វិធីសាស្រ្តចំនួន ៧ សម្រាប់រៀបចំផែនការហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមគ្រួសារ

ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាជំនាញដ៏សំខាន់មួយសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ វាពិតជាលំបាកក្នុងការរស់នៅដោយគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រោះវាជាជំនាញមួយដែលអាចជួយអ្នកក្នុងការគ្រប់គ្រងលុយកាក់ឱ្យបានល្អ និងត្រឹមត្រូវ។ ទោះបីបើអ្នកមិនបានរៀនជំនាញនេះក៏ដោយ ក៏អ្នកត្រូវសិក្សាឈ្វេងយល់ពីមុខវិជ្ជានេះដោយខ្លួនឯងខ្លះៗផងដែរ។ នៅពេលដែលអ្នកមានចំណេះដឹងលើផ្នែកនេះ វានឹងជួយអ្នកក្នុងការគ្រប់គ្រងលុយកាក់តាមរយ:ការសន្សំ ការបណ្តាក់ទុន និងការគ្រប់គ្រងចំណាយជាដើម។

ចំពោះការចាប់ផ្តើមគ្រួសារ វាគឺជាពេលវេលាដ៏រំភើបមួយ ក៏ប៉ុន្តែវាក៏អាចជាពេលវេលាមួយដែលតម្រូវឱ្យមានការចំណាយច្រើនផងដែរ។ ដូចឪពុកម្តាយជាច្រើនរំពឹងទុក វាគឺជារឿងធម្មតាដែលអ្នកអាចមានសំណួរជាច្រើនជុំវិញផែនការហិរញ្ញវត្ថុគ្រួសារ ឬវិធីគ្រប់គ្រងតុល្យភាពជីវិតការងារ ប្រសិនបើអ្នកតែម្នាក់ឬទាំងពីរនាក់កំពុងស្ថិតក្នុងការធ្វើការងារ។ ប្រសិនបើអ្នកមិនប្រាកដថាត្រូវចាប់ផ្តើមជាមួយផែនការហិរញ្ញវត្ថុគ្រួសាររបស់អ្នករបៀបណាទេ លោកអ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន៖

១. រួមបញ្ចូលការចំណាយផ្នែកសុខភាពទៅក្នុងផែនការហិរញ្ញវត្ថុគ្រួសាររបស់អ្នក

មិនថាការទិញថ្នាំ ការចាក់វ៉ាក់សាំង ឬការពិនិត្យសុខភាពទេ សុទ្ធតែជាការចំណាយដ៏ច្រើនទៅលើថ្លៃព្យាបាលដែលអ្នកអាចចួបនៅពេលមានកូន។ ប្រសិនបើអ្នកបញ្ចូលការចំណាយទាំងនេះនៅក្នុងផែនការថវិកាហិរញ្ញវត្ថុគ្រួសារ អ្នកប្រហែលជាអាចជួយគ្រួសាររបស់អ្នកពីភាពតានតឹងដែលមិននឹកស្មានដល់បាន។ បន្ថែមពីនេះទៀត អ្នកអាចចាំបាច់ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់នៅពេលដែលអ្នក និងគ្រួសាររបស់អ្នកសម្រេចចិត្តសម្រាលកូននៅមន្ទីរពេទ្យរដ្ឋឬមន្ទីរពេទ្យឯកជន។

២. ពិចារណាលើការចំណាយចាំបាច់ផ្សេងៗទៀត

វាក៏ជារឿងចាំបាច់ផងដែរក្នុងការគិតអំពីការចំណាយផ្សេងៗទៀត ជាពិសេសការចំណាយទៅលើកូនដែលមានដូចជា៖

  • កៅអីរថយន្តសម្រាប់កុមារ
  • គ្រែគេងនិងពូក
  • តុនិងកៅអីខ្ពស់សម្រាប់កុមារ
  • សម្លៀកបំពាក់ទារកនិងកន្ទប
  • អាហាររបស់កុមារ
  • ការថែទាំកុមារ។ល។

៣. ស្វែងយល់អំពីសិទ្ធិជានិយោជិតរបស់អ្នក

កន្លែងធ្វើការជាច្រើនមានគោលនយោបាយឈប់សម្រាកសម្រាប់មាតាបិតាផ្សេងៗគ្នា ដែលអាចរាប់បញ្ចូលទាំងសិទ្ធិឈប់សម្រាកសម្រាប់មាតា និងបិតា ដោយមាន និងមិនមានប្រាក់ឈ្នួលសម្រាប់ម្តាយ និងឪពុកថ្មី។ នៅពេលដែលអ្នកកំពុងនិយាយជាមួយនិយោជករបស់អ្នក វាក៏ជាការចាំបាច់ផងដែរក្នុងការពិនិត្យមើលគោលការណ៍ក្រុមហ៊ុនទាក់ទងទៅនឹងប្រាក់ខែឈប់សម្រាកសម្រាប់មាតាបិតាភាព។

៤. បង្កើតថវិកាគ្រួសារជាមួយព័ត៌មានដែលអ្នកបានប្រមូល

បន្ទាប់ពីអ្នកបានប្រមូលព័ត៌មានទៅលើការចំណាយដែលអ្នកអាចមាននៅពេលអ្នកចាប់ផ្តើមគ្រួសាររបស់អ្នក ក៏ដូចជាសិទ្ធិឈប់សម្រាកសម្រាប់មាតាបិតាហើយ វាអាចជាជំនួយក្នុងការរៀបចំថវិកា ហើយចាប់ផ្តើមសន្សំលុយសម្រាប់អនាគតគ្រួសារអ្នក។ នៅពេលដែលអ្នកធ្វើដូចនេះ វាអាចជួយក្នុងការចំណាយប្រចាំថ្ងៃដែលមានស្រាប់ដូចជាវិក្កយបត្រប្រើប្រាស់ គ្រឿងទេស ប្រេងឥន្ធនៈ ការធានារ៉ាប់រង ការជួលឬការសងប្រាក់កម្ចីទិញផ្ទះនិងបំណុលផ្សេងទៀតជាដើម។

៥. ផ្តល់អាទិភាពដល់បំណុលដែលអ្នកកំពុងមានស្រាប់ប្រសិនបើអាច

ប្រសិនបើអ្នកមានបំណុលដែលមានស្រាប់ដូចជាកាតឥណទាន ប្រាក់កម្ចីផ្ទាល់ខ្លួន ឬប្រាក់កម្ចីទិញផ្ទះ អ្នកប្រហែលជាចង់ពិចារណាពីវិធីដែលអ្នកអាចកាត់បន្ថយបំណុលទាំងនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលមានទារក ដោយសារតែអ្នកអាចចួបប្រទះនូវការចំណាយដែលមិនបានរំពឹងទុកនៅពេលក្រោយ។

៦. ពិចារណាពីបណ្តាំមរតកនិងផែនការអចលនទ្រព្យឱ្យបានទូលំទូលាយ

ការចាប់ផ្តើមគ្រួសារ គឺជាការទទួលខុសត្រូវដ៏ធំមួយ ហើយវាមានន័យថាអ្នកប្រហែលជាត្រូវដាក់គំនិតនិងរៀបចំផែនការបន្ថែមទៀតទៅលើអ្វីដែលនឹងកើតឡើងចំពោះកូនតូចរបស់អ្នក ប្រសិនបើរឿងដែលមិនបានរំពឹងទុកកើតឡើងនៅពេលណាមួយ។ ក្នុងករណីនេះការរៀបចំផែនការអចលនទ្រព្យអាចជាគំនិតល្អ ប្រសិនបើអ្នកចង់ការពារអនាគតគ្រួសារអ្នក វារួមបញ្ចូលទាំងការសម្រេចចិត្តថា តើអ្នកណានឹងមើលថែរក្សាអ្នកនិងកូនរបស់អ្នក ព្រមទាំងទ្រព្យសម្បត្តិរបស់អ្នកផងដែរ (ដែលរួមមានការធានារ៉ាប់រងជាដើម)។

៧. ត្រូវចងចាំថាលុយមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ

វាគឺជាការរីករាយណាស់ក្នុងការស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារ ប៉ុន្តែវាអាចជាពេលដែលត្រូវចំណាយច្រើនសម្រាប់អ្នកនិងដៃគូរបស់អ្នក។ ថ្វីត្បិតតែវាទាមទារឱ្យមានការចំណាយច្រើនទៅលើកូនតូចរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែចាំថា អ្វីៗវាមិនមែនអាស្រ័យទៅលើការប្រើប្រាស់ថវិកាទាំងស្រុងទ្បើយ ដោយសារតែវាតម្រូវឱ្យអ្នកធ្វើការចំណាយពេលវេលាផ្ទាល់ខ្លួនរបស់អ្នកជាច្រើនដើម្បីនៅក្បែរកូនតូចៗរបស់អ្នក។

សម្រួលពី៖ How to prepare financially for starting a family លើគេហទំព័រ AMP


អត្ថបទទាក់ទង

របៀបគណនាសមមាត្របំណុល និងចំណូលរបស់អ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *