមុនថា គេគិតអី ហើយនឹងធ្វើអីខ្លះតាមចរិតគេ។ យកល្អ អ្នកគួរដកឃ្លាចេញពីមនុស្សឆេវឆាវបែបនេះ ដោយកុំដាក់ខ្លួនឲ្យស្និទ្ធិស្នាលដូចមិត្តរួមការងារដទៃទៀតពេក។

៧. រើសពេលឈ្លោះ

មនុស្សបង្ករឿង ចូលចិត្តនាំឈ្លោះឥតគិតពេលវេលា។ បើអ្នកឆ្លាត អ្នកគួរបែងចែកថា កាលៈទេសៈណា រឿងហេតុសំខាន់ណាខ្លះ ដែលសក្ដិសមឲ្យអ្នកចំណាយពេល និងកម្លាំងក្នុងការជជែកវែកញែក។ រឿងខ្លះដែលគ្មានប្រយោជន៍ អ្នកគួរតែដកខ្លួនចេញ ធ្វើការងារផ្សេងវិញ។

៨. កុំផ្ដោតលើចរិតមនុស្ស

សូមកុំផ្តោតលើចរិតមនុស្ស តែអ្នកត្រូវផ្ដោតលើវិធីសាស្ត្រក្នុងការយកឈ្នះ ឬឡើងឲ្យខ្ពស់ផុតមនុស្សចរិតមិនល្អវិញ។ ពេលខ្លះ យើងភ្លេចគិតពីដំណោះស្រាយ ដោយយើងគិតតែពីបញ្ហាដែលបង្កឡើងពីគេ។ សូមឈប់គិតថា គេជាមនុស្សពិបាកដោះស្រាយជាមួយ តែត្រូវរកវិធីងាយៗដោះស្រាយជាមួយគេវិញ។

សរុបរួម ការគិតបែបវិជ្ជមាន ដោះស្រាយបញ្ហាដោយវិជ្ជមាន មិនអនុញ្ញាតឲ្យអារម្មណ៍មិនល្អពីអ្នកដទៃគ្រប់គ្រងខ្លួនឯង និងធ្វើរឿងត្រឹមត្រូវតាមកាលៈទេសៈនឹងធ្វើឲ្យមនុស្សឆ្លាត មានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាជាលំហាត់សម្រាប់មនុស្សឆ្លាតក្នុងការបង្កើនភាពច្នៃប្រតិដ្ឋ នវានុវត្តន៍ និងការបំពេញធុរៈកិច្ចប្រកបដោយប្រសិទ្ធិភាព។


អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ៥ ដើម្បីដោះស្រាយការប៉ះទង្គិចនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *