មូលហេតុចំនួន ៧ ដែលធ្វើឲ្យអ្នកមិនអាចលូតលាស់ក្នុងការងារ

ការអភិវឌ្ឍផ្ទាល់ខ្លួន មានន័យថា រៀបចំខ្លួនអ្នកដើម្បីទទួលបាននូវកំណែថ្មីបំផុតរបស់អ្នក។ វាមានន័យថា ការស្វែងរកតំបន់ការងារដែលអ្នករកឃើញពីភាពរីករាយ កែលម្អផ្នត់គំនិត កំណត់គោលដៅ និងការសម្រេចបាន។ ជាការពិតណាស់ និយាយគឺងាយស្រួលជាងការធ្វើ។ 

ដើរទៅមុខ ឬឡើងកាន់តែខ្ពស់ គឺជាបំណងប្រាថ្នា និងជាមហិច្ឆតារបស់បុគ្គលិកគ្រប់រូប។ ប៉ុន្តែទៅមុខ និងឡើងខ្ពស់មិនមែនជារឿងងាយស្រួលនោះទេ ទោះយ៉ាងណាក៏មិនមែន​ជារឿងដែល​យើងមិនអាចធ្វើបាននោះដែរ។ ប៉ុន្តែជារឿយៗមានមូលហេតុមួយចំនួន ដែលធ្វើឪ្យបុគ្គលិក ឬបុគ្គលមួយចំនួនមិនអាចដើរទៅមុខ ឬឡើងខ្ពស់មួយកម្រិតទៀតបាន។

១. ស្ថិតនៅតែក្នុងរណ្តៅតូចមួយ និងមិនយល់អំពីទស្សនវិស័យរបស់ក្រុមហ៊ុន

អ្នក​យល់​ត្រឹម​​​តែការងារដែលនៅក្នុង​ដៃរបស់អ្នក នោះមានន័យថា អ្នកក៏កំពុងដាក់ខ្លួនក្នុង​រណ្តៅ​ដ៏តូចមួយ។ ចូរកុំភ្លេចថា ក្រុមហ៊ុន​មួយមិនមែនមានតែការងារប៉ុន្មានហ្នឹងនោះទេ​ ដែលត្រង់​នេះ​ហើយអ្នកត្រូវព្យាយាម​ស្វែងយល់អំពីច្រើនពីការងារផ្សេងៗទៀត។ ពេលដែលអ្នកបាន​ស្វែងយល់ និងមានសមត្ថភាពធ្វើការងារដទៃទៀត ហើយការងារនោះទៀត​សោតជាការងារសំ​ខាន់​ៗ និយោជក ឬអ្នកគ្រប់គ្រងរបស់អ្នក នឹងប្រគល់ការងារទាំងនោះជូនអ្នកមិនខាន។

២. ទំនាក់ទំនងមិនល្អជាមួយចៅហ្វាយនាយ

ប្រធាន ឬចៅហ្វាយរបស់អ្នក គឺជាបុគ្គល ដំបូងគេ សម្រាប់ជម្រុញអ្នកឲ្យឡើងខ្ពស់ ឬទៅមុនបាន។ ចំនុចស្លាប់រស់របស់អ្នក គឺស្ថិត នៅក្នុងកណ្តាប់ដៃរបស់ពួកគាត់។ ប្រសិនបើអ្នកមិនចូលចិត្ត ឬមានទំនាក់ទំនង​ល្អជាមួយ​គាត់ទេ អ្នកចាំបាច់ត្រូវតែរកប្រធាន ឬចៅហ្វាយនាយថ្មីឲ្យហើយទៅ ដែលត្រង់​ចំនុចនេះ អ្នកនឹងយល់កាន់តែច្បាស់ នៅពេលដែលអ្នកក្លាយជាប្រធាន ឬចៅហ្វាយ​នាយ​របស់គេ។  ចៅហ្វាយនាយរបស់អ្នក មិនមែនសុទ្ធតែត្រូវគ្រប់ពេលនោះទេ ប៉ុន្តែគាត់តែង​តែជាចៅ ហ្វាយ នាយរបស់យើងគ្រប់ពេល។

៣. អ្នកចូលចិត្តរិះគន់ និយាយមិនល្អ និងអ្នកមានចរិតមិនល្អ

ចូរចងចាំថា កំហុស​ដែលឈានទៅរកការសម្លាប់អាជីពរបស់ខ្លួន គឺចរិតចូលចិត្តរិះគន់ ឬនិយាយមិន​ល្អអំពី​ក្រុមហ៊ុនរបស់ខ្លួន។ គ្មាននិយោជកណាម្នាក់ ឬប្រធានណាចូលចិត្ត​អ្នកដែលតែងតែ​និយាយ​មិន​ល្អ ឬរិះគន់អង្គភាពរបស់ខ្លួនគ្រប់ពេលនោះទេ។

៤. គ្មានជំនឿចិត្តលើខ្លួនឯងថាអាចទៅរួច

នេះប្រហែលជាមូលហេតុសំខាន់ និងដំបូង​បង្អស់​មួយ នៅពេលដែលគ្រប់យ៉ាងមិនទាន់បានចាប់ផ្តើមផង វាធ្វើឲ្យអ្នក​បោះបង់ការខិតខំ​ប្រឹងប្រែងទៅហើយ។ បើអ្នកគ្មានជំនឿលើខ្លួនឯងហើយ គ្រប់យ៉ាងនឹងត្រូវបញ្ចប់ភ្លាមតែម្តង។ កុំថាឡើយទៅមុខ ឬឡើងឲ្យខ្ពស់ សូម្បីតែរក្សាលំនឹងនៅកន្លែងដដែលក៏ពិបាកផង បើអ្នកគ្មានជំនឿចិត្តលើខ្លួនឯងនោះ។

៥. អ្នកគ្មានផ្នត់គំនិតជាសហគ្រិនភាព ឬជាម្ចាស់ក្រុមហ៊ុន

មិនមែនទាល់តែ​ម្ចាស់​ក្រុមហ៊ុន ទើបមានផ្នត់គំនិតជាសហគ្រិននោះទេ អ្នកជាបុគ្គលិកធម្មតាក៏គួរតែមានដែរ។ បើអ្នកធ្វើការត្រឹមតែគិតថា ខ្លួនឯងជានិយោជិក ហើយចាំតែទទួលបានប្រាក់ខែ ហើយបន្ត​ធ្វើការតាមប្រធានខ្លួនណែនាំ ហើយរងចាំទទួលរង្វាន់ នោះអ្នកនឹងទទួលបានតែប្រាក់ខែ និងរង្វាន់បែបហ្នឹង។ ប៉ុន្តែផ្ទុយទៅវិញ បើអ្នកធ្វើការដោយគិតថា អ្នកជាម្ចាស់ នោះអ្នកនឹងក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុមហ៊ុននោះជាមិនខាន។

៦. ធ្វើឲ្យប្រធានរបស់អ្នកខ្មាស់គេ

ទោះបីជាប្រធានរបស់អ្នកធ្វើខុសក៏ដោយ ក៏អ្នកមិន​ត្រូវ​កែតម្រូវ ឬរិះគន់នៅទីសាធារណៈនោះដែរ។ ទីដែលល្អបំផុត គឺកន្លែង​ស្ងប់ស្ងាត់ណាមួយ ដែល​​​​អ្ន​កអាចប្រាប់ ឬបង្ហាញទៅប្រធានរបស់​អ្នកអំពីកំហុសឆ្គងនោះ។ សូមចងចាំថា ប្រធានរ​​បស់​អ្នកតែងតែជាមនុស្សលេខមួយជានិច្ច ហើយអ្នកក៏ត្រូវតែជាអ្នកគាំទ្រលេខ​មួយរបស់​គាត់ដែរ។

៧. មិនទទួលយកការរិះគន់

ទម្លាប់ការពារខ្លួនឯងគ្រប់ពេល ទោះបីគេរិះគន់ក្នុងន័យ​ស្ថាបនាក៏​ដោយ គឺជាទម្លាប់ដែលរារាំងអ្នកមិនអាចដើរទៅមុខបាន។ ត្រូវទទួល​យក​រាល់ព័ត៌មានត្រលប់ ឬមតិយោបល់ និងឆ្លើយតបដោយការកែតម្រូវ និងការរៀនសូត្រ។

សម្រួលពី៖ fasttrackpromotion.com


អត្ថបទទាក់ទង

ហេតុអ្វីបានជាអ្នកត្រូវមានគ្រូបង្វិកដើម្បីជួយជ្រោមជ្រែងក្នុងការសម្រេចគោលដៅ?

 

Leave a Reply

Your email address will not be published.